en     km
en     km

ស្ដ្រី​មេឃុំ​ បក្ស​សង្គ្រោះ​ជាតិ​ អះអាង​មិន​ចាកចេញ​ឡើយ​បើ​ទោះបី​គណបក្ស​ត្រូវ​បាន​រំលាយ​

Share

​ភ្នំពេញ​ ៖​ ស្ដ្រី​ មេឃុំ​ ចៅសង្កាត់​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហាញ​ជំហរ​របស់​ពួក​គេ​ថា​ មិន​ចាក​ចេញពី​គណបក្ស​នេះ​ឡើយ​ បើ​ទោះបីជា​បក្ស​ត្រូវ​បាន​រំលាយ​។​ ក្រុម​ស្ដ្រី​ទាំងនោះ​បញ្ជាក់​ថា​ ពួក​គាត់​សុខចិត្ដ​ធ្វើ​ជា​ពលរដ្ឋ​សាមញ្ញ​ ជា​ជាង​ក្បត់​ឆន្ទៈ​របស់​ពលរដ្ឋ​។​ ការ​សន្យា​របស់​ស្ត្រី​ មេឃុំ​ទាំងនោះ​ ជា​ការ​ឆ្លើយ​តទៅ​នឹង​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​សែន​ ដែល​ណែនាំ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​ មុន​គណបក្ស​ ប្រឆាំង​នេះ​ត្រូវ​បាន​រំលាយ​។​



អ្នកស្រី ជួង ឈុននី មេឃុំ គណបក្សសង្រ្គោះជាតិ នៅឃុំព្រះប្រសប់ ខេត្ដកណ្ដាល

​ស្ដ្រី​ មេឃុំ​ ចៅសង្កាត់​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មួយ​ចំនួន​បាន​អះអាង​ពី​ជំហរ​របស់​ពួក​គេ​ ដែល​មិន​មាន​បំណង​ចាក​ចេញពី​គណបក្ស​ ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ផ្សេង​។​ ស្ដ្រី​ មេឃុំ​ ចៅសង្កាត់​ ទាំងនោះ​បញ្ជាក់​ថា​ ពួក​គេ​សុខចិត្ដ​ធ្វើ​ជា​ពលរដ្ឋ​សាមញ្ញ​ ជា​ជាង​ក្បត់​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​កញ្ញា​ ស៊ិ​ន​ ចាន់​ពៅ​រ៉ូ​ហ្សិត​ ចៅសង្កាត់​អូ​ចារ​ ក្រុង​បាត់ដំបង​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ ដឹង​នៅ​ថ្ងៃ​ទី​២៥​ ខែតុលា​ នេះ​ថា​ កញ្ញា​មិន​ចាប់អារម្មណ៍​រឿង​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ហើយ​កញ្ញា​ក៏​គ្មាន​បំណង​រត់​ចេញពី​គណបក្សប្រឆាំង​មួយ​នេះ​ ដើម្បី​ទៅ​ជ្រក​ក្រោម​ឆ័​ត្រ​គណបក្ស​ន​យ​បាយ​ផ្សេង​ ដើម្បី​រក្សា​មុខ​តំណែង​ ឬ​ក៏​យស់ស័ក្ដិ​ ក្នុង​នាម​ជា​ចៅសង្កាត់​នា​ពេល​នេះនោះ​ដែរ​។​
​ការ​បង្ហាញ​ជំហរ​ របស់​ស្ដ្រី​ជា​ចៅសង្កាត់​អូ​ចារ​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដូចនេះ​ គឺ​បន្ទាប់​ពី​មាន​អ្នក​តំ​ណា​រាស្ដ្រ​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ និង​ជំទប់​ របស់​គណបក្សប្រឆាំង​ដ៏​ធំ​នេះ​ មួយ​ចំនួន​បាន​សម្រេចចិត្ដ​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច​។​
​កញ្ញា​ ស៊ិ​ន​ ចាន់​ពៅ​រ៉ូ​ហ្សិត​ បញ្ជាក់​ទៀត​ថា​ ប្រសិនបើ​នាង​រត់​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រោះតែ​ខ្លាច​បាត់បង់​តំណែង​ គឺ​ប្រៀប​បាន​និង​ការ​ក្បត់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ផ្ដល់​ឱកាស​ឲ្យ​នាង​បាន​ក្លាយជា​ចៅសង្កាត់​នា​ពេល​នេះ​។​ កញ្ញា​ ស៊ិ​ន​ ចាន់​ពៅ​រ៉ូ​ហ្សិត​ ៖«បើ​ខ្ញុំ​យក​សំឡេង​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​អូ​ចារ​ ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​ចុះចូល​ដើម្បី​រក្សា​តួនាទី​ តំណែង​ ជា​មេឃុំ​ចៅសង្កាត់​កន្លង​មក​ហ្នឹង​ គឺ​ខ្ញុំ​អត់​មាន​ន័យ​ក្នុង​ជីវិត​របស់ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ខ្លាច​បាត់បង់​តំណែង​ជា​មេឃុំ​ ចៅសង្កាត់​នេះ​ទេ​»​។​
​ចំណែក​អ្នកស្រី​ ទូច​ សា​វុ​ធ​ មេឃុំ​ អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្ដកណ្ដាល​ ឯណេះ​វិញ​ក៏​បង្ហាញ​ជំហរ​ដូច​គ្នា​នឹង​ចៅសង្កាត់​អូ​ចារ​ដែរ​ អ្នកស្រី​អះអាង​ថា​ ក្នុង​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ អ្នកស្រី​សុខចិត្ដ​ធ្វើ​ជា​ពលរដ្ឋ​ធម្មតា​ ដោយ​មិន​មាន​បំណង​ចង់ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច​ ដូច​អ្នកតំណាង​រាស្ដ្រ​ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​នោះ​ទេ​។​ អ្នកស្រី​ ទូច​ សា​វុ​ធ​៖«​តែបើ​ថា​ ត្រូវ​គេ​រំលាយ​មែន​ អាហ្នឹង​ច្បាប់​លើ​អ្នក​កាន់​អំណាច​ទេ​ តែ​ចំពោះ​ខ្ញុំ​ ខ្ញុំ​អត់​ទៅ​ខ្វល់ខ្វាយ​ថា​គេ​រំលាយ​ ប្រ​សិន​រំលាយ​ទៅ​ខ្ញុំ​បើ​ចប់​ក៏​ចប់​ទៅ​»​។​
​ដូច​គ្នា​ដែរ​អ្នកស្រី​ ជួង​ ឈុ​ន​នី​ មេឃុំ​ព្រះ​ប្រសប់​ ខេត្ដកណ្ដាល​ យល់​ឃើញ​ថា​ គ្រប់​អ្នក​ធ្វើ​នយោបាយ​ទាំងអស់​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេចចិត្ដ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ ក៏​ប៉ុន្ដែ​សម្រាប់​អ្នកស្រី​គឺ​គ្មាន​បំណង​ទេ​ចំពោះ​ការ​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ ដើម្បី​តែ​អំណាច​។​ អ្ន​ស​ស្រី​ ជួង​ ឈុ​ន​នី​ ៖«​ខ្ញុំ​អត់​ស្ដាយស្រណោះ​ទេ​តួនាទី​នេះ​គឺ​ខ្ញុំ​បាន​មក​ពី​ប្រជាពលរដ្ឋ​បោះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រសិនបើ​ខ្ញុំ​នៅ​ទៅ​ចូលរួម​គណបក្ស​ផ្សេង​ពី​សង្គ្រោះ​ជាតិ​បាន​ន័យ​ថា​ ខ្ញុំ​ក្បត់​ប្រជាពលរដ្ឋ​ ខ្ញុំ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ​ ខ្ញុំ​សុខចិត្ដ​ធ្វើ​ជា​ប្រជាពលរដ្ឋ​ធម្មតា​»​។​
​ក្រៅពី​ស្ដ្រី​ ជា​មេឃុំ​ ចៅសង្កាត់​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បង្ហាញ​ជំហរ​មិន​រត់​ចេញពី​គណបក្សប្រឆាំង​មួយ​នេះ​ ទៅ​ជ្រកកោន​ក្រោម​គណបក្ស​ផ្សេង​ហើយ​ លោក​ ជិន​ សុខ​ង៉េ​ង​ ចៅសង្កាត់​ សាលា​កម្រើក​ ក្រុង​សៀមរាប​ ក៏​រក្សា​ជំហរ​មិន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​បក្ស​ណា​ដែរ​ សូ​ម្បី​បក្ស​កាន់​អំណាច​ក៏​ដោយ​។​ ចៅសង្កាត់​ វ័យ​ ២៦​ឆ្នាំ​រូប​នេះ​ បន្ដ​ទៀត​ថា​ ការ​ចូល​ប្រឡូក​នយោបាយ​នេះ​ លោក​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​ ដើម្បី​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ ដែល​មិនមែន​មក​ ដើម្បី​តែ​តំណែង​នោះ​ទេ​។​ លោក​ ជិន​ សុខ​ង៉េ​ង​៖«​ខ្ញុំ​សូម​បញ្ជាក់​ដែរ​ថា​ ខ្ញុំ​មិន​ដែល​ សូ​ម្បី​តែ​ស្រ​ម៉ៃ​ ឬ​ក៏​ដេក​យល់​សប់​ថា​ ចូល​ទៅ​ខាងគេ​ម្ខាង​ទៀត​ទេ​ សូ​ម្បី​តែ​យល់​សប់​ក៏​ខ្ញុំ​មិន​ដែល​យល់​សប់​ផង​»​។​
​យ៉ាងណា​ចៅសង្កាត់​ វ័យក្មេង​រូប​នេះ​ មើលឃើញ​ថា​ សារ​នយោបាយ​រយៈពេល​ចុង​ក្រោយ​នេះ​គឺ​បំណង​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​នៅ​កម្ពុ​ជាមួយ​នេះ​ចុះ​ខ្សោយ​ មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឈាន​មក​ដល់​។​
​ការ​បង្ហាញ​ជំហរ​របស់​ មេឃុំ​ ចៅសង្កាត់​ គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​នេះ​ ក្រៅពី​ឆ្លើយ​តប​ទៅ​នឹង​អ្នកតំណាង​រាស្ដ្រ​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ និង​ជំទប់​បក្ស​របស់​ខ្លួន​ដែល​ចាកចេញ​ទៅ​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​ហើយ​ ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​និង​ការ​អំពាវនាវ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​បាន​និយាយ​ជា​សាធារណៈ​ពី​ការ​បើក​ចំហរទ្វា​
​ទទួលយក​ អ្នកតំណាង​រាស្ដ្រ​ សមាជិក​ សមាជិកា​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​រក្សា​មុខ​តំណែង​នៅ​ដដែល​បើ​សុខចិត្ដ​ដើរ​ចេញពី​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​។​
​នៅ​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៧​ នេះ​ សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​និយាយ​សំដៅ​ដល់​ការ​បើកភ្លើង​ខៀវ​សម្រាប់​ អ្នកតំណាង​រាស្ដ្រ​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ និង​ជំទប់​ របស់​គណ​សង្គ្រោះ​ជាតិ​ បើសិន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ពួក​គេ​នឹង​អាច​រក្សា​តំណែង​បាន​ ក្នុង​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​។​ សម្ដេច​ ហ៊ុន​ សែន​៖«​យើង​ស្វាគមន៍​ចំពោះ​អ្នកតំណាង​រាស្ដ្រ​ ដែល​បាន​ផ្ដាច់ខ្លួន​ចេញពី​គណបក្ស​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ យើង​ស្វាគមន៍​មេដឹកនាំ​នៃ​គណបក្ស​ដែល​គ្នា​មិន​បានដឹង​អី​ ហើយ​ទើបនឹង​បានដឹង​អំពី​ឧបាយកល​របស់​មេ​ របស់​ខ្លួន​ មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ យើង​ស្វាគមន៍​ជាមួយ​ក្រុមប្រឹក្សា​ ខេត្ដ​ ក្រុមប្រឹក្សា​ស្រុក​ ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ ដែល​ចង់​បន្ដការងារ​របស់​ខ្លួន​តទៅ​ទៀត​ ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​»​។​
​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​បញ្ជាក់​ដូចនេះ​ជា​លើក​ទី​២​ហើយ​។​ ប៉ុន្ដែ​នៅ​ពេល​នេះ​លោក​បាន​បញ្ជាក់​ថា​ នេះ​ជា​យុទ្ធសាស្ដ្រ​ឈ្នះៗ​ មួយ​របស់​សម្ដេច​ដែល​ធ្លាប់​ប្រើ​នៅ​ក្នុង​យុទ្ធនាការ​អូស​ទាញ​កងទ័ព​ខ្មែរក្រហម​ ឲ្យ​មក​រួមរស់​ជាមួយ​រដ្ឋាភិបាល​។​ តែ​យ៉ាងនេះ​ក្ដី​ជោគវាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​ក្នុង​កណ្ដាប់ដៃ​ និង​ដែន​យុត្ដាធិការ​ របស់​តុលាការ​កំពូល​នៅឡើយ​ ហើយ​ស្រប​ពេល​នេះ​ សហគមន៍​អន្ដរជាតិ​ បាន​ទាមទារ​ឲ្យ​គណបក្សកាន់អំណាច​បញ្ឈប់​យុទ្ធសាស្ដ្រ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ តែ​ជម្រាប​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅពី​មាន​ក្រុមប្រឹក្សា​ឃុំ​របស់​ខ្លួន​ ជាង​ ៥០០០​នាក់​ នៅ​ទូ​ទាំង​ប្រទេស​ហើយ​ គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​នៅ​កម្ពុ​ជាមួយ​នេះ​ក៏​មាន​ក្រុមប្រឹក្សា​ ស្រុក​ ខេត្ដ​ នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​៕

Share

Image
Image
Image