en     km
en     km

អតីត​បក្ស​កាន់​អំណាច​ម៉ា​ឡេ​ស៊ី​ UMNO​ ជួប​រឿងអាស្រូវ​កាន់តែ​ខ្លាំង​ករណី​លួច​លុយ​ជាតិ​រាប់រយ​លាន​ដុល្លារ​

Share

​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ គណបក្ស​ UMNO​ ដែល​ធ្លាប់​កាន់​អំណាច​ជាង​ ៦០​ឆ្នាំ​តែឯង​ ចាប់តាំងពី​អាណានិគម​អង់គ្លេស​បាន​ដកខ្លួន​ចេញពី​ប្រទេស​នេះ​នៅ​ឆ្នាំ​ ១៩៥៧​ បាន​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់​ ក្នុង​សំណុំរឿង​ អាស​ត្រូវ​ធំៗ​របស់​ជាតិ​។​ គណបក្ស​ UMNO​ បាន​ចាញ់ឆ្នោត​យ៉ាង​អាម៉ាស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នីតិ​ទី​១៤​ កាលពី​ថ្ងៃ​ទី​ ៩​ ឧសភា​ដែល​នាំ​អោយ​រឿងអាស្រូវ​ជាតិ​ធំៗ​ទាំងឡាយ​ត្រូវ​បាន​កោះ​កកាយ​ឡើង​វិញ​។​

​គិត​មក​ដល់​ពេល​នេះ​មេដឹកនាំ​គណបក្ស​នេះ​ជា​ច្រើន​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​អំពើ​ពុក​រលួយ​ កិបកេង​ទ្រព្យសម្បត្តិ​របស់​ជាតិ​។​ ក្នុង​នោះ​ នាយក​រដ្ឋមន្ដ្រី​ណា​ជីប​រ៉ា​ហ្សា​ក់​ជាដើម​ចម​ធំ​ជាងគេ​បំផុត​នាំ​អោយ​ UMNO​ ធ្លាក់​ក្នុង​វិបត្តិ​នេះ​។​

​លោក​ នួន​ បូ​រិ​ន្ទ​ ជូន​សេចក្ដី​ប្រែ​សម្រួល​!

 

​ការ​ដែល​ខ្លួន​កំពុង​មាន​អំណាច​នាយក​រដ្ឋមន្ដ្រី​ណា​ជីប​រ៉ា​ហ្សា​ក់​ប្រៀប​ដូច​ស្ដេច​ក្រាញ​មួយ​នៃ​រាជាណាចក្រ​ម៉ា​ឡេ​ស៊ី​ដែល​គ្មាន​បុគ្គល​ណា​ ឬ​ស្ថាប័ន​ណា​អាច​ប៉ះ​លោក​បាន​ឡើយ​។​ យ៉ាងតិច​ណាស់​អ្នកនយោបាយ​ ៣​រូប​ត្រូវ​បាន​លោក​ណា​ជីប​ដកហូត​ពី​អំណាច​ ដោយសារ​តែ​កោះ​កកាយ​រឿ​អាស្រូវ​របស់​លោក​ពាក់ព័ន្ធ​និង​សំណុំរឿង​លួច​ផ្ទេរ​ថវិកា​របស់​ជាតិ​មក​ដាក់​ក្នុង​គណនី​គ្រួសារ​របស់​ខ្លួន​នូវ​ទឹកប្រាក់​ប្រមាណ​ជា​ ៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​។​

​អ្នកនយោបាយ​ ៣​រូប​នោះ​ អ្នកខ្លះ​មាន​ឋានៈ​ដល់​រដ្ឋមន្ដ្រី​ដែល​ពួក​គេ​ព្យាយាម​ការពារ​ភាព​ស្អាតស្អំ​របស់​បក្ស​ UMNO​ ។​ ខណៈ​ផ្ទុះ​រឿងអាស្រូវ​នេះ​កើតឡើង​ អតីតរដ្ឋមន្ដ្រី​របស់​លោក​ រួម​ទាំង​រដ្ឋ​អាជ្ញា​មួយ​រូប​ផង​ដែរ​បាន​ព្យាយាម​ជជីក​សួរ​លោក​ណា​ជីប​ពី​ការ​កិបកេង​ថវិកា​ទាំងនេះ​។​ តែ​បំផុត​ លោក​ ណា​ជីប​ មិន​ត្រឹមតែ​មិន​ឡើង​បំភ្លឺ​នៅ​រដ្ឋសភា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ចំអក​អោយ​អ្នក​រិៈ​គន់​ទៀត​ផង​។​

​អំឡុង​ពេល​ផ្ទុះ​រឿងអាស្រូវ​នេះ​ ក្រុម​គណបក្សប្រឆាំង​ និង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ សឹងតែ​ត្រូវ​បាន​លោក​ ណា​ជីប​ ប្ដឹង​បក​ឡើង​តុលាការ​ទៀត​ផង​។​ តែ​ទីបំផុត​ រដ្ឋ​អាជ្ញា​របស់​ប្រទេស​នេះ​បាន​ចោទប្រកាន់​លោក​ណា​ជីប​និង​អតីត​គណៈរដ្ឋមន្ដ្រី​របស់​លោក​ជា​ច្រើន​រូប​ពី​បទ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​បំពាន​អំណាច​រដ្ឋ​ លាង​លុយ​កង្វក់​ និង​ការ​ប្រើប្រាស់​មូលនិធិ​របស់​រដ្ឋ​មិន​មាន​តម្លាភាព​។​

​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ ភរិយា​របស់​លោក​ និង​ឧបនាយករដ្ឋមន្ដ្រី​ម្នាក់​ទៀត​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​រួច​ហើយពី​បទ​លាង​លុយ​កង្វក់​ សហការ​ជាមួយនឹង​លោក​ណា​ជីប​។​ ឧបនាយករដ្ឋមន្ដ្រី​ម្នាក់​នេះ​មានឈ្មោះ​ថា​ សា​ ហ៊ី​ត​ហាម​មី​ឌី​ ត្រូវ​បាន​ចោទ​រហូត​ដល់​ ២៧​ករណី​ ពាក់ព័ន្ធ​ប្រាក់​របស់​រដ្ឋ​ ២៧​លាន​ ៤​សែន​ដុល្លារ​អា​មេ​រិ​ក​។​

​ក្នុង​សំណុំរឿង​នាំ​អោយ​អ្នកនយោបាយ​ជើង​ចាស់​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​ UMNO​ ប្រកាស​ថា​ ត្រូវ​កោះ​ប្រជុំ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ជា​បន្ទាន់​ ដើម្បី​ពិនិត្យ​មើល​រឿងអាស្រូវ​មន្ដ្រី​បក្ស​របស់​ខ្លួន​ឡើង​វិញ​ទាំងអស់​ ហើយ​បាន​ព្រមាន​ថា​ ទំនង​មិន​មាន​ត្រឹមតែ​មាន​អ្នកនយោបាយ​ ៣​ ឬ​ ៤​រូប​ ប៉ុណ្ណោះ​ទេ​ ដែល​ត្រូវ​ចោទប្រកាន់​ក្នុង​សំណុំរឿង​នេះ​ គឺ​នៅ​មាន​ច្រើន​ថែម​ទៀត​។​
​អនុប្រធាន​គណបក្ស​ UMNO​ លោក​ ម៉ូ​ដ​ ហា​សាន់​ បាន​អំពាវនាវ​អោយ​មន្ដ្រី​បក្ស​ទាំងអស់​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​និង​ប្រកាស​ជំហរ​កណ្ដាល​ គឺ​មិន​ត្រូវ​សម្ដែង​មតិ​ ឬ​ធ្វើ​សកម្មភាព​ណាមួយ​នាំ​អោយ​សង្ស័យ​ពាក់ព័ន្ធ​និង​សំណុំរឿង​អាស្រូវ​របស់​លោក​ណា​ជីប​ និង​មេដឹកនាំ​ដទៃ​ទៀត​នោះ​ទេ​។​

​អ្វី​ដែល​នាំ​អោយ​រឿងអាស្រូវ​របស់់​ UMNO​ ត្រូវ​បាន​កកូរកកាយ​មក​ដល់​ពេល​នេះ​ គឺ​ដោយសារ​តែ​នាយក​រដ្ឋមន្ដ្រី​មហា​ធា​មហាម៉ាត​និង​គណៈ​ក​ម្មា​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រទេស​នេះ​ទទួល​រង​សំពាធ​យ៉ាង​ខ្លាំង​ពី​ប្រជាជន​ម៉ា​ឡេ​ស៊ី​ដែល​ទាមទារ​អោយ​ស៊ើបអង្កេត​រឿង​នេះ​ជា​បន្ទាន់​ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ពាក់ព័ន្ធ​ទាំងនោះ​មក​ជា​របស់​រដ្ឋ​វិញ​។​

​លោក​ មហា​ធា​ បាន​ប្រកាស​ថា​ រឿងអាស្រូវ​ UMNO​ គឺជា​រឿង​វ៉ា​វ​ប្រវត្តិសាស្ដ្រ​ ប៉ុន្ដែ​លោក​បាន​សន្យា​ថា​ នឹង​មិន​អនុវត្ត​នយោបាយ​បោសសំអាត​ ឬ​សង​គំនុំ​ អ្នកនយោបាយ​ដូច​គ្នា​នោះ​ទេ​។​ លោក​ថា​ បុគ្គល​ពាក់ព័ន្ធ​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុន​នៃ​ច្បាប់​របស់​ប្រទេស​។​

​តាម​ច្បាប់​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ លោក​ ណា​ជីប​ និង​អតីតរដ្ឋមន្ដ្រី​របស់​លោក​ជា​ច្រើន​រូប​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សំណុំរឿង​អាស្រូវ​នេះ​អាច​និង​មានទោស​ចាប់ពី​ ៣០​ ឆ្នាំ​ ឡើង​ទៅ​ ។​ តែ​យ៉ាងណា​ក៏​ដោយ​ ទាំង​លោក​ណា​ជីប​ ភរិយា​របស់​លោក​ អតីតរដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ​ និង​ចុង​ក្រោយ​ គឺ​ឧបនាយករដ្ឋមន្ដ្រី​ សា​ហ៊ី​ត​ ហាម​មី​ឌី​ បាន​បដិសេធ​ដោយ​អះអាង​ថា​ ខ្លួន​ក្លាយ​ជន​រង​គ្រោះ​ក្នុង​អន្ដរកាល​នៃ​ការ​កែទម្រង់​របស់​លោកនាយក​រដ្ឋមន្ដ្រី​មហា​ធា​មា​ម៉ាត​៕

Share

Image
Image
Image