en     km
en     km

ស្ដ្រី​ ជា​គោលដៅ​ ប្រឈម​ការ​លួងលោម​ និង​ការ​ដាក់​សម្ពាធ​ពី​បុរស​ ឲ្យ​ព្រម​រួម​ភេទ​នៅ​ថ្ងៃ​ទិវា​ នៃ​ក្ដី​ស្រឡាញ់​

Share

​ភ្នំពេញ​ ៖​ ការ​ស្រាវជ្រាវ​ របស់​អ្នក​សិក្សា​ពី​ ថ្ងៃ​ទិវា​ នៃ​ក្ដី​ស្រឡាញ់​ ប្រចាំ​ប្រទេស​កម្ពុជា​ ចន្លោះ​ឆ្នាំ​២០០៩​ ដល់​ឆ្នាំ​២០១៤​ រក​ឃើញ​ថា​ បុរស​ដែល​មាន​គូសង្សារ​ ភាគច្រើន​បាន​ត្រៀម​ដើម្បី​លួងលោម​ និង​ដាក់​សម្ពាធ​ទៅ​លើ​ស្ដ្រី​ ដែល​ជា​សង្សារ​របស់​ពួក​គេ​ ឲ្យ​យល់ព្រម​រួម​ភេទ​នៅ​ថ្ងៃ​ ទិវា​ នៃ​ក្ដី​ស្រឡាញ់​។​ ត្រង់​ចំណុច​នេះ​ នាយិកា​ប្រតិបត្ដិ​អង្គការ​ សីល​កា​ មាន​ក្ដី​ព្រួយបារម្ភ​ការ​យល់​ខុស​ពី​អត្ថន័យ​ ថ្ងៃ​ទិវា​ នៃ​ក្ដី​ស្រឡាញ់​ របស់​យុវជន​ខ្មែរ​ ដែល​នាំ​ឲ្យ​ស្ដ្រី​ត្រូវ​ខូចអនាគត​។​ ចំណែក​អ្នក​ស្រាវជ្រាវ​ ទិវា​ នៃ​ក្ដី​ស្រា​ឡាញ់​ យល់​ថា​ ទាំង​អាណាព្យាបាល​ និង​អាជ្ញាធរ​ គួរ​បង្កើន​ការ​អប់រំ​ និង​ទប់ស្កាត់​ ភាព​ជ្រើម​ជ្រួល​របស់​យុវជន​។

សូម​អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ ដោយ​លោក​ លៀ​ ស៊ី​ណា​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ ៖

 

​ទិវា​ នៃ​ក្ដី​ស្រឡាញ់​ ឬ​ហៅ​ថា​ ថ្ងៃ​បុណ្យ​ នៃ​សេចក្ដី​ស្រឡាញ់​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ “Valentine​ Day”​។​ ទិវា​មួយ​នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ នៅ​រៀងរាល់ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​។​ ទិវា​ នៃ​ក្ដី​ស្រឡាញ់​ គឺជា​វប្បធម៌​ របស់​ពួក​លោក​ខាងលិច​ ដែល​មាន​ប្រវត្ដិ​ជា​យូរ​មក​ហើយ​ ។​ គេ​ចង​ចាំ​ទិវា​នេះ​ ដើម្បី​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ ពី​មនុស្ស​ម្នាក់​ ទៅ​កាន់​មនុស្ស​ម្នាក់​ម្នាក់​ទៀត​ ដោយ​ការ​ប្រគល់​របស់​ជា​អនុស្សាវរីយ៍​ ឬ​ក៏​ផ្កា​ តំណាង​ នៃ​ទឹកចិត្ដ​ដែល​មាន​ចំពោះ​គ្នា​។​ វប្បធម៌​ មួយ​នេះ​ ពិតជា​មាន​ឥទ្ធិពល​ណាស់​ ព្រោះ​វា​ បាន​ជ្រាប​ទៅ​ដល់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ នៅ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​។​

​ថ្វី​ត្បិត​តែ​ វប្បធម៌​ ទិវា​ នៃ​ក្ដី​ស្រឡាញ់​ មិន​ត្រឹម​ទើបតែ​មក​ដល់​ក្នុង​ប្រទេស​កម្ពុជា​ ថ្មីថ្មោង​ក្ដី​ ក៏​ប៉ុន្ដែ​សម្រាប់​ការ​មើលឃើញ​ពី​ប្រធាន​អង្គការ​សង្គម​ស៊ី​វិល​ គ្រូបង្រៀន​ និង​អ្នក​ស្រាវជ្រាវ​ ពី​ទិវា​ នៃ​ក្ដី​ស្រឡាញ់​នេះ​ សុទ្ធតែ​យល់​ដូចៗ​ គ្នា​ថា​ យុវជន​ខ្មែរ​ភាគច្រើន​ មិន​ទាន់​បាន​យល់​ច្បាស់លាស់​ពី​អត្ថន័យ​ នៃ​ទិវា​នេះ​នៅឡើយ​ ហើយ​មិនតែប៉ុណ្ណោះ​ ពួក​គេ​បាន​ប្រព្រឹត្ដ​ទ​ង្វើ​ឈាន​ដល់​ការ​រួម​ភេទ​ ដោយ​យក​ ទិវា​ របស់​បរទេស​មួយ​នេះ​ មក​ធ្វើ​ជា​សំអាង​។​

យុវវ័យថ្ងៃទិវា នៃក្ដីស្រឡាញ៉ ប្រភពរូបភាពពី Google

 

​ការ​រក​ឃើញ​របស់​លោក​ តុង​ សុ​ប្រាជ្ញ​ អ្នក​ស្រាវជ្រាវ​ ពី​ទិវា​នៃ​ក្ដី​ស្រឡាញ់​ ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៤​ មាន​ចំណងជើង​ថា​ “​ស្នេហា​ និង​ទំនាក់ទំនង​ផ្លូវភេទ​”​ ដែល​សិក្សា​ពិនិត្យ​ឡើង​វិញ​ នូវ​បទ​ពិសោធន៍​ និង​ការ​រៀបចំ​ផែនការ​របស់​យុវវ័យ​ ដែល​មានទ្រព្យ​សម្បត្ដិ​បង្គួរ​រស់នៅ​ទីក្រុង​ភ្នំពេញ​ សម្រាប់​ទិវា​ នៃ​ក្ដី​ស្រឡាញ់​។​ លោក​ តុង​ សុ​ប្រាជ្ញ​ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ ពី​ ទិវា​ នេះ​នៅ​រៀង​រាល់​ ៥​ឆ្នាំ​ម្ដង​។​ អ្នក​ស្រាវជ្រាវ​រូប​នេះ​ បាន​កំណត់​យក​ យុវវ័យ​មាន​អាយុ​ចន្លោះ​ពី​ ១៥​ ឆ្នាំ​ ទៅ​ដល់​ ២៤​ឆ្នាំ​ ដើម្បី​ធ្វើ​បទ​សម្ភាសន៍​។​

​របាយការណ៍​ “​ស្នេហា​ និង​ទំនាក់ទំនង​ផ្លូវភេទ​”​ ថ្ងៃ​ទិវា​ នៃ​ក្ដី​ស្រឡាញ់​ បាន​បញ្ជាក់​ថា​ យុវជន​មួយ​ភាគ​ធំ​ បាន​ផ្លាស់​ប្ដូរ​ អាកប្បកិរិយា​ ជ្រើម​ជ្រួល​ក្នុង​ការ​ទិញ​ផ្កា​ ឬ​របស់​អនុស្សាវរីយ៍​ ដើម្បី​ជូន​មិត្ដ​ស្ដ្រី​របស់​ខ្លួន​។​ ក៏​ប៉ុន្ដែ​បំណង​ នៃ​ការ​រួម​ភេទ​ជាមួយ​មិត្ដ​ស្ដ្រី​របស់​ពួក​គេ​ គឺ​មិន​បាន​ថយ​ចុះ​ឡើយ​ ។​ ត្រង់​ចំណុច​នេះ​វា​បាន​ក្លាយជា​កត្ដា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ ពី​ការ​ប៉ះពាល់​ដល់​កិត្ដិយស​ អនាគត​ ការ​ឆ្លង​រោគ​ និង​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ ។​

​បុរស​ដែល​ត្រូវ​បាន​សម្ភាសន៍​ នៅ​ក្នុង​របាយការណ៍​នេះ​បាន​និយាយ​ថា​ ៖«​ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​នាង​ ថា​ ប្រសិនបើ​យើង​មិន​រួម​ភេទ​ គឺ​យើង​មិន​មាន​ស្នេហា​ស្មោះត្រង់​ និង​គ្នា​ទេ​ ដើម្បី​រួម​ភេទ​ជាមួយ​នាង​»«​ខ្ញុំ​នឹង​ដាក់​សម្ពាធ​ទៅ​នាង​ដើម្បី​ឲ្យ​យល់ព្រម​រួម​ភេទ​»​។​ «​ខ្ញុំ​នឹង​យក​នាង​ទៅ​ក្រៅ​ក្រុង​ហើយ​ស្ងាត់​ ដើម្បី​រួម​ភេទ​ ខ្ញុំ​នឹង​ឲ្យ​វត្ថុ​ដែល​មាន​តម្លៃ​ដើម្បី​រួម​ភេទ​ជាមួយ​នាង​»​។​

​ពាក់ព័ន្ធ​រឿង​នេះ​ លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្ដិ​អង្គការ​សីល​ការ​ ដែល​ជា​ស្ដ្រី​ខ្មែរ​ល្បីឈ្មោះ​មួយ​រូប​ ក្នុង​កិច្ចការ​សង្គម​ ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ ឲ្យ​ស្មើមុខ​ ស្មើ​មាត់​ជាមួយ​បុរស​ ជំរុញ​ឲ្យ​មាន​តួនាទី​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​ និង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​នានា​ មាន​ប្រសាសន៍​ថា​ យុវវ័យ​ខ្មែរ​ភាគច្រើន​ បាន​យល់​ខុស​ពី​អត្ថន័យ​ ទិវា​ នៃ​ក្ដី​ស្រឡាញ់​ ហើយ​ពួក​គេ​បាន​យក​វា​មក​អនុវត្ដ​ ប្រាស់ចាក​ពី​ទិស​ដៅ​ពិតប្រាកដ​ នៃ​ទិវា​នេះ​។​

លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្ដិអង្គការសីលការ

លោកស្រី​ ធីតា​ ឃឹះ​ ៖«​យុវវ័យ​របស់​យើង​ យក​វប្បធម៌​របស់​គេ​ដូច​ជា​ថ្ងៃ​បុណ្យ​សង្សារ​ហ្នឹង​ មក​អនុវត្ដ​ដោយ​មិន​ចំ​ទិស​ដៅ​ពិតប្រាកដ​ទេ​។​ តាម​ពិត​ទៅ​ថ្ងៃ​បុណ្យ​សង្សារ​ ឬ​ហៅ​ថា​ Valentine​ day​ ហ្នឹង​ គឺជា​ទិវា​នៃ​ក្ដី​ស្រឡាញ់​ អ​ញ្ចឹ​ង​ទៅ​វា​មិនមែន​ជា​ថ្ងៃ​ដែល​យើង​ត្រូវ​រួម​ភេទ​ ឬ​ក៏​ត្រូវ​មាន​សង្សារ​ ដើម្បី​ឲ្យ​បាន​ពេញលេញ​ជា​មនុស្ស​ និង​គេ​នោះ​ទេ​។​ អ​ញ្ចឹ​ង​ស្រឡាញ់​ យើង​អាច​ស្រឡាញ់​ជា​បងប្អូន​ មិត្ដភក្ដិ​ ឪពុក​ ម្ដាយ​ អី​អ​ញ្ចឹ​ង​ទៅ​។​ នេះ​គឺជា​រឿង​មួយ​ដែល​យើង​យល់​មិន​បាន​ស៊ីជម្រៅ​ ហើយ​យើង​បាន​ធ្វើ​ដោយ​មិន​ចំ​ទិស​ដៅ​មែនទែន​»​។​

​ជា​និច្ចកាល​ ស្ដ្រី​តែងតែ​ត្រូវ​បាន​រង​ការ​រិះគន់​យ៉ាង​ជា​ខ្លាំង​ គឺ​មិន​ថា​ ស្ដ្រី​ដែល​ត្រូវ​លួងលោម​ ដាក់​សម្ពាធ​ ឬ​ក៏​បង្ខំ​ ឲ្យ​ទទួលយក​ការ​រួម​ភេទ​ពី​បុរស​នោះ​ឡើយ​ គេ​តែងតែ​ឮ​ ពាក្យ​តេះ​ដៀល​ និង​ការ​ដាក់​កំហុស​ បន្ទាប​តម្លៃ​ លើ​ស្ដ្រី​ ពី​មាត់​ចាស់ទុំ​ ញាតិ​ជិតខាង​ក្នុងភូមិ​ស្រុក​ ពិសេស​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​ បាន​ពិពណ៌នា​ពី​ បញ្ហា​ស្ដ្រី​ រង​ការ​កេង​ចំណេញ​ផ្លូវភេទ​ មក​ធ្វើ​ជា​ការ​សើច​សប្បាយ​ និង​ប្រើ​ពាក្យ​ដែល​ស្ដាប់​ទៅ​ហាក់ជា​ការ​ បន្ថោក​ស្ដ្រី​ទៅ​វិញ​។​ បុគ្គល​មួយ​ចំនួន​ មិន​បាន​គិត​ថា​ ស្ដ្រី​ជា​ជង​រង​គ្រោះ​ ពី​ការ​កេង​ចំណេញ​ផ្លូវភេទ​ ឡើយ​ តែ​ពួក​គេ​បែរ​គិត​ថា​ ស្ដ្រី​ ជា​អ្នក​បើកដៃ​ឲ្យ​បុរស​ទៅ​វិញ​។​

​ទស្សន​មួយ​ លោកស្រី​ រស់​ សុភាព​ នាយិកា​ប្រតិបត្ដិ​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ (GAD/C)​ គឺ​មិន​គាំទ្រ​ឡើយ​ ចំពោះ​ការ​ដាក់បន្ទុក​ លើ​ស្ដ្រី​ដូចនេះ​។​ លោកស្រី​ បន្ដ​ថា​ សង្គម​គួរ​មើល​ស្ថានភាព​ជាក់ស្ដែង​ របស់​ស្ដ្រី​ មុន​ពេល​ដែល​ស្ដីបន្ទោស​ទៅ​លើ​ស្ដ្រី​ ដែល​ត្រូវ​បាន​បុរស​លួងលោម​ ដាក់​សម្ពាធ​ ឬ​ក៏​បង្ខំ​នាង​ ឲ្យ​ព្រម​រួម​ភេទ​។​

លោកស្រី រស់ សុភាព នាយិកាប្រតិបត្ដិអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា ហៅកាត់ថា (GAD/C)

 

​លោកស្រី​ រស់​ សុភាព​ ៖«​សង្គម​ទូទៅ​តែងតែ​ស្ដីបន្ទោស​ឲ្យ​ជន​រង​គ្រោះ​ ហើយ​យើង​គិត​មើល​ ជន​រង​គ្រោះ​គាត់​មិន​មាន​ លទ្ធភាព​ក្នុង​ការ​ឆ្លើយ​តប​ទេ​។​ អ​ញ្ចឹ​ង​ខ្ញុំ​ចង់​ឲ្យ​សង្គម​មើល​ត្រឡប់​ទៅ​វិញ​ទៅ​លើ​ការ​ស្ដីបន្ទោស​មក​ដាក់​ជន​រង​គ្រោះ​ហ្នឹង​»​។​

​ការ​រួម​ភេទ​មុន​ពេល​រៀប​ការ​ ត្រូវ​បាន​ចាស់ទុំ​ពី​បុរាណ​ ប្រកាន់ខ្ជាប់​តៗ​មក​ថា​ វា​ជា​កំហុស​ធ្ងន់ធ្ងរ​មួយ​ ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស​គ្រួសារ​ ។​ ចាស់ទុំ​ជំនាន់​មុន​ តែងតែ​ប្រដៅ​កូនចៅ​ របស់​ខ្លួន​ ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​នេះ​។​

​ជា​ញឹកញាប់​ បុរស​តែងតែ​ប្រើ​ពាក្យ​ “​ស្រឡាញ់​”​ ដើម្បី​ទទួល​បានការ​រួម​ភេទ​ បំពេញ​ចំណង់តណ្ហា​របស់​ខ្លួន​។​ ចំណែក​ស្ដ្រី​ តែងតែ​ក្លាយជា​ជន​រង​គ្រោះ​ ព្រោះ​ការ​ចង់​បង្ហាញ​ពី​ភក្ដីភាព​របស់​ខ្លួន​ ចំពោះ​បុរស​ជា​គូស្នេហ៍​។​ ត្រង់​ចំណុច​នេះ​ លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្ដិ​អង្គការ​ សីល​ការ​ ចង់​ឲ្យ​ស្ដ្រី​ ពង្រឹង​ជំហរ​របស់​ខ្លួន​ឡើង​វិញ​ និង​ត្រូវ​គិត​ថា​ «​បើ​បុរស​នោះ​ ពិតជា​ស្រឡាញ់​នាង​មែន​ គេ​និង​មិន​ទាមទា​ ការ​បង្ហាញ​ភក្ដីភាព​ ដោយ​ការ​រួម​ភេទ​មុន​រៀប​ការ​ឡើយ​»​។​ នាយិកា​ប្រតិបត្ដិ​អង្គការ​ សីល​ការ​ ចាត់​ទុក​ថា​ ការ​ប៉ុនប៉ង​រួម​ភេទ​ជាមួយ​ស្ដ្រី​ មុន​ពេល​រៀប​ការ​ គឺជា​ទ​ង្វើ​ប្រមាថ​ ដល់​កិត្ដិយស​ស្ដ្រី​។​

​លោកស្រី​ ធិ​តា​ ឃឹះ​ ៖«​អ​ញ្ចឹ​ង​ទៅ​ខ្ញុំ​ថា​នេះ​ គឺជា​រឿង​ដែល​ត្រូវ​យក​មក​ពី​ចារ​ណា​ ថា​ វា​មិន​ដូច​គ្នា​ទេ​ ហើយ​យើង​ជា​ស្ដ្រី​ត្រូវ​ដឹង​ខ្លួនឯង​ថា​ ដើម្បី​បាន​សេចក្ដី​ស្រឡាញ់​ត្រូវ​ទៅ​ធ្វើ​អ្វីខ្លះ​ មិន​ចាំបាច់​តែ​ទៅ​រួម​ភេទ​ បើ​គេ​មិន​គោរព​យើង​ គេ​មិន​ស្រឡាញ់​យើង​ទេ​»​។​

​ចំណែក​លោក​ តុង​ សុ​ប្រាជ្ញ​ អ្នក​ស្រាវជ្រាវ​ ពី​ទិវា​នៃ​ក្ដី​ស្រឡាញ់​ ប្រចាំ​ប្រទេស​កម្ពុជា​ ជា​ម្ចាស់​របាយការណ៍​ “​ស្នេហា​ និង​ទំនាក់ទំនង​ផ្លូវភេទ​”​ ថ្ងៃ​ទិវា​ នៃ​ក្ដី​ស្រឡាញ់​ បាន​ប្រាប់​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ ថា​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ សកម្មភាព​ឈូឆរ​ របស់​យុវវ័យ​ ក្នុង​ការ​ទិញ​ផ្កា​ ទិញ​របស់​អនុស្សាវរីយ៍​ ជូន​មិត្ដ​ស្រី​ របស់​ពួក​គេ​ មិន​មានការ​ផុសផុល​ដូច​កាលពី​ ៧-៨​ឆ្នាំ​មុន​ឡើយ​ ក៏​ប៉ុន្ដែ​សកម្មភាព​ដែល​យុវវ័យ​ នឹង​រួម​ភេទ​នៅ​ថ្ងៃ​ទី​១៤​ កុម្ភៈ​នោះ​ គឺ​មិន​បាន​ថយ​ចុះ​ឡើយ​។​

​អ្នក​ស្រាវជ្រាវ​ ពី​ទិវា​នៃ​ក្ដី​ស្រឡាញ់​ រូប​នេះ​ មើលឃើញ​ថា​ ការ​មិន​ថយ​ចុះ​កំណើន​យុវវ័យ​រួម​ភេទ​ថ្ងៃ​ទិវា​ នៃ​ក្ដី​ស្រឡាញ់​ គឺ​បណ្ដាល​មក​ពី​ភាព​ទូលាយ​ នៃ​រឿង​អាសអាភាស​ រូប​អាសអាភាស​ បាន​សាយភាយ​ពាស់ពេញ​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​។​ លោក​ តុង​ សុ​ប្រាជ្ញ​ បន្ដ​ថា​ រហូត​ដល់​ពេល​នេះ​ មាន​ស្ថាប័នរដ្ឋ​ តិច​តូច​បំផុត​ ដែល​បង្ហាញ​សកម្មភាព​ទប់ស្កាត់​ យុវវ័យ​ ប្រព្រឹត្ដ​ទ​ង្វើ​ដែល​ប្រាស់ចាក​ពី​ វប្បធម៌​ ប្រពៃណី​ របស់​ខ្មែរ​។​

​លោក​ តុង​ សុ​ប្រាជ្ញ​ ៖«​បន្ទាប់​ពី​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​មក​ ខ្ញុំ​ក៏​បាន​ចូលរួម​ក្នុង​ការ​បកស្រាយ​ទិន្នន័យ​ហ្នឹង​ បាន​ន័យ​ថា​ មាន​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អី​ជាដើម​ ជា​ពិសេស​គឺ​ក្រសួង​អប់រំ​ហ្នឹង​ គឺ​គាត់​ហាក់ដូចជា​ចេញ​មុខ​ក្នុង​ការ​តស៊ូ​ ក៏​ដូច​ជា​ចាត់វិធានការ​ធ្ងន់ៗ​ ទៅ​លើ​យុវវ័យ​ថ្ងៃ​ទិវា​ នៃ​ក្ដី​ស្រឡាញ់​ហ្នឹង​។​ អ​ញ្ចឹ​ង​នៅ​តែ​ស្ថាប័ន​អាជ្ញាធរ​ គាត់​ហាក់ដូចជា​ព្រងើយកន្ដើយ​ទៅ​វិញ​ អ​ញ្ចឹ​ង​ហើយ​ហ្នឹង​ជា​បញ្ហា​ដែល​យើង​ត្រូវ​តែ​គិតគូ​»​។​

លោក តុង សុប្រាជ្ញ អ្នកស្រាវជ្រាវ ពីទិវានៃក្ដីស្រឡាញ់ ប្រចាំប្រទេសកម្ពុជា  Facebook/Soprach A. Tong

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ កាលពី​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ បាន​ចេញ​វិ​ធនា​ការ​ប្រាប់​ទៅ​កាន់​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​ ឲ្យ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​របស់​យុវវ័យ​ក្នុង​ថ្ងៃ​ទិវា​ នៃ​ក្ដី​ស្រឡាញ់​។​ ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា​ នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទិវា​ នៃ​ក្ដី​ស្រឡាញ់​ បាន​ធ្វើ​ឲ្យ​យុវវ័យ​ខ្លះ​ ភ្លើតភ្លើន​ ភ្លេច​ការ​សិក្សា​ បាត់បង់​កិត្ដិយស​ សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន​ និង​ក្រុម​គ្រួសារ​ផង​ដែរ​ ។​ ទ​ង្វើ​ទាំងនោះ​ គឺ​បាន​ប្រាស់ចាក​ពី​វប្បធម៌​ និង​ប្រពៃណី​ ដ៏​ផូរផង់​របស់​ជាតិ​ ដែល​បុព្វបុរស​ខ្មែរ​ បាន​បន្សល់​ទុកជា​យូរលង់​ណាស់​មក​ហើយ​។​

​ក្រសួង​អប់រំ​ ប្រាប់​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ ឲ្យ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ​ ឲ្យ​យល់​បាន​ច្បាស់លាស់​ពី​អត្ថន័យ​ពិតប្រាកដ​របស់​ទិវា​មួយ​នេះ​។​ បន្ថែម​លើ​នេះ​គ្រប់​គ្រឹះស្ថានសាធារណៈ​ និង​ឯកជន​ ត្រូវ​អនុវត្ដ​បទបញ្ជាផ្ទៃក្នុង​របស់​ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់​ ត្រូវ​មាន​ទំនាក់ទំនង​ឲ្យ​បាន​ជិត​ស្និ​ទរ​វាង​អាណាព្យាបាល​សិស្ស​ ដើម្បី​សហការ​គ្នា​ អប់រំ​ ណែនាំ​ និង​កែ​លម្អ​សិស្សានុសិស្ស​ឲ្យ​បាន​ទាន់​ពេលវេលា​។​

រូបភាពពីរបាយការណ៍ “ស្នេហា និងទំនាក់ទំនងផ្លូវភេទ” ថ្ងៃទិវា នៃក្ដីស្រឡាញ់ រៀបចំដោយលោក តុង សុប្រាជ្ញ Facebook/Soprach A. Tong

ចំពោះ​វិធានការ​របស់​ក្រសួង​អប់រំ​នេះ​ លោក​ តុង​ សុ​ប្រាជ្ញា​ យល់​ថា​ ជា​វិធានការ​ដ៏​ល្អ​បំផុត​មួយ​ ដែល​បង្ហាញ​ពី​ការ​យកចិត្ដទុកដាក់​ ក្នុង​ការ​ទប់ស្កាត់​ភាព​ជ្រើម​ជ្រួល​ ពី​ការ​អនុវត្ដ​ខុស​ពី​ទិស​ដៅ​ពិតប្រាកដ​ ថ្ងៃ​ទិវា​ នៃ​ក្ដី​ស្រឡាញ់​។​ តែ​យ៉ាងណា​អ្នក​ស្រាវជ្រាវ​ ពី​ទិវា​នៃ​ក្ដី​ស្រឡាញ់​ រូប​នេះ​ គិត​ថា​ បើ​មាន​ត្រឹមតែ​ក្រសួង​អប់រំ​មួយ​ គឺ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​ លោក​យល់​ថា​ ក្រសួង​កិច្ចការ​នារី​ ក្រសួង​វប្បធម៌​ និង​អាជ្ញាធរ​ រាជធានី​ ក៏​មាន​សកម្មភាព​ ដើម្បី​ទប់ស្កាត់​ភាព​ភ្លើតភ្លើន​ របស់​យុវវ័យ​ ដែល​បាន​យល់​ច្រឡំ​ ថ្ងៃ​ទិវា​ នៃ​ក្ដី​ស្រឡាញ់​នេះ​ ថា​ជា​ថ្ងៃ​រួម​ភេទ​។​ លោក​ តុង​ សុ​ប្រាជ្ញ​ បញ្ជាក់​ថា​ រយៈពេល​ ២​ឆ្នាំ​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​ រាជធានី​ហាក់​មិន​បាន​ធ្វើការ​ទប់ស្កាត់​ទាល់តែ​សោះ​ ចំពោះ​សកម្មភាព​យុវវ័យ​ នៅ​ក្នុង​ថ្ងៃ​ទិវា​ នៃ​ក្ដី​ស្រឡាញ់​នេះ​។​

​លោក​ តុង​ សុ​ប្រាជ្ញា​ ៖«​រយៈពេល​ ២​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​គាត់​អត់​បាន​ធ្វើ​ទេ​ ខ្ញុំ​ឃើញ​សកម្មភាព​សូ​ម្បី​មុខ​ផ្ទះ​លោក​ នាយក​រដ្ឋមន្ដ្រី​ឯករាជ្យ​ហ្នឹង​ក៏​ដោយ​ ក៏​ឃើញ​មានការ​លក់​ (​ផ្កា​)​ នៅ​ពេញ​មុខ​ផ្ទះ​។​ អ​ញ្ចឹ​ង​ហ្នឹងហើយ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ ប៉ះពាល់​សណ្ដាប់ធ្នាប់​ផង​ ប៉ះពាល់​មុខមាត់​ផង​។​ តែបើ​សិន​អាច​ មាន​ន័យ​ថា​ គាត់​អាច​ទិញ​បាន​ លក់​បាន​ (​ផ្កា​)​ លក់​នៅ​ក្នុង​ហាង​ទៅ​ ឲ្យ​គាត់​ទៅ​ទិញ​នៅ​ទីនោះ​ទៅ​ កុំ​ឲ្យ​គាត់​ចេញ​មក​ក្រៅ​រញ៉េរញ៉ៃ​ ហ្នឹងហើយ​ដែល​អាច​កាត់​បន្ថយ​ទំនាក់ទំនង​ផ្លូវភេទ​របស់​យុវវ័យ​បាន​ច្រើន​»​។​

​ទិវា​ នៃ​ក្ដី​ស្រឡាញ់​នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​ជា​ការ​ឧ​ទ្ធិ​ស​ចំពោះ​ភក្ដីភាព​ នៃ​ស្នេហា​របស់​លោក​ St.​ Valentine​ ជនជាតិ​រ៉ូ​ម៉ាំង​ ដែល​មាន​ចំពោះ​នារី​ម្នាក់​ ជា​កូនស្រី​មេ​គុក​។​ លោក​ St.​ Valentine​ បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ការ​ប្រឆាំង​ដាច់ខាត​មិន​លះបង់​គ្រឹ​ស្ដ​សាសនា​។​ លោក​បាន​ទទួល​បាន​រណ​ភាព​នៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ២៦៩​ឆ្នាំ​ គ្រឹ​ស្ដ​សករាជ​ ដូច្នេះ​ហើយ​ទើប​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​នេះ​ ត្រូវ​បាន​ប្រទេស​លោក​ខាង​លិ​ខ​ ឧទ្ទិស​បូជា​សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់​ ក៏​ប៉ុន្ដែ​ថ្ងៃ​ ១៤​ កុម្ភៈ​ នេះ​មិនមែន​ជា​ថ្ងៃ​សម្រាប់​ឲ្យ​មនុស្សយ​កមក​ធ្វើ​ជា​ថ្ងៃ​ដើម្បី​រួម​ភេទ​ជាមួយ​គ្នា​នោះ​ឡើយ​៕​

លោកអ្នកអាចទាញយករបាយការណ៍ របស់លោក តុង សុប្រាជ្ញ និយាយអំពី “ស្នេហា និងទំនាក់ទំនងផ្លូវភេទ” ថ្ងៃទិវា នៃក្ដីស្រឡាញ់ តាមរយៈ Link​ ខាងក្រោម៖

Research publications

Share

Image
Image
Image