en     km
en     km

អង្គការ​ H.I​ ៖​ គួរតែ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ អនុក្រឹត្យ​ស្តី​ពី​ការ​ជ្រើសរើស​ជន​ពិការ​ចូល​ធ្វើ​ការងារ​ លើ​វិស័យ​ឯកជន​

Share

​ភ្នំពេញ​ ៖​ ក្រសួង​សង្គមកិច្ច​បាន​អះអាង​ថា​ ឆ្នាំ​២០១៨​នេះ​ ចំនួន​ជន​ពិការ​បាន​កើនឡើង​ជាង​ឆ្នាំ​កន្លង​ទៅ​ ដែល​បាន​ចូល​បម្រើ​ការងារ​ ទាំង​ស្ថាប័នរដ្ឋ​ និង​ស្ថាប័នឯកជន​។​ លោក​ អុល​ សុ​វាសនា​ មន្ត្រីជាន់ខ្ពស់​ការ​ការ​ជន​ពិការ​អន្ដរជាតិ​ ទទួលស្គាល់​ថា​ រដ្ឋាភិបាល​បាន​ខិតខំ​លើ​កិច្ចការ​នេះ​ ក៏​ប៉ុន្ដែ​លោក​យល់​ថា​ គួរតែ​មានការ​ផ្សព្វផ្សាយ​បន្ថែម​ ដើម្បី​ជំរុញ​វិស័យ​ឯកជន​ ដែល​លោក​ឃើញ​ថា​ ហាក់​អនុវត្ដ​បាន​តិច​តូច​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​រដ្ឋលេខាធិការ​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នី​ត​សម្បទា​ លោក​ សែ​ម​ សុខា​ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ថា​ ចំនួន​ជន​ពិការ​ គឺ​បាន​កើនឡើង​ខ្ពស់​នៅ​ឆ្នាំ​២០១៨​នេះ​ ដែល​បាន​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​ និង​វិស័យ​ឯកជន​។​ ប្រសាសន៍​របស់​លោក​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ លើក​ឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​លើ​ការ​អនុវត្ដ​ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​ និង​លើកកម្ពស់​សិទ្ធជន​ពិការ​ ដល់​ខណ្ឌ​ទាំង​១២​ និង​បណ្ដា​វិស័យ​ឯកជន​ ស្ថិត​នៅ​រាជធានី​ភ្នំពេញ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ឲ្យ​អនុវត្ដ​នូវ​អនុក្រឹត្យ​ស្ដី​ពី​ការ​ជ្រើសរើស​ជន​ពិការ​ ឲ្យ​ចូល​បម្រើ​ការងារ​ និង​បាន​លើកទឹកចិត្ដ​ទាំង​វិស័យ​រដ្ឋ​ និង​ឯកជន​ ឲ្យ​ជ្រើសរើស​ជន​ពិការ​ចូល​បម្រើ​ការងារ​។​ តាម​រយៈ​អនុក្រឹត្យ​នេះ​ លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រសួង​ស្ថាប័នរដ្ឋ​ ចំនួន​ ៤០​ បាន​ទទួល​ជន​ពិការ​ចំនួន​ ២៨៣៩​នាក់​ ហើយ​មាន​ ៧៣០​នាក់​ជា​ស្ដ្រី​។​ ក្នុង​ចំណោម​ជន​ពិការ​ជាង​ ២​ពាន់​នាក់​នេះ​ មាន​ ១៤៧៨​នាក់​ ជា​ជន​ពិការ​កម្រិត​ធ្ងន់​។​

​ដោយឡែក​សម្រាប់​វិស័យ​ឯក​ ដែល​មាន​ដូច​ជា​ធនាគារ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ សណ្ឋាគារ​ រោងចក្រ​ ក៏​មានការ​កើនឡើង​ដែរ​ ដែល​ក្រសួង​បាន​សាកល្បង​ លើ​វិស័យ​ទាំងនោះ​នៅ​ភ្នំពេញ​ ខេត្ដកណ្ដាល​ និង​ខេត្ដ​សៀម​រាម​ លើ​អង្គភាព​ចំនួន​ ៧៧​។​ ជា​លទ្ធផល​វិស័យ​ឯកជន​ទាំងនោះ​ បាន​ទទួល​ជន​ពិការ​ចំនួន​ ៣០៥៥​នាក់​ ហើយ​មាន​ ១៩៤៧​នាក់​ជា​ស្ដ្រី​។​ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ ជន​ពិការ​ដែល​បាន​ចូល​បម្រើ​ការងារ​ទាំង​ស្ថាប័នរដ្ឋ​ និង​វិស័យ​ឯកជន​ សរុប​មាន​ចំនួន​ ៥៨៦៨​នាក់​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​អនុក្រឹត្យ​ស្ដី​ពី​ការ​ជ្រើសរើស​ជន​ពិការ​ ចូល​បម្រើ​ការងារ​ ដែល​មាន​២%​សម្រាប់​ស្ថាប័ន​សាធារណៈ​ និង​១%​សម្រាប់​ផ្នែក​ឯកជន​។​

​លោក​ អុល​ សុ​វាសនា​ អនុប្រធាន​សម្របសម្រួល​កម្មវិធី​ របស់​អង្គការ​ជន​ពិការ​អន្ដរជាតិ​ ហៅ​កាត់​ថា​ H.I​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ លោក​ទទួលស្គាល់​ពី​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្សព្វផ្សាយ​ ក៏​ដូច​ជា​ការ​ចេញ​អនុក​ត្រឹ​ត្យ​ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ដល់​ជន​ពិការ​ឲ្យ​ទទួល​បានការ​ងារ​ និង​គ្មាន​ការ​រើសអើង​។​ លោក​បន្ដ​ថា​ តាម​ការ​សង្កេត​មើល​របស់​លោក​ផ្ទាល់​ ស្ថាប័នរដ្ឋ​បាន​អនុវត្ដ​បាន​ល្អ​ប្រសើរ​តាម​តាម​អនុ​ត្រឹ​ត្យ​បើ​ទោះជា​មិនល្អ​ឥត​ខ្ចោះ​ក៏​ដោយ​។​ ក៏​ប៉ុន្ដែ​សម្រាប់​វិស័យ​ឯកជន​ លោក​ថា​ គឺ​ហាក់​អនុវត្ដ​បាន​តិច​តូច​នៅឡើយ​ ដោយសារ​តែ​វិស័យ​ទាំងនោះ​មួយ​ចំនួន​ ពេល​ខ្លះ​បាន​កំណត់​លក្ខណ​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ ដែល​បាន​បង្ក​ជា​ការ​រាំងស្ទះ​ដល់​ពលរដ្ឋ​ដែល​មាន​ពិការ​ភាព​ ៖«​វិស័យ​ឯកជន​យើង​ឃើញ​ថា​ នៅ​មាន​ភាព​ខ្វះខាត​ច្រើន​ ដោយសារ​ស្ថាប័នឯកជន​ខ្លះ​គាត់​នៅ​មាន​លក្ខណ​ដើម្បី​ជ្រើសរើស​។​ ឧទាហរណ៍​ថា​ គាត់​ត្រូវការ​ឲ្យ​មាន​សញ្ញាបត្រ​ទុតិយភូមិ​ ឬ​ក៏​រៀន​នៅ​ក្នុង​កម្រិត​ថ្នាក់​ណាមួយ​ អ​ញ្ចឹ​ង​ទៅ​ក៏​មិន​បានជា​ទូលំទូលាយ​ទៅ​ដល់​បងប្អូន​មាន​ពិការ​ភាព​ដែរ​ ដោយសារ​តែ​បងប្អូន​ជន​ពិការ​របស់​យើង​ខ្លះ​អត់​មាន​រៀន​សញ្ញាបត្រ​ចប់​ទុតិយភូមិ​ទេ​។​ អ​ញ្ចឹ​ង​យើង​អាច​និយាយ​បាន​ថា​ ការ​ជ្រើសរើស​របស់​ពួក​គាត់​នៅ​មាន​កម្រិត​នៅឡើយ​ដែរ​»​។​

​ចំពោះ​ការ​កំណត់​នេះ​ លោក​ សុ​វាសនា​ គិត​ថា​ ដោយសារ​តែ​ពួក​គាត់​មិន​ទាន់​យល់​ច្បាស់​ពី​បញ្ហា​របស់​ពលរដ្ឋ​ដែល​មាន​ពិការ​ភាព​។​ តែ​យ៉ាងណា​លោក​ថា​ វា​មិនមែន​ជា​ការ​រើសអើង​ទេ​ បើ​ការ​កំណត់​នោះ​តម្រូវ​ទៅ​តាម​តួនាទី​ និង​មុខងារ​នៅ​ក្នុង​ស្ថាប័ន​ លើកលែងតែ​ការ​កំណត់​ដោយ​ចេតនា​រុញ​ចេញ​នូវ​ក្រុម​ពលរដ្ឋ​ដែល​មាន​ពិការ​ភាព​។​

​តែបើ​ទោះជា​យ៉ាងនេះ​ក្ដី​ អង្គការ​ជន​ពិការ​អន្ដរជាតិ​ នៅ​តែ​បន្ដ​ការ​ព្យាយាម​ជំរុញ​ និង​ពន្យល់​ធ្វើ​យ៉ាងណា​ឲ្យ​គ្រប់​វិស័យ​ទាំងអស់​យល់​ពី​ពលរដ្ឋ​ដែល​មាន​ពិការ​ភាព​ និង​បើកឱកាស​ការងារ​ពេញលេញ​សម្រាប់​ពួក​គាត់​។​ ជាង​នេះ​អង្គការ​ H.I​ ក៏​ព្យាយាម​ផង​ដែរ​ ដើម្បី​ឲ្យ​វិស័យ​ឯកជន​មានការ​កែប្រែ​នូវ​លក្ខណ​ការងារ​ និង​គោលនយោបាយ​ស្ថាប័ន​ជាដើម​ ដើម្បី​ឲ្យ​សម​សម្រប​សម្រាប់​ជន​ពិការ​។​

​លោក​ សែ​ម​ សុខា​ រដ្ឋលេខាធិការ​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នី​ត​សម្បទា​ អះអាង​ថា​ រាជរដ្ឋាភិបាល​នឹង​ខិតខំ​បន្ថែម​ទៀត​ ដើម្បី​លុប​បំបាត់​ឲ្យ​បាន​នូវ​ការ​រើសអើង​លើ​ជន​ពិការ​។​ លោក​ក៏​អំពាវនាវ​ផង​ដែរ​ ឲ្យ​គ្រប់​អង្គភាព​ទាំង​ស្ថាប័នរដ្ឋ​ វិស័យ​ឯកជន​នានា​ ចូលរួម​ថែម​ទៀត​ក្នុង​ការ​ផ្ដល់​ឱកាស​ សម្រាប់​ជន​ពិការ​បាន​ចូល​បម្រើ​ការងារ​ ដើម្បី​រួម​គ្នា​ក្នុង​ការ​អនុវត្ដ​ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ​៕

Share

Image
Image
Image