en     km
en     km

អង្គរវត្តជាប់ចំណាត់ថ្នាក់លេខមួយជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតនៅលើពិភពលោក

Share

សៀមរាប៖ ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខមួយដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត។

ជាមួយគ្នានេះអង្គរវត្ត ក៏ជាប់ចំណាត់ថ្នាក់លេខប្រាំបីជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ។នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ។

តាមឱ្យដឹងពីអាជ្ញាធរជាតិអប្សរា គឺឆ្នាំ២០១៧ ជាឆ្នាំទី ៤ហើយ ដែលអង្គរត្រូវបានភ្ញៀវទេសចរលើពិ​ភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខមួយជាប់ៗគ្នា​ ។

កាលពីឆ្នាំ២០១៤  អង្គរបានជាប់ចំណាត់ថ្នាក់លេខមួយ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា គឺគេហទំព័រ ArchaeoMadness។

បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខមួយម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor។

ដោយឡែក នៅឆ្នាំ២០១៦ កន្លងទៅ អង្គរវត្តបានបន្តជាប់ចំណាត់ថ្នាក់លេខមួយ នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោកដែលមានទាំងព័ត៌មាន តាមរយៈ វេបសាយ ទស្សនាវដ្តី និងសៀវភៅជាដើម។

ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណជនទាំងអស់បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌរបស់ដូនតាឲ្យបានខ្លាំងក្លា ដើម្បីភាពគង់វង្សយូរអង្វែងតទៅ៕

 

Share

Image
Image
Image