en     km
en     km

អង្គការ​សង់​ត្រា​ល់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​រោងចក្រ​ ជូ​ ហួយ​ បំភ្លឺ​អំពី​លក្ខខណ្ឌ​សុវត្ថិភាព​កម្មករ​ក្នុង​រោងចក្រ​នេះ​

Share

​ភ្នំពេញ​ ៖​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ហៅ​កាត់​ថា​ សង់​ត្រា​ល់​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ ពីរ​ ដែល​ផ្គត់ផ្គង់​រោងចក្រ​ ជូ​ ហួយ​ ស្ថិត​ក្នុង​ខេត្ដកំពង់ចាម​ ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍ជា​សារ​ធារ​ណៈ​ ស្ដី​ពី​ប្រភព​ក្រមសីលធម៌​ និង​អន្ដរាគមន៍​ភ្លាមៗ​ ដើម្បី​ធានា​ពី​សុវត្ថិភាព​របស់​កម្មករ​ ក្នុង​រោងចក្រ​នេះ​។​ តែ​យ៉ាង​ប្រធាន​មន្ទីរ​ការងារ​ខេត្ដកំពង់ចាម​ អះអាង​ថា​ រោងចក្រ​នេះ​គ្មាន​បញ្ហា​បច្ចេកទេស​នោះ​ទេ​។​

​លោក​ លៀ​ ស៊ី​ណា​ ជូន​សេចក្ដីរាយការណ៍​ ៖​

​សេចក្ដីថ្លែងការណ៍​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២០​ កញ្ញា​ របស់​អង្គការ​ សង់​ត្រា​ល់​ បាន​និយាយ​ថា​ ឧបទ្ទវហេតុ​ នៃ​ការ​ដួល​សន្លប់​ ជា​ទូទៅ​នៅ​តាម​រោងចក្រ​ជា​ច្រើន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​បង្ក​ឡើង​ដោយ​សីតុណ្ហភាព​ នៅ​កន្លែង​ការងារ​ខ្ពស់​ កង្វះ​ខ្យល់​ និង​កង្វះ​អាហារូបត្ថម្ភ​ ដែល​បណ្ដាល​មក​ពី​ប្រាក់​ឈ្នួល​ទាប​។​ អង្គការ​ សង់​ត្រា​ល់​ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចំនួន​ពីរ​ គឺ​ ក្រុមហ៊ុន​ Kmart​ Australia​ និង​ក្រុមហ៊ុន​ Target​ Australia​ ចេញ​សេចក្ដីថ្លែងការណ៍​ ជា​សាធារណៈ​ ស្ដី​ពី​ប្រភព​ក្រមសីលធម៌​ និង​អន្ដរាគមន៍​ ភ្លាមៗ​ដើម្បី​ធានា​ថា​ កម្មករ​នៅ​ក្នុង​សង្វា​ក់​ ផ្គត់ផ្គង់​ របស់​ពួក​គេ​ មាន​លក្ខខណ្ឌ​ការងារ​ប្រកបដោយ​សុវត្ថិភាព​។​

​ការ​ទាមទារ​របស់​អង្គការ​ សង់​ត្រា​ល់​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​ដួល​សន្លប់​របស់​កម្មករ​ ក្នុង​រោងចក្រ​ ជូ​ ហួយ​ ស្ថិត​ក្នុង​ខេត្ដកំពង់ចាម​ ក្នុង​រយៈពេល​ ៩​ខែ​ មាន​បី​លើក​។​ អង្គការ​នេះ​បាន​សរសេរ​ថា​ នៅ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​ កម្មករ​ ចំនួន​ ២៧​នាក់​បាន​ដួល​សន្លប់​ ហើយ​កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ កម្មករ​ជាង​ ៦០​នាក់​បាន​ដួល​សន្លប់​ ពីព្រោះ​តែ​រោងចក្រ​មិន​មាន​ខ្យល់​គ្រប់គ្រាន់​។​ ការ​ដួល​សន្លប់​នេះ​បាន​កើតឡើង​ម្ដងទៀត​ នៅ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ដែល​កាលនោះ​មាន​កម្មករ​ចំនួន​ ៥០​នាក់​។​

​កម្មករ​ដួល​សន្លប់​ ក្នុង​រោងចក្រ​ ជូ​ ហួយ​ សម្រាប់​អង្គការ​ សង់​ត្រា​ល់​ បាន​អះអាង​ថា​ តាម​អ្វី​ដែល​ខ្លួន​រក​ឃើញ​កម្មករ​បាន​និយាយ​ថា​ គឺ​ពិតជា​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​នៅ​ក្នុង​រោងចក្រ​ ជូ​ ហួយ​។​ លើស​ពី​នេះ​ កាលពី​អំឡុង​ខែកក្កដា​ កម្មករ​ ជា​ញឹកញាប់​ត្រូវ​ធ្វើការ​ថែម​ម៉ោង​ ប្រាំ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​ពួក​គេ​ចេញពី​ធ្វើការ​នៅ​ម៉ោង​ ០៩​យប់​។​ ក្រុម​កម្មករ​ត្រូវ​ចំណាយពេល​យ៉ាងតិច​ ១​ម៉ោង​ ទៅ​ ១​ម៉ោង​ កន្លះ​ ទម្រាំ​ទៅ​ដល់​ផ្ទះ​។​ ពួក​គេ​បាន​គេង​តិច​ជាង​ ០៦​ម៉ោង​ មុន​នឹង​ពួក​គេ​ចាប់ផ្ដើម​ការងារ​នៅ​ថ្ងៃ​បន្ទាប់​។​ បរិមាណ​នៃ​ការ​ធ្វើការ​ថែម​ម៉ោង​ហួសហេតុ​ពេក​ គឺ​ខុស​នឹង​ច្បាប់​នៅ​កម្ពុជា​។​

​ក្រៅពី​ជួប​កម្មករ​ដោយ​ផ្ទាល់​ហើយ​ អង្គការ​ សង់​ត្រា​ល់​ បាន​លើក​ឡើង​ថា​ ករណី​កម្មករ​ ដួល​សន្លប់​កាលពី​ខែកក្កដា​ នាយករ​ដ្ឋា​ន​ការងារ​ខេត្ដ​នេះ​ បាន​លើក​ឡើង​ថា​ មក​ពី​កង្វះ​ខ្យល់​ចេញចូល​ មិន​គ្រប់គ្រាន់​ជា​មូលហេតុ​ នៃ​ធ្វើ​ឱ្យ​កម្មករ​ដួល​សន្លប់​។​ ក្រោយ​ពី​រក​ឃើញ​ចំណុច​ទាំង​អស់នេះ​ អង្គការ​មួយ​នេះ​ បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ ហ៊ុន​ Kmart​ Australia​ និង​ក្រុមហ៊ុន​ Target​ Australia​ ប៉ុន្ដែ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ បាន​បដិសេធ​ ថា​ គ្មាន​ឧបទ្ទវហេតុ​នោះ​ បាន​កើតឡើង​ទេ​។​ បើ​ទោះជា​ហេតុការណ៍​នេះ​ បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលាយ​ ក្នុង​សារព័ត៌មាន​ជា​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​ ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ បាន​អះអាង​ ប្រាប់​អង្គការ​ សង់​ត្រា​ល់​ ទៀត​ថា​ រោងចក្រ​ ជូ​ ហួយ​ មាន​ប្រព័ន្ធ​ខ្យល់​គ្រប់គ្រាន់​ និង​ត្រឹមត្រូវ​។​

​រោងចក្រ​ ជូ​ ហួយ​ គឺជា​ក្រុមហ៊ុនកាត់ដេរ​មួយ​ គ្រប់គ្រង​ដោយ​ជនជាតិ​ តៃវ៉ាន់​ មានឈ្មោះ​ថា​ Mu​ Hsin-Yuan​។​ រោងចក្រ​នេះ​បាន​ចុះបញ្ជី​ជា​រោងចក្រ​ផ្គត់ផ្គង់​សម្រាប់​ក្រុមហ៊ុន​ ក្រុមហ៊ុន​ Kmart​ Australia​ និង​ក្រុមហ៊ុន​ Target​ Australia​។​ អង្គការ​ សង់​ត្រា​ល់​ កត់សម្គាល់​ឃើញ​ថា​ ក្រមសីលធម៌​រួម​របស់​ក្រុមហ៊ុន​ Kmart​ Australia​ និង​ក្រុមហ៊ុន​ Target​ Australia​ គឺ​តម្រូវ​ឲ្យ​និយោជក​ អនុវត្ដ​ តាម​តម្រូវការ​ច្បាប់​ និង​ដែន​កំណត់​ នៃ​ការ​ធ្វើ​ការងារ​បន្ថែម​ម៉ោង​ ហើយ​ធានា​ថា​ លក្ខខណ្ឌ​ ការងារ​នៅ​រោងចក្រ​ ផ្គត់ផ្គង់​ត្រូវ​មាន​សុវត្ថិភាព​ ស្អាត​ ដែល​ស្រប​តាម​ច្បាប់​ ហើយ​និង​បទបញ្ជា​ទាំងអស់​។​

​ក្រោយ​ពី​មាន​ករណី​ សន្លប់​បី​ដង​ក្នុង​រយៈពេល​ ៩​ខែ​ដើមឆ្នាំ​២០១៨​នេះ​ អង្គការ​ សង់​ត្រា​ល់​ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ គឺ​ក្រុមហ៊ុន​ Kmart​ Australia​ និង​ក្រុមហ៊ុន​ Target​ Australia​ ចេញ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​ របស់​ខ្លួន​ស្ដី​ពី​ប្រភព​ក្រមសីលធម៌​ និង​អន្ដរាគមន៍​ភ្លាម​ ដើម្បី​ធានា​ថា​ កម្មករ​នៅ​ក្នុង​សង្វា​ក់​ផ្គត់ផ្គង់​របស់​ពួក​គេ​មាន​លក្ខខណ្ឌ​ការងារ​ប្រកបដោយ​សុវត្ថិភាព​។​

​យ៉ាងណា​ជុំវិញ​ករណី​ដួល​សន្លប់​ថ្មីៗ​នេះ​ ប្រធាន​មន្ទីរ​ការងារ​ខេត្ដកំពង់ចាម​ លោក​ ចេ​ង​ ហ៊ា​ង​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ រោងចក្រ​នេះ​ក្រោយ​ពី​កើតហេតុ​ភ្លាមៗ​ កាលពី​ពេល​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ លោក​ និង​ក្រុមបច្ចេកទេស​ បាន​ចុះ​ទៅ​ដល់​រោងចក្រ​នេះ​ ជា​ថ្មី​ ក៏​ប៉ុន្ដែ​ប្រព័ន្ធ​បច្ចេក​ ខ្យល់​ចេញចូល​ និង​បរិយាកាស​ការងារ​បាន​កែសម្រួល​ ត្រឹមត្រូវ​តាម​ស្ដងដា​អស់ហើយ​ ៖«​ខ្ញុំ​ទៅ​ហើយ​ ខ្ញុំ​ទៅ​ដល់​កន្លែង​តើ​ កន្លែង​ហ្នឹង​គឺ​គេ​បាន​កែ​លម្អ​ លក្ខខណ្ឌ​ការងារ​ ពាក់ព័ន្ធ​ទៅ​និង​បរិយាកាស​ អីហ្នឹង​បាន​ល្អ​ហើយ​ ខ្យល់​អីហ្នឹង​ អត់​បញ្ហា​ទេ​»​។​

​លោក​បន្ដ​ថា​ ឧបទ្ទវហេតុ​ដែល​កើតឡើង​ពី​ថ្ងៃ​ទី​១៨​ កញ្ញា​នោះ​ គឺ​បណ្ដាល​មក​ពី​កម្មការិនី​ម្នាក់​ ដែល​មាន​ជំងឺ​គ្រុនផ្ដាសាយ​ ហើយ​មិន​បាន​ទៅ​រក​ពេទ្យ​ ទើប​ធ្វើ​ឲ្យ​ជំងឺ​បង្ក​ឲ្យ​មាន​អាការ​ រងា​ ស្រៀវស្រាញ​ និង​វិលមុខ​ ហើយ​ក៏​ដួល​សន្លប់​ ខណៈ​ដែល​ក្នុង​រោងចក្រ​មាន​មនុស្ស​ច្រើន​។​

​ជុំវិញ​បញ្ហា​នៃ​ការ​ដួល​សន្លប់​នេះ​ លោក​ ឡេ​ង​ តុង​ ប្រធាន​នាយកដ្ឋាន​ពេទ្យ​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ មាន​ប្រសាសន៍​រំ​ឮ​កថា​ កម្មករ​ កម្មការិនី​ ត្រូវ​តែ​រក្សា​សុខភាព​ដោយ​ការ​ហាត់ប្រាណ​ខ្លះៗ​ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​។​ លោក​បន្ដ​ថា​ ប្រសិនបើ​មាន​អាការ​ មិន​ស្រួលខ្លួន​ ត្រូវ​តែ​ប្រញាប់​ទៅ​ពិនិត្យ​សុខភាព​ កុំ​បណ្ដោយ​ឲ្យ​ជំងឺ​រាលដាល​រហូត​ដល់​សន្លប់​។​

​សូម​ជម្រាប​ថា​ យោង​តាម​របាយ​ការ​ទិន្នន័យ​ពី​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ (​ប​.​ស​.​ស​)​ រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨​នេះ​ បាន​បង្ហាញ​ថា​ មាន​កម្មករ​ចំនួន​ ១៦៦៥​នាក់​បាន​សន្លប់​ ខណៈ​ដែល​កាលពី​ឆ្នាំ​២០១៧​ មាន​កម្មករ​សន្លប់​ត្រឹមតែ​ ១៦០៣​នាក់​ តែ​ប៉ុណ្ណោះ​ដែល​សន្ល​ប​
​។​

​មាត្រា​ ២២៩​ នៃ​ច្បាប់​ការងារ​ បាន​ចែង​ថា​ គ្រឹះស្ថាន​ និង​កន្លែងធ្វើការ​ទាំងអស់​ ត្រូវ​តែ​រៀបចំ​ក្នុង​លក្ខណៈ​ មួយ​ដែល​ការពារ​សុខភាព​របស់​កម្មករ​។​ ប្រកាស​លេខ​ ១២៥/០១​ និង​លេខ​ ១៤៧/០២​ តម្រូវ​ឲ្យ​និយោជក​ ធានា​ថា​ សីតុណ្ហភាព​ការងារ​ នៅ​គ្រប់កន្លែង​ធ្វើការ​ទាំងអស់​ ត្រូវ​តែ​សមរម្យ​សម្រាប់​កម្មករ​ ក៏​ដូច​ជា​កន្លែងធ្វើការ​ ត្រូវ​តែ​មាន​ខ្យល់អាកាស​គ្រប់គ្រាន់​ ដើម្បី​ការពារ​កម្មករ​ពី​ខ្យល់​កខ្វក់​។​ ការ​រំលោភ​លើ​មាត្រា​ ២២៩​ និង​ប្រកាស​ទាំង​ពីរ​នេះ​ គឺ​ត្រូវ​បាន​ផ្ដន្ទាទោស​ នៅ​ក្រោម​មាត្រា​ ៣៧៥​ នៃ​ច្បាប់​ការងារ​។​

Share

Image
Image
Image