en     km
en     km

ស្លាប់​និង​របួស​ជាង​បី​ពាន់​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍រយៈពេល ៦ខែក្នុងឆ្នាំ២០១៨នេះ

Share

​ភ្នំពេញ ៖ មនុស្ស​យ៉ាង​តិច​ចំនួន​ ៩៣០​នាក់​បាន​ស្លាប់ និង​ចំនួន ​២៣៩៩​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ឆ្នាំ​២០១៨​នេះ ហើយ​តួលេខ​នេះ​បាន​ធ្លាក់ចុះ​ជា​ង​ឆ្នាំ​២០១៧​កន្លង​ទៅ​បើ​គិត​រយៈពេល​ដូចគ្នា។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័ររបស់អគ្គសន្នការនគរបាលជាតិនៅថ្ងៃទី១០ សីហានេះ។

ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​នគរបាល​ជាតិ កាលពីរសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក​វរៈសេនីយ៍ឯក ថី វិសាល ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវនៃអគ្គស្នងការដ្ឋា​ននគរបាលជាតិ លើកឡើងថា​ក្នុង​មួយ​ឆមាស ឆ្នាំ​២០១៨​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​ទូទាំង​ប្រទេស​ចំនួន​១៦៣៣​លើក បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ​២០១៧​កន្លង​ទៅ​ថយចុះ ​២៧២​លើក​ ស្មើ​និង​១៤​ភាគរយ ដោយ​មាន​ចំនួន ​១៩០៧​លើក​។

​លោកបន្តថា អ្នកស្លាប់​មាន​ចំនួន​៩៣០​នាក់​ថយ​ចុះ​ម្នាក់ បើធៀបកាលពី​ឆ្នាំ ​២០១៧ ​កន្លងទៅ​មាន​ចំនួន ​៩៣១​នាក់។ ចំណែកអ្នករងរបួស​ធ្ងន់មាន​ ១៥០៦​នាក់​ ថយចុះ​៤៣២​នាក់​ស្មើរ​និង​​ ២២​ភាគរយ​ហើយ របួសស្រាល​ចំនួន ​៨៩៣​នាក់​ថយចុះ​ ១៧០​នាក់​ ស្មើរ​១៦​ភាគរយ​។ ភាគច្រើន​អ្នក​ដែល​ស្លាប់​គឺ​ដោយសារ​ម៉ូតូ​ហើយ​គ្មាន​ពាក់មួក​សុវត្ថិភាព​។​

លោក​វរសេនីយ៍ឯក​បាន​បន្ត​ទៀតថា យានយន្ត​ដែល​បាន​ខូចខាត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ គឺ​មាន​ចំនួន​ជាង​បី​ពាន់​គ្រឿង ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន ​១៦៥៤​គ្រឿង រថយន្តតូច ​ឬ​ហៅ​ថា​ រថយន្ត​គ្រូ​សារ​មាន​ចំនួន​៨១៧​គ្រឿង រថយន្ត​ធំ​ធន់​ធ្ងន់​មាន​ចំនួន​៣៩៦​គ្រឿង និង​យានយន្ត​កែច្នៃ​មាន​ប្រមាណ ​១៥២​គ្រឿង​។​

​សូម​រំលឹក​ថា​កាលពី​ឆ្នាំ ​២០១៧​កន្លងទៅនេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៦៩៦៥​លើក​បង្ករ​ឲ្យ​អ្នកស្លាប់ មាន​ចំនួន ​៤៤៨៦​នាក់​និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ​៧១៣៧​នាក់ ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ ៕

Share

Image
Image
Image