en     km
en     km

ស្រ្ដីជិត៦០០នាក់ដើរក្បួនអហិង្សាយកញត្តិជូនរាជរដ្ឋាភិបាល នាទិវាសិទ្ធិនារីអន្ដរជាតិ

Share

ថ្ងៃទី៨មីនានេះ គឺជាទិវាសិទ្ធិនារីអន្ដរជាតិ បណ្ដាអង្គការសង្គមស៊ីវិលដែលធ្វើការគាំពារស្រ្ដី គ្រោងនឹងចេញក្បួនហែញត្តិ ដើម្បីប្រារព្ធប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សា គ្រប់រូបភាពមកលើស្រ្ដី។ញត្តិនោះបង្ហាញនូវបញ្ហាប្រាំពីរចំនុចដើម្បីឱ្យរដ្ឋាភិបាលពិចារណាពន្លឿនការដោះស្រាយ។

កញ្ញា ឆោម ពៅនិ ការាយការណ៍ពីពត៌មាននេះ៖

 

 

សេចក្ដីប្រកាសពត៌មានរួមរបស់អង្គការសង្គមស៊ីវិល និង ក្រុមសហជីពនានា ផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៨​ កុម្ភៈ ឆ្នាំ ២០១៨ បានឱ្យដឹងថា ស្រ្ដីចំនួន៥៨០នាក់ នឹងធ្វើដំណើរដោយថ្មើរជើងប្រារព្ធក្បួនអហិង្សាសកម្មមួយ ដើម្បីយកញាត្តិរបស់ពួកគេ ក្ដោបនូវបញ្ហា ៧ចំណុចដើម្បីដាក់ជូនទៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

ញត្តិសម្រាប់ទិវានារី៨មីនានេះ ធ្វើឡើងក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាគ្រប់រូបភាពលើស្រ្ដី” ។នាយិកានៃអង្គការក្លាហានគឺកញ្ញា បុណ្យ រចនា លើកឡើងថា ញត្តិនោះធ្វើឡើងដោយមានការនាំយកនូវបញ្ហាជាក់ស្ដែងរបស់ស្រ្ដីជាជនរងគ្រោះ ដែលចាំបាច់ត្រូវតែបានស្នើដល់រដ្ឋាភិបាល និង ក្រសួងជាសេនាធិការពាក់ព័ន្ធឱ្យមានចំណាត់ការណ៍ប្រសើរឡើង។ ខ្លឹមសារទាំងប្រាំពីរចំណុចចម្បងៗ កញ្ញារចនា រៀបរាប់ត្រួសៗថា៖

ឃ្លីប វិនាទី ទី ៣០

ក្បួនអហិង្សាករណីពិសេសដែលធ្វើចំថ្ងៃ៨ មីនា ជាទិវានារីអន្ដរជាតិ ក៏នឹងបញ្រ្ជាបឱ្យឃើញនូវការគោរពនិង ឱ្យតម្លៃ ដល់កិច្ចប្រឹងប្រែងរបស់ស្រ្ដីជារៀមច្បងជំនាន់មុន ក៏ព្រមទាំងបំផុសស្មារតី លើកទឹកចិត្តឱ្យស្រ្ដីសកម្មលើគ្រប់វិស័យ។

លិខិតប្រកាសព័ត៌មានក៏បានជម្រាបជូនមហាជនឱ្យមានការចូលរួមដោយសេរី ដែលនឹងជួបប្រជុំនៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ហើយនឹងឆ្ពោះ ទៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

​ស្ថាបនិកអង្គការក្លាហាន សង្ឃឹមថា តំណាងពិសេសរបស់ក្រសួងនានា មានដូចជាក្រសួងកិច្ចការនារី ក្រសួងការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និង គណៈកម្មការទប់ស្កាត់ការជួញដូរមនុស្ស នឹងចេញមកទទួលយកញត្តិនេះ ។

តាមសេចក្ដីប្រកាសនេះ ញត្តិនេះមិនត្រឹមតែស្វែងរកដំណោះស្រាយទេ តែជាអត្ថបទមួយ បង្កប់នូវការលើកទឹកចិត្តដល់រដ្ឋាភិបាលឱ្យធ្វើការបន្ដទៀត ក៏ដូចជាជាមួយនឹងអង្គការសង្គមស៊ីវិលដើម្បីបញ្ចប់បានអំពើហិង្សាលើស្រ្ដីរាល់គ្រប់រូបភាព។

ឃ្លីបទី២ ———–

ដើម្បីអបអរសាទរ ទិវានារី ៨មីនា សម្ដេចហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៥ មីនា បានដាក់ចេញនូវយុទ្ធសាស្រ្ដ៥ចំណុច ឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងប្រជាជនកម្ពុជាទាំងអស់អនុវត្តអោយមានប្រសិទ្ធភាព។

យុទ្ធសាស្រ្ដ៥ចំណុចនេះរួមមាន៖​ បង្កើនចំនួនស្ត្រីអោយមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត , ផ្តល់សេវាជួយជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងជម្លោះផ្សេងៗ និង ពន្លឿនការកាត់ក្ដីស្រ្ដី, ជម្រុញឱ្យក្មេងស្រីមានឱកាសបានសិក្សាមុខវិជ្ជាជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម រួមទាំងគណិតវិទ្យា, ទប់ស្កាត់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធទៅនឹងអំពើហិង្សា ការកេងប្រវ័ញ្ញលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធ Internet, លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការបង្កើតកម្មវិធីអប់រំផ្សេងៗ ។​

គួរកត់សម្គាល់ថា ការប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ ខួបលើកទី១០៨នៅឆ្នាំ២០១៩នេះ គឺសម្រាប់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ ប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស»៕

 

Share

Image
Image
Image