en     km
en     km

ស្ត្រីពិការនៅតែជាគោលដៅនៃការប្រមាថ និងរើសអើងក្នុងសង្គម(មានសំឡេង)

Share

ភ្នំពេញ៖ ស្រ្ដី និងក្មេងស្រីដែលពិការភាពមួយចំនួន កំពុងតែរងគ្រោះដោយសារអំពើហិង្សា និងការរើសអើង ។ការរើសអើង និងអំពើហិង្សាដែលកើតមានទៅលើពួកគេនេះ  ដោយសារតែក្រុមគ្រួសារ និងសហគមន៍មួយចំនួន ប្រកាន់ជំនឿអវិជ្ជមានជ្រុលចំពោះពិការភាពរបស់ពួកគេ។ កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍!

 

អង្គការធ្វើការងារលើសកម្មភាព និងការអភិវឌ្ឍន៍អន្ដរជាតិ (ADD )បង្ហាញថា ស្រ្ដី និងក្មេងស្រីជាជនពិការកំពុងចង់បានការយកចិត្តទុកដាក់ពីក្រុមគ្រួសារ និងសហគមន៍ឱ្យទទួលយកពួកគេដូចទៅនឹងអ្នកដែលមិនពិការភាពផងដែរ។

ការលើកឡើងនេះធ្វើឡើងនៅក្នុងសិក្ខាសាលាមួយនិយាយអំពីការរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ភាពថ្លៃថ្នូររបស់ស្រ្ដីនិងក្មេងស្រី នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៣ វិច្ឆិកា នេះ។

អង្គការADD រកឃើញថា ការប្រមាថនិងការរើសអើងពួកគេកើតមានពីសំណាក់ក្រុមគ្រួសារ និងសហគមន៍មួយដែលបានពួកគេបានរស់នៅជាមួយ។

មានវត្តមាននៅក្នុងពិធីនេះ អ្នកស្រី សៀង សុខច័ន្ទ ពិការអង្គុយលើរទេះរុញ បានឱ្យដឹងថា បញ្ហាដែលអ្នកស្រីធ្លាប់បានជួបប្រទះ គឺ ការរើសអើងពីសំណាក់សង្គម។

អ្នកស្រី សៀង សុខច័ន្ទ ៖ «ខ្ញុំបានមករៀនវគ្គជំនាញខាងកាត់ដេរនៅភ្នំពេញ ពេលនោះខ្ញុំអត់បានទទួលការឧបត្ថម្ភក្រុមគ្រួសារទេ ហើយខ្ញុំបានតាំងចិត្តខ្លួនឯងថា ទោះបីខ្ញុំស្លាប់ ឬក៏ខ្ញុំរស់ វាជាខ្សែជីវិតរប​ស់ខ្ញុំ ខ្ញុំត្រូវតែខំអោយអស់ពីលទ្ធភាព។ ក្រោយមកខ្ញុំក៏មានជំនាញហ្នឹង ប៉ុន្ដែខ្ញុំខ្វះទីផ្សារ ដល់ពេលខ្ញុំដើរសុំការងារគេធ្វើ គេអត់យក»

តាមឱ្យដឹងពីអ្នកស្រី សៀង សុខច័ន្ទ  អ្នកស្រីក៏ធ្លាប់បានទទួលការរើសអើង និងហិង្សាពីសំណាក់ក្រុមគ្រួសារផងដែរ។

អ្នកស្រី សៀង សុខច័ន្ទ៖«និយាយទៅខ្ញុំមានឧបសគ្គគ្រួសារទៀត ខ្ញុំមានប្ដី ដូចថា ប្ដីគាត់តែងគិតថា ខ្ញុំពិការចឹងពេលកើតកូនមកពិការដែរហើយ គាត់អត់ចង់អោយមាន ហើយដល់ពេលខ្ញុំទម្ងន់ទៅ ម្ដាយក្មេកខ្ញុំគាត់គិតថា ពិការចឹងធ្វើអីអត់កើត ហើយណាមួយទៀតពិបាកចិញ្ចឹម ហើយខ្លាចកូនកើតមកពិការដែរ គាត់តែងតែព្យាយាមបំបែកបំបាក់ប្ដីអោយទៅការប្រពន្ធមួយទៀត ហើយយើងក៏បានលែងលះគ្នា រាល់ថ្ងៃហ្នឹងខ្ញុំចិញ្ចឹមកូនពីរតែម្នាក់ឯង »។

អ្នកស្រី សៀង សុខច័ន្ទ បច្ចុប្បន្នជាប្រធានអង្គការវេទិកាស្រ្ដីពិការខេត្តបាត់ដំបង។

អ្នកស្រី សៀង សុខច័ន្ទ បានសំនូមពរឱ្យអ្នកនៅជុំវិញខ្លួន ផ្ដល់ការពារ និងលើទឹកចិត្តទៅដល់ក្រុមស្រ្ដីដែលមានបញ្ហាដូចជាអ្នកស្រី។

អ្នកស្រី សៀង សុខច័ន្ទ ៖«ច៎ានិយាយទៅការបាក់ទឹកចិត្តវាសំខាន់ហើយពិបាកខ្លាំងមែនទែន សម្រាប់ខ្ញុំពេលដែលខ្ញុំពិការចឹងគេថា ជាកម្មពៀរ ចឹងបើសិនខ្ញុំជាកម្មពៀរដូចអ្នកទាំងអស់គ្នានិយាយមែន សូមអោយខ្ញុំទទួលត្រឹមប៉ុណ្ណឹងចុះ កុំអោយខ្ញុំ ទទួលទៅមុខបន្ដទៀតទេ»។

ទន្ទឹមនឹងនេះដែរ អ្នកស្រី តោ ចិន្ដា ពិការអង្គុយលើរទេះរុញដែរនោះ បានឱ្យដឹងថា គាត់ក៏ទទួលបានការរើសអើងពីសង្គម និងពីសំណាក់គ្រួសារផងដែរ។

អ្នកស្រី តោ ចិន្ដា៖«បងប្អូន នៅពេលដែលខ្ញុំពិកាគឺមើលងាយថាខ្ញុំពិការចឹងទៅណាវាពិបាក ហើយពេលដែលខ្ញុំទៅផ្សារអីគេក៏ស្អប់ខ្ពើមខ្ញុំដែរ»។

ជុំវិញការរើសអើងចំពោះស្រ្ដីដែលពិការភាពនេះដែរ លោក ស្រី វណ្ណថុន នាយកអង្គការលើសកម្មភាពនិងការអភិវឌ្ឍន៍ ADD បានឱ្យដឹងថា​ តាមរយៈការធ្វើការងារជិតដិតជាមួយបុរស និងស្រ្ដីមានពិការភាព លោកបានកត់សម្គាល់ឃើញថា គម្លាតផ្នែកសមភាព និងសមធម៌ រវាងជនពិការ និងជ​នមិនពិការនៅតែជាកង្វល់មួយរបស់សង្គមជាតិ ។

លោក ស្រី វណ្ណថុន ៖ «បច្ចុប្បន្នបងប្អូនជាជនពិការ​ ជាពិសេសស្រ្ដីនិងក្មេងស្រីពិការមួយចំនួន កំពុងរងគ្រោះដោយអំពើហិង្សា តាមគ្រប់រូបភាព ហើយពួកគេមិនទាន់ទទួលបាននូវការយកចិត្តទុកដាក់ជួយសង្រ្គោះក៏ដូចជួយការពារ ដោយសារតែក្រុមគ្រួសារ សហគមន៍មួយចំនួន ប្រកាន់ជំនឿនអវិជ្ជមានចំពោះស្រ្ដី ចំពោះពិការភាព និងចំពោះអំពើហិង្សាក្នុងគ្រួសារ»។

នាយកអង្គការអន្ដរជាតិ ADD លើកឡើងទៀតថា ការលើកទឹកចិត្ត និងការផ្ដល់ឱកាសទៅដល់ស្រ្ដី និងកុមារី ជារឿងសំខាន់ តែទន្ទឹមនឹងនោះ ស្រ្ដី និងកុមារីដែលស្ថិតនៅក្នុងស្ថានភាពពិការភាពរឹតតែត្រូវការចាំបាច់នូវការយកចិត្តទុកដាក់ និងការផ្ដល់ឱកាសពីសង្គម។

ជុំវិញរឿងនេះ មន្រ្ដីម្នាក់តំណាងក្រសួងកិច្ចការនារី លោក ស្រី ហួរ សាមិត្ត ឱ្យដឹងថា  រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំបន្ដ ជួយ ដល់ស្រ្ដី និងកុមារី ដែលជាជនពិការទាំងនោះ តាមរយៈការបង្កើតក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្ដី។ តែទោះយ៉ាងណាលោកស្រី ក៏ទទួលស្គាល់ថា អំពើហិង្សាទៅលើស្រ្ដី​ និងស្រ្ដីដែលពិការភាពនៅតែកើតមាន។

លោក ស្រី ហួរ សាមិត្ត ៖«យើងមានច្បាប់ គោលនយោបាយ ផែនការសកម្មភាព ផែនការយុទ្ធសាស្រ្ដសំបូរបែបនៅក្នុងការអនុវត្តក៏ដោយ ក៏បញ្ហាអំពើហិង្សានៅក្នុងគ្រួសារ អំពើហិង្សាលើស្រ្ដី ការរំលោភបំពានផ្លូវភេទ នៅតែកើតមានជាហូរហែរ​ដែលគួរឲ្យកត់សម្គាល់  »។

តាមការអង្កេតប្រជាសាស្រ្ដ និងសុខភាព ឆ្នាំ ២០១៤ បានបង្ហាញថា ស្រ្ដី ២១ភាគយ អាយុ ១៥ឆ្នាំ ដល់ ៤៩ឆ្នាំ ធ្លាប់ទទួលរងអំពើហិង្សាលើផ្លូវរាងកាយ ។ ស្រ្ដីអាយុពី ១៥ ឆ្នាំដល់ ៤៩ឆ្នាំ ចំនួន ៦ភាគរយ ធ្លាប់ទទួលរងអំពើហិង្សាផ្លូវភេទ។

ស្រ្ដី ៣១ ភាគរយ ធ្លាប់រៀបការហើយមានអាយុពី១៥ ដល់ ៤៩ឆ្នាំ ធ្លាប់ទទួលរងអំពើហិង្សាពីស្វាមី ឬដៃគូររបស់គាត់។រីឯការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកឆ្នាំ ២០១៥ ក៏បានបង្ហាញថា ម្នាក់ក្នុងចំណោម ៥នាក់ នៃស្រ្ដីដែលធ្លាប់មានដៃគូពីអាយុ ១៥ឆ្នាំ ដល់ ៦៤ឆ្នាំ ធ្លាប់ទទួលរងអំពើហិង្សាផ្លូវកាយនិងផ្លូវភេទ។ផ្អែកតាមការស្រាវជ្រាវទណ្ឌកម្មត្រីគុណAusAid ក្នុងឆ្នាំ ២០១៣ បានបង្ហាញថា ស្រ្ដីពិការ ២៥ភាគរយ ទទួលរងអំពើហិង្សាផ្លូវកាយពីសមាជិកគ្រួសារ។

តាមរយៈរបាយការណ៍នេះស្រ្ដីដែលពិការទទួលរងអំពើហិង្សាផ្លូវកាយច្រើនជាស្រ្ដីមិនពិការ គឺផ្លូវចិត្តមាន ៥២.៥ភាគរយ និងហិង្សាផ្លូវភេទ ៥.៧ភាគរយ។ បើនិយាយអំពីផលប៉ះពាល់នៃអំពើហិង្សា ១ភាគ ៤  នៃស្រ្ដីពិការដែលទទួលរងអំពើហិង្សាក្នុងគ្រួសារ មានជម្ងឺផ្លូវកាយ ឬចុះស្គម ។ ស្រ្ដី ៦៦ ភាគរយមានការថប់បារម្ភ ភ័យខ្លាច និងធ្លាក់ទឹកចិត្ត ។ទន្ទឹមនឹងនេះ ស្រ្ដី​៦៨ ភាគរយ គេងមិនសូវលក់ ។ ដោយឡែក ស្រ្ដី ១២ភាគរយ ចង់ធ្វើអត្ដឃាត៕

 

 

 

 

 

 

 

Share

Image
Image
Image