en     km
en     km

ស្ដ្រី​ត្រូវ​តែ​ដឹង​ថា​ ខ្លួន​មាន​សិទ្ធិ​អ្វីខ្លះ​ដើម្បី​គេច​ផុត​ពី​ការ​រំលោភ​បំពាន​ផ្សេងៗ​

Share

ភ្នំពេញ​ ៖​ គណៈកម្មការ​ បណ្ដាញ​ការងារ​ស្ដ្រី​ រូប​រួម​គ្នា​ លើក​ឡើង​ថា​ ស្ដ្រី​ដែល​បម្រើ​ការងារ​ក្នុង​សេវា​កម្សាន្ដ​ ឬ​ក៏​សេវា​ផ្លូវភេទ​ នៅ​តែ​ប្រឈម​ការ​ឆ្លង​ជំងឺអេដស៍​ ជំងឺ​កាមរោគ​ និង​ទទួល​រង​អំពើ​ហិង្សា​ពី​បុរស​។​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់នេះ​ គណៈកម្មការ​បណ្ដាញ​ការងារ​ស្ដ្រី​ រូប​រួម​គ្នា​ ស្នើ​ឲ្យ​ស្ដ្រី​ទាំងអស់​ យកចិត្ដទុកដាក់​បង្ការ​ការ​ឆ្លង​រោគ​ឲ្យ​បាន​ខ្លាំង​ និង​ពិសេស​ ត្រូវ​តែ​សិក្សា​ស្វែង​យល់​បន្ថែម​ទៀត​ អំពី​សិទ្ធិ​របស់​ខ្លួន​ ដើម្បី​គេច​ផុត​ពី​ការ​រំលោភ​បំពាន​ផ្សេងៗ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖​

 

​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ Wikipedia​ បាន​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​មាន​រហូត​ដល់​ជិត​១៦​លាន​នាក់​ ដែល​មាន​ ៥២​ភាគរយ​ជា​ស្ដ្រី​។​ ស្ដ្រី​ខ្មែរ​ បាន​ចូល​បម្រើ​ការងារ​តាម​វិស័យ​មួយ​ចំនួន​ដែល​មាន​ជា​អាទិ៍​ វិស័យ​វាយ​ន​ភណ្ឌ​ វិស័យ​ទេសចរណ៍​ និង​សេវា​កម្សាន្ដ​ជាដើម​។​ ជា​ទូទៅ​ស្ដ្រី​ តែងតែ​ត្រូវ​បាន​រំលោភ​បំពាន​សិទ្ធិ​ មិន​ថា​ ស្ថិត​ក្នុង​វិស័យ​ណា​នោះ​ទេ​។​ ក៏​ប៉ុន្ដែ​បើ​យោង​តាម​ការ​សង្កេត​របស់​បណ្ដាញ​ការងារ​ស្ដ្រី​ រូប​រួម​គ្នា​ មើលឃើញ​ថា​ ស្ដ្រី​ដែល​ធ្វើ​ការងារ​ក្នុង​សេវា​កម្សាន្ដ​ គឺ​ប្រឈម​ការ​រំលោភ​បំពាន​សិទ្ធិ​ខ្លាំង​ជាងគេ​។​

​អ្នកស្រី​ កន​ ចិន្ដា​ គណៈកម្មការ​ បណ្ដាញ​ការងារ​ស្ដ្រី​ រូប​រួម​គ្នា​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​ដែល​ធ្វើ​ការងារ​កន្លែង​ផ្ដល់​សេវា​កម្សាន្ដ​ តែងតែ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ ជា​ស្ដ្រី​មិនល្អ​ ដែល​មិន​គួរ​ឲ្យ​សេពគប់​។​ ត្រង់​ចំណុច​នេះ​អ្នកស្រី​ ចិន្ដា​ ចង់​ឲ្យ​មនុស្ស​គ្រប់​រូប​ផ្លាស់​ប្ដូរ​គំនិត​នេះ​ ហើយ​ត្រូវ​គិត​ថា​ បើ​ទោះជា​ពួក​គាត់​ធ្វើ​ការងារ​បែប​នោះ​មែន​ក៏​ដោយ​ ក៏​ពួក​គាត់​មាន​សិទ្ធិ​ និង​មាន​សេចក្ដី​ថ្លៃថ្នូរ​ ដូច​មនុស្ស​ទូទៅ​ដែរ​។​

​បន្ថែម​តែ​ពី​ការ​សំណូមពរ​ ឲ្យ​បញ្ឈប់​ការ​រើសអើង​លើ​ស្ដ្រី​ ដែល​បម្រើ​ក្នុង​សេវា​កម្សាន្ដ​ អ្នកស្រី​ កន​ ចិន្ដា​ ក៏​សំណូមពរ​ដល់​ស្ដ្រី​ ដែល​ធ្វើ​ការងារ​នៅ​ក្នុង​ផ្នែក​នេះ​ ត្រូវ​តែ​មាន​ភាព​ក្លាហាន​ ស្វែង​យល់​អំពី​ច្បាប់​ផ្សេងៗ​ ស្ដី​ពី​សិទ្ធិ​របស់​ខ្លួន​ ដើម្បី​បញ្ចៀស​រាល់​ការ​បំពាន​ និង​ការ​កេ​ញ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ឬ​ក៏​ផ្លូវភេទ​។​

​អ្នកស្រី​ កន​ ចិន្ដា​ ៖«​ខ្ញុំ​ចង់​ឲ្យ​គាត់​គួរ​ដឹង​ថា​ គាត់​ហ្នឹង​ជា​មនុស្ស​និង​គេ​ដែរ​ ហើយ​គាត់​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ គាត់​ជា​មនុស្ស​នៅ​ក្នុង​សង្គម​ ហើយ​គាត់​ត្រូវ​ទទួល​បាន​នូវ​សិទ្ធិ​ការងារ​របស់​គាត់​ហ្នឹង​ គេ​មានច្បាប់​ការងារ​របស់​គេ​ ដើម្បី​ឲ្យ​គាត់​បាន​យល់​ដឹង​ថា​ គាត់​មក​ធ្វើការ​នៅ​កន្លែង​ហ្នឹង​ គាត់​មិន​ត្រូវ​បាន​ន​ណា​ម្នាក់​បៀតបៀន​លើ​រូបរាង​កាយ​ ឬ​ប្រើ​អំពើ​ហិង្សា​លើ​រូបរាង​កាយ​ លើ​ផ្លូវភេទ​ ឬ​ក៏​ផ្លូវ​អារម្មណ៍​របស់​គាត់​ទេ​»​។​

​ជុំវិញ​រឿង​នេះ​ លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​ សីល​ការ​ ដែល​ធ្វើ​ការងារ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​ដែល​បម្រើ​ការងារ​ក្នុង​សេវា​កម្សាន្ដ​ ត្រូវ​តែ​ដឹង​អំពី​ច្បាប់​ ដែល​ចែង​អំពី​ការ​ការពារ​ពួក​គាត់​ ដែល​កំពុងធ្វើការ​ក្រៅ​ប្រព័ន្ធ​។​ លោកស្រី​ ធីតា​ បន្ដ​ថា​ ការ​ដឹង​បាន​ច្បាស់លាស់​អំពី​​សិទ្ធិ​របស់​ខ្លួន​ នឹង​ធ្វើ​ឲ្យ​ស្ដ្រី​គេច​ផុត​ពី​ការ​រំលោភ​បំពាន​ ក៏​ដូច​ជា​ការ​លើកកម្ពស់​សិទ្ធិ​របស់​ខ្លួន​ និង​សិទ្ធិ​ស្ដ្រី​ដទៃ​ទៀត​។​

​លោកស្រី​ ធីតា​ ឃឹះ​៖«​ស្ដ្រី​ដែល​ធ្វើការ​នៅ​កន្លែង​មណ្ឌល​កម្សាន្ដ​ហ្នឹង​គួរតែ​ ស្វែង​យល់​ថា​ យើង​ជា​អ្នក​ដែល​ធ្វើការ​ក្រៅ​ប្រព័ន្ធ​ហ្នឹង​យើង​ មានច្បាប់​អី​ខ្លះ​ដើម្បី​ការពារ​ខ្លួន​យើង​។​ អ​ញ្ចឹ​ង​ទៅ​យើង​ត្រូវ​ស្វែង​យល់​ពី​រឿង​ហ្នឹង​ ហើយ​រៀន​តស៊ូ​មតិ​ ដើម្បី​យើង​អាច​ការពារ​ខ្លួន​យើង​បាន​ នៅ​ក្នុង​ពេល​ដែល​គេ​មានការ​រំលោភ​អី​ផ្សេងៗ​មក​លើ​សិទ្ធិ​របស់​យើង​»​។​

​សូម​ជម្រាប​ថា​ យោង​តាម​អនុ​ញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​ នៃ​ការ​រើសអើង​ប្រឆាំង​ នឹង​នារី​ភេទ​ ត្រង់​មាន​ត្រា​ ១១​ បាន​ចែង​ថា​ រដ្ឋ​ភាគី​ ត្រូវ​ចាត់វិធានការ​សម​ស្រប​ទាំងអស់​ ដើម្បី​លុប​បំបាត់​រាល់​ការ​រើសអើង​ប្រឆាំង​ នឹង​នារី​ភេទ​ ក្នុង​វិស័យ​ការងារ​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​សមភាព​រវាង​បុរស​ និង​ស្ដ្រី​ ដើម្បី​ធានា​នូវ​សិទ្ធិ​ដូច​គ្នា​ និង​ជា​ពិសេស​ សិទ្ធិ​ធ្វើ​ការងារ​ ដែល​ជា​សិទ្ធិ​មិន​អាច​លក់ដូរ​ ផ្ទេរ​ ឬ​ដកហូត​បាន​ របស់​មនុស្សជាតិ​គ្រប់​រូប​ ។​ សិទ្ធិ​មានឱកាស​ធ្វើ​ការងារ​ដូច​គ្នា​ រួម​មានការ​អនុវត្ដ​លក្ខណៈ​វិនិច្ឆ័យ​ដូច​គ្នា​ផង​ ក្នុង​ការ​ជ្រើសរើស​ឲ្យ​ធ្វើ​ការងារ​។​ សិទ្ធិ​ជ្រើសរើស​ដោយ​សេរី​នូវ​វិជ្ជាជីវៈ​ និង​ការងារ​ សិទ្ធិ​ឡើង​ស័ក្ដិ​ សិទ្ធិ​មាន​ស្ថិរភាព​ការងារ​ ទទួល​បាន​ប្រាក់​បំណាច់​ និង​ល័ក្ខខ័ណ្ឌ​ការងារ​ សិទ្ធិ​ទទួល​បានការ​បណ្ដុះបណ្ដាល​ និង​វិ​ក្រិត​ការ​ខាង​វិជ្ជាជីវៈ​ រួម​ទាំង​ការ​ហ្វឹកហាត់​ការងារ​ សុក្រឹតការ​ ខាង​វិជ្ជាជីវៈ​ និង​ការ​បណ្ដុះបណ្ដាល​ជា​អ​ន្ដ្រៃ​យ៍​ផង​ដែរ​៕

Share

Image
Image
Image