en     km
en     km

ស្ត្រី​ទណ្ឌិត​៦​នាក់​ទទួល​បានការ​សម្រាលទោស​ ក្នុង​បញ្ជី​ទណ្ឌិត​ស្ត្រី​៤៣​នាក់​

Share

ភ្នំពេញ៖ ក្រសួងយុត្តិធម៌​ និង​គណៈកម្មការ​ជាតិ​ លើកលែងទោស​ បាន​សម្រេច​ សម្រាលទោស​ ទណ្ឌិត​ស្ត្រី​៦​នាក់​ ពី​ក្នុង​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្ត្រី​៤៣​នាក់​ ដែល​បាន​ឆ្លងកាត់​ការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​។​

រូបតំណាង ។ រូបពី alamy
រូបតំណាង ។ រូបពី alamy

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​ អគ្គ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ បាន​បើក​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ​ កាលពី​ថ្ងៃ​ទី​២៥-២៦​តុលា​ ដោយ​ពិនិត្យ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ ដើម្បី​អនុគ្រោះ​ទោស​ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​អ៊ុំ​ ទូក​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក​ គឹ​ម​ សន្តិភាព​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ (Telegram)​ថា​ ក្រសួងយុត្តិធម៌​ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​សម្រេច​ បន្ធូរ​បន្ថយទោស​ទណ្ឌិត​ចំនួន​ ៨១​ នាក់​ ក្នុង​ចំណោម​នោះ​ ចំនួន​ ៧​នាក់​ត្រូវ​បាន​លើកលែងទោស​។​តាម​ លោក​ គឹ​ម​ សន្តិភាព​ ទណ្ឌិត​៨១​នាក់​នេះ​ គឺ​មាន​ស្ត្រី​៦​នាក់​ទទួល​បានការ​សម្រាលទោស​។​

​លោក​ គឹ​ម​ សន្តិភាព​៖«​ឆ្លង​តាម​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​យ៉ាង​តឹង​រឹង​ និង​ល្អិតល្អន់​នោះ​ គណៈកម្មការ​ថ្នាក់​ជាតិ​បាន​ឯកភាព​ស្នើ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​ចំនួន​ ៨៨​នាក់​ (​ស្រី​៦)​ ក្នុង​ចំណោម​៥៦០​នាក់​ ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ »​។​

​លោក​ គឹ​ម​ សន្តិភាព​ បន្ត​ថា​ គណៈកម្មការ​ជាតិ​បាន​ពិនិត្យ​បញ្ចប់​សំណើរ​របស់​គណៈកម្មការ​រាជធានី​ខេត្ត​ចំនួន​ ១៩​ និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ​ចំនួន​ ៤​ ដែល​រួម​ទណ្ឌិត​សរុប​ ស្នើ​អនុគ្រោះ​ទោស​ចំនួន​ ៥៦០​នាក់​ ក្នុង​ចំណោម​នោះ​មាន​ស្ត្រី​៤៣​នាក់​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូប​នេះ​ បាន​អះអាង​ថា​ ការ​សម្រេច​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​ ទាំងអស់​មិន​ជាប់​ពាក់ព័ន្ធ​និន្នាការ​នយោបាយ​ឡើយ​ ពោល​គឺ​អាស្រ័យ​លើ​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​តែ​ប៉ុណ្ណោះ​។​

​លោក​ គឹ​ម​ សន្តិភាព​៖«​មាន​សំណួរ​ច្រើន​ទាក់ទង​នឹង​ច​ម្ង​ល់​ថា​ តើ​មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ស្នើ​អនុគ្រោះ​ទោស​ឬទេ​?​  ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ ក្នុង​សាលក្រម​នីមួយៗ​ពុំ​មាន​ព​ត៌​មាន​ទាក់ទង​នឹង​និន្នាការ​នយោបាយ​របស់​ទណ្ឌិត​នោះ​ទេ​ ព្រោះ​ច្បាប់​ត្រូវ​បាន​អនុវត្តន៍​គ្រប់​ជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ ហេតុនេះ​ការ​អនុគ្រោះ​ទោស​ក៏​មិន​សំដៅ​ទៅ​លើ​និន្នាការ​នយោបាយ​របស់​ទណ្ឌិត​នោះ​ដែរ​ គឺ​អាស្រ័យ​លើ​លក្ខ​ខ័​ណ្ឌ​ដែល​មាន​ចែក​ក្នុង​ច្បាប់​តែ​ប៉ុណ្ណោះ​»​។​

​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​មាន​៣​លើក​ក្នុង​មួយ​ឆ្នាំ​គឺ​ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​អ៊ុំ​ ទូក​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ ពិធី​ចូល​ឆ្នាំ​ខ្មែរ​ និង​ចេញ​ព្រះ​វស្សា​។​

​ការ​ពិនិត្យ​ មាន​លក្ខណៈ​ម៉ត់ចត់​នេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​សម្ដេច​ ហ៊ុន​ សែន​កាលពី​ឆ្នាំទៅ​មិ​ញ​ បាន​ ព្រមាន​ពី​ការ​ លើកទោស​ទណ្ឌិត​ ដោយ​ខ្វះ​ការ​ពិចារណា​ ច្បាស់លាស់​នាំ​ឱ្យ​មានការ​លើកលែងទោស​ចំ​ទណ្ឌិត​ ដែល​មិន​បាន​កែខ្លួន​ត្រឹមត្រូវ​ ហើយ​នាំ​ឱ្យ​មានការ​បង្ក​អសន្តិសុខ​សង្គម​ថែម​ទៀត​៕

 

Share

Image
Image
Image