en     km
en     km

អង្គការ​ Central​ ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ ការ​កំណត់​កូតា​ផលិត​ខ្ពស់​ពេក​សម្រាប់​កម្មករ​

Share

​ភ្នំពេញ​ ៖​ នាយក​ប្រតិបត្ដិ​ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ពី​ការ​កំណត់​កូតា​ផលិត​ខ្ពស់​ពេក​សម្រាប់​កម្មករ​ បន្ទាប់​ពី​រក​ឃើញ​ថា​ រោងចក្រ​មួយ​ចំនួន​បាន​កំណត់​ចំនួន​កូតា​ផលិត​ខ្ពស់​ខ្លាំង​សម្រាប់​កម្មករ​។​

​នៅ​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​ គឺជា​ទិវា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​។​ ក្នុងថ្ងៃនេះ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ Central​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ និយាយ​អំពី​ការ​កំណត់​ ការ​ផលិត​ខ្ពស់​ពេក​សម្រាប់​កម្មករ​ និយោជិត​ក្នុង​រោងចក្រ​។​

​លោក​ មឿ​ន​ តុលា​ នាយក​ប្រតិបត្ដិ​ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​១០​ ធ្នូ​នេះ​ថា​ មាន​រោងចក្រ​ខ្លះ​បាន​កំណត់​ឲ្យ​កម្មករ​ម្នាក់​ធ្វើការ​ផលិត​ ដោយ​កំណត់​កូតា​ពី​ ១៥០០​ ដល់​ ២៣០០​។​ លោក​បន្ដ​ថា​ ការ​កំណត់​នេះ​ គឺ​ពិតជា​ច្រើន​ ដែល​ជា​កត្ដា​នាំ​ផល​លំបាក​ដល់​កម្មករ​ និយោជិត​ ក្នុង​ការ​បំពេញការងារ​ស្រប​តាម​ការ​កំណត់​ ៖«​ហើយ​បើសិនជា​គាត់​អត់​បាន​ចប់​ដល់​គោលដៅ​ដែល​គេ​កំណត់​ទេ​ គាត់​អាច​ប្រឈម​នឹង​ការ​ព្រមាន​ឬ​ក៏​ដេញ​ចេញ​អី​អ​ញ្ចឹ​ង​ទៅ​»​។​

​បន្ថែម​លើ​នេះ​លោក​បន្ដ​ថា​ ចំនួន​កូតា​គឺ​កើន​ខ្ពស់​ក៏​ប៉ុន្ដែ​បើ​ប្រៀបធៀប​នឹង​ចំនួន​ប្រាក់ខែ​ដែល​កម្មករ​ទទួល​បាន​ គឺ​មិន​សមាមាត្រ​និង​គ្នា​នោះ​ទេ​។​ លោក​បន្ថែម​ថា​ កាលពីមុន​ខណៈ​ប្រាក់​ឈ្នួល​ពួក​គាត់​មាន​ត្រឹម​ ១៤០​ដុល្លារ​ រោងចក្រ​បាន​កំណត់​កូតា​ ត្រឹមតែ​ ១២០០​ ឬ​ក៏​ ១០០​តែ​ប៉ុណ្ណោះ​ ក៏​ប៉ុន្ដែ​ក្រោយ​ពី​ប្រាក់​ឈ្នួល​ឡើង​ ទំហំ​ការងារ​សម្រាប់​កម្មករ​ គឺ​បាន​ហក់​ឡើង​ខ្ពស់​ទ្វេ​ដង​។​ ជាង​នេះ​រោងចក្រ​បាន​កាត់​បន្ថយ​កម្មករ​ តាម​ផ្នែក​ថែម​ទៀត​ ដែល​កាន់​ធ្វើ​ឲ្យ​កម្មករ​ កម្មការិនី​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង​ ៖«​អ​ញ្ចឹ​ង​ហ្នឹង​គឺ​ធ្វើ​ឲ្យ​កម្មករ​ម្នាក់ៗ​ហ្នឹង​ ជូន​កាល​គាត់​ត្រូវ​ធ្វើការ​ពីរ​ម៉ាស៊ីន​ទៅ​ ៣​ម៉ាស៊ីន​ ហើយ​គាត់​លំបាក​នៅ​ក្នុង​ការ​សុំ​ច្បាប់​។​ បើសិនជា​សុំ​ច្បាប់​អ​ញ្ចឹ​ង​ទៅ​វា​អត់​មាន​អ្នក​ណា​មក​ធ្វើ​កិច្ចការ​ហ្នឹង​ ហើយ​និយោជក​កន្លែង​ខ្លះ​គេ​តម្រូវ​ឲ្យ​បើសិនជា​អ្នកឯង​ចង់​សុំ​ច្បាប់​ទាល់តែ​អ្នកឯង​រក​អ្នក​ណា​មក​ជំនួស​កន្លែង​ហ្នឹង​។​ ឲ្យ​កម្មករ​ខ្លួនឯង​រក​អ្នក​មក​ជំនួស​ ហើយ​អាហ្នឹង​វា​ជា​រឿង​មួយ​ដាក់​សម្ពាធ​ទៅ​ដល់​កម្មករ​ ពិបាក​និង​សុំ​ច្បាប់​»​។​

​លោក​ មឿ​ន​ តុលា​ ស្នើ​ឲ្យ​មានការ​ដោះស្រាយ​ករណី​នេះ​ ដោយ​ធ្វើ​យ៉ាងណា​កុំ​មានការ​កំណត់​កូតា​ខ្ពស់​បែប​នេះ​បន្ដ​ទៀត​។​ លោក​ថា​ បើ​នៅ​តែ​កំណត់​កូតា​ក្នុង​ចំនួន​ច្រើន​ដូចនេះ​ នោះ​នឹង​ធ្វើ​ឲ្យ​កម្មករ​ប្រឈម​ហានិភ័យ​ខ្ពស់​ ចំពោះ​សុខភាព​កម្មករ​ទៅ​ថ្ងៃក្រោយ​។​ លោក​សង្កត់ធ្ងន់​ថា​ គួរតែ​មានការ​សិក្សា​ ពី​ចំនួន​ណាមួយ​ដែល​ជា​ស្ដង់ដា​សម្រាប់​កម្មករ​ឲ្យ​បាន​ជាក់លាក់​។​

​លោក​បញ្ជាក់​ថា​ កម្មករ​ បាន​អះអាង​ថា​ ពួក​គេ​ធ្លាប់​បាន​ជូនដំណឹង​ទៅ​មន្ដ្រី​ក្រសួង​ការងារ​ដែរ​ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​គឺ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​៕

Share

Image
Image
Image