en     km
en     km

គណៈកម្មាការអចិន្រ្ដៃយ៍នៃរដ្ឋសភានឹងពិនិត្យមើលវិសោធនកម្មច្បាប់រំលាយគណបក្សប្រឆាំងនៅថ្ងៃទី១២តុលា

Share

ភ្នំពេញ ៖ បន្ទាប់ពីបណ្ដឹងរបស់ក្រសួងមហាផ្ទៃ និងគណបក្សហ្វ៊ុនស៊ិនប៉ិច រួមនឹងគណបក្សយុវជនកម្ពុជាបានធ្លាក់ទៅដល់តុលាការកំពូលហើយនោះ គឺនៅថ្ងៃទី ១០តុលានេះ គេឃើញសេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន ៤ដែលសំដៅរំលាយគណបក្សសង្រ្គោះជាតិ បានធ្លាក់ដល់រដ្ឋសភាហើយ។

ករណីនេះត្រូវបានលោក អេង ឆៃអ៊ាង តំណាងរាស្រ្ដគណបក្សប្រឆាំងលើកឡើង ថា ច្បាប់នេះមានគោលដៅរំលាយបក្សធំមួយយកអាសនៈទៅចែកឱ្យគណបក្សផ្សេងៗ។

សេចក្ដីស្នើវិសោធនកម្មច្បាប់ធំៗចំនួន ៤ ដែលទាក់ទងទៅនឹងការបោះឆ្នោត និងការជ្រើសតាំងតំណាងរាស្រ្ដបានទៅដល់ដៃរបស់រដ្ឋសភាហើយនៅថ្ងៃទី ១០ តុលា ឆ្នាំ២០១៧នេះ។ នេះបើតាម លោក អេង ឆៃអ៊ាង មន្រ្ដីជាន់ខ្ពស់របស់គណ បក្សសង្រ្គោះជាតិ។

តាម​ខ្លឹមសារក្នុងលិខិតថ្លែងហេតុរបស់គណៈកម្មាធិការអចិន្រ្ដៃយ៍នៃរដ្ឋសភា ដែលលោក អេង ឆៃអ៊ាងបានបង្ហោះលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី ១០ តុលានេះ   ឱ្យដឹងបន្ដថា សេចក្ដីស្នើវិសោធនកម្មទាំង៤នេះ ដែលក្រុមតំណាងរាស្រ្ដគណបក្សប្រជាជនកម្ពុជាស្នើធ្វើវិសោធនកម្មនោះរួមមាន៖

១. ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ

២.ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា

៣.ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និង

៤.ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។

តាម​ខ្លឹមសារនៅលើហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង បានសរសេរប្រាប់ទៀតថា សេចក្ដីស្នើសុំវិសោធនកម្មច្បាប់ចំនួន ៤ ខាងលើ គឺ បន្ទាប់ពីបានទៅដល់ដៃរបស់ក្រុមតំណាងរាស្រ្ដគណបក្សប្រជាជនកម្ពុជា ហើយនោះគឺគណៈ កម្មាធិការអចិន្រ្ដៃយ៍រដ្ឋសភានឹងប្រជុំសម្រេចចាត់នីតិវិធីទៅលើច្បាប់ទាំង ៤នេះ នៅវេលាម៉ោង  ៧:៣០ នាទីព្រឹក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ។

តាមលោកឆៃអ៊ាងខ្លឹមសារនៃការសុំធ្វើវិសោធនកម្ម ច្បាប់ទាំងបួន នេះ គឺយកអាសនៈរបស់គណបក្សដែលត្រូវរំលាយ ដោយតុលាការ ទៅចែកឲ្យគណបក្សផ្សេងៗ តាមរូបមន្តសមាមាត្រ ដែលចែងក្នុងច្បាប់ទាំងបួន ខាងលើ ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋសភា បានប្រាប់វិទ្យុស្ត្រីថា  វិសោធនកម្មច្បាប់ចំនួន៤នេះនឹងត្រូវពិនិត្យនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

លោក ឡេង ប៉េងឡុង​៖«តាមនីតិវិធីយើងត្រូវបញ្ជូនគណៈកម្មាធិការអចិន្រ្ដៃយ៍ពិនិត្យជាមុន បន្ទាប់មកមានគណៈកម្មាការជំនាញធ្វើការសិក្សា ហើយបានដាក់ជូនសម័យប្រជុំពេញពិនិត្យ និងសម្រេច »។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ដែរថា ញត្តិដែលបានស្នើសុំវិសោធនកម្មលើច្បាប់ទាំង៤នេះ មានតំណាងរាស្រ្ដ ៤៨រូបដែលមកពីគណបក្សប្រជាជនកម្ពុជាចូលរួម។

តាមហ្វេសប៊ុករបស់លោកអេង ឆៃអាង អ្នកដែលធ្វើសេចក្ដីថ្លែងហេតុ សុំធ្វើសេចក្ដីស្នើវិសោធនកម្មលើ ច្បាប់នេះ តំណាងដោយ លោកជាម យៀបនិងលោកប៉ែន បញ្ញា ជាសមាជិកសភាមកពីបក្សកាន់អំណាច​ ។

តាមការលើកឡើងរបស់លោក អេង ឆៃអ៊ាង ខ្លឹមសារនៃការសុំធ្វើវិសោធនកម្ម​នៃច្បាប់ទាំងបួននេះ គឺយកអាសនៈរបស់គណបក្សដែលត្រូវរំលាយដោយតុលាការទៅចែកឲ្យគណបក្សផ្សេងៗ តាមរូបមន្តសមាមាត្រដែលចែងក្នុងច្បាប់ទាំងបួន ខាងលើ ៕

 

Share

Image
Image
Image