en     km
en     km

ស្ត្រី​ចូលរួម​ក្នុង​វិស័យ​មុខងារសាធារណៈ​មាន​តែ​ ៣៩%​ ប៉ុណ្ណោះ​ បើ​ធៀប​នឹង​បុរស​

Share

cover-workshop-women
ភ្នំពេញ​៖​ នា​ពេល​បច្ចុប្បន្ន​នេះ​ ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​មុខងារសាធារណៈ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅឡើយ​ គឺ​មាន​ត្រឹម​ ៣៩%​ ប៉ុណ្ណោះ​ បើ​ធៀប​ទៅ​នឹង​បុរស​ក្នុង​តួនាទី​ ឬ​តំណែង​ក្នុង​វិស័យ​មុខងារសាធារណៈ​នេះ​ដូច​គ្នា​។​

​ចំនួន​នៃ​ការ​ចូលរួម​របស់​ស្ត្រី​មាន​កម្រិត​ទាប​នេះ​ មិន​អាច​ធ្វើ​ឱ្យ​មាន​សមភាព​យេ​ន​ឌ័​រ​ក្នុង​ការ​សម្រេចចិត្ត​ផ្សេងៗ​ទាក់ទង​វិស័យ​មុខងារសាធារណៈ​របស់​រាជរដ្ឋាភិបាល​បាន​ឡើយ​។​ នេះ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​មុខងារសាធារណៈ​ ក្នុង​សិ​ន្និ​សី​ទ​ថ្នាក់​ជាតិ​ស្តី​អំពី​ស្ត្រី​លើក​ទី​បី​ នា​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នេះ​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ រាជធានី​ភ្នំពេញ​។​

​លោក​ ហ៊ឹ​ម​ ថុ​ក​លឹ​ម​ អនុប្រធាន​នាយកដ្ឋាន​មណ្ឌល​ធនធាន​អាស៊ាន​-​កម្ពុជា​ និង​ សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​មុខងារសាធារណៈ​ មាន​ប្រសាសន៍​ថា​ គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ​ ២០១៥​ កន្លង​ទៅ​ ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​មុខងារសាធារណៈ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។​

​លោក​ថា​ កត្តា​ដែល​នាំ​ឱ្យ​ស្ត្រី​មានការ​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ​មាន​កម្រិត​ទាប​នេះ​ ដោយសារ​ស្ត្រី​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​នានា​ទូលំទូលាយ​ពី​សង្គម​កម្ពុជា​ ជា​ពិសេស​ស្ត្រី​ដើរតួ​នាទី​ច្រើន​នៅ​ក្នុង​គ្រួសារ​ ការ​លើកទឹកចិត្ត​ដល់​ស្ត្រី​នៅ​មាន​កម្រិត​ ព្រមទាំង​ស្ត្រី​ខ្លួនឯង​ មិន​ព្រម​ផ្ដល់​ឱកាស​ឱ្យ​ខ្លួន​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ​។​

Him-Thoklim
​លោក​ ហ៊ឹ​ម​ ថុ​ក​លឹ​ម

លោក​ ហ៊ឹ​ម​ ថុ​ក​លឹ​ម​ បាន​បន្ត​ទៀត​ថា​ ដើម្បី​ឱ្យ​មាន​វត្តមាន​ស្ត្រី​ក្នុង​ការ​សម្រេចចិត្ត​ស្មើនឹង​បុរស​ ស្ត្រី​ត្រូវ​តែ​រៀន​ ផ្តល់​ឱកាស​ដល់​ខ្លួនឯង​ឱ្យ​បាន​ច្រើន​ ដោយ​លះបង់​ភាព​ខ្មាស​អៀន​ និង​គំនាប​ទាំងឡាយ​ដែល​មាននៅ​ក្នុង​សង្គម​ខ្មែរ​។​ លោក​ថា​ រដ្ឋាភិបាល​នឹង​ជំរុញ​ឱ្យ​មាន​វត្តមាន​ស្ត្រី​កាន់​ច្រើន​ក្នុង​វិស័យ​មុខងារសាធារណៈ​របស់​រដ្ឋ។​ ក្នុង​នោះ​ដែរ​រដ្ឋាភិបាល​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ផ្សេងៗ​ដល់​ស្ត្រី​ឱ្យ​មាន​តួនាទី​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់​ ឱ្យមាន​សមត្ថភាព​កាន់តែ​ប្រសើរ​ឡើង​ ដើម្បី​ចូលរួម​ធ្វើ​កិច្ចការ​ និង​ការ​សម្រេចចិត្ត​រួម​គ្នា​ជាមួយ​បុរស​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​ លោកស្រី​ ចាន់​ សុធា​វី​ អគ្គលេខាធិការ​ង​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​ មាន​ប្រសាសន៍​ថា​  វត្តមាន​របស់​ស្ត្រី​នៅ​ក្នុង​ការ​សម្រេចចិត្ត​នៅ​ក្នុង​កិច្ចការ​ក្រសួង​-​ស្ថាប័នរដ្ឋ​ ឬ​វិស័យ​ផ្សេងៗ​ពិតជា​សំខាន់​ និង​មិន​អាច​ខ្វះ​បាន​ឡើយ​។​ លោកស្រី​ ចាន់​ សុធា​វី​ បាន​សង្កត់ធ្ងន់​ថា​ នៅ​ពេល​ដែល​ស្ត្រី​មាន​ភាព​ក្លា​ហ៊ាន​ មានចំណេះ​ដឹង​ខ្ពស់​ ស្ត្រី​អាច​បំពេញ​កិច្ចការ​បាន​យ៉ាង​ប្រសើរ​ ស្ទើរ​គ្រប់​វិស័យ​ទាំងអស់​ ក្នុង​នោះ​អ្វី​ដែល​សំខាន់​បំផុត​ស្ត្រី​អាច​សម្រេចចិត្ត​ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច​ និង​ នយោបាយ​នៅ​ក្នុង​សង្គម​។​

​សូម​ជម្រាប​ថា​ សន្និសីទ​ថ្នាក់​ជាតិ​ស្តី​អំពី​ស្ត្រី​លើក​ទី​បី​នេះ​ ធ្វើ​ឡើង​ក្រោម​ប្រធានបទ​៖​ «​ការ​ធ្វើ​ឱ្យ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​ដំណើរការ​សម្រាប់​ស្ត្រី​ និង​ក្មេង​ស្រី​នៅ​ប្រទេស​កម្ពុជា​»​។​ សន្និសីទ​ថ្នាក់​ជាតិ​ស្តី​អំពី​ស្ត្រី​នេះ​ មាន​ក្នុង​គោលបំណង​ ផ្តល់​ទម្រង់​សកម្មភាព​ថ្នាក់​ជាតិ​ ជំរុញ​ឱ្យ​មាន​សមភាព​យេ​ន​ឌ័​រ​ និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​ និង​ក្មេង​ស្រី​ ស្រប​តាម​អាទិភាព​ថ្នាក់​ជាតិ​សំខាន់ៗ​ ដូច​មាន​ចែង​ក្នុង​នារីរតនៈ​ ទី​៤​ និង​គោលដៅ​ទី​៥​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕​

Share

Image
Image
Image