en     km
en     km

អតីតគណបក្សសង្រ្គោះជាតិ ទាមទារឱ្យរាជរដ្ឋាភិបាលយកច្បាប់សមុទ្រអន្តរជាតិទៅតវ៉ាករណីកោះត្រល់បាត់ទៅ​វៀតណាម

Share

ក្រោយ​ពី​សហគមន៍​អាស៊ាន​ដែល​មាន​ប្រទេស​វៀតណាម​ជា​ប្រធាន​ឆ្លាស់​វេននៅ​ឆ្នាំនេះ ​បាន​បង្ហាញ​ជំហរ​គាំទ្រ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៣៦ ​របស់​ខ្លួន​កាល​ពី​សប្តាហ៍​មុន​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយសុំអោយ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ​រួម​ទាំង​អនុសញ្ញា​ UNCLOS​ច្បាប់សមុទ្រអន្តរជាតិ។​ នៅពេលនេះគណបក្សសង្រ្គោះជាតិបានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្រើអនុសញ្ញានេះទាមទារកោះត្រល់ និងកោះមួយចំនួនផ្សេងទៀតពីប្រទេសវៀតណាមវិញ តែយ៉ាងណាលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបាន មិន សាទរ ការទាមទាររបស់ក្រុមប្រឆាំង​នេះទេ។​

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍ពីព័ត៌មាននេះ៖

គណបក្សសង្រ្គោះជាតិ នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយគាំទ្រចំពោះការដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូងទៅតាមច្បាប់អន្តរជាតិដែលស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ទន្ទឹមនឹងការគាំទ្រនេះ គណបក្សសង្រ្គោះជាតិក៏បានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាពិចារណាទៅលើច្បាប់នេះដើម្បីទាមទារកោះត្រល់មកឲ្យកម្ពុជាវិញបានដូចគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទំព័រចេញផ្សាយជាសាធារណៈនៅលើគេហទំព័រហ្វេសប៊ុករបស់ គណបក្សសង្រ្គោះជាតិបានលើកឡើងថា៖ គណបក្សសង្រ្គោះជាតិគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានប្តូរនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលបានជម្រុញឲ្យប្រទេសពាក់ព័ន្ធក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ ដោយបានបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (the United Nations Convention for the Law of the Sea) ហៅ​កាត់​ថា ​UNCLOS គឺជាមូលដ្ឋាននៃការកំណត់សិទ្ធិនៅលើដែនសមុទ្រ សិទ្ធិអធិបតេយ្យ យុត្តាធិការ និងផលប្រោជន៍ស្របច្បាប់នៅលើតំបន់ដែនសមុទ្រ។

អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ គឺជាលិខិតបទដ្ឋានគតិយុត្តិមួយ ដែលកំណត់សិទ្ធិរបស់ប្រទេសនីមួយៗនៅលើដែនសមុទ្រ ព្រមទាំងកំណត់ពីព្រំដែនសមុទ្រ នាវាចរ តំបន់នេសាទ និងចំណុចសំខាន់ជាច្រើនទៀតទាក់ទិនសមុទ្រ ដែលប្រទេសកម្ពុជាត្រូវតែយកមកធ្វើជាមូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហាព្រំសមុទ្រជាមួយប្រទេសជិតខាង។

មាត្រា ៣ ជំពូកទី២ នៃអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ បានចែងថា រាល់រដ្ឋទាំងអស់មានសិទ្ធិបង្កើតវិសាលភាពនៃដែនសមុទ្ររបស់ខ្លួន រហូតដល់ដែនកំណត់មិនលើសពីចម្ងាយ១២ម៉ាយល៍សមុទ្រ ដែលវាស់ពីបន្ទាត់មូលដ្ឋានដែលបានកំណត់ដោយអនុលោម តាមអនុសញ្ញានេះ។

ដោយផ្អែកទៅតាមអនុសញ្ញានេះ គណបក្សសង្រ្គោះជាតិ បានទាមទារឲ្យសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រើប្រាស់អនុសញ្ញាអន្តរជាតិនេះ​ និងឯកសារគតិយុត្តិនានា នៅក្នុងការប្តឹងទាមទារយកមកឲ្យប្រទេសកម្ពុជាវិញនូវកោះត្រល់ ចង្កោមកោះ ក្រចកសេះ និងដែនសមុទ្រនៃប្រទេសកម្ពុជា ដែលកំពុងត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាម។

លោក អ៊ុំ សំអាន អតីត​អ្នក​តំណាងរាស្ត្រ​និង​បច្ចុប្បន្ន​ជា​អ្នក​ទទួល​ខុសត្រូវ​ខាង​កិច្ចការ​ព្រំដែននៃអតីតគណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើងនៅក្នុងវិទ្យុសំលេងសហរដ្ឋអាមេរិកថា ខណៈ​ដែល​ប្រទេស​វៀតណាម​ចង់​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ដើម្បី​ទាមទារ​ដែន​សមុទ្រ​ ដែល​ខ្លួន​មាន​ជម្លោះ​ជា​មួយ​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ​ដើម្បី​ទាមទារ​ដែន​សមុទ្រ​ដែល​ខ្លួន​បាន​បាត់បង់​មក​វិញ​ដែរ។ លោកបានបន្តថា  ​រដ្ឋាភិបាល​គួរតែ​ប្តឹង​ទៅ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ នៅ​ទីក្រុង​ឡាអេ​ ដោយ​ប្រើ​អនុសញ្ញាមួយនេះ​ដើម្បី​ទាម​ទារ​យក​កោះ​ត្រល់ ​ចង្កោម​កោះ​ក្រចក​សេះ​ ហើយ​និងដែន​សមុទ្រ​កម្ពុជា មកឲ្យកម្ពុជាវិញ។

តែយ៉ាងណាអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា៖ មុននឹងនិយាយពីចំណុចអស់ទាំងនេះ យើងគួរតែពិនិត្យមើលទៅលើចំណុច៣ជាមុនសិន ដែលទី១ គឺប្រវត្តិសាស្រ្ត ទី២ស្ថានភាពជាក់ស្តែង និងទី៣ គឺផ្លូវច្បាប់ ហើយចំពោះការបាត់បង់នេះមិនមែនមានតែគណបក្សប្រឆាំងទេដែលឈឺចិត្តនោះ ប្រជាជនកម្ពុជាទាំងមូលក៏មានការឈឺចាប់ដូចគ្នា។

————សំលេង លោក ផៃ ស៊ីផាន—————–

​កោះត្រល់ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១៥​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​កម្ពុជានៃខេត្តកំពត និង​ប្រមាណ ​៤៥​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​វៀតណាម។​ កោះនេះមានផ្ទៃក្រឡា ៥៧៤ គ.មការ៉េ ។

ចង្កោម​កោះ​ដ៏​ចម្រូងចម្រាស​មួយ​ចំនួន​ រួម​ទាំង​កោះត្រល់ផងនោះ​ ​គឺ​ជា​បញ្ហា​រសើប​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​អស់​រយៈ​ពេលជាច្រើន​ទសវត្សន៍​មក​ហើយ ​ដោយ​គណបក្សប្រឆាំង ​តែង​ចោទ​គណបក្ស​កាន់​អំណាច​ថា​ជា​ «អាយ៉ង»​ របស់​វៀតណាម​ ព្រោះតែ​មិន​ហ៊ាន​ទាមទារ​កោះ​ទាំង​នេះ​ពី​វៀតណាម​មក​វិញ។

តែបែបនេះ ក្រុមអ្នកច្បាប់របស់រដ្ឋាភិបាល ដែលតែងតែការពារ គោលនយោបាយដឹកនាំរបស់ រាជ​រដ្ឋាភិបាលដោយ មិនបានយល់ស្របនឹង ការយល់ឃើញរបស់ក្រុមប្រឆាំង រឿងកោះត្រល់​នោះ​ទេព្រោះថាកោះនោះបានបាត់ដោយសារអាណានិគមបារាំងកាត់ទៅក្នុងដែនដីកូសាំងស៊ីនដែល ជា​ហេតុ​នាំអោយ វៀតណាម មានសិទិ្ធកាន់កាប់កោះនេះ៕

Share

Image
Image
Image