en     km
en     km

ស​.​ស​.​យ​.​ក​ នឹង​ផ្ដល់​រង្វាន់​ដល់​សិស្ស​ប្រឡង​បាក់​ឌុ​បទ​ទួល​បាន​ពិន្ទុ​ក​ខ្ពស់​ ក្នុង​រាជធានី​ភ្នំពេញ​

Share

​ភ្នំពេញ​ ៖​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ថា​ខ្លួន​ នឹង​ផ្ដល់​រង្វាន់​លើកទឹកចិត្ដ​ដល់​សិស្ស​ ប្រឡង​បាន​ពិន្ទុ​ខ្ពស់​ តាម​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ​ ដោយ​រង្វាន់​បាន​កំណត់​ជា​បី​ប្រភេទ​ផ្សេង​គ្នា​។​ អ្នក​តាមដាន​បញ្ហា​សង្គម​ ទទួលស្គាល់​ថា​ល្អ​ ក៏​ប៉ុន្ដែ​ចង់​ឲ្យ​មានការ​ផ្ដល់​ ការ​គាំទ្រ​ដល់​សិស្ស​ពូកែ​ជា​ប្រព័ន្ធ​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ហៅ​កាត់​ថា​ ស​.​ស​.​យ​.​ក​ បាន​ប្រកាស​ផ្ដល់​រង្វាន់​សម្រាប់​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ហៅ​ថា​ បាក់​ឌុ​ប​ នៅ​រាជធានី​ភ្នំពេញ​ ដែល​ទទួល​បាន​ពិន្ទុ​ក​ខ្ពស់​ជាងគេ​ ក្នុង​វិទ្យាល័យ​ ក្នុង​រាជធានី​ និង​រង្វាន់​សម្រាប់​វិទ្យាល័យ​។​

​លោក​ ហ៊ួ​ត​ រិ​ទ្ធី​ សមាជិក​ ស​.​ស​.​យ​.​ក​ រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​បន្ថែម​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​២៤​ ខែសីហា​ ថា​ រង្វាន់​ទាំង​អស់នោះ​ត្រូវ​បាន​បែក​ចែក​ជា​ បី​ ដែល​មាន​ដូច​ជា​ ទី​១​ រង្វាន់​សម្រាប់​សិស្ស​ ដែល​ទទួល​បាន​ជ័យ​លា​ភី​កម្រិត​វិទ្យាល័យ​ មាន​ន័យ​ថា​ សិស្ស​ក្នុង​វិទ្យាល័យ​ទាំងអស់​ក្នុង​រាជធានី​ នឹង​ត្រូវ​ជ្រើសរើស​ ១​វិទ្យាល័យ​ ៣​រូប​ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ គ្រប់​វិទ្យាល័យ​ ដើម្បី​ទទួល​រង្វាន់​។​ ទី​២​ រង្វាន់​សម្រាប់​សិស្ស​កម្រិត​រាជធានី​ មាន​ន័យ​ថា​ ជ្រើសរើស​សិស្ស​ក្នុង​ក្រុងភ្នំពេញ​ ចំនួន​៣​រូប​ ដែល​ប្រឡង​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​ទាំងអស់​ និង​ទី​៣​ រង្វាន់​សម្រាប់​វិទ្យាល័យ​ រង្វាន់​នេះ​នឹង​ផ្ដល់​ជូន​វិទ្យាល័យ​ចំនួន​បី​ ដែល​មាន​សិស្ស​នុ​សិស្ស​ទទួល​បាន​ពិន្ទុ​ក​ខ្ពស់​ច្រើន​។​

​សមាជិក​ ស​.​ស​.​យ​.​ក​ រាជធានី​ភ្នំពេញ​រូប​នេះ​ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ រង្វាន់​នេះ​នឹង​ផ្ដល់​ជូន​សិស្ស​ពិន្ទុ​ក​ខ្ពស់​ចំនួន​ ០៣​រូប​ នៅ​គ្រប់​វិទ្យាល័យ​ទាំងអស់​នៅ​ក្រុងភ្នំពេញ​ ប៉ុន្ដែ​មិនមែន​សំដៅលើ​និទ្ទេស​ អេ​ នោះ​ទេ​ ៖«​ធម្មតា​ពេល​ដែល​ក្រសួង​គាត់​ចេញ​លទ្ធផល​មក​អ​ញ្ចឹ​ង​ គឺ​ក្រសួង​គាត់​មាន​លទ្ធផល​ប្រចាំ​វិទ្យាល័យ​អ​ញ្ចឹ​ង​ សិស្ស​ណា​ លេខ​ ១​ លេខ​ ២​ លេខ​ ៣​ អ​ញ្ចឹ​ង​និទ្ទេស​ អេ​ ហ្នឹង​គាត់​មាន​ច្រើន​ ឧទាហរណ៍​ថា​ មួយ​វិទ្យាល័យ​មាន​ ៥​នាក់​ ប៉ុន្ដែ​យើង​ឲ្យ​តែ​អ្នក​ពី​ន្ទុ​ខ្ពស់​ជាងគេ​ ១​ ២​ ៣​ ទេ​»​។​

​លោក​ ហ៊ួ​ត​ រិ​ទ្ធី​ បន្ថែម​ដែរ​ថា​ រង្វាន់​នេះ​នឹង​ផ្ដល់​ជូន​សម្រាប់​សិស្ស​ តែ​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ ហើយ​តាម​បណ្ដា​ខេត្ដ​នានា​ នៅ​ទូ​ទាំង​ប្រទេស​ ស​.​ស​.​យ​.​ក​ នៅ​តាម​ខេត្ដ​នីមួយៗ​ គឺជា​អ្នក​រៀបចំ​ដោយ​ផ្ទាល់​។​

​តាម​សេចក្ដី​ប្រកាស​របស់​ ស​.​ស​.​យ​.​ស​ ឲ្យ​ដឹង​ថា​ តាម​វិទ្យាល័យ​ សិស្ស​ដែល​បាន​ពិន្ទុ​ក​ខ្ពស់​ រង្វាន់​ ចំណាត់ថ្នាក់​លេខ​១​ នឹង​ទទួល​បាន​ ថវិកា​ ៨០​ម៉ឺន​រៀល​ លេខ​២​ ៦០​ម៉ឺន​រៀល​ និង​លេខ​ ៣​ ៤០​ម៉ឺន​រៀល​។​ ដោយឡែក​រង្វាន់​សម្រាប់​សិស្ស​ពូកែ​ ចំនួន​៣​ រូប​ប្រចាំ​រាជធានី​ភ្នំពេញ​ លេខ​ ១​ នឹង​ទទួល​បាន​ Ipad​ Pro.​ 9.7​ មួយ​គ្រឿង​ លេខ​ ២​ នឹង​ទទួល​បាន​ Ipad​ 9.7​ មួយ​គ្រឿង​ និង​លេខ​ ៣​ នឹង​ទទួល​បាន​ Ipad​ Mini​ 4​ មួយ​គ្រឿង​។​ ចំណែក​រង្វាន់​សម្រាប់​វិទ្យាល័យ​វិញ​ ស​.​ស​.​យ​.​ក​ នឹង​ជ្រើសរើស​យក​ ៣​វិទ្យាល័យ​ នៅ​ក្រុងភ្នំពេញ​។​ ចំណាត់ថ្នាក់​លេខ​១​ លេខ​ ២​ និង​លេខ​ ៣​ នឹង​ទទួល​បាន​ កុំព្យូទ័រ​ Dell​ Desktop​ មួយ​គ្រឿង​ន​ និង​ Printer​ HP​ ។​

​ជា​រៀង​រាល់​រយៈពេល​ ៤​ឆ្នាំ​កន្លង​មក​ហើយ​ មិន​ថា​ ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​ រដ្ឋមន្ដ្រី​តាម​ក្រសួង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ និង​សាកលវិទ្យាល័យ​ នានា​ តែងតែ​ផ្ដល់​រង្វាន់​លើកទឹកចិត្ដ​ដល់​សិស្ស​និទ្ទេស​ អេ​ ប៊ី​ និង​ ស៊ី​ ឬ​ក៏​អាហារូបករណ៍​ដើម្បី​បន្ដ​ការ​សិក្សា​នៅ​ថ្នាក់​ ឧត្ដម​។​

​ការ​ផ្ដល់​រង្វាន់​លើកទឹកចិត្ដ​នេះ​ អ្នក​តាមដាន​បញ្ហា​សង្គម​ សរសើរ​ពី​យកចិត្ដទុកដាក់​ចំពោះ​សិ​ក្ស​ ដែល​ខិតខំ​រៀនសូត្រ​។​ តែ​យ៉ាងណា​ លោក​យល់​ឃើញ​ថា​ ការ​លើកទឹកចិត្ដ​គួរតែ​រៀបចំ​ជា​ប្រព័ន្ធ​ ទើប​ជា​ការ​ប្រើ​សើរ​សម្រាប់​សិស្ស​។​

​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ថា​ សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​ ល្អ​ ភាគច្រើន​គឺជា​កូន​ ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​។​ លោក​ថា​ រដ្ឋាភិបាល​គួរតែ​មានការ​កៀរគរ​ អ្នក​ពាក់ព័ន្ធ​ទាំងអស់​ លើ​វិស័យ​អប់រំ​ ឲ្យ​ផ្ដល់​ជា​ការ​គាំទ្រ​ដល់​សិស្ស​ទាំង​អស់នោះ​។​ លោក​ពន្យល់​ថា​ បើសិនជា​មានការ​ផ្ដល់​អាហារូបករណ៍​សិក្សា​សម្រាប់​សិស្ស​និទ្ទេស​ ល្អ​ គឺ​គួរតែ​មានការ​ផ្ដល់​ ជា​កន្លែង​ស្នាក់​នៅ​ដោយ​ឥត​គិតថ្លៃ​ ពេញ​រយៈពេល​សិក្សា​ផង​ដែរ​។​

​នាយក​ប្រតិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មើលឃើញ​ថា​ សិស្ស​ដែល​មក​ពី​គ្រួសារ​ក្រីក្រ​ តែងតែ​បោះបង់​ចោលការ​សិក្សា​ ខណៈ​គ្រួសារ​ពួក​គេ​ ជូ​ប​ប្រទះ​នៅ​វិបត្ដិ​សេដ្ឋកិច្ច​។​ ទោះជា​ពួក​គេ​បាន​ទទួល​អាហារូបករណ៍​សិក្សា​ ដោយ​ឥត​បង់ថ្លៃ​ក៏​ដោយ​ ក៏​ប៉ុន្ដែ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ សម្រាប់​សម្ភារ​ កន្លែង​ស្នាក់​នៅ​ អាហារ​ហូប​ចុក​ គឺជា​បញ្ហា​ចោទ​ យ៉ាងធ្ងន់ធ្ងរ​ ពេល​ដែល​គ្រួសារ​មាន​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច​។​

​លោក​ សន​ ជ័យ​ គិត​ថា​ បើ​មានការ​ផ្ដល់​ ការ​លើកទឹកចិត្ដ​ជា​កញ្ចប់​ មាន​ទាំង​ការ​សិក្សា​ដោយ​ឥត​បង់ថ្លៃ​ រួម​ទាំង​កន្លែង​ស្នាក់​នៅ​ទៀត​ នោះ​នឹង​ក្លាយជា​កត្ដា​ល្អ​សម្រាប់​សិស្ស​ ហើយ​ក៏​ជា​ការ​លើកមុខ​មាត់​របស់​រដ្ឋ​ផង​ដែរ​ ៖«​បាទ​ អាហ្នឹង​ធ្វើ​ឲ្យ​គេ​មើលឃើញ​ថា​ អូ​ហ៍​ ពិតជា​ការ​លើកទឹកចិត្ដ​ដល់ទី​បញ្ចប់​ ហើយ​និស្សិត​ដែល​ទទួល​បាន​នូវ​អាហារូបករណ៍​ប្រភេទ​ហ្នឹង​ គឺ​គាត់​មានឱកាស​ពេញលេញ​នៅ​ក្នុង​ការ​រៀនសូត្រ​។​ ទោះបីជា​គ្រួសារ​របស់​គាត់​មាន​បញ្ហា​នៅ​កណ្ដាល​ទី​ បាន​ន័យ​ថា​ នៅ​ពេល​ពាក់កណ្ដាល​ឆ្នាំ​សិក្សា​ ឬ​ក៏​ពាក់កណ្ដាល​នៃ​ពេលវេលា​សិក្សា​ ៤​ឆ្នាំ​នៅ​ឧត្ដម​សិក្សា​ ថ្នាក់​បរិញ្ញាបត្រ​ក៏​ដោយ​»​។​

​សូម​ជម្រាប​ថា​ សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ បាក់​ឌុ​ប​ ឆ្នាំ​២០១៨​នេះ​ មាន​បេក្ខជន​សរុប​ ១​សែន​ ១​ម៉ឺន​ ៥​ពាន់​ ២៦៨​នាក់​ (១១៥២៦៨​នាក់​)​ ហើយ​មាន​សិស្ស​ស្រី​មាន​ ៥​ម៉ឺន​ ៨​ពាន់​ ១៥៨​នាក់​ (៥៨១៥៨​នាក់​)​។​ ក្រសួង​អប់រំ​ បញ្ជាក់​ថា​ លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ និង​ខេត្ដកណ្ដាល​ នា​រសៀល​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ និង​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ដ​ផ្សេងៗ​ទៀត​ នា​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​៕

Share

Image
Image
Image