en     km
en     km

ស្ថានតំណាងកម្ពុជានៅក្រៅប្រទេស ធ្វើអន្ដរាគមន៍ជួយពលរដ្ឋខ្មែរចំនួន ២៦នាក់

Share

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិនបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ធ្វើអន្ដរាគមន៍ជួយសង្រ្គោះ និងរៀបចំមាតុភូមិនិវត្តន៍របស់ស្រ្ដីខ្មែរ ចំនួន ៧នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ជាមួយបុរសជនជាតិចិននៅក្នុងប្រទេសចិន ហើយពួកគេបានមកដល់កម្ពុជាវិញនៅថ្ងៃទី ០៩ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចុះផ្សាយនៅថ្ងៃអង្គារ៍ ទី២៨ ខែសីហា ឆ្នាំ២០១៨។

តាមគេហទំព័ររបស់ក្រសួងដដែល ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន ៧នាក់ (ស្រី១នាក់) មកពីខេត្តក្រចេះ កណ្ដាល កំពង់ចាម ត្បូងឃ្មុំ និងខេត្តបាត់ដំបង ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយមានបំណងត្រឡប់មកកម្ពុជាវិញ។

ពលករ-ពលការិនី ទាំង ៧នាក់ បានមកដល់កម្ពុជាវិញចន្លោះពីថ្ងៃទី ០៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ីបានជួយសម្របសម្រួលរៀបចំមាតុភូមិនិវត្តន៍របស់ពលករនេសាទខ្មែរចំនួន ២នាក់ មានអាយុ ២៨ឆ្នាំ និង ៣៦ឆ្នាំ មកពីខេត្តកំពង់ធំ ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន ក្រោយពីទូកនេសាទដែលពួកគេធ្វើការ បានចូលក្នុងដែនដីទឹកឥណ្ឌូនេស៊ី។ ពលករទាំង ២នាក់នោះ បានត្រឡប់មកដល់កម្ពុជាវិញ​នៅល្ងាចថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨។

ជាមួយគ្នានេះដែរ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃប្រទេសចិនបានសហការជាមួយអាជ្ញាធរចិន ធ្វើអន្ដរាគមន៍ជួយស្រ្ដីខ្មែរចំនួន ១០នាក់ មានអាយុចន្លោះពី ១៩ឆ្នាំ ដល់ ៣៤ឆ្នាំ មកពីខេត្តកណ្ដាល កំពត កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ តាកែវ រតនគិរី ស្វាយរៀង និងរាជធានីភ្នំពេញ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតទៅរៀបការ និងស្នាក់នៅដោយខុសច្បាប់ជាមួយបុរសជនជាតិចិននៅប្រទេសចិន។

ស្រ្ដីរងគ្រោះទាំង ១០នាក់ខាងលើ បានបញ្ចូនមកដល់កម្ពុជាវិញជាបន្ដបន្ទាប់ នៅថ្ងៃទី១៣ ថ្ងៃទី១៨ និងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨៕

Share

Image
Image
Image