en     km
en     km

ស្រ្ដីអ្នកតម្បាញសូត្រព្រួយបារម្ភខ្លាចលែងមានអ្នកស្គាល់សូត្រខ្មែរ

Share

ខណៈដែលសូត្រនឹងអំបោះមួយចំនួនធំនាំចូលមកពីប្រទេសវៀតណាម និងប្រទេសចិន​ និងសូត្ររបស់ខ្មែរមួយភាគធំស្ទើរតែផលិតលែងកើតទៅហើយ រីឯអ្នកត្បាញក៏លែងមានច្រើនដូចមុន ដោយសារអត់មានអ្នកណាចង់ធ្វើ ឬច្រើនតែទៅធ្វើការនៅក្នុងរោងចក្រ និងចំណាកស្រុកទៅក្រៅប្រទេសធ្វើជាពលករ។​ ប៉ុន្ដែពលរដ្ឋមួយចំនួនដែលភាគច្រើនជាស្រ្ដីបានសម្រេចចិត្តជ្រើសរើសយកការងារជាអ្នកត្បាញបុរាណនេះមកវិញ ដោយពួកគាត់គិផលិតសំពត់សូត្រ និងក្រមាសូត្រនៅតាមផ្ទះតាមបែបប្រពៃណី។​ជា្របពីព័ត៌មាននេះ សូមអញ្ជើញស្ដាប់បទយកការណ៍ដែលជម្រាបជូន ដោយកញ្ញា ជាតា ដូចតទៅ៖

ការត្បាញសំពត់សូត្រ និងក្រមាសូត្រ គឺជាប្រពៃណីបែបបុរាណរបស់ខ្មែរដែលមានតាំងពីយូរណាស់មកហើយ។ ដោយឡែក បច្ចុប្បន្ននេះ ប្រពៃណីនៃការត្បាញក្រមា ឬសំពត់សូត្រនៅតែមាន គ្រាន់តែ ចំនួនអ្នកប្រកបរបរត្បាញសូត្រមិនសូវមានច្រើនដូចពីមុន។

ជាក់ស្ដែងអ្នកតម្បាញសូត្រមួយចំនួនដែលរស់នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ភាគច្រើនជាស្រ្ដីបានជ្រើសរើសយកមុខរបរជាអ្នកតម្បាញនេះរហូតមកដល់ពេលបច្ចុប្បន្ន ។

ក្នុងចំណោមពួកគាត់ គឺ អ្នកស្រី វ៉ាន់ ស្រីខួច អាយុ ៣៤ ឆ្នាំ ។ អ្នកស្រី រស់នៅ ភូមិ​ ឃ្ពក ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ស្រ្ដីរូបនេះក៏បានស៊ីឈ្នូលត្បាញសំពត់សូត្រ ​អោយគេ។អ្នកស្រីថាការងារនេះមិនងាយស្រួលទេ។

អ្នកស្រី វ៉ាន់ ស្រីខួច ៖ «ត្បាញសំពត់មួយៗពិបាកណាស់ មិនងាយស្រួលទេ ព្រោះសំពត់ត្បាញសំពត់ហើយមួយ ត្រូវចំនាយពេល៥ថ្ងៃ »។

តាមការរៀបរាប់របស់អ្នកស្រី វ៉ាន់ ស្រីខួច សំពត់មួយត្រូវចំណាយរយៈពេលយ៉ាងតិច ៥ថ្ងៃ ហើយក្នុងមួយថ្ងៃ ត្បាញបាន ៤តឹក នៃសំពត់ ដែលមានទំហំ ៥ម៉ែត្រ។ អ្នកស្រី បន្ដថា ការត្បាញសំពត់សូត្រនិមួយៗ គឺ ត្រូវចំណាយពេលយូរ និងមានភាពអត់ធ្មត់ច្រើន ទើបធ្វើអោយសំពត់សូត្រដែលត្បាញចេញមកបានស្អាត។

អ្នកស្រី វ៉ាន់ ស្រីខួច៖ «ពិបាកណាស់អូន អ្នកចិត្តខ្លាំងអីធ្វើមិនបានទេ ដូចថា ត្បាញទៅវាងាយដាច់សរសៃសូត្រ ហើយវាដាច់ ហើយវារីកទៅតាមណឹង ប្រឹងណាស់ទើបត្បាញបាន »។

ការងារដែលអ្នកស្រី វ៉ាន់ ស្រីខួច បានធ្វើ គឺទទួលបានប្រាក់ ១៥០ ដុល្លារ ក្នុងមួយខែ ។ តែប្រាក់ខែ ១៥០ដុល្លារនេះ លុះត្រាតែ អ្នកស្រីត្បាញសំពត់បាន ៤ក្បិន ក្នុងមួយខែ​ មានន័យថា គិតទៅតាមចំនួននៃការត្បាញបានរបស់គាត់។

ទោះជាមានការលំបាកយ៉ាងណាក៏ដោយ សម្រាប់ អ្នកស្រី វ៉ាន់ ស្រីខួច នៅតែបន្ដការងារជាអ្នកត្បាញសំពត់សូត្រដដែល ហើយគាត់ក៏មានបំណងបង្រៀនជំនាញត្បាញនេះទៅដល់កូនចៅរបស់គាត់ទៀតផង ។

អ្នកស្រី វ៉ាន់ ស្រីខួច៖«ខំប្រឹងត្បាញ អត់ខ្លាចហត់នឿយ អោយតែថា ស្រុកគេគាំទ្ររបស់យើង យើងចេះតែមានកម្លាំងចិត្តត្បាញ ចង់អោយគេស្គាល់ ចឹងចង់អោយគេចុះមកលេងស្រុកខ្មែរច្រើនចឹង ព្រោះស្រុកខ្មែរយើងឥលូវគេត្បាញសំពត់ធ្វើពីសូត្រ សូមអោយចុះមកជួយទិញរបស់ខ្មែរយើងអោយបានគ្រប់គ្នា ហើយអោយមានតម្លៃជាងនេះតិចទៅ អ្នកត្បាញមានកម្លាំងចិត្តត្បាញ»។

ដោយឡែកពលរដ្ឋមួយរូបទៀតដែលជាអ្នកត្បាញក្រមាសូត្រមួយរូបដែរនោះ បានឱ្យវិទ្យុស្រ្ដីដឹងថា ការត្បាញក្រមាក៏មិនមានជារឿងងាយស្រួលនោះដែរ។

«ដល់យើងប្រឹង អង្គុយឈឺឆ្អឹងខ្នងចឹង វាពិបាកដែរ វាមិនស្រួលទេ អង្គុយរហូត មិនដូចថាធ្វើការនៅភ្នំពេញវាស្រួលមែនតែវាឆ្ងាយពីផ្ទះ ឆ្ងាយពីកូន»។

ពលរដ្ឋម្នាក់នេះរស់នៅក្នុងភូមិព្រែកបង្កក ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

តាមអោយដឹងពីស្រ្ដីរូបនេះ គឺ មិនមានពលរដ្ឋច្រើនទេដែលចាប់អារម្មណ៍មកអង្គុយត្បាញក្រមាសូត្រ ឬសំពត់សូត្រនេះ ដូចពីមុននោះ ។

«អ្នកភូមិខ្ញុំចាស់ៗពីមុនភាគច្រើនគាត់ចេះទាំងអស់ ប៉ុន្ដែក្រមុំក្រោយនេះមិនសូវចេះទេទៅធ្វើការអស់ហើយ »។

ស្រ្ដីត្បាញក្រមារូបនេះក៏បានអំពាវនាវអោយយុវជនជំនាន់ក្រោយ ចាប់អារម្មណ៍ចូលរួមអភិរក្សាសំពត់សូត្រ និងក្រមាសូត្រដែលជាស្នាដៃរបស់ខ្មែរផងដែរ។

«ដើម្បីវប្បធម៌ខ្មែរយើងមានតៗរហូតចឹងកុំអោយដាច់ ​ខ្លាចថាពួកយើងចាស់ៗអស់ទៅ ដាច់តាមហ្នឹង ព្រោះ អត់មានអ្នក​ចេះ។ ប៉ុន្ដែខ្ញុំមានកូនខ្ញុំនៅតែបង្រៀនកូនខ្ញុំដែរ អត់អោយដាច់ទេ »។

ការងារតម្បាញបានក្លាយជាមុខរបរបុរាណដែលពលរដ្ឋខ្មែរជាច្រើន ពិសេសស្រ្ដីបានចាប់យកការងារជាអ្នកតម្បាញនៅតាមផ្ទះ។ តែបច្ចុប្បន្នពួកគាត់មិនត្រឹមតែត្បាញនៅតាមផ្ទះនោះទេ ប៉ុន្ដែពួកគាត់ត្បាញអោយក្រុមហ៊ុន ឬម្ចាស់សិប្បកម្មផ្សេងៗទៀត ដើម្បីជីវភាពរបស់ពួកគាត់បានប្រសើរ នឹងដើម្បីជៀសវាង ចំណាកស្រុកទៅក្រៅប្រទេស។

ស្រ្ដីមានការងារជាអ្នកត្បាញសូត្របារម្ភទៅថ្ងៃមុខថា ការងារនេះនឹងបាត់បង់ ហើយសូត្រខ្មែរនិងលែងមានអ្នកស្គាល់ប្រសិនបើមិនមានអ្នកចាប់អារម្មណ៍ និងធ្វើការអភិរក្សនោះ៕

រូបស្លឹកមន
រូបពងដង្កូវនាង

Share

Image
Image
Image