en     km
en     km

សំបុក​ពង​កូន​ កន្ធាយ​ក្បាល​កង្កែប​ ត្រូវ​បាន​រក​ឃើញ​ដំបូង​ នា​រដូវ​កាល​ពង​កូន​ឆ្នាំ​២០១៧​នេះ​

Share

​ភ្នំពេញ​៖​ សំបុក​ពង​កូន​សត្វ​កន្ធាយ​ក្បាល​កង្កែប​ចំនួន​ ០១​សំបុក​ ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​ នៃ​រដ្ឋបាល​ជលផល​ អង្គការ​សមាគម​ន​អភិរក្ស​សត្វព្រៃ​ និង​ប្រជា​សហគមន៍​ រក​ឃើញ​ជា​លើក​ដំបូង​ នៅ​ក្នុង​រដូវ​កាល​ពង​កូន​ឆ្នាំ​២០១៧​នេះ​ នៅ​ឆ្នេរ​ខ្សាច់​ដង​ទន្លេមេគង្គ​ ចន្លោះ​ខេត្ដ​ ក្រចេះ​ និង​ស្ទឹង​ត្រែង​ ដែល​ជា​កន្លែង​ពង​កូន​តែ​មួយ​គត់​ របស់​កន្ធាយ​ក្បាល​កង្កែប​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ នេះ​បើ​យោង​តាម​សេចក្ដី​ព័ត៌មាន​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ហៅ​កាត់​ថា​ WCS​ ដែល​ផ្ញើ​មក​កាន់​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​នេះ​។

លោក លៀ ស៊ីណា រាយការណ៍៖

 

មេកន្ធាយក្បាលកង្កែប ប្រភពរូបភាពពី អង្គការ WCS

សត្វ​កន្ធាយ​ក្បាល​កង្កែប​ ឬ​ត្រូវ​គេ​ហៅ​ម្យ៉ាងទៀត​ថា​ រ​មិច​ គឺជា​សត្វ​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក​។​ ពពួកសត្វ​កន្ធាយ​ក្បាល​កង្កែប​ ត្រូវ​បាន​គេ​គិត​ថា​ ពួក​វា​ផុត​ពូជ​ពី​កម្ពុជា​អស់​ទៅ​ហើយ​ ក៏​ប៉ុន្ដែ​រហូត​មក​ដល់​ឆ្នាំ​២០០៧​ ពពួក​កន្ធាយ​ក្បាល​កង្កែប​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​ម្ដងទៀត​នៅ​ក្នុង​បរិវេណ​ ៤៨​គីឡូម៉ែត្រ​ នៅ​ដង​ទន្លេមេគង្គ​ ចន្លោះ​ខេត្ដក្រចេះ​ និង​ខេត្ដស្ទឹងត្រែង​។​

​ក្រោយ​ការ​រក​ឃើញ​ អង្គការ​អភិរក្ស​អន្ដរជាតិ​ បាន​រៀបចំ​គម្រោង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ​ នៅ​ដង​ទន្លេមេគង្គ​ ហើយ​ក្រោយមក​អង្គការ​អភិរក្ស​អន្ដរជាតិ​ ក៏​បាន​ផ្ទេរ​គម្រោង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ​ ឲ្យ​ទៅ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ សហការ​ជាមួយ​រដ្ឋបាល​ជលផល​ និង​សម្ព័ន្ធ​ដើម្បី​ការ​រស់រាន​ប្រទេស​សត្វ​អណ្ដើក​ ដើម្បី​អនុវត្ដ​បន្ដ​។​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ រដ្ឋបាល​ជលផល​ នៃ​ក្រសួងបរិស្ថាន​ ក៏​បាន​បង្កើត​កម្មវិធី​ការពារ​សំបុក​សត្វព្រៃ​ ដែល​បាន​លើកទឹកចិត្ដ​ឲ្យ​ប្រជា​សហគមន៍​រស់នៅ​ខេត្ដក្រចេះ​ និង​ស្ទឹង​ត្រែង​ ចូលរួម​ការពារ​សត្វ​កន្ធាយ​ក្បាល​កង្កែប​ ដោយ​បាន​ជ្រើសរើស​អតីត​អ្នក​ប្រមូល​ពង​កូន​ និង​មេ​ពូជ​កន្ធាយ​ក្បាល​កង្កែប​ ឲ្យ​មក​ធ្វើ​ការងារ​ជា​បុគ្គលិក​របស់​គម្រោង​ដើម្បី​ស្វែងរក​ និង​ការពារ​សំបុក​កន្ធាយ​ក្បាល​កង្កែប​ ជំនួស​ឲ្យ​ការ​ប្រមូល​យក​ពង​ និង​មេ​ពូជ​យក​ទៅ​ហូប​ និង​លក់​ ។​ រហូត​មក​ដល់​ពេល​នេះ​ សំបុក​ពង​កូន​ចំនួន​ ៣៧៨​ត្រូវ​បានការ​ពារ​ ហើយ​ជា​លទ្ធផល​ គឺ​ទទួល​បានកូន​ញាស់​ចំនូ​ន​ ៨៥២៨​កូន​។​

​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ថែរក្សា​ ការពារ​ ពពួកសត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ​ ពីព្រោះ​ពួក​វា​គឺជា​ប្រភេទ​សត្វ​ដ៏​កម្រ​ ដែល​អាច​នឹង​ផុត​ពូជ​នៅ​ក្នុង​ពេល​អនាគត​ ប្រសិនបើ​យើង​មិន​មាន​វិធានការ​អភិរក្ស​ ពួក​វា​ឲ្យ​បាន​សម​ស្រប​ទេ​នោះ​៕

Share

Image
Image
Image