en     km
en     km

ស្រ្ដីអាយុ ៥៥ឆ្នាំម្នាក់សម្រេចចិត្តរៀនភាសាចិនអោយចេះមុនកូន ដើម្បីបង្រៀនកូន(មានសំឡេង)

Share

ជីវៈព័ត៌មាន៖ ស្រ្ដីដែលមានកូនប្រុសម្នាក់បានសម្រេចចិត្តចូលរៀនម្ដងទៀតនៅខណៈគាត់ អាយុ ៥៥ឆ្នាំ។ការម្រេចចិត្តរបស់ស្ត្រីរូបនេះ ព្រោះតែគិតថា ការដែលអាចបង្រៀនកូនបាន ត្រូវរៀនអោយចេះមុនកូន។ អ្នកស្រីរ៉ាវី បានចាប់យកភាសាចិនមកបង្រៀនជាភាសាទីពីរ បន្ទាប់ពីភាសាអង់គ្លេស គឺដើម្បីយកមកបង្រៀនកូន ។ តើមូលហេតុអ្វីបានជាស្រ្ដីអាយុ ៥៥ឆ្នាំម្នាក់នេះសុខចិត្តចំណាយពេលរបស់ខ្លួន រៀនជាមួយក្មេងតូចៗ ។ ជូនជីវៈព័ត៌មាននេះ ដោយកញ្ញា ជុំ ជោគជាតា!

«កូនមីងចាប់រៀននឹងមីងទៅរៀនមុនវារហូត មីងទៅរៀន ព្រោះអាណិតវាណាស់ ពេលគ្រូអោយកិច្ចការផ្ទះទៅ វាអត់ចេះ វាកាន់សៀវភៅមកសួរយើង ដល់ពេលយើងអត់ចេះ កូនយើងទុកសៀវភៅចោល ដល់ពេលស្អែកទៅសាលាធ្វើម៉េច? អាហ្នឹងហើយ ដែលយើងត្រូវចេះ យើងពន្យល់វា ឬក៏យើងត្រូវរកគ្រូមកផ្ទះដើម្បីបង្រៀនបន្ថែម »

ស្រ្ដីវ័យចំណាស់ មានរាងខ្ពស់ សម្បុរស អង្គុយនៅក្នុសាលារៀ​នភាសាចិនមួយដែលមានឈ្មោះថា មជ្ឈមមណ្ឌលប៊ីអីភី សេនធើរ មានឈ្មោះថា រ៉ាវី ។

«បើសិនមីងចាំកូនយើងរៀនហើយចប់ទៅយើងមិនធូរលុយ យើងមករៀនចិនក៏បានដែរ ប៉ុន្ដែមីងគិតថា យ៉ាងច្រើនណាស់ អ្វីដែលត្រូវចាយចាំយើងចាយ ដល់ចឹងទៅយើងសន្សំលុយដែលយើងចាយផ្ដាសយើងយកមក រៀនវាល្អជាង! » ។

អ្នកស្រីបានប្រាប់វិទ្យុស្រ្ដីក្រោយបញ្ចប់ម៉ោងរៀនរបស់គាត់ថា គាត់បានរៀនភាសាចិននៅទីនេះ រយៈពេល ៣ខែ។ អ្នកស្រីថាមានហេតុផលពីរបីចំនុច ដែលគាត់សម្រេចចិត្តមករៀនភាសាចិន។

«មីងគិតថា សំខាន់ ចេះភាសាច្រើនល្អ ងាយស្រួលធ្វើការ ឬក៏ពេលយើងទៅក្រៅប្រទេសដើរលេង»។

ដោយសម្ដីមួយៗនិយាយដោយទឹកមុខញញឹមអ្នកស្រីបានឱ្យដឹងប​ន្ដថា  គាត់មានកូនប្រុសម្នាក់​ ហើយនៅឆ្នាំក្រោយនេះ កូនគាត់នឹងអាចចូលរៀនភាសាចិនដូចជាគាត់ដែរ។ នេះជាហេតុផលសំខាន់របស់គាត់។

អ្នកស្រី រ៉ាវី៖ «កូននៅរៀនថ្នាក់ទី១២ នៅតែបីខែទៀតទេដែលវាប្រឡងថ្នាក់ទី១២ មីងនឹងអោយវាទៅរៀនភាសាចិន»។

ខណៈដែលគាត់សម្រេចចិត្តបញ្ចូនកូនទៅរៀនភាសាចិននេះដែរ ដោយសារតែគាត់មើលឃើញពីចំណង់ចំនូលចិត្តរបស់កូនផងដែរ។

ក្រៅពីស្របទៅតាមចំណង់ចំនូលចិត្តរបស់កូន ស្រ្ដីដែលមានវ័យ ៥៥ឆ្នាំរូបនេះ យល់ថា មនុស្សដែលដឹងនិងចេះអ្វីមួយនិងជួយបង្រៀនទៅដល់អ្នកដែលមិនចេះ។ ដូចគ្នានេះដែរ ការចូលរៀន ឬរៀនអោយចេះមុនកូន គឺនឹងអាចជួយបង្រៀនកូនទៅថ្ងៃក្រោយបាន ពិសេសគឹការរៀនសូត្រដែលមានពាក់ព័ន្ធនឹងកូនតែម្ដង។

អ្នកស្រី រ៉ាវី៖ «មីងគិតថា កូនមីងនឹងចូលរៀនភាសាចិន មីងក៏ទៅរៀនមុន ដើម្បីពេលកូនមីងចូលរៀន វាអត់យល់អី វាអាចសួរមីង ហើយមីងអាចបង្រៀនវាបាន»។

ក្នុងបទពិសោធន៍នៃការរៀនសូត្រភាសាបន្ថែមនេះដែរ អ្នកស្រី រ៉ាវី ប្រាប់ថា នៅក្នុងថ្នាក់រៀនរបស់គាត់គឺមានតែគាត់ម្នាក់គត់ដែលមានវ័យចំណាស់ជាងគេ។ តែផ្ទុយទៅវិញអ្នកស្រីបែរជាមានភាពក្លាហានច្រើនចំពោះការរៀនសូត្រ។

អ្នកស្រី រ៉ាវី ៖ «អត់ទេ អត់ខ្មាសអៀនទេ សប្បាយរៀនជាមួយក្មេង»។

ក្រៅពីការរៀនសូត្រ អ្នកស្រី រ៉ាវី ក៏ជាស្រ្ដីមេផ្ទះ និងជាម្ចាស់ហាងលក់នំខេក នៅម្ដុំផ្សារចាស់មួយកន្លែងផងដែរ។ តាមការលើកឡើងពី អ្នកស្រី រ៉ាវី ដដែល ឆ្លៀតពេលពីការងារមេផ្ទះ និងការងារលក់ដូរដែលមមារញឹកខ្លាំង អ្នកស្រីក៏ជួយបង្រៀនភាសាចិនដល់ស្វាមីផងដែរ។

អ្នកស្រី រ៉ាវី ៖«ពេលមីងមករៀនមីងទៅផ្ទះវិញមីងបង្រៀនស្វាមីមីង គាត់ចង់ចេះ ព្រោះអីពួកមីងទំនេរ ពូមីងអត់ចេះលេងហ្គេម លេងបៀរ លេងអីពួកមីងអត់ចេះ ពេលទំនេរមីងចូលចិត្តមើលសៀវភៅឬក៏រៀនអ្វីទោះបីមីងចាស់ក៏ដោយ»។

លោក សូ សុភ័ក្រ្ដ ជាគ្រូបង្រៀនភាសាចិននៅមជ្ឈមណ្ឌល BEP Center និងជាគ្រូបង្រៀនផ្ទាល់ដល់អ្នកស្រីរ៉ាវី គាត់ក៏បានកោតសរសើរចំពោះ អ្នកស្រី រ៉ាវី និងការយកចិត្តទុកដាក់រៀនសូត្ររបស់គាត់ផងដែរ។

លោក សូ សុភ័ក្រ្ដ៖«កិច្ចការដែលគ្រូដាក់អោយធ្វើ គាត់មិនដែលហានបំភ្លេចចោលមានតែគាត់សរសេរអោយលើស កិច្ចការដែលគ្រូដាក់អោយធ្វើ ហើយមួយទៀតគាត់មានការតាំងចិត្តខ្ពស់ដោយសារតែគាត់មើលឃើញថា ភាសាចិនគឺជាភាសាដែលគេនឹងផ្លាស់ប្ដូរពីភាសាអង់គ្លេសដែលជាភាសាទីពីរ ទៅជាភាសាចិនវិញ។ ចឹងគាត់មើលឃើញចំនុចនេះ គាត់មានការតាំងចិត្តថា បើសិនជាគាត់រៀនចិនចេះ ទោះបីគាត់មិនអាចយកទៅប្រើប្រាស់ដូចជាយើងក្មេងៗមែន តែគាត់អាចណែនាំកូនចៅគាត់»។

តាមការយល់ឃើញរបស់លោក សូ សុភ័ក្រ្ដ លោថា ការបង្រៀនកូនក្មេងនិងមនុស្សចាស់គឺពីខុសគ្នា មនុស្សចាស់អាចបែកចែកពេលវេលាច្បាស់លាស់ និងមានការហ្មត់ចត់ជាង។  តែបើសិនជាពួកគាត់មិនចេះបែងចែកពេលវេលាច្បាស់លាស់ និងគ្មានការតាំងចិត្តទេនោះ ពួកគាត់ក៏មិនទទួលបានជោគជ័យដែរ។

លោក សូ សុភ័ក្រ្ដ៖«បើសិនជាគាត់មានការបែងចែកពេលវេលាបានល្អ គឺគាត់អត់មានបញ្ហាទេ តែមានបញ្ហាចោទភាគច្រើន គឺមកពីគាត់អត់ចេះបែងចែកពេលវេលាមាន័យថា គាត់ច្រើនតែយករឿង ឧទាហរណ៍ថា រឿងគ្រួសារ រឿរកស៊ី រឿងសុខភាព ឬក៏រឿងដទៃៗជាច្រើនដែលទាក់ទងជាមួយនិងការរស់នៅក្នុងជីវិតរបស់គាត់ ចឹងគាត់អត់បែកចែកអោយដាច់ ចឹងអ្នកណាក៏មិនអាចធ្វើបានក្នុងការរៀនធ្វើម៉េចអោយចេះដែរ»។

អ្នកស្រី រ៉ាវី បានដាក់កំណត់ខ្លួនឯងថា ក្នុងមួយថ្ងៃគាត់នឹងមើលសៀវភៅ និងអានភាសាចិនយ៉ាងហោចណាស់១ក្បាល។

អ្នកស្រី រ៉ាវី៖«មីងអត់ចេះទេដូចថា បៀរមិនអត់ បងប្រុសក៏អត់ ផឹកក៏អត់ ដឹងតែការងារនៅក្នុងផ្ទះ ហើយមីងទូរទស្សន៍រឿងមីងអត់មើលទេប៉ុន្ដែមីងឃើញសៀវភៅអក្សរស្អាតអត់បានទេមីងចូលចិត្តណាស់ដូចថាមីងរៀនចិនមីងចង់ធ្វើម៉េចសរសេរអក្សរអោយស្អាត »។

សូមជម្រាបដែរថា អ្នកស្រីរ៉ាវី មានអាយុ ៥៥ឆ្នាំ អ្នកស្រីរៀបការនៅឆ្នាំ១៩៩៩ ក្រៅពីភាសាចិនអ្នកស្រីក៏អាចប្រើប្រាស់ភាសាអង់គ្លេសបានផងដែរ។

តាមរយៈបទពិសោធន៍នៃការរៀនសូត្រ និងភាពជាម្ដង អ្នកស្រីបានចែករំលែកថា​៖«សួរវាកូន​ឯងមើលន៎ មើលគាត់ដៃជើងកគ្រិក ហើយគាត់អង្គុយហាលថ្ងៃ ហើយកូនឯងឃើញហ្ហេ៎ គ្រូមកទោះបីម៉ាក់ក៏ត្រូវហៅលោកគ្រូដែរ ហើយស្លៀកពាក់ស្អាត ហើយគ្រូសុទ្ធតែម៉ាស៊ីនត្រជាក់ ហើយតិចទៀត កូនឯងចង់អោយពួកម៉ាកឃើញកូនឯងស្លៀកពាក់ស្អាតទៅធ្វើការ ឬក៏ឃើញកូនឯងអង្គុយចញ្ចើមថ្នល់ស្លៀកពាក់គគ្រិកធ្វើជាង»។

ភាសាចិន ជាភាសាមួយពេញនិយមដែរ នាពេលបច្ចុប្បន្ន ។ តែភាសារនេះ មានវត្តមានខ្លាំងនៅកម្ពុជា នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ នៅពេលទំនាក់ទំនងពាណិជកម្មកម្ពុជា-ចិនបានឡើងខ្ពស់បំផុត។ ភាសាចិន ច្រើនប្រើប្រាស់ក្នុងស្ថាប័នគ្រប់ហ៊ុន និងរោងចក្រ។ ភាគច្រើនអ្នករៀនភាសាចិនច្រើនតែដើម្បី ធ្វើទំនាក់ទំនងពាណិជកម្ម៕

Share

Image
Image
Image