en     km
en     km

អង្គការ​ចំនួន​បី​អំពាវនាវ​ឱ្យ​លុប​ចោល​ទាំងស្រុង​នូវ​ថ្លៃ​ភាស៊ី​ផ្ញើ​កង់​តាម​សាលា​រដ្ឋ​នៅ​ឆ្នាំ​២០១៦

Share

រូបតំណាងសិស្សនៅជនបទ (undp phhoto)
រូបតំណាងសិស្សនៅជនបទ (undp photo)

ដោយ​កត់សម្គាល់​ឃើញ​ថា​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ បាន​ខិតខំ​ក្នុង​ទំនុកបម្រុង​ដល់​ការ​សិក្សា​របស់​ស​សិស្សានុសិស្ស​ ជា​ពិសេស​ សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ​ ដើម្បី​ឱ្យ​ពួក​គេ​មានឱកាស​ដូច​គ្នា​ក្នុង​ការ​រៀនសូត្រ​ អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ៣​ បាន​ បាន​អំពាវនាវ​ឱ្យ​លុប​ចោលការ​យក​ភាស៊ី​ផ្ញើ​កង់​តាម​សាលា​រដ្ឋ​ចាប់ពី​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​តទៅ​។​

​អង្គការ​សង្គម​ស៊ី​វិល​ទាំង​បី​នោះ​គឺ​ សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ហៅ​កាត់​ថា​ (ANSA-CAMBODIA)​ វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​ ហៅ​កាត់​ថា​ (KIND)​ និង​ សមាគម​ប្រជា​​ធិ​ប​តេ​យ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ថា​ (IDEA)​។​

អង្គការ​ទាំង​បី​ខាងលើ​នេះ​ បាន​ចេញ​លិខិត​អំពាវនាវ​មួយ​ ចុះ​នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ មាន​ខ្លឹមសារ​ថា​ ដោយ​មើលឃើញ​ពី​ការ​លំបាក​ក្នុង​ការ​ចំណាយ​ថវិកា​ ទៅ​លើ​ការ​ផ្ញើ​កង់​ និង​ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​ចំណាយ​របស់​សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ​ ជា​ពិសេស​នៅ​ជនបទ​។​ អង្គការ​ទាំង​បី​អំពាវនាវ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ពិចារណា​ក្នុង​ការ​លុប​ចោល​ទាំងស្រុង​ទៅ​លើ​ថ្លៃ​ភាស៊ី​ផ្ញើ​កង់​ នៅ​តាម​សាលារៀន​របស់​រដ្ឋ​ចាប់ពី​ឆ្នាំ​២០១៦​តទៅ​ ដើម្បី​ជា​ប្រយោជន៍​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ជួយ​ដល់​គ្រួសារ​សិស្សានុសិស្ស​។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ជ័យ​ មាន​ប្រសាសន៍​បញ្ជាក់​ក្នុង​រឿង​នេះ​ថា​៖​ «​ចឹ​ង​យើង​ឃើញ​ថា​ រដ្ឋាភិបាល​សព្វថ្ងៃ​ មាន​គោលការណ៍​ដូច​ជា​ លើកលែង​ពន្ធ​លើ​ម៉ូតូ​ប្រចាំឆ្នាំ​ ហើយ​និង​ការ​ជិះ​ទូកដ​អីហ្នឹង​ កូនសិស្ស​មិន​ត្រូវ​ឱ្យ​បង់លុយ​ទេ​។​ ចឹ​ង​ខ្ញុំ​ថា​  ការ​ផ្ញើ​កង់​នៅ​សាលា​នេះ​ គួរតែ​ជា​វិធានការ​មួយ​ ដែល​ត្រូវ​មានការ​លើកលែង​ដល់​សិស្ស​ណាស់​ ពីព្រោះ​ថា​ តែ​ជិះ​កង់​ទៅ​រៀន​ គឺជា​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ​ ហើយ​និង​យុវជន​ក្រោម​អាយុ​ដែល​មិន​អាច​ធ្វើ​ដំណើរ​ដោយ​ការ​ជិះ​ម៉ូតូ​បាន​»​។​

លោក​ សន​ ជ័យ​ មាន​ប្រសាសន៍​ឱ្យ​ដឹង​បន្ដ​ទៀត​ថា​ ការ​អំពាវនាវ​របស់​អង្គការ​សង្គម​ស៊ី​វិល​ នេះ​ គឺ​សំខាន់​ ព្រោះថា​ បើ​ក្រសួង​អប់រំ​ និង​ក្រសួង​សេដ្ឋកិច្ច​ ព្រម​ទទួលយក​ការ​ស្នើ​សុំ​ និង​ ក្ដី​អំពាវនាវ​នេះ​ គឺជា​ការ​រួមចំណែក​មួយ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​កូនសិស្ស​ និង​ជា​ ពិសេស​កូនសិស្ស​ដែល​មក​ពី​គ្រួសារ​ក្រីក្រ​។​  «​ទន្ទឹម​នឹង​នេះ​ វា​អាច​ធ្វើ​ឱ្យ​មើលឃើញ​ថា​  ឆ​ន្ទះ​រដ្ឋាភិបាល​ ពិតជា​ ផ្ដល់​ឱកាស​ក្នុង​ការ​ទៅ​ រៀនសូត្រ​ ហ្នឹង​បាន​ស្មើៗ​គ្នា​ផង​ដែរ​»​។​

​ទាក់ទង​នឹង​រឿង​នេះ​ដែរ​វិទ្យុ​ស្ដ្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ ពី​ក្រសួង​អប់រំ​ ជុំវិញ​ការ​ស្នើ​សុំ​ ឱ្យ​លុប​ចោល​ទាំងស្រុង​នូវ​ថ្លៃ​ភាស៊ី​ផ្ញើ​កង់​តាម​សាលា​រដ្ឋ​នៅ​ឆ្នាំ​២០១៦​ បាន​យ៉ាងណា​ នៅឡើយ​ទេ​ នៅ​រសៀល​ថ្ងៃ​ទី​២២​ ធ្នូ​នេះ​។​

អង្គការ​សង្គម​ស៊ី​វិល​ទាំង​បី​បាន​កត់​សម្គាល់ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ រួម​មាន​ម្ចាស់​ជំនួយ​ និង​អង្គការ​មិនមែន​រដ្ឋ​ភិ​បាល​មួយ​ចំនួន​ធំ​ បាន​ខិតខំ​ក្នុង​ទំនុកបម្រុង​ដល់​ការ​សិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស​ ជា​ពិសេស​ សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ​ ដើម្បី​ឱ្យ​ពួក​គេ​មានឱកាស​ដូច​គ្នា​ក្នុង​ការ​រៀនសូត្រ​។​

​សង្គម​ស៊ី​វិល​ទាំង​បី​ក៏​កត់សម្គាល់​បន្ថែម​ទៀត​ដែរ​ថា​ ថ្មីៗ​នេះ​មាតាបិតា​ អាណាព្យាបាល​ជា​ច្រើន​ ជា​ពិសេស​នៅ​ទី​ជនបទ​ បាន​លើក​ឡើង​អំពី​ជីវភាព​លំបាក​ប្រចាំ​ថ្ងៃ​ និង​ចំណាយ​ប្រាក់​សម្រាប់​កូន​ទៅ​រៀន​ ហើយ​ក្នុង​នោះ​ក៏​បាន​លើក​ឡើង​ថា​ តម្លៃ​ផ្ញើ​ទោចក្រយាន​(​កង់​)​ នៅ​សាលារៀន​ ក៏​ជា​បញ្ហា​មួយ​ដ៍​សំខាន់​ផង​ដែរ​។​

​យោង​លើ​ការ​សង្កេត​នេះ​ហើយ​ ទើប​អង្គការ​សង្គម​ស៊ី​វិល​ទាំង​បី​ អំពាវនាវ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ព្រមទាំង​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ លុប​ចោល​ទាំងស្រុង​ទៅ​លើ​ថ្លៃ​ភាស៊ី​ ផ្ញើ​កង់​នៅ​តាម​សាលារៀន​របស់​រដ្ឋ​ចាប់ពី​ឆ្នាំ​២០១៦​ តទៅ​នោះ​៕

Share

Image
Image
Image