en     km
en     km

អង្គការ​យូ​ណេ​ស្កូ​ រួម​ជាមួយ​ក្រសួង​នានា​ និង​យុវជន​រាប់រយ​នាក់​ចូលរួម​ យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្លា​ស្ទិ​ក​

Share

Plastic-bag

ភ្នំពេញ៖ អង្គការ​អប់រំ​ វិទ្យាសាស្ត្រ​ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​ ហៅ​កាត់​ថា​ UNESCO​ (​ យូ​ណេ​ស្កូ​)​ ប្រចាំ​កម្ពុជា​  រួម​ជាមួយ​ស្ថាប័ន​មួយ​ចំនួន​ទៀត​ និង​យុវជន​ប្រមាណ​ជា​ ៥០០​នាក់​ ចូលរួម​ក្នុង​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ ដោយនៅ​ក្នុង​យុទ្ធនាការ​នេះ​ មាន​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្លា​ស្ទិ​ក​ និង​ ផ្សព្វផ្សាយ​ទៅ​ដល់​សាធារណជន​ទាំងអស់​មិន​ត្រូវ​ចោល​សំរាម​ឥត​សណ្តាប់ធ្នាប់​នោះ​ទេ​។​

​អង្គការ​ យូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា​ ក្រសួងបរិស្ថាន​ ក្រសួងទេសចរណ៍​ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​ធ្វើ​យុទ្ធនាការ​មួយ​ ដើម្បី​បញ្ឈប់​ការ​ប្រើ​ថង់​ប្លា​ស្ទិ​ក​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ នៅ​មុខ​វត្ត​បទុម​វ​ត្តី​។​

​នាយិកា​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា​ គឺ​ លោកស្រី​ Anne​ Lemaistre​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ថា​  លោកស្រី​ពិតជា​មាន​អារម្មណ៍​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​បញ្ឈប់​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កដោយ​មាន​ស្ថាប័ន​មួយ​ចំនួន​ចូលរួម​ ដូច​ជា​ ក្រសួងទេសចរណ៍​ ក្រសួងបរិស្ថាន​ និង​ស្ថាប័ន​ផ្សេង​ទៀត​។​

​លោកស្រី​បាន​បញ្ជាក់​ផង​ដែរ​ថា​ ជា​រៀង​រាល់​ឆ្នាំ​ មាន​ថង់​ប្លា​ស្ទិ​ក​ប្រមាណ​ជា​ ៥០០​ កោដ្ឋ​ ដែល​ត្រូវ​បាន​គេ​ប្រើ​ពាសពេញ​ពិភពលោក​។​ លោកស្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា​ គោលបំណង​ក្នុង​យុទ្ធនាការ​នេះ​ ធ្វើ​ទ្បើ​ង​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ នឹង​សាធារណជន​គ្រប់​ស្រទាប់វណ្ណៈ​ ត្រូវ​ចូលរួម​ពង្រឹង​ទាំងអស់​គ្នា​ ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្លា​ស្ទិ​ក​ ហើយ​ជាង​នេះ​ទៅ​ទៀត​ ចំពោះ​អ្នក​ដែល​បាន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ហើយ​ ត្រូវ​ចោល​ថង់​ប្លា​ស្ទិ​ក​នោះ​ទៅ​ក្នុង​ធុងសំរាម​។​

«​ខ្ញុំ​មាន​សេចក្តី​រីករាយ​បាន​មក​ទី​នេះ​ជាមួយ​អ្នក​ទាំងអស់​គ្នា​ ដើម្បី​ប្រារព្ធ​ពិធី​បើក​យុទ្ធនាការ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​នៅ​កម្ពុជា​។​ គោលបំណង​របស់​យុទ្ធនាកា​រនះ​ គឺ​លើកទឹកចិត្ត​ ហើយ​ពង្រឹង​ទាំងអស់​គ្នា​ចោល​ថង់​ប្លា​ស្ទិ​ក​ទៅ​ក្នុង​ធុងសំរាម​»​។​
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោ​ង​ ខុន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​យុទ្ធនាការ​នេះ​ដែរ​ថា​ សំរាម​ដែល​មាន​ថង់​ប្លា​ស្ទិ​ក​ ជា​ធាតុ​ផ្សំ​មួយ​យ៉ាង​សំខាន់​ ដែល​ធ្វើ​ឱ្យ​ទីក្រុង​មិន​ស្អាត​ និង​ខ្វះ​អនាម័យ​។​ លោក​បន្ត​ថា​ ការ​រៀបចំ​យុទ្ធនាការ​ខាងលើ​នេះ​ គឺជា​ការ​ចូលរួម​ដល់​យុទ្ធនាការ​ទីក្រុង​ស្អាត​ ដោយ​លោក​ថា​ ទីក្រុង​ស្អាត​ជាទី​ក្រុង​ដែល​គ្មាន​ថង់​ប្លា​ស្ទិ​ក​ហើរ​តាម​ខ្យល់​ ដែល​ជា​មូលដ្ឋាន​ជំរុញ​លើកតម្កើង​ភាព​ស្អាត​ នឹង​ការ​ចូលរួម​ចំណែក​ដល់​ការ​កែ​លម្អ​ បរិស្ថាន​ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពិតប្រាកដ​។​

លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

​លោក​ ថោ​ង​ ខុន​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ដើម្បី​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្លា​ស្ទិ​ក​នោះ​ ក្រសួង​ទេស​រណ៍​ក៏​បាន​ដាក់​ចេញ​គោលការណ៍​មួយ​ចំនួន​ផង​ដែរ​ ដើម្បី​ប្រែក្លាយ​ទីក្រុង​របស់​កម្ពុជា​ទៅ​ជាទី​ក្រុង​ស្អាត​ និង​ជាទី​ក្រុង​បៃតង​។​

​គោលការណ៍​ទាំងនោះ​រួម​មាន​ដូច​ជា​ ទី​១​ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ បាន​ដាក់​ចេញ​យុទ្ធនាការ​យុវជន​ និង​ទីក្រុង​ស្អាត​ ដើម្បី​ធ្វើការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ការ​កាត់​បន្ថយ​ និង​ការ​គ្រប់គ្រង​ និង​កាត់​បន្ថយ​សំណល់​ ដែល​ជា​ថង់​ប្លា​ស្ទិ​ក​ តាម​រយៈ​គោលការណ៍​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទ្បើ​ង​វិញ​ នូវ​ការ​កែ​ច្នៃ​ទៅ​ដល់​ប្រជាពលរដ្ឋ​ អាជីវករ​ សិស្ស​-​និស្សិត​ ទៅ​តាម​គ្រឹះស្ថានសិក្សា​រដ្ឋ​ និង​ឯកជន​  ទី​២​ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​ដាក់​ចេញ​យុទ្ធនាការ​គ្មាន​ថង់​ប្លា​ស្ទិ​ក​នៅ​ចុង​ស​ប្តា​ហ៍​នៅ​តាម​ផ្សារ​ទំនើប​ទាំងអស់​នៅ​ទីក្រុង​ភ្នំពេញ​ មាន​ដូច​ជា​ ផ្សារ​ទំនើប​សុ​វ​ណ្ណា​ ផ្សារ​ទំនើប​បាយ័ន​ និង​ផ្សារ​ទំនើប​មួយ​ចំនួន​ទៀត​ ទី​៣​ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ បាន​ដាក់​ចេញ​យុទ្ធនាការ​សម្អាត​កម្ពុជា​ យុទ្ធនាការ​សម្អាត​ឆ្នេរ​ និង​ការ​បង្កើត​ក្រុម​អនុវត្តន៍​ស្ម័គ្រចិត្ត​អំពី​ការ​គ្រប់គ្រង​និង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ និង​ទី​៤​ ការ​ដាក់​ចេញ​ចលនា​ប្រ​ទ្ប​ង​ប្រណាំង​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​។​

«​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​យុទ្ធនាការ​បញ្ឈប់​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នេះ​នឹង​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​មហាជន​ព្រមទាំង​ពញាក់​ស្មារតី​ប្រជាជន​ យុវជន​ រួម​ទាំង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ចាប់អារម្មណ៍​នឹង​បណ្តុះ​វប្បធម៌​ថែរក្សា​បរិស្ថាន​ ភាព​ស្អាត​ និង​បៃតង​ ជា​ពិសេស​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ទម្លាប់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ទៅ​ប្រើ​របស់​ដែល​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ បង្វែរ​ទៅ​ប្រើប្រាស់​វត្ថុធាតុដើម​ដូច​ជា​ ស្លឹក​ឈូក​ ស្លឹកចេក​ …»​។​

ទាក់ទង​នឹង​យុទ្ធនាការ​នៅ​ក្នុងថ្ងៃនេះ​ដែរ​ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ គឺ​ លោក​ ​ស៊ូ​ សូ​វុ​ធ​ បាន​មាន​ប្រសាសន៍​ថា​ កត្តា​ដែល​ធ្វើឱ្យ​មានការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នោះ​មាន​តែ​មនុស្ស​ម្នាក់ៗ​ ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ទាំងអស់​គ្នា​។​

​លោក​បាន​បន្ត​ទៀត​ថា​ លោក​មាន​មោទនភាព​ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ខាងលើ​នេះ​ ដោយ​លោក​ថា​ មិនមែន​មាន​តែ​ប្រជាពលរដ្ឋ​ទេ​ ដែល​ត្រូវ​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នោះ​ ជា​រួម​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ ក៏​ដូច​ជា​បុគ្គលិក​មន្ត្រីរាជការ​ ផ្សេងៗ​ទៀត​ ត្រូវ​តែ​ចូលរួម​ទាំងអស់​គ្នា​ ដើម្បី​ថែរក្សា​បរិស្ថាន​នៅ​ក្នុង​ប្រទេស​ឱ្យ​មាន​សោ​ភណ្ឌ​ភាព​។​

«​ថ្ងៃនេះ​យើង​មិន​ចង់ឱ្យ​មាន​សំរាម​នៅ​ទី​សាធារណៈ​ជា​ពិសេស​ថង់​ប្លា​ស្ទិ​ក​នេះ​ មិនមែន​តែ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ទេ​គឺ​ទូ​ទាំង​ប្រទេស​ ត្រូវ​តែ​មាន​លក្ខណៈ​ស្អាត​សម​ស្រប​តាម​ពាក្យ​មួយ​ដែល​យើង​ថា​ កម្ពុជា​អច្ឆរិយៈ​ ដូច្នេះ​ដើម្បី​ឱ្យ​ប្រទេស​យើង​វា​ទៅ​ជា​ប្រទេស​អច្ឆរិយៈ​ចិត្ត​យើង​ យុវជន​យើង​ យុវនារី​យើង​ត្រូវ​តែ​មាន​ទឹកចិត្ត​អច្ឆរិយៈ​ដែរ​»​។​

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ លោក​ ហ៊ុន​ ម៉ា​នី
ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ លោក​ ហ៊ុន​ ម៉ា​នី

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ លោក​ ហ៊ុន​ ម៉ា​នី​ បាន​មាន​ប្រសាសន៍​ នៅ​ក្នុង​យុទ្ធនាការ​នេះ​ដែរ​ថា​ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ ពីព្រោះ​ការ​ប្រើ​ថង់​ប្លា​ស្ទិ​ក​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ ជា​ពិសេស​យុវជន​ ត្រូវ​តែ​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​អ្នក​ដែល​មិន​ទាន់​បានដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។​

​លោក​ ហ៊ុន​ ម៉ា​នី​ បន្ត​ថា​ ថ្វី​ដ្បិតតែ​យុទ្ធនាការ​នេះ​មិន​អាច​កាត់​បន្ថយ​នៃ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កបាន​ភ្លាមៗ​យ៉ាងណា​ក៏​ដោយ​ ប៉ុន្តែ​ ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​តែ​ព្យាយាម​ចូលរួម​ក្នុង​កាត់​បន្ថយ​ទាំងអស់​គ្នា​។​«​ការ​ចូលរួម​អនុវត្ត​យុទ្ធនាការ​នេះ​ជា​សកម្មភាព​ជាក់ស្តែង​ថែម​ទាំង​បាន​ផ្តល់​ឱកាស​ដល់​យុវជន​ យុវ​សិស្ស​ ដែល​ជា​សិស្ស​-​និស្សិត​បាន​ចូលរួម​ក្នុង​ការងារ​សង្គមកិច្ច​ដ៏​ប្រពៃ​មួយ​ដើម្បី​ទីក្រុង​ដ៏​ស្រស់​របស់​យើង​ទាំងអស់​គ្នា​។​ ការ​ផ្តល់​ឱកាស​គឺ​ការ​ចូលរួម​ចំណែក​បន្ថែម​ទៀត​ពី​យូ​ណេ​ស្កូ​ ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទៅ​លើ​បញ្ហា​បរិស្ថាន​ ថង់​ប្លា​ស្ទិ​ក​…»​។​

​យុវជន​ លឹ​ម​ សុង​ ហួត​ បាន​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ថា​ មូលហេតុ​ដែល​យុវជន​រូប​នេះ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ព្រោះថា​ យុទ្ធនាការ​នេះ​ជា​សកម្មភាព​សង្គម​មួយ​ ដែល​ជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​ មិន​ថា​នៅ​ទីក្រុង​ភ្នំពេញ​ ឬ​ ទី​ជនបទ​ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់​គ្នា​ ជា​ពិសេស​មិន​ត្រូវ​ចោល​ថង់​ប្លា​ស្ទិ​កឥត​សណ្តាប់ធ្នាប់​ ។​

​យុ​ជន​រូប​នេះ​បន្ត​ថា​៖​ «​ទាក់ទង​នឹង​ការ​ចោល​ថង់​ប្លា​ស្ទិ​ក​នេះ​ខ្ញុំ​យល់​ឃើញ​ថា​វា​ប៉ះពាល់​ច្រើន​ ទៅ​នឹង​សោ​ភណ្ឌ​ភាព​ ទាក់ទង​ទៅ​នឹង​ធ្វើ​ឱ្យ​ខូចគុណភាព​ដី​ ធ្វើ​ឱ្យ​ស្ទះលូ​ …»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​តែ​ដំណើរការ​រោងចក្រ​កែ​ច្នៃ​​សំរាម​ និង​ថង់​ប្លា​ស្ទិ​ក​ទៅ​ជា​ប្រេង​ខ្មៅ​ ដែល​រោងចក្រ​នេះ​នៅ​ស្ទឹង​មាន​ជ័យ​ ហើយ​ដែល​រោងចក្រ​នេះ​នឹង​បញ្ចប់​នៅ​ពេល​ខាង​មុខ​នេះ​៕

Share

Image
Image
Image