en     km
en     km

អង្គការ​ WCS​ សង្គ្រោះ​សត្វ​ទាព្រៃ​ស្លាប​ ស​ ចំនួន​ ០២​ក្បាល​

Share

​ភ្នំពេញ​ ៖​ សត្វ​ទាព្រៃ​ស្លាប​ ស​ ចំនួន​ ០២​ក្បាល​ ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ ព្រហ្ម​ទេព​ ខេត្ដព្រះវិហារ​ នៅ​ថ្ងៃ​ទី​០៥​ ខែធ្នូ​នេះ​ ខណៈ​សត្វ​ទាព្រៃ​ស្លាប​ ស​ ទាំង​ក្បាល​នេះ​ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ពួក​វា​មាន​សភាព​ទន់ខ្សោយ​ និង​មិន​អាច​ហើរ​បាន​។​

លោក លៀ ស៊ីណា រាយការណ៍៖

ទាព្រៃស្លាប ស ដែលប្រជាសហគមន៍រកឃើញ

 

ទាព្រៃ​ស្លាប​ ស​ ទាំង​ ០២​ក្បាល​នេះ​ ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​ នៃ​ក្រសួងបរិស្ថាន​ និង​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ ប្រគល់​ទៅ​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​អង្គការ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​ ខេត្ដសៀមរាប​ដើម្បី​ពិនិត្យ​ និង​មើលថែ​រក្សា​ រហូត​ដល់​ពេល​ពួក​វា​ជា​សះស្បើយ​ និង​អាច​រស់នៅ​ក្នុង​ធម្មជាតិ​វិញ​បាន​។​

​លោក​ រស់​ វ៉ា​ន់​ ប្រធាន​ក្រុម​ស្រាវជ្រាវ​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន​ ព្រហ្ម​ទេព​ នៃ​ក្រសួងបរិស្ថាន​ និង​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បាន​លើក​ឡើង​ថា​ ការ​អប់រំ​ប្រជា​សហគមន៍​ ឲ្យ​ដឹង​ពី​ការងារ​អភិរក្ស​សត្វព្រៃ​ បាន​លើកទឹកចិត្ដ​ឲ្យ​ពួក​គាត់​ផ្ដល់​ព័ត៌មាន​អំពី​សត្វព្រៃ​មក​ក្រុម​អ្នក​អភិរក្ស​។​ លោក​បន្ដ​ថា​ ប្រសិនបើ​ប្រជា​សហគមន៍​មិន​បាន​យល់​អំពី​សារៈសំខាន់​នៃ​ការងារ​អភិរក្ស​សត្វព្រៃ​ទេ​នោះ​ ពួក​គាត់​ប្រហែលជា​យក​ទាព្រៃ​ស្លាប​ ស​ ទាំង​ ០២​ក្បាល​នេះ​ បរិភោគ​ ឬ​លក់​បាត់​ទៅ​ហើយ​។​

ពង ទាព្រៃស្លាប ស

តាម​លោក​ Michael​ Meyerhoff​ ប្រធាន​គម្រោង​ប្រចាំ​មជ្ឈមណ្ឌល​អង្គការ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​ បាន​បញ្ជាក់​ថា​ ទាព្រៃ​ស្លាប​ ស​ ទាំង​ ០២​ក្បាល​នេះ​នឹង​ត្រូវ​ព្រ​លែង​ទៅ​ក្នុង​ធម្មជាតិ​វិញ​ ក្នុង​រយៈពេល​ ២​ ឬ​៣​ ស​ប្ដា​ហ៍​ខាង​មុខ​ ប្រសិនបើ​ពិនិត្យ​ឃើញ​ថា​ វា​ជា​សះស្បើយ​ទាំងស្រុង​ ហើយ​អាច​រស់នៅ​ក្នុង​ធម្មជាតិ​បាន​ដោយ​ខ្លួនឯង​។​

​តំបន់​ខ្ពស់​ង​រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ ក្នុង​ខេត្ដព្រះវិហារ​ ដែល​រួម​បញ្ចូល​ទាំង​ដែនជម្រកសត្វព្រៃ​គូលែន​ ព្រហ្ម​ទេព​ ដែនជម្រកសត្វព្រៃ​ព្រះ​រកា​ និង​ដែនជម្រកសត្វព្រៃ​ឆែប​ផង​ដែរ​ បាន​គាំទ្រ​ដល់​ការ​រស់នៅ​របស់​សត្វ​ស្លាប​ប្រភេទ​រង​គ្រោះជា​សាកល​ជា​ច្រើន​ប្រភេទ​។​ សត្វ​ស្លាប​ដែល​រង​គ្រោះ​ជិត​ផុត​ពូជ​ទាំងនោះ​រួម​មាន​ សត្វ​ត្រង​យ៉ង​យក្ស​ ត្រ​យ៉ង​ចង្កំ​ក​ ស​ សត្វ​ទាព្រៃ​ស្លាប​ ស​ និង​សត្វ​ត្មាត​ចំនួន​ ០៣​ប្រភេទ​ ក៏​ដូច​ជា​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ទៀត​ ដែល​សត្វ​ស្លាប​ទាំង​អស់នេះ​ សុទ្ធតែ​ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកលលោក​៕

Share

Image
Image
Image