en     km
en     km

ស្ដ្រី​ដែល​ចោទ​សម្ដេច​ ហ៊ុន​ សែន​ ថា​ សម្លាប់​បណ្ឌិត​ កែម​ ឡី​ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ (មានសំឡេង)

Share

ភ្នំពេញ៖ តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនស្ដ្រីម្នាក់ដែលបានចោទសម្ដេច ហ៊ុន សែន តាមរយៈបណ្ដាញសង្គម ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោបាយត្រូវបានឃុំបណ្ដោះអាសន្ន ដោយរង់ចាំការជំនុំជម្រះក្ដី។ ករណីនេះនាំឲ្យសង្គមស៊ីវិល មានការព្រួយបារម្ភកាន់តែខ្លាំងពីការបញ្ចេញមតិតាមប្រព័ន្ធអ៊ិនធើណេត

ហ៊ិន វ៉ាន់ស្រីពៅ
ស្ដ្រីម្នាក់នេះមាន វ័យ ៣៧ឆ្នាំឈ្មោះ ហ៊ិន វ៉ាន់ស្រីពៅ  ហើយឈ្មោះក្នុងហ្វេសប៊ុកគឺ ហេង លក្ខិណា ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅកាន់តុលាការ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ កក្កដានេះ ករណីចោទសម្ដេច ហ៊ុន សែន និងក្រុមគ្រួសារសម្ដេចថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ។ ករណីនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះក្រោមបទចោទ “ញុះញង់ឲ្យប្រព្រឹត្ដបទឧត្រិដ្ឋជាអាទិ៍”។

ការបញ្ចេញមតិរបស់ស្ត្រីម្នាក់នេះដែលមើលទៅជាការប្រមាថ លើសម្ដេចនាយករដ្ឋមន្ត្រីធ្វើឡើងចំថ្ងៃបុណ្យខួបមួយឆ្នាំនៃឃាតកម្មលើអ្នកវិភាគរូបនេះហើយ ការបញ្ចេញមតិនេះនាំឱ្យមានការតាមចាប់ខ្លួន។

ជុំវិញរឿងនេះអង្គការដែលធ្វើការងារ ស្ដីពីការការពារសិទ្ធិមនុស្សកត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ ការចាប់ខ្លួនករណីបញ្ចេញមតិរិះគន់តាមបណ្ដាញអ៊ិនធើណេត កាន់តែមានចំនួនច្រើនឡើងដែលជាចំណុចគួរឲ្យព្រួយបារម្ភអំពីការរួចតូចនៃការបញ្ចេញមតិ។

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូ មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៣ កក្កដានេះថា ជាការល្អដែលអាជ្ញាធរអនុវត្ដច្បាប់បានតឹងរឹង ក៏ប៉ុន្ដែលោកចង់ឲ្យអាជ្ញាធរអនុវត្ដច្បាប់ឲ្យបានស្មើគ្នាសម្រាប់គ្រប់ភាគីនៃគណបក្សនយោបាយទាំងអស់នៅកម្ពុជា។

មន្ដ្រីជាន់ខ្ពស់អង្គការលីកាដូ កត់សំគាល់ឃើញថា កន្លងមកក៏មានអ្នកបញ្ចេញមតិតាមបណ្ដាញសង្គមមួយចំនួនបានធ្វើការគំរាមកំហែងការប្រមាថធ្ងន់ធ្ងរផងដែរ ទៅលើមន្ដ្រីនៃគណបក្សប្រឆាំង ក៏ប៉ុន្ដែចំណាត់ការរបស់អាជ្ញាធរហាក់មិនបានអនុវត្ដឲ្យបានស្មើគ្នានោះទេ។ «អញ្ចឹងយើងជាសង្គមស៊ីវិលយើងគ្រាន់តែថា បើសិនជាអនុវត្ដន៍ច្បាប់យើងធ្វើម៉េចឲ្យបានស្មើភាពគ្នាចំពោះជនណាដែលប្រព្រឹត្ដ ឬក៏ប្រមាថ ឬក៏គំរាមកំហែង ប្រភេទដូចគ្នាហ្នឹង គួរតែត្រូវបានចាប់ខ្លួននិងអនុវត្ដទោសដូចគ្នា»។

តែកន្លងមកមន្ត្រីរដ្ឋាភិបាលធ្លាប់បាន អះអាងថា ការអនុវត្តវិធានការច្បាប់ទៅលើ បុគ្គលណាមួយ ដែលបញ្ចេញមតិ ដែលអាចធ្វើឱ្យមានអស្ថិរភាពសង្គម គឺជាការចាំបាច់ ហើយជាសិទ្ធិរបស់សមត្ថកិច្ចឆ្លើយតបទៅតាមសភាពការជាក់ស្ដែងដោយមិនគិតថា ជននោះចេញពីប្រភពណានោះទេ។

យោងតាមដីកាបង្គាប់របស់តុលាការក្រុងភ្នំពេញបញ្ជាក់ថា កញ្ញា ហ៊ិន វ៉ាន់ស្រីពៅ អាយុ ៣៧ឆ្នាំ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ “ញុះញុង់ឲ្យប្រព្រឹត្ដបទឧក្រិដ្ឋជាអាទិ៍” ប្រព្រឹត្ដនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឲ្យផ្ដន្ទាទោសតាមបទបញ្ញត្ដិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
កញ្ញា ហ៊ិន វ៉ាន់ស្រីពៅ គឺជាមនុស្សទី៤ ហើយដែលត្រូវបានចោទប្រកាន់ក្នុងចំណោមជនត្រូវចោទដែលរួមមានលោក គឹម សុខ លោក សម រង្សី និងសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី គឺលោកស្រី ថាក់ ឡានី។

ដោយឡែកនៅថ្ងៃជាមួយគ្នានេះ កម្លាំងនគរបាលសន្ដិសុខផ្ទៃក្នុង និងប្រឆាំងអំពើភេរវកម្ម ខេត្ដព្រះសីហនុ បានចាប់ខ្លួនយុវជនម្នាក់ ដែលបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកគំរាមបាញ់សម្លាប់សម្ដេច ហ៊ុន សែន។ យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ បុរសរូបនោះមានឈ្មោះថា ពេជ រដ្ឋា ភេទប្រុសអាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្ដព្រះសីហនុ៕

Share

Image
Image
Image