en     km
en     km

សេដ្ឋកិច្ច ហ្សិបបាវ៉េ ស្ថិតក្នុងស្ថានភាពគ្រោះក្រោយការបោះឆ្នោតទោះចិនផ្ដល់ប្រាក់កម្ចីក៏ដោយ

Share

ក្រោយការបោះឆ្នោត សេដ្ឋកិច្ចប្រទេសហ្សិបប៉ាវេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខណៈបក្សប្រឆាំងទាមទារឱ្យប្រធានាធិបតីម៉ាណាន់ហ្គាវ៉ាចុះចេញពីតំណែងដោយចោទថា មេដឹកនាំរូបនេះអសមត្ថភាពក្នុងស្ដារសេដ្ឋកិច្ច។

 

                                                                                         ​ការបោះឆ្នោតនៅZimbabwe

 

រលកនយោបាយ មនុស្សជំនាន់ថ្មីនៃ ប្រទេសហ្សិបបាវ៉េ កំពុងវាយបកយ៉ាងខ្លាំង ទៅលើយុទ្ធសាស្ត្រ សេដ្ឋកិច្ច បើកចំហជើងមេឃដែល ប្រទេសសេដ្ឋកិច្ច ជឿនលឿន ដូចជា អាមេរិក និងសហភាពអឺរ៉ុប មិនបានសម្រុកមកដាក់ទុនវិនិយោគ គឺមិនដូចអ្វីដែល ប្រធានាធិបតី ម៉ាណាន់ហ្គាវ៉ាបានសន្យាកាលនៅក្នុងការបោះឆ្នោត ប្រធានាធិបតី កាលពីខែកក្កដា ឆ្នាំ២០១៨នោះទេ។  រយៈបីខែចុងក្រោយនេះ ត្បិតអី ប្រទេសក្រីក្រមួយនេះ ទទួលបានប្រាក់កម្ចីច្រើនរយលានដុល្លារពីប្រទេសចិន ក៏ដោយតែ នៅតែមិនអាច ទប់ស្ថានភាពឱនភាពសេដ្ឋកិច្ច​បានឡើយ។

មូនិធីរូបវត្ថុអន្តរជាតិIMF បានព្រមានជាច្រើនមកហើយថា កត្តាដែលនាំអោយ ឱនភាពសេដ្ឋកិច្ច និង ការផ្ទុះអតិផរណា កាន់តែអាក្រក់ គឺជាដើមចមយ៉ាងពិតប្រាកដនាំទៅរកការដួលរលំសេដ្ឋកិច្ចរបស់ប្រទេសនេះ។ IMF មើលឃើញទៀតថា មានកត្តាច្រើនទៀត ដែលរដ្ឋាភិបាល ត្រូវទប់ស្កាត់អោយបាន ដូចជា ការិយាធិបតេយ្យ  អំពើពុករលួយ ក្នុងប្រព័ន្ធគ្រប់គ្រងវិនិយោគ ដែលមិនមានការប្រកួតប្រជែងប្រកបដោយតម្លាភាព។ ផលិតភាពនៃសង្វាក់ផលិតកម្ម កសិកម្មនៅតែមានបរិមាណតិច និងតុល្យភាព អត្រាប្ដូរប្រាក់ បរទេសមិនច្បាស់លាស់។

តាមគេហទំព័រព័ត៌មាន Quartz Africa នៅរយៈពីរសប្ដាហ៍មកនេះ អតិផរណាលើទីផ្សារនៃប្រទេសហ្ស៊ិបបាវ៉េ បានហើមយ៉ាងខ្លាំង ដែលនាំឱ្យហាងទំនិញមួយចំនួន មិនបានបើកទ្វារលក់ ទំនិញរបស់ខ្លួនឡើយ។ តាមប្រភពដដែល ការដែលហាងទំនិញ មួយចំនួន នៅរដ្ឋធានីហារ៉ារេ មិន បើកទ្វារទទួលភ្វៀវ ដោយសារពួកគេ មិនចង់ឃើញទំនិញ របស់ខ្លួន លក់ចេញមិនបានស្មើនឹងតម្លៃដើម។   

បំណុលបរទេស

                                                                                        ​លោក ម៉ាណាន់ហ្គាវ៉ា និងភរិយា។

 

ហ្សិបបាវ៉េ ជាប្រទេសតូចមួយនៅអាហ្វ្រិក ដែលមានប្រជាជន ជាង១៦លាននាក់់។ ប្រទេស ក្រីក្រមួយនេះបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុរសតែម្នាក់ជិត៤០ឆ្នាំគឺអតីតប្រធានាធិបតី Robert Mugabe ។ ប្រទេសនេះ ជាកូន បំណុលបរទេសធ្ងន់ធ្ងរ។ ប្រទេសចិន ជាម្ចាស់បំណុលធំជាងគេបង្អស់។ ចាប់តាំងពី ឆ្នាំ ១៩៨០មក ប្រទេសនេះ បានជាប់បំណុលបរទេស ជាង១០ពាន់លានដុល្លារអាមេរិកហើយ បំណុលនេះ បានកើនឡើង ជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យមានការព្រមានពីគ្រោះថ្នាក់សេដ្ឋកិច្ចជាតិ ។ កាលពីខែមេសា ឆ្នាំ២០១៨នេះ លោកប្រធានាធិបតីម៉ាណាន់ហ្គាវ់ាបានទៅខ្ចីបុលថែមទៀតពីប្រទេសចិន ប្រមាណជាមួយពាន់លានដុល្លារ ដើម្បីយកមកជួយស្ដារសេដ្ឋកិច្ច។ តែមិនមានប្រភពច្បាស់ការណាមួយថាចិនបានប្រគល់ប្រាក់កម្ចីទាំងមួយពាន់លានដុល្លារឱ្យមកហ្សិបបាវ៉េតែម្ដងនោះទេ។   កាលពីពេលថ្មីៗនេះ ចិនបានប្រាប់ ហ្សិបបាវ៉េថា ដល់ពេល់ដែលត្រូវបង្វិលការប្រាក់និងបំណុលមកវិញហើយគឺ ត្រូវសងមកវិញ ៦០លានដុល្លារក្នុងមួយឆ្នាំៗ។តែមកដល់ពេលនេះ ហ្សិបបាវ៉េ មិនបានឆ្លើយតបឡើយ។

បក្សប្រឆាំងទាមទារឱ្យ លោកប្រធានាធិបតី ចុះចេញពីតំណែង

                                                                                         ​​មេបក្សប្រឆាំងឆាមីសា

 

លោកម៉ាណាន់ហ្គាវ៉ា បានជាប់ឆ្នោត ប្រធានាធិបតីដ៏ចម្រូងចម្រាស់ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៣០កក្កដា ឆ្នាំ២០១៨។ លទ្ធផលបោះឆ្នោតនោះ មិនត្រូវបានគណបក្សប្រឆាំង ទទួលស្គាល់ឡើយ។ គណបក្សប្រឆាំងធំជាងគេ គឺចលនាប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរ ដឹកនាំដោយអ្នកសេដ្ឋកិច្ចវ័យក្មេង លោកនេសុន ឆាមីសាបានប្រកាសអោយអ្នកគាំទ្រលោក ចុះដើរតាមដងផ្លូវ ដើម្បី បណ្ដេញលោកណាន់ហ្គាវ៉ា ពីតំណែង។ ក្រុមប្រឆាំងថា មេដឹកនាំ ដែលឈ្នះឆ្នោតដោយការបន្លំ មិនមានសមត្ថភាពធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ ទេ។ ក្រុមនេះ ថា សេដ្ឋកិច្ចតែមួយជ្រុង ជាមួយប្រទេសចិន គឺមិនអាចរឹងមាំឡើយ។ ការបើកចំហជើងមេឃសេដ្ឋកិច្ចមែន តែមើលទៅ ប្រទេសសេដ្ឋកិច្ចជឿនលឿន និងស្អាតស្អំដូចជាអាមេរិកនិងសហភាពអឺរ៉ុប គេមិនបានសម្រុកមកដាក់ទុនច្រើនទេ។ ក្រុមប្រឆាំងនេះ ចោទលោកណាន់ហ្គាវ៉ាថាអសមត្ថជាខ្លាំង ដែលមិនអាចបោសសំអាត ការិយា ធិបតេយ្យ ហើយសេដ្ឋកិច្ចមាននិន្នាការផ្ដាច់មុខតែជាមួយប្រទេសចិន។

នៅក្នុងយុទ្ធនាការរកសន្លឹកឆ្នោត កាលពី ខែកក្កដា មេបក្សប្រឆាំងឆាមីសា បានប្រកាសថា បើបក្សលោកនិងរូបលោក​ជាប់ឆ្នោត គឺលោកនឹងបញ្ចប់គំរោងវិនិយោគមួយចំនួន របស់ចិនហើយ ពិនិត្យឡើងវិញ គំរោងវិនិយោគរបស់ប្រទេសមួយចំនួន ទៀតដែលមិនធ្វើឱ្យ ពលរដ្ឋ ទទួលបានផលប្រយោជន៍ហើយនាំអន្តរាយភោគផលធម្មជាតិ។  

តាមសេចក្ដីរាយការណ៍របស់ប្រភពThe Zimbabwe Mail បានចុះផ្សាយថា នៅពេល ស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់  ក្រុមគណបក្ស ប្រឆាំង ដែលមិនទទូលស្គាល់លោក ម៉ាណាន់ហ្គាជាប្រធានាធិបតី  គឺក្រុមនេះ បានតែងតាំង លោកឆាមីសា ធ្វើជាប្រធានាធិបតីដែលនាំអោយ គណបក្សកាន់អំណាច Zanu-PF ប្រតិកម្មជាខ្លាំង ហើយបានព្រមានថា នឹងប្ដឹងអោយ តុលាការកំពូលពិនិត្យសេចក្ដីសម្រេចរបស់គណបក្សប្រឆាំងថាតើការតែងតាំងលោកឆាមីសាជាប្រធានាធិបតី បានប៉ះពាល់ រដ្ឋធម្មនុញ្ញដែរឬទេ៕   

 

Share

Image
Image
Image