en     km
en     km

អង្គការ​ GADC​ ៖​ ស្ដ្រី​មាន​ចំនួន​កើនឡើង​ក្នុង​ការងារ​សង្គម​ តែ​បុរស​នៅ​តែ​មិន​ជឿជាក់​លើ​សមត្ថភាព​របស់​ស្ដ្រី​

Share

​ភ្នំពេញ​ ៖​ នាយិកា​ប្រតិបត្ដិ​ អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ កត់​សម្គាល់ថា​ រយៈពេល​មួយ​ឆ្នាំ​មកនេះ​ចំនួន​ស្ដ្រី​មាន​កើនឡើង​ ក្នុង​កិច្ចការ​សង្គម​ និង​នយោបាយ​ ក៏​ប៉ុន្ដែ​ស្ដ្រី​នៅ​តែ​ឈរ​លេខ​រៀង​ក្រោយ​បុរស​ ដាច់​ឆ្ងាយ​នៅឡើយ​ ទាំង​ការ​បង្ហាញ​សកម្មភាព​ សមត្ថភាព​ និង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

លោកស្រី រស់ សុភាព នាយិកាអង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា

 

នាយិកា​ប្រតិបត្ដិ​ អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GADC​ លោកស្រី​ រស់​ សុភាព​ មាន​ប្រសាសន៍​ថា​ គិត​មក​ដល់​ចុងឆ្នាំ​២០១៧​នេះ​ អង្គការ​របស់​លោកស្រី​ បាន​ធ្វើ​ការងារ​មួយ​ចំនួន​ ក្នុង​លើកទឹកចិត្ដ​ស្ដ្រី​វ័យក្មេង​ ឲ្យ​ចូលរួម​ការងារ​សង្គម​ និង​វិស័យ​នយោបាយ​ នៅ​ខេត្ដ​ចំនួន​ ០៣​ ដែល​មាន​ដូច​ជា​ ខេត្ដកំពង់ឆ្នាំង​ ខេត្ដពោធិ៍សាត់​ និង​ខេត្ដព្រៃវែង​។​

​តាម​ការ​សង្កេត​របស់​លោកស្រី​ រស់​ សុភាព​ ស្ដ្រី​វ័យក្មេង​បាន​ឈាន​ជើង​ចូល​ ប្រឡូក​ការងារ​សង្គម​ មានការ​កើនឡើង​ជាង​ឆ្នាំ​មុនៗ​ ក៏​ប៉ុន្ដែ​ស្ដ្រី​ នៅ​តែ​មិន​ទទួល​បានការ​ផ្ដល់​សិទ្ធិ​ស្មើ​ នឹង​បុរស​ ដើម្បី​ធ្វើការ​សម្រេចចិត្ដ​ ទៅ​លើ​រឿង​អ្វីមួយ​ឡើយ​ មាន​ដូច​ជា​ «​ការ​ដឹកនាំ​ និង​ការ​កំណត់​ទិស​ដៅ​សកម្មភាព​ការងារ​ ជាដើម​។​ មូលហេតុ​ដែល​នាំ​ឲ្យ​ស្ដ្រី​ មិន​ទទួល​បានការ​ផ្ដល់​ឱកាស​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​ដូចនេះ​ ព្រោះតែ​ផ្នត់គំនិត​សង្គម​ នៅ​តែ​មើល​មិនឃើញ​ ពី​សមត្ថភាព​របស់​ស្ដ្រី​ ហើយ​ការ​ផ្ដល់​ឱកាស​ឲ្យ​ស្ដ្រី​បាន​ទទួល​តួនាទី​ ឬ​មុខ​តំណែង​ក្នុង​អង្គភាព​ នីមួយៗ​នៅ​មាន​កម្រិត​ទាប​។​

​លោកស្រី​ រស់​ សុភាព​ ៖«​ដោយសារ​សង្គម​យើង​ គឺជា​សង្គម​ ហាក់ដូចជា​ មិន​ទាន់​ឲ្យ​តម្លៃ​ស្ដ្រី​គ្រប់គ្រាន់​ អ​ញ្ចឹ​ង​ការ​ផ្ដល់​ឱកាស​ឲ្យ​ស្ដ្រី​ចាប់ពី​តួនាទី​តូច​ឡើង​ទៅ​ហ្នឹង​គឺ​នៅ​មាន​កម្រិត​។​ ដល់​អ​ញ្ចឹ​ង​ទៅ​មិន​អាច​ធ្វើ​ឲ្យ​ស្ដ្រី​ឈាន​ទៅ​ឈោង​ចាប់​បាន​នៅ​តួនាទី​ធំ​ ដល់​អ​ញ្ចឹ​ង​ពេល​រក​ស្ដ្រី​សម្រាប់​ដំឡើង​តួនាទី​ហ្នឹង​ យើង​តែងតែ​ឮ​ហើយ​ថា​ រក​ស្ដ្រី​មិន​បាន​។​ តាម​ពិត​ទៅ​ធនធាន​ស្ដ្រី​មាន​ ប៉ុន្ដែ​មិនសូវ​ដាក់​បញ្ចូល​គាត់​ទៅ​ក្នុង​តួនាទី​ដែល​មាន​ស្រាប់​ហ្នឹង​»​។​

​នាយិកា​ប្រតិបត្ដិ​ អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ នៅ​តែ​យល់​ថា​ គម្លាត​ការ​សិក្សា​រវាង​ស្ដ្រី​ និង​បុរស​ គឺ​មាន​ភាព​ពី​គ្នា​ឆ្ងាយ​នៅឡើយ​។​ ស្ដ្រី​តែងតែ​បោះបង់​ការ​សិក្សា​នៅ​ពេល​ដែល​ពួក​គេ​ បញ្ចប់​ថ្នាក់​វិទ្យាល័យ​ដោយសារ​ថ្នាក់ឧត្ដម​សិក្សា​ស្ថិត​នៅ​ឆ្ងាយ​ពី​លំ​ឋាន​របស់​គេ​ និង​មួយវិញទៀត​ ព្រោះតែ​ជីវភាព​គ្រួសារ​។​ លើស​ពី​នេះ​ លោកស្រី​ បាន​បន្ត​ឲ្យ​ដឹង​ថា​ កូនស្រី​ភាគច្រើន​ តែងតែ​គិត​ពី​ជីវភាព​ និង​ភាព​ស្រណុក​របស់​ ឪពុក​ ម្ដាយ​ ច្រើន​ជាង​ក្ដី​សុខ​របស់​ខ្លួន​។​

​លោកស្រី​ រស់​ សុភាព​៖«​កូនស្រី​ភាគច្រើន​ គឺ​គាត់​បាន​លះបង់​ការ​សិក្សា​ លះបង់​ភាព​សុខដុមរមនា​រស់នៅ​ជាមួយ​ឪពុក​ ម្ដាយ​ហ្នឹង​ មក​ទីក្រុង​ដើម្បី​ធ្វើការ​យក​លុយ​ ផ្ញើ​លុយ​ទៅ​ឲ្យ​ឪពុក​ ម្ដាយ​ ចាត់ចែង​ការ​រស់នៅ​។​ អ​ញ្ចឹ​ង​ស្ដ្រី​ហ្នឹង​ភាគច្រើន​បាន​មក​ធ្វើការ​រោងចក្រ​ ហើយ​ម្យ៉ាងទៀត​កូនស្រី​ភាគច្រើន​ តែងតែ​គិត​ពី​បន្ទុក​របស់​គ្រួសារ​ និង​ឪពុក​ ម្ដាយ​»​។​

​យ៉ាងណា​គេ​ តែងតែ​ឮជា​រឿយៗ​ នូវ​ប្រសាសន៍​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ពី​ការ​អំពាវនាវ​ឲ្យ​មានការ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ និង​ផ្ដល់​ឱកាស​ការងារ​ដល់​ស្ដ្រី​ នៅ​តាម​ស្ថាប័នរដ្ឋ​ និង​នៅ​តាម​ស្ថាប័នឯកជន​នានា​ រួម​ផ្សំ​នឹង​ការ​បង្កើត​គោលនយោបាយ​នារីរតនៈ​របស់​រាជរដ្ឋាភិបាល​ផង​។​ ក៏​ប៉ុន្ដែ​ទាក់ទិន​ចំណុច​នេះ​ លោកស្រី​ សុភាព​ មើលឃើញ​ថា​ ទាំង​ប្រសាសន៍​ និង​គោលនយោបាយ​នេះ​ មិន​ទាន់​បាន​អនុវត្ដ​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ​។​

​លោកស្រី​ រស់​ សុភាព​៖«​គោលនយោបាយ​ យេ​ន​ឌ័​រ​ គឺ​មាន​ ប៉ុន្ដែ​កន្លែង​ខ្លះ​មាន​ កន្លែង​ខ្លះ​អត់​មាន​ មាន​តែ​គោលនយោបាយ​ជា​រួម​ដូច​ជា​នារីរតនៈ​អី​ជាដើម​។​ ប៉ុន្ដែ​មិន​ទាន់​មាន​គោលនយោបាយ​ឲ្យ​គ្រប់កន្លែង​នៅឡើយ​ ដូច​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជាដើម​ ដែល​យើង​មើលឃើញ​ថា​ ឥឡូវ​ហ្នឹង​អត់​មាន​ស្ដ្រី​ ដល់​អ​ញ្ចឹ​ង​ទៅ​តើ​គោលនយោបាយ​នារីរតនៈ​ហ្នឹ​ត្រូវ​អនុវត្ដ​បែប​ម៉េច​!​ គឺ​អនុវត្ដ​អត់​បាន​។​ ប្រទេស​កម្ពុជា​ បាន​ចុះ​ហត្ថលេខី​ជាមួយ​ ស៊ី​ដ​ ផង​ ហើយ​រើសអើង​នៅ​តែ​រើសអើង​ បើ​និយាយ​ពី​ការ​អនុវត្ដ​គឺ​មានការ​រើសអើង​ដដែល​ ហើយ​ជា​គ្រឹះ​ស្ដី​យើង​ដឹង​ហើយ​ ការ​យល់​ដឹង​យើង​ដឹង​ហើយ​ ក៏​ប៉ុន្ដែ​ហាក់ដូច​នៅ​តែ​ព្រងើយ​ក​ន្កើ​យ​»​។​

​លោកស្រី​ រស់​ សុភាព​ ពន្យល់​ថា​ មូលហេតុ​ដែល​មាន​គោលនយោបាយ​ហើយ​បែរជា​ មិន​អាច​អនុវត្ដ​បាន​ពីព្រោះ​តែ​គោលនយោបាយ​បិតា​ធិ​ប​តេ​យ្យ​បាន​ចាក់​ឬ​ស​ជ្រៅ​ពេក​ ក្នុង​បេះដូង​បុរស​ ដែល​មិន​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​ស្ដ្រី​និង​ មិន​ជឿជាក់​លើ​ការងារ​របស់​ស្ដ្រី​ ដែល​ចំណុច​នេះ​ហើយ​ នាយិកា​ប្រតិបត្ដិ​អង្គការ​ GADC​ យល់​ថា​ ជាដើម​ចមនាំ​ឲ្យ​ស្ដ្រី​ មិន​អាច​ទទួល​បាន​ឱកាស​កាន់​តួនាទី​ ជា​អ្នក​សម្រេចចិត្ដ​បញ្ហា​ផ្សេងៗ​។​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ដ្រី​នា​ពេល​នេះ​ លោកស្រី​ សំណូមពរ​ដល់​រាជរដ្ឋាភិបាល​បង្កើន​សកម្មភាព​ជាក់ស្ដែង​របស់​ខ្លួន​ ឲ្យ​ខ្លាំង​ជាង​មុន​ ដោយ​មិន​ត្រូវ​មាន​តែត្រឹម​តែ​ការ​អំពាវនាវ​ហើយ​មិន​អនុវត្ដ​នោះ​ទេ​។​

​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GADC​ គឺជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​ និង​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​មួយ​។​ អង្គការ​ GADC​ បាន​ធ្វើការ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សមាជិក​នានា​ក្នុង​កម្មវិធី​សីលធម៌​អង្គការ​មិនមែន​រដ្ឋាភិបាល​ សម្រាប់​ការ​អនុលោម​ទៅ​តាម​បទដ្ឋាន​ទាំងអស់​ នៅ​ក្នុង​ក្រម​ នៃ​គោលការណ៍​លី​ធម៌​ និង​បទដ្ឋាន​អប្បបរមា​ សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខែសីហា​ ឆ្នាំ​២០១១​។​ អង្គការ​ អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ ធ្វើការ​តស៊ូ​មតិ​លើ​ភាព​ពាក់ព័ន្ធ​ នឹង​យេ​ន​ឌ័​រ​ នៅ​ក្នុង​ច្បាប់​ និង​គោលនយោបាយ​ពាក់ព័ន្ធ​ នឹង​ការ​សង្កត់ធ្ងន់​លើ​តម្រូវការ​ផ្លាស់​ប្ដូរ​ ពី​ការ​យកចិត្ដទុកដាក់​លើ​តួនាទី​របស់​ស្ដ្រី​ក្នុង​ការ​អភិវឌ្ឍ​ ឆ្ពោះទៅ​រក​ការ​ពិចារណា​ លើ​ទំនាក់ទំនង​ នៃ​អំណាច​ រួម​ទាំង​លទ្ធភាព​ទទួល​ និង​ការ​គ្រប់គ្រង​លើ​ធនធាន​ និង​ការ​សម្រេចចិត្ដ​របស់​ស្ដ្រី​ និង​បុរស​៕

Share

Image
Image
Image