(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស ១៥៧នាក់ស្លាប់ និងមនុស្ស ៤១២នាក់ទៀតរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេលពេញ១ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា រយៈពេលពេញ១ខែកុម្ភៈនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៥៣លើក។ ក្នុងនោះបណ្ដាលឲ្យខូតខាតម៉ូតូចំនួន ២៦៩គ្រឿង, រថយន្ដធុនតូចចំនួន១១២គ្រឿង, រថយន្ដធុនធំចំនួន ៥៣គ្រឿង, យានផ្សេងៗ២៨គ្រឿង និងអ្នកថ្មើជើង៣០នាក់។
មូលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចណ៍រួមមានល្មើសល្បឿនចំនួន ៩៩លើក, ស្រវឹង២១លើក, ប្រជែងចំនួន៣១លើក, មិនប្រកាន់ស្ដាំចំនួន២១លើក, មិនគោរពសិទ្ធ៤៥លើក, បត់គ្រោះថ្នាក់ចំនួន១៨លើក, កត្តាយានយន្ដចំនួន១៦លើក និងងងុយដេកចំនួន ២លើក។
របាយការណ៍បានបញ្ជាក់ទៀតថា ខេត្តក្រុងដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, ខេត្តព្រះសីហនុ, ខេត្តសៀមរាប, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តពោធិ៍សាត់, ខេត្តកំពង់ស្ពឺ, ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង៕