en     km
en     km

អង្គការ​តម្លាភាព​ថា​ កម្ពុជា​ត្រូវការ​ច្បាប់​ការពារ​សាក្សី​ និង​អ្នករាយការណ៍​អំពើ​ពុក​រលួយ​ជា​ចាំបាច់​

Share

​លោក​ ព្រាប​ កុ​ល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លើក​ឡើង​ថា​ កម្ពុជា​ចាំបាច់​ត្រូវ​មានច្បាប់​ការពារ​សាក្សី​ និង​អ្នករាយការណ៍​ករណី​អំពើ​ពុក​រលួយ​ជា​បន្ទាន់​ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ប្តឹង​បក​មក​កាន់​អ្នករាយការណ៍​វិញ​។​ ការ​ថ្លែង​របស់​លោក​ ព្រាប​ កុ​ល​ បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ស្តី​ពី​ សារៈសំខាន់​នៃ​ច្បាប់​ការពារ​ និង​អ្នករាយការណ៍​អំពើ​ពុក​រលួយ​ នៅ​ថ្ងៃ​ទី​០៣​ខែកុម្ភៈ​នេះ​ នៅ​ក្រសួងមហាផ្ទៃ​។​

preabkol-cover
នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ ​លោក​ ព្រាប​ កុ​ល​

​មាន​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ នៅ​តែ​មិន​ហ៊ាន​រាយការណ៍​ពី​ករណី​អំពើ​ពុក​រលួយ​ ដោយ​ភ័យ​ខ្លាច​ពី​សុ​វត្ថ​ភាព​ផ្ទាល់ខ្លួន​ មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រាយការណ៍​ ការ​មិនដឹង​ពី​នីតិវិធី​នៃ​ការ​រាយការណ៍​ និង​ដោយ​គិត​ថា​ វា​មិនមែន​ជា​រឿង​របស់​ខ្លួន​។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ព្រាប​ កុ​ល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​។​

​លោក​ ព្រាប​ កុ​ល​ បន្ត​ថា​ ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ ជា​ពិសេស​យុវជន​ហ៊ាន​រាយការណ៍​ពី​ករណី​អំពើ​ពុក​រលួយ​ឲ្យ​បាន​ផុសផុល​នោះ​ កម្ពុជា​ត្រូវ​តែ​មានច្បាប់​ការពារ​សាក្សី​ និង​អ្នករាយការណ៍​ពី​អំពើ​ពុក​រលួយ​ជា​ចាំបាច់​។​

Om-Yinteang
លោក​ ឱម​ យ៉ិ​ន​ទៀង

​អង្គការ​តម្លាភាព​កម្ពុជា​ក៏​បាន​រក​ឃើញ​ទៀត​ថា​ ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ត្រង់​មាត្រា​ ៤១​ បាន​ចែង​រឹត​បណ្តឹង​ចំពោះ​អ្នក​រាយ​ករ​ណ៍​ ដែល​នាំ​ឲ្យ​ពួក​គេ​ មិន​ហ៊ាន​លាតត្រដាង​ពី​ករណី​អំពើ​ពុក​រលួយ​បើ​ទោះបីជា​បានដឹង​ក៏​ដោយ​។​ មាត្រា​៤១​ នៃ​ច្បាប់​ស្តី​អំពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ចែង​ថា​ អ្នក​ប្តឹង​ត្រូវ​មានទោស​ជាប់​ពន្ធនាគារ​ពី​ ១​ខែ​ ទៅ​៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​ ទៅ​១០​លាន​រៀល​ ប្រសិនបើ​ពាក្យបណ្ដឹង​ដែល​ប្ដឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព័ត៌មាន​គ្មាន​ប្រយោជន៍​ មិន​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​នូវ​ពាក្យបណ្ដឹង​នោះ​។​

​អង្គការ​តម្លាភាព​កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ធ្វើការ​កែប្រែ​ ឫ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រង់​មាត្រា​៤១​ ដែល​មាន​បញ្ញត្តិ​ទោស​ដាក់​ពន្ធ​ធានា​គារ​ចំពោះ​ការ​ប្តឹង​បរិហារកេរ្តិ៍​ដោយ​ភូត​កុហក​ គួរតែ​ត្រូវ​លុប​ចោល​។​

WMC​ មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បន្លែ​ម​ពី​លោក​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ទេ​នៅ​ថ្ងៃនេះ​។​

​យោង​តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​បាន​បង្ហាញ​ថា​ សហរដ្ឋអាមេរិក​បាន​ចំនេញ​ថវិកា​ចំនួន​៥៥​ពាន់​លាន​ដុល្លា​ ក្រោយ​ពេល​ច្បាប់​បាន​អនុញ្ញាត​ឲ្យ​បុគ្គល​ឯកជន​ ប្តឹង​ជន​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​គៃបន្លំ​ពី​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​។​ ចំណែក​សាធារណរដ្ឋ​កូរ៉េ​វិញ​ បាន​ប្រមូល​ថវិកា​ចូល​រដ្ឋ​វិញ​ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ប្រមាណ​២​ម៉ឺន​ដុល្លារ​ពី​អ្នក​បញ្ចេញ​ព័ត៌មាន​ ដែល​រាយការណ៍​ពី​ករណី​អំពើ​ពុក​រលួយ​ក្នុង​កំឡុង​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០១២៕

Share

Image
Image
Image