ភ្នំពេញ ៖ អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន នៅថ្ងៃទី១៣ ខែមិថុនា នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយ សម្រាប់ប្រជាពលរដ្ឋមកពីសហគមន៍មួយចំនួន ដែលរងផលប៉ះពាល់ដល់លំនៅឋានរបស់ពួកគាត់ នាពេលកន្លងមក។ វគ្គបណ្ដុះបណ្ដាល អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន រំពឹងថា ពលរដ្ឋដែលមានទំនាស់ដីធ្លីទាំងនេះ នឹងយល់កាន់តែច្បាស់ពីសិទ្ធិមនុស្ស និងការតស៊ូមតិ ខណៈមានការរំលោភយកដីលំនៅឋានរបស់ពួកគាត់។
លោក លៀ ស៊ីណា រាយការណ៍ ៖
វគ្គបណ្ដុះបណ្ដាលនេះ មានប្រជាពលរដ្ឋប្រមាណ ១៥នាក់ មកពីសហគមន៍ ដែលធ្លាប់មានទំនាស់ដីធ្លីមួយចំនួនដូចជា សហគមន៍ផ្លូវរថភ្លើង សហគមន៍បុរីសន្ដិភាព និងអតីតសហគមន៍តំបន់បឹងកក់។ នេះបើយោងតាមការឲ្យដឹងពីមន្ដ្រីរបស់អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន។
លោក រស់ រក្សា មន្ដ្រីរបស់អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានប្រាប់វិទ្យុស្ដ្រី ឲ្យដឹងនៅថ្ងៃទី ១៣ ខែមិថុនា នេះថា ការបើកវគ្គបណ្ដុះបណ្ដាលនេះ អង្គការរបស់លោក ចង់ឲ្យប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ឬក៏ពលរដ្ឋដែលរងគ្រោះព្រោះបញ្ហាដីធ្លី យល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ ការបញ្ចេញមតិ និងការតស៊ូមតិផ្សេងៗ ដើម្បីទទួលបានដំណោះស្រាយត្រឹមត្រូវសម្រាប់ពួកគាត់ ៖«អញ្ចឹងច្បាប់ដែលយើងលើកឡើងក្នុងការបណ្ដុះបណ្ដាលគាត់ អំពីសិទ្ធិមនុស្ស សិទ្ធិលំនៅឋាន ការបញ្ចេញមតិ លំនៅឋានសមរម្យអីអញ្ចឹងទៅណាបង ហើយនិងច្បាប់រដ្ឋធម្មនុញ្ញដែលគាំទ្រដល់ប្រជាពលរដ្ឋ»។
សម្រាប់មន្ដ្រីរបស់អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋានរូបនេះ បង្ហាញក្ដីរំពឹងថា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ ប្រជាពលរដ្ឋដែលចូលរួម នឹងកាន់តែយល់ច្បាស់អំពីសិទ្ធិរបស់ខ្លួន និងទទួលបានចំណេះដឹងក្នុងការរកវិធី ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈម ពិសេសគឺតាមផ្លូវច្បាប់។
លោក រស់ រក្សា បន្ដទៀតថា តាមការសង្កេតរបស់អង្គការលោក ក្នុងរយៈពេលចុងក្រោយនេះ ទំនាស់ដីធ្លីពាក់ព័ន្ធសិទ្ធិលំនៅឋាន នៅក្នុងរាជធានីភ្នំពេញហាក់ពុំសូវកើតឡើងជាដុំធុំនោះទេ។ ក៏ប៉ុន្ដែលោកសង្កត់ធ្ងន់ថា បញ្ហាទំនាស់ដីធ្លីដែលធ្លាប់កើតមានយូរមកហើយ គឺមិនទាន់បានដោះស្រាយចប់នៅឡើយទេ។ លោកសំណូមពរ សុំឲ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនសកម្មភាពការងារ ដោះស្រាយឲ្យបានលឿន ពាក់ព័ន្ធបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ៖«ជាសំណូមពររបស់ខ្ញុំ ខ្ញុំចង់ឲ្យរដ្ឋាភិបាល គាត់ចុះទៅសិក្សា អំពីផលប៉ះពាល់ ក៏ដូចជាបញ្ហារបស់ប្រជាពលរដ្ឋរងគ្រោះមួយៗឲ្យបានស៊ីជម្រៅ។ ចុះធ្វើការសហការ ក្នុងការរកប្រធានការ ឬក៏ការចរចាគ្នាឲ្យបានច្បាស់លាស់។ ចំពោះរឿងដំណោះស្រាយ មានតែខាងអ្នកដោះស្រាយ និងជនរងគ្រោះទេ អញ្ចឹងណា។ អ្វីដែលខ្ញុំចង់មើលឃើញគឺរូបភាពហ្នឹង គឺការចរចាយកចិត្ដទុកដាក់បន្ថែមពីរដ្ឋាភិបាល ទៅលើជនរងគ្រោះ»។
បើទោះបីជាទំនាស់ដីធ្លីក្នុងរាជធានីភ្នំពេញ ហាក់មិនសូវកក្រើកដូចកាលពីប៉ុន្មានឆ្នាំមុនក្ដី ក៏ប៉ុន្ដែទំនាក់ដីធ្លីនៅតាមបណ្ដាខេត្ដមួយចំនួន ក៏នៅតែមាន ហើយករណីខ្លះបានឈានដល់ការផ្ទុះការតវ៉ាខ្លាំងថែមទៀត រហូតដល់ប្រជាពលរដ្ឋក្នុងខេត្ដមួយចំនួនបាននាំគ្នា ចូលមកក្នុងរាជធានី ដើម្បីសុំកិច្ចអន្ដរាគមន៍ ពីប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា។ តែយ៉ាងណា គេក៏បានឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ដមួយចំនួន ។ ជុំវិញបញ្ហាដីធ្លីនេះ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារខាងកិច្ចការពារសិទ្ធិមនុស្សនៅកម្ពុជា យល់ថា រដ្ឋាភិបាលគួរមានការពន្លឿន ក្នុងការរកដំណោះស្រាយជូនពលរដ្ឋ ដែលមានបញ្ហាដីធ្លី មិនថា បញ្ហាទើបនិងកើត ឬក៏បញ្ហាដែលអូសបន្លាយមកជាហូរហើយនោះទេ៕