en     km
en     km

ឡាយ​ រតនា​៖ «ខ្ញុំ​​ចង់​ឃើញ​​អំពើ​​ហឹង្សា​លើ​ស្រ្តី​និង​កុមារ​ត្រូវ​បាន​​បញ្ឈប់​នៅ​កម្ពុជា​»​

Share

ភ្នំពេញ​៖ ​យុវ​តី​មក​ពី​ខេត្ត​តាកែវ​ម្នាក់​មាន​ក្តី​ស្រមៃ​តាំង​ពី​វ័យ​កុមារ​ភាព ​ចង់​កាត់​បន្ថយ​អំពើ​ហឹង្សា​លើ​ស្រី្ត​និង​កុមារ​នៅ​កម្ពុជា​ ព្រោះ​នាង​ធ្លាប់​ឃើញ​ស្ត្រី​ភាគ​ច្រើន​នៅ​សហគមន៍​ដែល​ខ្លួន​ធ្លាប់​រស់​នៅ​ត្រូវ​ប្តី​វាយ​ដំ​ធ្វើ​បាប ​និង​ជេរ​ប្រមាថ ​ហើយ​ធ្វើ​ឲ្យ​កូន​ៗ​ខ្វះ​ភាព​កក់​ក្តៅ​។ ​ក្តី​ស្រ​មៃ​បាន​ក្លាយ​ជា​ការ​ពិត ​ខណៈ​កញ្ញា ​ឡាយ ​រតនា ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ជួយ​ដល់​កុមារ​ចាប់​តាំង​ពី​អាយុ​ ១២​ ឆ្នាំ​ ហើយ​បច្ចុប្បន្ន​ជា​មន្ត្រី​ទំនាក់​ទំនង​នៃ​អង្គ​ការ​សន្តិ​ភាព​និង​អភិ​វឌ្ឍន៍​ (PYD) ​ដែល​ផ្តល់​​ឱកាស​ឲ្យ​យុវ​តី​ក្លាហាន​រូប​នេះ​ ធ្វើ​ការ​លើក​កម្ពស់​សម​ភាព​យេន​ឌ័រ​តាម​រយៈ​យុទ្ធ​នា​ការ​​«​បុរស​ល្អ»​។

កញ្ញា ឡាយ រតនា ដើរក្នុងក្បួនផ្សព្វផ្សាយជាសាធារណៈនៃយុទ្ធនាការ «បុរសល្អ» ជាមួយកងកម្លាំងនគរបាលជាតិ រៀបចំឡើងដោយអង្គការ PYD ។
កញ្ញា ឡាយ រតនា ដើរក្នុងក្បួនផ្សព្វផ្សាយជាសាធារណៈនៃយុទ្ធនាការ «បុរសល្អ» ជាមួយកងកម្លាំងនគរបាលជាតិ រៀបចំឡើងដោយអង្គការ PYD ។

​«​បុរស​ល្អ​» ​មាន​គោល​ការណ៍​ស្នូល​៦​ ជា​បុរស​ដែល​មិន​ប្រើ​ហឹង្សា​លើ​ស្ត្រី ​បុរស​ចេះ​ជួយ​ចែក​រំលែក​ការ​ងារ​ផ្ទះ ​បុរស​ធ្វើ​ការ​សម្រេច​ចិត្ត​រួម​គ្នា ចេះ​ពិភា​ក្សា​គ្នា ​យក​ចិត្ត​ទុក​ដាក់​រវាង​បុរស​និង​ស្ត្រី​ស្មើ​គ្នា​ក្នុង​ការ​ងារ ​និង​ធ្វើ​ខ្លួន​ជា​គំរូ​ល្អ​ក្នុង​ការ​លើក​កម្ពស់​សម​ភាព​រវាង​បុរស​និង​ស្ត្រី​។ ​យុទ្ធការ​​ «​បុរស​ល្អ»​ បង្ហាញ​ប្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ថា ​នៅ​ពេល​ដែល​ស្រ្តី​មាន​វត្ត​មាន​ចូល​រួម​ធ្វើ​ការ​ងារ​ក្នុង​វិស័យ​ផ្សេង​ៗ​បាន​ច្រើន​នៅ​ក្នុង​សង្គម​ នោះ​សង្គម​ជាតិ​នឹង​មាន​ការ​អភិ​វឌ្ឍន៍​។ ​ប្រសិន​បើ​ស្ត្រី​នៅ​តែ​មាន​ភាព​ទន់​ខ្សោយ​ នោះ​ការ​ងារ​មាន​សម្រាប់​តែ​បុរស​ ហើយ​ស្រ្តី​ខ្លួន​ឯង​នឹង​មិន​មាន​ឱកាស​ដើម្បី​អភិ​វឌ្ឍ​ខ្លួន​បាន​ល្អ​ប្រសើរ​ឡើយ​។ ដើម្បី​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​​ ស្ត្រី​ត្រូវ​តែ​ក្រោក​ឈរ​ចាប់​ផ្តើម​ពី​ខ្លួន​ឯង​ ពេល​នោះ​បុរស​នឹង​មើល​ឃើញ​តម្លៃ​វិជ្ជា​​មាន​​របស់​ស្ត្រីគ្រ​ប់​សក​ម្មភាព​។

ញញឹម​បណ្តើរ​និយាយ​បណ្តើរ​ រតនា ​បាន​​​រៀប​​រាប់​​ប្រាប់​​ថា កញ្ញា​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ចូល​រួម​ជួយ​សង្គម​របស់​ខ្លួន ​ទាក់​ទង​នឹង​ការ​ជុំរុញ​ឲ្យ​មាន​សម​ភាព​រវា​ង​ស្ត្រី​និង​បុរស​។ ​« ​ខ្ញុំ​មិន​នឿយ​ហត់​ ឬ​ត្អួញ​ត្អែរ​ ឬ​ក៏​ខ្លាច​ធ្វើ​ការ​ក្រោម​​កម្តៅថ្ងៃ​ឡើយ… ការ​ងារ​នេះ ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​ណាស់​ ពី​ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​និង​បញ្ឈប់​រាល់​អំពើ​ហឹង្សា​លើ​ស្ត្រី​​។​ ​ការ​ងារ​សង្គម​មួយ​នេះ​ធ្វើ​ឱ្យ​មាន​សម​ភាព​រវាង​បុរស​និង​ស្រ្តី ​ហើយ​ជំរុញ​ឱ្យ​ស្ត្រី​និ​ង​បុរស​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​អភិ​វឌ្ឍន៍​សង្គម​ជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ ជា​ពិសេស​ជួយ​ឲ្យ​កុមារ​រស់​នៅ​ប្រកប​ដោយ​សុភ​មង្គល​ក្នុង​គ្រួសារ​»​។

​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​វ័យ​ក្មេង​រូប​នេះ ​បាន​បន្ត​ទៀ​ត​ថា ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​បាន​ធ្វើ​ឱ្យ​កញ្ញា​ក្លាយ​ជា​ស្ត្រី​មាន​ភាព​ក្លាហ៊ាន​ម្នាក់​តាំង​ពី​វ័យ​កុមារ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ ​កញ្ញា ​រតនា​ បាន​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ថា ​មាន​បុរស​ៗ ​មួយ​ចំនួន​ពេល​ដែល​ឃើញ​ស្ត្រី​ចុះ​ទៅ​ធ្វើ​ការ​នៅ​តាម​សហគមន៍​ តែង​ចូល​ចិត្ត​និយាយ​មិន​ល្អ ​អ្វី​ដែល​សំខាន់​ស្រ្តី​ត្រូវ​មាន​ភាព​រឹង​មាំ​និ​ង​ចេះ​ការ​ពារ​ខ្លួន​ឯង​គ្រប់​ពេល​វេលា​។​ ការ​ងារ​របស់​រតនា​ក្នុង​ពេល​បច្ចុ​ប្បន្ន​ តម្រូ​វឲ្យ​នាង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ ព្រម​ទាំង​​​ស្នាក់​នៅ​តាម​សហគមន៍​ដាច់​ស្រយាល​ពេល​ចុះ​បំពេញ​ភារ​កិច្ច​ ប៉ុន្តែ​ការ​លំបាក​ទាំង​នោះ​ពុំ​មែន​ជា​ឧបសគ្គ​ សម្រាប់​​កញ្ញា​ឡើយ។

Lay Rattana 2

​កញ្ញា ​ឡាយ ​រតនា ​បាន​និ​យាយ​រៀប​រាប់​ឱ្យ​ដឹង​ថា ​អំពើ​ហឹង្សា​បាន​ធ្វើ​ឱ្យ​ស្ត្រី​មាន​ការ​ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ​​និង​ផ្លូវ​ចិត្ត​​។ ហេតុ​ផល​នេះ ​ជំរុញ​ឱ្យ​ជីវភាព​គ្រួសារ​មាន​ស្ថាន​ភាព​ក្រីក្រ​ កូន​ៗ​នៅ​ក្នុង​គ្រួសារ​ពុំ​ទទួល​បាន​ការ​អប់រំ​ ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ខ្វះ​ភាព​កក់​ក្តៅ​ពី​ម្តាយ​ឳពុក​។ ​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​បង្ករ​ឡើង​ដោយ​បុរស​ ពុំ​បាន​អនុញ្ញាត​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​តវ៉ា​ឬ​បញ្ចេញ​មតិ​យោបល់​បាន​ដូច​បុរស​ឡើយ​។ ​កុមារ​ក្រៅ​ពី​បាត់​បង់​ភាព​កក់​ក្តៅ​នៅ​ក្នុង​គ្រួសារ​ ពួក​គេ​តែង​ជួប​ប្រទះ​បញ្ហា​ជាច្រើន​ដូច​ជា ​បាត់​បង់​ឱកាស​សម្រាប់​សិក្សា ​ការ​សិក្សា​របស់​កុមារ​មាន​កម្រិត​ទាប​ កុមារ​ក្លាយ​ជា​ក្មេង​កំព្រា​ខ្វះ​របប​អាហារ​សម្រាប់​ទ្រ​ទ្រង់​រាង​កាយ​ មាន​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ ធ្វើ​ពល​កម្ម​លើ​កុមារ​ និង​ការ​រំលោភ​សេព​សន្ថវៈ​លើ​កុមារ​ជា​ដើ​ម​។

លោក​ស្រី ​គឹម​ ធីតា​កល្យា​ណី ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គការ​ PYD​ ជា​ប្រធាន​របស់​កញ្ញា ​ឡាយ ​រតនា​ បាន​និយាយ​​ថា ​៖ « ​រតនា ​ជា​មនុស្ស​ម្នាក់​រុស​រាយ​រាក់​ទាក់​ ឧស្សា​ហ៍​ព្យា​យាម ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ដទៃ​ អំណត់​អត់​ធ្មត់​នឹង​ការ​ងារ​។ ទន្ទឹម​នឹង​គ្នា​នេះ ​រតនា ​មាន​សមត្ថ​ភាព​វិជ្ជា​ជីវៈ​ក្នុង​ការ​ងារ​ ជា​មនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ការ​ងារ ​និង​បំពេញ​ការ​ងារ​បាន​យ៉ាង​ល្អ​ប្រសើរ​។ ​ប្រសិន​បើ​ការ​បំពេញ​ការ​ងារ​មិន​មាន​គំនិត​ច្នៃ​ប្រឌិត​ ការ​ងារ​នោះ​នឹង​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​ឡើយ​ ដូច្នេះ​វ​ត្ត​មាន​របស់​គេ​ពិត​ជា​សំខាន់​សម្រាប់​យើង​»​។​

​មុន​នឹង​ក្លាយ​ខ្លួន​ជា​អ្នក​ធ្វើ​ការ​ងារ​អប់​រំ​ផ្សព្វ​ផ្សាយ​ពី​យុទ្ធ​នា​កា​រ ​«បុរស​ល្អ»​ លើក​កម្ពស់​ការ​យល់​ដឹង​ពី​បញ្ហា​យេ​ឌ័រ​ ​បុគ្គលិក​ PYD​ រូបនេះ​ កាល​ពី​អាយុ ​១២​ឆ្នាំ​ជា​អ្នក​បង្រៀន​ស្ម័គ្រ​ចិត្ត​ដល់​កុមារ​នៅ​តាម​សហ​គមន៍​នា​នា​ក្នុង​ខេត្ត​តាកែវ​ ពីសិទ្ធិ​របស់​កុមារ​ ចំណេះ​ដឹង​ស្តី​ពី​ការ​ទប់​ស្កាត់​អំពើ​ហឹង្សា​ ជំងឺអេដស៍​ គ្រឿង​ញៀន ​តាម​រយៈ​អង្គ​ការ​គាំ​ពារ​កុមារ​ដែល​ងាយ​រង​គ្រោះ​ ​(​Vulnerable​ Children​ Assistance​ Organization​)​។ ​គ្រា​នោះ​ រតនា​ ក្លាយ​ជា​កុមារ​ម្នាក់​តំណាង​ឱ្យ​កុមារ​នៅ​​កម្ពុជា​ទូ​ទាំង​ប្រទេស​ទៅ​ចូល​រួម​សន្និ​បាត​កុមារ​ប្រចាំ​ឆ្នាំ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ (UN)​ ឆ្នាំ​ ២០០២​ នៅ​សហ​រដ្ឋ​អាមេរិច​។ ​ទន្ទឹម​នឹង​ការ​ចូល​រួម​ធ្វើ​សកម្ម​ភាព​ច្រើន​ជួយ​ដល់​កុមារ​ រតនា ​បាន​ចូល​រួម​កិច្ច​ប្រជុំ​ផ្សេងៗ​ ស្តី​ពី​បញ្ហា​កុមារ​មាន​ប្រទេស​ថៃ ​ឥណ្ឌូ​នេ​ស៊ី​ កូរ៉េ​ និង​ស្រី​លង្កា​ជា​ដើម​។

​នៅ​ឆ្នាំ ​២០១០​ ស្រប​ពេល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ផ្នែក​គ្រប់​គ្រង​សារ​ព័ត៌​មាន​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ យុវតី​មក​ពី​ខេត្ត​តាកែវ​រូប​នេះ ​មាន​តួនាទី​ជា​ប្រធាន​គ្រប់​គ្រង​សមាគម​កុមារ​ ១១​ខេត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​គណៈ​កម្មា​ធិការ​​​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ដើម្បី​សិទ្ធិ​កុមារ​ (NGOCRC)​ មាន​ជាង​ ២០០​ សមាគម​។ កញ្ញា​ធ្លាប់​ធ្វើ​ជា​អ្នក​ផលិត​កម្ម​វិធី​វិទ្យុ​ផ្តោត​ទៅ​លើ​ចំណេះ​ដឹង​ពី​សុខ​ភាព​បន្ត​ពូជ​ដល់​ស្ត្រី​និង​យុវវ័យ​នៅ ​BBC​ World​ Service​ Trust​។ ​

​យុវតី​មាន​វ័យ​ ២៥​ ឆ្នាំ​រូប​នេះ ​បាន​បន្ថែម​ទៀត​ថា ​បច្ចុប្បន្ន​នេះ​ ​សង្គម​ក​ម្ពុជា​បុរស​និង​ស្ត្រី​មាន​ការ​យល់​ដឹង​ច្រើន​ពី​បញ្ហា​សម​ភាព​យេន​ឌ័រ​ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ផ្លាស់​ប្តូរ​ឥរិយា​បថ​របស់​បុរស​បាន​ទាំង​ស្រុង​នោះ​ទេ​។ ​យុវជន​​ទទួល​យក​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​បាន​ច្រើន​ជាង​មនុស្ស​មាន​វ័យ​ចំណាស់​ តាម​រយៈ​ការ​ទទួល​បាន​​ព័ត៌​មាន​និង​ចូល​រួម​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ យុទ្ធនា​ការ​ «​បុរស​ល្អ ​»​។​

​កញ្ញា ​​ឡាយ​ រតនា​ មាន​ស្រុក​កំណើត​នៅឃុំ ​តាំង​យ៉ាប​ ស្រុក​ព្រៃ​កា​បាស​ ខេត្ត​តាកែវ​។ ​កញ្ញា​ ជា​កូន​ទី៣​ ក្នុង​ចំណោម​បង​ប្អូន​ ៥​នាក់​ រស់​ក្នុង​គ្រួសារ​មាន​ជីវ​ភាព​មធ្យម​ មាន​ម្តាយ​ឪពុក​ជំរុញ​និង​លើក​​ទឹក​ចិត្ត​ឱ្យ​ខិត​ខំ​សិក្សា​និង​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​តំាង​ពី​តូច​។ ​យុវតី​កំព្រា​ឪពុក​រូប​នេះ ​បន្ត​ច​ង់​ធ្វើ​ការ​ងារ​ជួយ​ដ​ល់​ស្រ្តី​និង​កុមារី​នៅ​កម្ពុជា​នៅ​តាម​រយៈ​ការ​ងារ​នៅ​ក្នុង​អង្គ​ការ​ និង​ចង់​ធ្វើការ​ងារ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋា​ភិបាល​ពាក់​ព័ន្ធ​នឹង​ការ​លើក​​កម្ពស់​ដល់​ស្ត្រី​៕

Share

Image
Image
Image