en     km
en     km

អង្គការ​​ជន​​ពិការ​​ទទូច​​ឱ្យ​​ស្ថាប័នរដ្ឋ​​ និង​​ស្ថាប័ន​ឯកជន​​បង្កើន​​ឱកាស​​ការងារ​​ដល់​​ជន​​ពិការ​

Share

​ភ្នំពេញ ៖ នាយក​ប្រតិបត្តិ​របស់​អង្គការ​ជន​ពិការ​កម្ពុជា​ លោក​ ងិ​ន​ សៅ​រ័​ត្ន​ បាន​អំពាវនាវ​ដល់​ស្ថាប័នរដ្ឋ​ ក៏​ដូច​ជា​ស្ថាប័នឯកជន​ ឱ្យ​ជួយ​ផ្តល់​ឱកាស​ការងារ​ទៅ​ដល់​ជន​ពិការ​បន្ថែម​ទៀត​ខណៈ​ឱកាស​ការងារ​ជន​ពិការ​ទូ​ទាំង​ប្រទេស​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​ ​ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ឯ​សិក្ខាសាលា​ស្តី​ពី​  «​ការ​សម្រេច​បាន​នៃ​ការ​ដាក់​បញ្ចូល​ជន​ពិការ​ក្នុង​វិស័យ​ការងារ​»​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ ។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ ៖

 

meeting-Chonpika
សកម្មភាពអ្នកចូលរួម សិក្ខាសាលា​ស្តី​ពី​ «​ការ​សម្រេច​បាន​នៃ​ការ​ដាក់​បញ្ចូល​ជន​ពិការ​ក្នុង​វិស័យ​ការងារ​»​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែឧសភា​ ឆ្នាំ​២០១៦​

​លោក​ ងិ​ន​ សៅ​រ័​ត្ន​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ក្នុង​ពិធី​នេះ​ថា​ ការ​ផ្តល់​ឱកាស​ការងារ​ទៅ​ដល់​ជន​ពិការ​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​បើ​ធៀប​ នឹង​ជន​ធម្មតា​ ។​ លោក​ថា​មាន​កម្រិត​ដោយសារ​តែ​រាជរដ្ឋាភិបាល​ផ្តល់​ឱកាស​ការងារ​តាម​រយៈ​ស្ថាប័នរដ្ឋ​ ដល់​ជន​ពិការ​ចំនួន​ ២%​នៃ​ចំនួន​អ្នក​ដែល​បាន​បម្រើ​ការងារ​នៅ​ក្នុង​ ស្ថាប័នរដ្ឋ​ទាំងមូល​ ហើយ​ការ​ផ្តល់​ឱកាស​ការងារ​ពី​វិស័យ​ឯកជន​ ១%​ ។​ ប៉ុន្តែ​លោ​កថា​បច្ចុប្បន្ន​ឱកាស​ការងារ​របស់​ជន​ពិការ​មាន​ទើបតែ​បាន​១.៨១%​ប៉ុណ្ណោះ​ ។​ ចំណែក​វិស័យ​ឯកជន​លោក​មិន​ទាន់​ដឹង​ ថា​មាន​ជន​ពិការ​ចំនួន​ប៉ុន្មាន​ភាគរយ​នោះ​ទេ​ ដែល​កំពុង​តែ​បម្រើ​ការងារ​នោះ​ ។​

​លោក​ ងិ​ន​ សៅ​រ័​ត្ន​ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ និង​ស្ថាប័នឯកជន​ត្រូវ​ចូលរួម​ផ្តល់​ឱកាស​ការងារ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ជូន​ជន​ពិការ​ «​អ្វី​ដែល​ខ្ញុំ​ស្នើ​ដល់​រដ្ឋាភិបាល​ធ្វើ​ម៉េច​ជម្រុញ​កូតា​ហ្នឹង​ឱ្យ​បាន​គ្រប់គ្រាន់​ទី​០១​ បើកឱកាស​ការងារ​ជម្រុញ​ធ្វើ​ម៉េច​ឱ្យ​វិស័យ​ឯកជន​ហ្នឹង​គិតគូរ​ដល់​បងប្អូន​ជន​ពិការ​បន្ថែម​ហើយនឹង​បងប្អូន​ជន​ពិការ​ខ្លួនឯង​ត្រូវ​តែ​ពង្រឹងសមត្ថភាព​..»​ ។​

​នាយក​ប្រតិបត្តិ​របស់​អង្គការ​ជន​ពិការ​កម្ពុជា​ ពន្យល់​ថា​ការ​ផ្តល់​ឱកាស​ការងារ​ឱ្យ​ជន​ពិការ​មិន​ត្រឹមតែ​បាន​លើកទឹកចិត្ត​ទៅ​ដល់​ពួក​គាត់​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ជួយ​ទៅ​ដល់​ការ​អភិវឌ្ឍ​សង្គម​ផង​ដែរ​ព្រោះ​សង្គម​មានការ​រីក​ចំរើន​ទៅ​បាន​ គឺ​ត្រូវ​មានការ​ចូលរួម​គ្រប់​ពី​ភាគី​ទាំងអស់​ដោយ​មិន​ត្រូវ​បោះបង់​ភាគី​ណាមួយ​ចោល​នោះ​ទេ​ ។​

​ចំណែកឯ​ជន​ពិការ​ម្នាក់​ក្នុង​ចំណោម​ជន​ពិកា​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត​ ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​នេះ​ គឺ​លោក​ មាន​ វិបុល​រតនៈ​ ជា​ជំនួយការ​អ្នក​បណ្តុះបណ្តាល​នៃ​អង្គការ​ជន​ពិការ​កម្ពុជា​ បាន​លើក​ទ្បើ​ង​ថា​ឱកាស​ការងារ​សម្រាប់​ជន​ពិការ​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​ ។​

​​លោក​ មាន​ វិបុល​រតនៈ​ ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​គិតគូរ​ទៅ​ដល់​ជន​ពិការ​តាម​រយៈ​ ការ​ផ្តល់​ឱកាស​ការងារ​ទៅ​ឱ្យ​ជន​ពិការ​ឱ្យ​បាន​ច្រើន​ និង​ស្នើ​ឱ្យ​តំណាង​ក្រុមហ៊ុន​ ក៏​ដូច​ជា​បណ្តា​អង្គការ​នានា​ជួយ​ផ្តល់​ឱកាស​ការងារ​ឱ្យ​ជន​ពិការ​ ។​

​លោក​ មាន​ វិបុល​រតនៈ​ ៖​ «​ចំពោះ​ខ្ញុំ​គិត​ថា​ឱកាស​ការងារ​សម្រាប់​បងប្អូន​ជន​ពិការ​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​ វា​មាន​២​ទី​០១​ខាង​អគារ​ ក៏​ដូច​ជា​តាម​បណ្តា​អគារ​មួយ​ចំនួន​គឺ​មិន​បង្ករ​លក្ខណៈ​ងាយស្រួល​ ទី​០២​នៅ​ខាង​ក្រុមហ៊ុន​ដែល​គាត់​ជ្រើសរើស​បុគ្គលិក​គាត់​មិន​ទាន់​បាន​យល់​ដឹង​ពី​រឿង​ពិការ​ភាព​..​ »​ ។​

​បច្ចុប្បន្ន​ស្ថាប័នរដ្ឋ​មាន​៤០​ មាន​មន្ត្រីរាជការ​ស៊ី​វិល​ប្រមាណ​ជា​២០​ម៉ឺន​នាក់​ ។​

​​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ដែល​ផ្តល់​ឱកាស​ការងារ​ឱ្យ​ជន​ពិការ​ចំនួន​២%​នោះ​ បើ​គិត​ជា​តួលេខ​ប្រមាណ​ជាង​៣៩០០​នាក់​ ហើយ​បច្ចុប្បន្ន​នេះ​ចំនួន​ជន​ពិការ​ដែល​បាន​ចូល​បម្រើ​ការងារ​នៅ​ស្ថាប័នរដ្ឋ​មាន​ប្រមាណ​ជាង​២០០០​នាក់​ ។​

​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ ចាប​ ឬ​ទ្ធី​ ដែល​ចូលរួម​ក្នុង​វិធី​នេះ​ដែរ​ បាន​ទទូច​ឱ្យ​ស្ថាប័នរដ្ឋ​ពិនិត្យ​លទ្ធភាព​ ការងារ​សម្រាប់​ជន​ពិការ​ ឡើង​វិញ​ ។​

​លោក​ ចាប​ ឬ​ទ្ធី​ ៖​ «​ខ្ញុំ​អំពាវនាវ​ក្នុង​នាម​ក្រសួង​ការងារ​ជា​សេនាធិការ​មួយ​របស់​រាជរដ្ឋាភិបាល​ដែរ​ ហើយ​ក្រសួង​ទាំង​៤០​ស្ថាប័ន​ក៏​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ដែរ​អ​ញ្ចឹ​ង​ក្រសួង​ការងារ​អត់​មាន​សិទ្ធិ​ទៅ​បង្គាប់បញ្ជា​នោះ​ទេ​គ្រាន់តែ​ អំពាវនាវ​សូម​ឱ្យ​ក្រសួង​ទាំង​ទ្បា​យ​ណា​ដែរ​មិន​ទាន់​បាន​អនុវត្ត​ឱ្យ​បាន​២%​ហ្នឹង​ត្រូវ​បង្កើន​ ការ​អនុវត្ត​ឱ្យ​បាន​ឆាប់​ព្រោះ​បើ​តាម​គោលការណ៍​ច្បាប់​បើ​អនុវត្ត​អត់​បាន​ទេ​គេ​នឹង​ផាកពិន័យ​..»​ ។​

​គួរ​បញ្ជាក់​ដែរ​ថា​ បើ​តាម​ស្ថិតិ​ឆ្នាំ​២០១៥​របស់​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ស្តី​ពី​ការ​ចូល​បម្រើ​ការងារ​របស់​ជន​ពិការ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​ទាំង​៤០​ គឺ​មាន​ជន​ពិការ​សរុប​ចំនួន​ ២៣២០​នាក់​ សើ្ម​នឹង​ ១.១៧%​ បាន​ចូល​បម្រើ​ការងារ​ ហើយនឹង​មាន​ជន​ពិការ​ចំនួន​១៦២៩​នាក់​ សើ្ម​នឹង​ ០.៨៣%​ គ្រោង​នឹង​ជ្រើសរើស​បន្ថែម​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​គ្រប់​ទៅ​តាម​ផែនការ​ ឬ​អត្រា​កំណត់​ដូច​ចែង​នៅ​ក្នុង​អនុក្រឹត្យ​ស្តី​ពី​អត្រា​ជ្រើសរើស​ចូល​បម្រើ​ការងារ​ នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​និង​វិស័យ​ឯកជន​ ៕​

Share

Image
Image
Image