en     km
en     km

អង្គការ​មួយ​ថា​ភាគរយ​អ្នក​ស្លាប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ដោយសារ​ មិន​ពាក់មួក​សុវត្ថិភាព🔊​

Share

​លោក​ គឹ​ម​ បញ្ញា​ នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ AIP​ រក​ឃើញ​ថា​ ក្នុង​ចំណោម​ មនុស្ស​៨០​ទៅ​៩០​ភាគរយ​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្ដាល​មក​ពី​អ្នក​ទាំងនោះ​មិន​បាន​ពាក់មួក​សុវត្ថិភាព​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ របាយការណ៍​របស់​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ក៏​បាន​បង្ហាញ​ដូចនេះ​ដែរ​។​ កញ្ញា​ ជុំ​ ជោក​ជាតា​ រាយការណ៍​លម្អិត​៖​

 

សិក្ខាសាលា​ស្ដី​ពី​ការ​ពិនិត្យ​ឡើង​វិញ​នៃ​ការ​គាំទ្រ​ និង​បន្ដ​ពង្រឹងសមត្ថភាព​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ជំរុញ​ ការ​ពាក់មួក​សុវត្ថិភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ទោចក្រយានយន្ដ​ ព្រមទាំង​កុមារ​នៅ​កម្ពុជា​
សិក្ខាសាលា​ស្ដី​ពី​ការ​ពិនិត្យ​ឡើង​វិញ​នៃ​ការ​គាំទ្រ​ និង​បន្ដ​ពង្រឹងសមត្ថភាព​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ជំរុញ​ ការ​ពាក់មួក​សុវត្ថិភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ទោចក្រយានយន្ដ​ ព្រមទាំង​កុមារ​នៅ​កម្ពុជា​

ក្នុង​សិក្ខាសាលា​ស្ដី​ពី​ការ​ពិនិត្យ​ឡើង​វិញ​នៃ​ការ​គាំទ្រ​ និង​បន្ដ​ពង្រឹងសមត្ថភាព​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ជំរុញ​ ការ​ពាក់មួក​សុវត្ថិភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ទោចក្រយានយន្ដ​ ព្រមទាំង​កុមារ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​អង្គារ​ទី​១៩​កក្កដា​ លោក​ គឹ​ម​ បញ្ញា​ នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ AIP​ លើក​ឡើង​ថា​ការ​អនុវត្ត​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដែល​គិត​ត្រឹម​៦​ខែ​ដើមឆ្នាំ​២០១៦​ ចុង​ក្រោយ​នេះ​អង្គការ​លោក​ បាន​កត់សម្គាល់​ឃើញ​ពី​ការ​ប្រែប្រួល​ជា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​ជា​ច្រើន​នៅ​លើ​ដងផ្លូវ​ ហើយ​ក្នុង​នោះ​លោក​ក៏​ឃើញ​មាននូវ​កំណើន​ពាក់មួក​សុវត្ថិភាព​កើនឡើង​ក្នុង​ចំណោម​អ្នកបើកបរ​ទោចក្រយានយន្ដ​ និង​អ្នក​រួម​ដំណើរ​ផង​ដែរ​។​

​ប៉ុន្ដែ​អ្វី​ដែល​អង្គការ​មួយ​នេះ​ ព្រួយបារម្ភ​នៅឡើយ​គឺ​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ ដែល​កើត​មាន​ចំពោះ​អ្នក​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​មិន​ពាក់មួក​សុវត្ថិភាព​។​

​លោក​ គឹ​ម​ បញ្ញា​៖​ «​ទោះបីជា​ ជា​យើង​សម្រេច​បាន​នូវ​លទ្ធផល​ ជា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​ដូច​បាន​បង្ហាញ​ជូន​ខាងលើ​ក្ដី​ ប៉ុន្ដែ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​នៅឡើយ​ សម្រាប់​ប្រជាពលរដ្ឋ​ និង​សង្គម​កម្ពុជា​ ជា​ពិសេស​ចំនួន​អ្នក​ស្លាប់​ និង​អ្នក​រង​របួស​ក្នុង​ចំនោម​អ្នក​ជិះ​ម៉ូតូ​គឺ​នៅ​តែ​មាន​តួលេខ​ខ្ពស់​ខ្លាំង​នៅឡើយ​  ហើយ​ក្នុង​និង​ជន​រង​គ្រោះ​ភាគច្រើន​ ពី​៨០​ទៅ​៩០​ភាគរយ​ មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​»​។​

​លោក​ គឹ​ម​ បញ្ញា​ បាន​រក​ឃើញ​កត្តា​មួយ​ចំនួន​ទៀត​ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មាន​កម្រិត​ខ្ពស់​។​

​លោក​ គឹ​ម​ បញ្ញា​៖​ «​ការ​ធ្លាប់​ស្រាវជ្រាវ​កន្លង​របស់​យើង​កន្លង​ទៅ​វា​មាន​មូលហេតុ​ច្រើន​  នៅ​ក្នុង​ហ្នឹង​ទី​មួយ​ គឺ​គាត់​ថា​គាត់​ជិះ​ចឹ​ង​មិនបាច់​ពាក់មួក​សុវត្ថិភាព​ទេ​ ទី​ពីរ​ ពាក់ព័ន្ធ​នឹង​កត្តា​ការ​អនុវត្ត​ច្បាប់​ នៅ​ក្នុង​ការ​អនុវត្ដ​ច្បាប់​នេះ​ យើង​អត់​បាន​ដាក់​អោយ​ទូលំទូលាយ​នៅ​គ្រប់កន្លែង​នោះ​ទេ​ ទី​បី​វា​ទាក់ទង​ជាមួយ​ការ​យល់​ដឹង​របស់​គាត់​ខ្លះ​គាត់​យល់​ខុស​ ទី​បួន​កត្ដា​ជីវភាព​…»​។​

​ជាមួយ​គ្នា​នេះ​  លោក​ គឹ​ម​ បញ្ញា​ ក៏​បាន​បញ្ជាក់​បន្ថែម​ថា​  ការ​មិន​ពិន័យ​ទៅ​លើ​ករណី​កុមារ​ មិន​ពាក់មួក​សុវត្ថិភាព​ គឺជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​ ដែល​ធ្វើ​អោយ​អត្រា​នៃ​ការ​ពាក់មួក​សុវត្ថិភាព​ក្នុង​ចំណោម​ពួក​គេ​ មានការ​ធ្លាក់​ចុះ​ គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ និង​ធ្វើ​អោយ​ពួក​គេ​  បន្ដ​ប្រឈម​និង​គ្រោះថ្នាក់​ដល់​ជីវិត​។​

​ចំណែក​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​  លោក​ ទី​ ឡុ​ង​  ដែល​វត្ត​មាននៅ​ក្នុង​កម្មវិធី​នោះ​ ក៏​យល់​ស្រប​ពី​ការ​លើក​ឡើង​ដែល​ថា​ អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ឬ​អ្នក​ប៉ះទង្គិច​ដោយសារ​ក្បាល​ភាគច្រើន​ គឺ​ម៉ូតូ​ ដែល​មាន​ដល់​ទៅ​ជាង​៨០​ភាគរយ​ហើយ​។​

​លោក​ គឹ​ម​ បញ្ញា​ នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ AIP​
​លោក​ គឹ​ម​ បញ្ញា​ នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ AIP​

លោក​ ទី​ ឡុ​ង​ ៖«​ យើង​ឃើញ​ថា​ ក្រោយ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​  ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រឡាហោម​ស​ខេ​ង​ យើង​បាន​ពិនិត្យ​ប្រជុំ​ដក​បទ​ពិសោធន៍​រៀង​រាល់​ប្រចាំ​ស​ប្ដា​ហ៍​ យើង​ឃើញ​ថា​ តួរ​លេខ​នេះ​ពិតប្រាកដ​ណាស់​ហើយ​ គឺ​ ថា​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ឬ​ក៏​ប៉ះទង្គិច​ដោយសារ​ក្បាល​ ភាគច្រើន​ គឺ​ភាគរយ​ច្រើន​តែ​ម៉ូតូ​ វា​អាច​ដល់​៨០​ភារ​យ​ជាង​»​

​ជាមួយ​គ្នា​នេះ​ដែរ​ របាយការណ៍​របស់​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ លោក​ ទី​ ឡុ​ង​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​គ្រោះថ្នាក់​ចរាចរណ៍​ គិត​ត្រឹម​រយៈពេល​៦​ខែ​ ឆ្នាំ​២០១៦​ គ្រោះថ្នាក់​ចរាចរណ៍​សរុប​មាន​ចំនួន​ ១៩០០​លើក​ ដែល​បណ្ដាល​ឲ្យ​រង​គ្រោះ​ចំនួន​៤២២៨​ នាក់​ ស្លាប់​ចំនួន​៩១៩​នាក់​ របួសធ្ងន់​ចំនួន​១៩៦០​នាក់​ និង​របួសស្រាល​ចំនួន​១៣៤៩​នាក់​។​ ក្នុង​នោះ​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​ មាន​ចំនួន​សរុប​១៦១២​នាក់​ មាន​អ្នក​ស្លាប់​ចំនួន​៦៥៩​នាក់​  និង​អ្នក​រួម​ដំណើរ​មាន​ចំនួន​១៩៤​នាក់​។​

​ដោយឡែក​អ្នក​រង​របួស​ដោយសារ​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​ម៉ូតូ​ មាន​ចំនួន​សរុប​៩៥៣​នាក់​ និង​អ្នក​រួម​ដំណើរ​៥៧៣​នាក់​ ក្នុងនោះ​អ្នក​ពាក់មួក​សុវត្ថិភាព​ចំនួន​២១៣​នាក់​ និង​អ្នក​ដែល​មិន​បាន​ពាក់មួក​សុវត្ថិភាព​ មាន​ចំនួន​៧៤០​នាក់​។​

​បើ​តាម​លោក​ គឹ​ម​ បញ្ញា​  នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ AIP​ អត្រា​នៃ​ការ​ពាក់មួក​សុវត្ថិភាព​គិត​ជា​មធ្យម​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ក្នុង​ខេត្ត​គោលដៅ​ទាំង​បី​របស់​គម្រោង​  គឺ​រាជធានី​ភ្នំពេញ​ ខេត្ត​ក​ណា្ដ​ល​ និង​ខេត្តកំពង់ស្ពឺ​  គិត​ក្នុង​ខែឧសភា​ ឆ្នាំ​២០១៦​នេះ​  គឺ​ មាន​ប្រមាណ​ជា​៣៣​ភាគរយ​  ហើយ​ការ​ពាក់មួក​សុវត្ថិភាព​ ក្នុង​ចំណោម​អ្នក​ទាំងនោះ​នៅ​ លើ​ផ្លូវជាតិ​ គឺ​មានការ​កើនឡើង​ទៅ​ដល់​៤២​ភាគរយ​ ហើយ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ច​រា​រណ៍​ទូ​ទាំង​ប្រទេស​ ត្រូវ​បាន​កាត់​បន្ថយ​។​

​ប៉ុន្ដែ​អ្វី​ដែល​លោក​ព្រួយបារម្ភ​  គឺ​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​អ្នក​ប្រើប្រាស់​ទោចក្រយានយន្ដ​ កម្លាំង​ចាប់ពី​១២៥CC​ ចុះ​ក្រោម​ គឺ​មាន​អត្រា​កើនឡើង​ខ្ពស់​ ដែល​បណ្ដាល​ឲ្យ​អ្នក​ស្លាប់​ និង​របួស​ច្រើន​ ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់​និង​របួស​ទាំងនោះ​ មាន​ប្រមាណ​ពី​៨០​ទៅ​៩០​ភាគរយ​ មិន​បាន​ពាក់មួក​សុវត្ថិភាព​តាម​ច្បាប់​កំណត់​ ទោះបីជា​កន្លង​មក​មានការ​ណែនាំ​អប់រំ​ច្រើន​យ៉ាងណា​ក៏​ដោយ​៕​

Share

Image
Image
Image