en     km
en     km

អង្គការ​ សង់​ត្រា​ល់​ ស្នើ​ឲ្យ​ក្រសួង​ការងារ​ ស៊ើបអង្កេត​ករណី​បង្ក​ឲ្យ​កម្មករ​ រោងចក្រ​ Starite​ សន្លប់​

Share

​ភ្នំពេញ​ ៖​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សង់​ត្រា​ល់​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៣០​ ខែឧសភា​នេះ​ ដោយ​ស្នើ​ឲ្យ​ក្រសួង​ការងារ​ បញ្ជូន​ក្រុម​អធិការកិច្ច​របស់​ខ្លួន​ ទៅ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ ពី​ករណី​ ដែល​បង្ក​ឲ្យ​កម្មករ​ កម្មការិនី​ នៅ​រោងចក្រ​ Starite​ ស្ថិត​ក្នុងស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​ សន្លប់​ជា​បន្ដបន្ទាប់​កាលពី​ថ្ងៃ​ទី​២៨​ ខែឧសភា​ ស្រប​ទៅ​តាម​មាត្រា​ ២៣៣​ នៃ​ច្បាប់​ការងារ​។​ អង្គការ​នេះ​បាន​រក​ឃើញ​ថា​ ស្ថានភាព​បំពេញការងារ​នៅ​រោងចក្រ​នេះ​ គឺ​មិន​សម​ស្រប​ទៅ​តាម​ការ​កំណត់​របស់​ក្រសួង​ការងារ​ឡើយ​ ខណៈ​ក្រសួង​ការងារ​បាន​អះអាង​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​កម្មក​សន្លប់​មិនមែន​ជា​កំហុស​របស់​រោងចក្រ​ស្ដា​រិច​នោះ​ទេ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​សេចក្ដីថ្លែងការណ៍​នេះ​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Starite​ គឺជា​រោងចក្រ​ថ្មី​មួយ​ដែល​ ទើបតែ​បាន​ចុះបញ្ជី​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​ រោងចក្រ​មួយ​នេះ​ គឺជា​សាខា​មួយ​របស់​ក្រុមហ៊ុន​ធំ​ជាងគេ​ឈ្មោះ​ Starite​ International​ Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ ជា​តំបន់​ស្វយ័ត​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​។​ រោងចក្រ​ Starite​ មាន​សា​ខាង​នៅ​ប្រទេស​កម្ពុជា​ ប្រទេស​វៀតណាម​ ទីក្រុង​ហុងកុង​ តៃវ៉ាន់​ និង​ចិន​ដី​គោល​ ។​ រោងចក្រ​ Starite​ Cambodia​ Co,ltd​ នៅ​ប្រទេស​កម្ពុជា​ភាគច្រើន​ផលិត​ កា​តាប​ និង​កាបួ​ប​ស្ពាយ​។​

​អង្គការ​ សង់​ត្រា​ល់​ បាន​អះអាង​ដោយ​យក​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​មក​បញ្ជាក់​ថា​ មាន​កម្មករ​ ២០០​នាក់​ បាន​សន្លប់​កាលពី​ថ្ងៃ​ទី​២៨​ ខែឧសភា​ ខណៈ​ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​របស់​ក្រសួង​ការងារ​ បញ្ជាក់​ថា​ មាន​កម្មករ​ កម្មការិនី​ ត្រឹមតែ​ ១១៧​នាក់​តែ​ប៉ុណ្ណោះ​ដែល​សន្លប់​។​

​លើស​ពី​នេះ​អង្គការ​មួយ​នេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ខ្លួន​បាន​ជួប​ជាមួយ​កម្មករ​ប្រមាណ​ ៦០​នាក់​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ និង​គ្លីនិក​ឯកជន​ ដែល​កម្មការិនី​ទៅ​ព្យាបាល​ ពួក​គេ​បាន​ប្រាប់​ថា​ ករណី​ដួល​សន្លប់​បាន​កើត​ឡើងជា​ បី​ដំណាក់កាល​ផ្សេង​គ្នា​។​ ទី​១​ បាន​ដួល​សន្លប់​មក​ពី​ផ្នែក​ដេរ​។​ ទី​២​ បាន​បន្ដ​ដួល​សន្លប់​បន្ដិច​ក្រោម​ក​ ។​ ក្រុម​ទី​០៣​ បាន​ដួល​សន្លប់​បន្ទាប់​ពី​បាន​ជួយ​មិត្ដ​រួមការ​ងារ​របស់​ពួក​គេ​។​ មូលហេតុ​ពិតប្រាក់ដ​ នៃ​ការ​ដួល​សន្លប់​នេះ​ មិន​បានដឹង​ច្បាស់​នោះ​ទេ​។​ ក៏​ប៉ុន្ដែ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​បាន​លើក​ឡើង​ថា​ ការ​ដួល​សន្លប់​ គឺ​កើតឡើង​ដោយសារ​តែ​ក្លិនស្អុយ​ពី​អាគារ​ក្បែរ​នោះ​ ដោយ​មាន​កម្មករ​ ខ្លះ​បាន​ប្រាប់​ សង់​ត្រា​ល់​ ទៀត​ថា​ គឺជា​ក្លិន​ចេញពី​សារធាតុ​គីមី​ដែល​ត្រូវ​បាន​គេ​បាញ់​។​ អង្គការ​ សង់​ត្រា​ល់​ បន្ថែម​ទៀត​ថា​ ឧបទ្ទវហេតុ​នៃ​ការ​ដួល​សន្លប់​ជា​ទូទៅ​នៅ​តាម​ចក្រ​នានា​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ភាគច្រើន​បណ្ដាល​មក​ពី​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ កង្វះ​ខ្យល់​ និង​កង្វះ​អាហារ​រូប​ត្ថ​ម​ ដែល​បណ្ដាល​មក​ពី​ប្រាក់​ឈ្នួល​ទាប​។​

​ក្រោយ​ការ​រក​ឃើញ​ទាំង​អស់នេះ​ អង្គការ​ដែល​ធ្វើ​ការងារ​ការពារ​សិទ្ធិ​កម្មករ​ មួយ​នេះ​ ស្នើ​ឲ្យ​ក្រសួង​ការងារ​ បញ្ជូន​ក្រុម​អធិការកិច្ច​របស់​ខ្លួន​ ទៅ​ពិនិត្យ​ក្រុមហ៊ុន​នេះ​ ពី​លក្ខខណ្ឌ​សុវត្ថិភាព​ សុខភាព​របស់​កម្មករ​នៅ​ក្នុង​រោងចក្រ​ ក្រោម​មាត្រា​ ២៣៣​នៃ​ច្បាប់​ការងារ​។​ លើស​ពី​នេះ​ អង្គការ​ សង់​ត្រា​ល់​ បន្ដ​ទៀត​ថា​ អ្នកត្រួតពិនិត្យ​ គួរ​មាន​ភារកិច្ច​ រក​មូលហេតុ​ នៃ​ឧបទ្ទវ​ហេតុនេះ​ ហើយ​ត្រូវ​ធានា​ដោយ​ទំនួល​ខុស​ត្រូវ​ថា​ រោងចក្រ​នេះ​ បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ នូវ​ច្បាប់​ស្ដី​ពី​ការងារ​ និង​ប្រកាស​ដែល​ពាក់ព័ន្ធ​នានា​។​

​បន្ថែម​ពី​នេះ​ អង្គការ​មួយ​នេះ​ បាន​សង្កត់ធ្ងន់​ថា​ ចំពោះ​កម្មករ​ ដែល​ខកខាន​ក្នុង​ការ​បំពេញការងារ​ ដោយសារ​តែ​ការ​ដួល​សន្លប់​នេះ​ ពួក​គេ​គួរតែ​ត្រូវ​បាន​ផ្ដល់​ជា​សំណង​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​ ២៥២​ នៃ​ច្បាប់​ស្ដី​ពី​ការងារ​។​

​តែ​យ៉ាងណា​បើ​តាម​ប្រសាសន៍​របស់​ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​ របស់​ក្រសួង​ការងារ​ លោក​ ប៉ុក​ វណ្ណ​ថា​ត​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ កាលពី​ថ្ងៃ​ទី​២៩​ ខែឧសភា​ ថា​ ករណី​កម្មករ​ កម្មការិនី​ដួល​សន្លប់​នេះ​ ពុំ​មែន​ជា​កំហុស​របស់​រោងចក្រ​ Starite​ Cambodia​ Co,ltd​ នោះ​ទេ​។​ ពោល​គឺ​វា​ជា​កំហុស​របស់​សិប្បកម្ម​ផ្សា​ដែក​មួយ​កន្លែង​ ដែល​នៅ​ក្បែរ​រោងចក្រ​នោះ​។​ ព្រោះ​រោង​សិប្បកម្ម​នោះ​ បាន​យក​ថ្នាំ​បាញ់​ច្រែះ​ មក​បាញ់​កៅអី​ ហើយ​ក្លិន​ថ្នាំ​បាន​ហុយ​តាម​ខ្យល់​ទៅ​ដល់​រោងចក្រ​ Starite​ ទើប​បណ្ដាល​ឲ្យ​កម្មករ​ កម្មការិនី​ មាន​អាការ​ក្អួត​ ចង្អោរ​ ទន់​ដៃ​ ទន់​ជើង​ រ​ហួត​ដល់​សន្លប់​ដូច្នេះ​។​

​លោក​ ប៉ុក​ វណ្ណ​ថា​ ៖«​បាទ​ ក្រុមការងារ​យើង​បាន​ចុះ​ទៅ​មើល​ ហើយ​បាន​ផ្ដល់​ជា​ដំបូន្មាន​ដើម្បី​ឲ្យ​ភាគី​ម្ខាង​ទៀត​ ដែល​នៅ​រោងចក្រ​ក្បែរ​ហ្នឹង​ធ្វើការ​កែ​លម្អ​។​ មាន​ន័យ​ថា​ រោងចក្រ​ដែល​ដួល​សន្លប់​នោះ​ មិនមែន​គាត់​មាន​កំហុស​ទេ​ គឺ​កំហុស​ដោយសារ​តែ​រោងចក្រ​នៅ​ជាប់​គាត​នោះ​។​ ដោយសារ​គាត់​បាញ់ថ្នាំ​កៅអី​ ថ្នាំ​អីហ្នឹង​ រួច​គាត់​ដាក់​កង្ហារ​មក​ គាត់​បាញ់​ទៅ​ វា​ជះ​ចូល​ក្នុង​រោងចក្រ​ហ្នឹង​»​។​

​យ៉ាងណា​លោក​ ប៉ុក​ វណ្ណ​ថា​ត​ បាន​បញ្ជាក់​ថា​ ក្រសួង​ការងារ​បាន​ចេញ​សេចក្ដី​ប្រកាស​ មាន​ទាំង​ច្បាប់​ផង​ ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​សុវត្ថិភាព​ការងារ​សម្រាប់​កម្មករ​ កម្មការិនី​ លោក​សង្កត់ធ្ងន់​ថា​ ប្រសិនបើ​មាន​ សហគ្រាស​ គ្រឹះស្ថាន​ ណា​ មិន​គោរព​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​ការងារ​ ក្រុម​ថៅកែ​ និយោជក​ ជា​ម្ចាស់​រោងចក្រ​នោះ​ ពួក​គេ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕

Share

Image
Image
Image