en     km
en     km

អង្គការ FAO ជួយការដាំដុះកៅស៊ូនៅកម្ពុជា

Share

មន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារ និងកសិកម្ម FAO បានជួបពិភាក្សាការងារស្តីពីការរៀបចំបង្កើតគម្រោងថ្នាក់តំបន់ដែលពាក់ព័ន្ធនឹងប្រទេសចំនួនបី គឺ កម្ពុជា  ថៃ និងប្រទេសមីយ៉ាន់ម៉ាលើវិស័យកៅស៊ូ ជាមួយនិងរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបដែលធ្វើឡើងកាលពីថ្ងៃទី ១៩ ខែកញ្ញា ២០១៨  បានផ្ដោតសំខាន់ ទៅលើ​វិស័យកៅស៊ូនៅ កម្ពុជាដែលធ្វើអោយមានស្ថានភាពនឹងនរ និងមានចីរភាពឡើងវិញ។នេះបើតាមគេ ហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គេហទំព័រដដែលនេះ បញ្ជាក់ថាលោក បណ្ឌិត Pierre-Marie Bosc(ប៊ក់ស៍) មន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារនិងកសិកម្ម FAO មានប្រសាសន៍ថា កសិករកៅស៊ូ មានបញ្ហាប្រឈមជាខ្លាំងគួរឲ្យព្រួយបារម្ភ ជាពិសេសលើបញ្ហាតម្លៃកៅស៊ូធម្មជាតិកំពុងធ្លាក់ថ្លៃ និងការប្រែប្រួលអាកាសធាតុ រួមទាំងទិន្នផលកៅស៊ូបានធ្លាក់ចុះ ។

ដោយសារករណីនេះ  អង្គការ FAO រួមជាមួយអង្គការ CIRAD បានឯកភាពរៀបចំបង្កើតគម្រោងថ្នាក់តំបន់ត្រីភាគីរវាងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ធ្វើការផ្ដោតសំខាន់ទៅលើប្រព័ន្ធសង្កេតការ សិក្សាស្រាវជ្រាវ និងវិភាគជាលំអិតនៃលទ្ធផលដែលទទួលបាននៃប្រទេសនីមួយៗ ដើម្បីធ្វើការប្រៀបធៀប និងវាយតម្លៃអំពីស្ថានភាព ក៏ដូចជា ប្រសិទ្ធភាពនៃការអនុវត្តដាំដុះ និងការប្រមូលផលជ័រកៅស៊ូ រួមទាំងធ្វើការកែសម្រួល។

ជាការឆ្លើយតបជុំវិញរឿងនេះ លោក វេង សាខុន រដ្ឋមន្រ្ដី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសាទរបញ្ជាក់ថា ការបង្កើនសមត្ថភាពមន្ត្រីជំនាញនិងកសិករដាំកៅស៊ូ ការកាត់បន្ថយថ្លៃដើមនិងពលកម្ម ការបង្កើនទិន្នផល ការធ្វើឲ្យប្រសើរឡើងនៃគុណភាពជ័រកៅស៊ូ ការធានាបាននូវនិរន្តរភាពនៃដើមកៅស៊ូ និងជាពិសេសការបង្កើនប្រាក់ចំណូលគ្រួសារ គឺជាគន្លឹះដ៏សំខាន់ និងគោលដៅរបស់ក្រសួង។

ទន្ទឹមនឹងនេះ ដើម្បីអនុវត្តគម្រោងនេះទទួលបានភាពជោគជ័យ លោកបានស្នើឲ្យអង្គការ FAO សហការជិតស្និទ្ធជាមួយមន្ត្រីជំនាញនៃក្រសួងព្យាយាមឲ្យអស់លទ្ធភាពធ្វើយ៉ាងណាពង្រឹងវិស័យកៅស៊ូឡើងវិញ ប្រកបដោយចីរភាព៕

 

Share

Image
Image
Image