en     km
en     km

សាលា​រាជធានី​សម្រេច​បង្កើត​ គណៈកម្មការ​ពិនិត្យ​ការ​សង់​ផ្លូវ​កាត់​របង​វិហារ​ឥ​ស្លា​ម​ដ៏​ចម្រូងចម្រាស់​🔊

Share

ភ្នំពេញ​៖​ ថ្លែង​ក្នុង​វេទិកា​មួយ​ ស្តី​ពី​«​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​កក់​»​ កាលពី​ព្រឹក​ថ្ងៃ​ទី​ 0៧​ កញ្ញា​  លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ សាលា​រាជធានី​សម្រេច​ថា​ នឹង​សាងសង់​ផ្លូវ​មួយ​ ខ្សែ​ ដែល​មក​ប៉ះ​ចំ​របង​វិហារ​ឥ​ស្លា​ម​ អាល់​សា​កាល់​ ស្ថិត​នៅ​តំបន់​បឹង​កក់​។​ ក៏​ប៉ុន្ដែ​លោក​ថា​ត្រូវការ​ពិភាក្សា​ ជាមួយ​តំណាង​ពលរដ្ឋ​ឥ​ស្លា​ម​ដើម្បី​សម្រួល​កិច្ចការ​នេះ​។​ ​តែ​កាលពី​ថ្មីៗ​នេះ​ ពលរដ្ឋ​ឥ​ស្លា​ម​ជា​ច្រើន​ដែល​បាន​តវ៉ា​ ពួក​គាត់​ជំរុញ​ឲ្យ​ សាលា​រាជធានី​ភ្នំពេញ​ សាងសង់​ផ្លូវ​បញ្ចៀស​ដោយ​កុំ​ឲ្យ​ប៉ះ​ចំ​ក្លោ​ង​ទ្វារ​វិហារ​របស់​ពួក​គេ​ ។​

រូបវិហារឥស្លាមនៅសង្កាត់បឹងកក់ ក្រុងភ្នំពេញ។រូបភាពWMC
រូបវិហារឥស្លាមនៅសង្កាត់បឹងកក់ ក្រុងភ្នំពេញ។រូបភាពWMC

លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​អះអាង​ថា​ បំណង​ធ្វើ​ផ្លូវ​នេះ​ដើម្បី​ជួយ​សម្រួល​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ តែ​លោក​ថា​ សាលា​រាជធានី​ត្រូវ​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​បឹង​កក់​ ជា​ពិសេស​ពលរដ្ឋ​ខ្មែរ​អ៊ី​ស្លា​ម​ ត្រូវធ្វើ​យ៉ាងណា​បង្កើត​តំណាង​របស់​ខ្លួន​ ឲ្យ​បាន​ឆាប់​ដើម្បី​ជួប​ពិភាក្សា​ ជាមួយនឹង​គណៈកម្មការ​របស់​សាលាក្រុង​។​

​អភិបាល​រាជធានី​ភ្នំពេញ​បាន​សន្យា​ថា​ ប្រសិនបើ​ការ​សាងសង់​ផ្លូវ​ប៉ះពាល់​ដល់​លំនៅ​ឋាន​របស់​ពលរដ្ឋ​ គឺ​អាជ្ញាធរ​នឹង​ផ្ដល់​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​សម​ស្រប​។​ ​លោក​ ប៉ា​ សុ​ជាតិ​វង្ស​៖«​អ​ញ្ចឹ​ង​បងស្រី​មួយ​អំបាញ់មិញ​ដែរ​លើក​ថា​ ចុះបើ​ប៉ះ​ផ្ទះ​គាត់​ដើម្បី​ពង្រីក​ផ្លូវ​ តើ​គាត់​បាន​ដី​ពី​ណា​មក​នៅ​ទៀត​ គឺថា​យើង​សង​បើ​ប៉ះ​»​។​

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។រូបភាពWMC
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។រូបភាពWMC

​ចំណែក​លោក​ អះ​ម៉ាត់​ យះ​យ៉ា​ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ និង​ជា​តំណាង​ខ្មែរឥស្លាម​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ​ មាន​ប្រសាសន៍​ថា​ រាល់​ការ​អភិវឌ្ឍ​គឺជា​រឿង​ល្អ​សម្រាប់​ពលរដ្ឋ​គ្រប់​រូប​។​ ប៉ុន្ដែ​លោក​ថា​ ដី​វិហារ​អ៊ី​ស្លា​ម​គឺជា​រឿង​ពិសេស​មួយ​ព្រោះ​ដី​វិហារ​ គឺជា​ដី​រួម​។​ លោក​អះអាង​ថា​ ពលរដ្ឋ​ខ្មែរ​អ៊ី​ស្លា​ម​ភាគច្រើន​មិន​ចង់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ ធ្វើ​ផ្លូវ​ចំ​ក្លោ​ង​ទ្វារ​វិហារ​នោះ​ទេ​ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​កន្លែង​ដែល​ជាទី​គោរព​សក្ការៈ​ របស់​ពួក​គេ​។

​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ ដែល​មាន​ដើម​កំណើត​ជា​ខ្មែរឥស្លាម​រូប​នេះ​ បន្ដ​ទៀត​ថា​ ពលរដ្ឋ​អ៊ី​ស្លា​ម​គឺ​មាន​បំណង​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ ធ្វើ​ផ្លូវ​ដោយ​វាង​កុំឱ្យ​ទៅ​ប៉ះ​របង​វិហារ​ឬ​ កុំ​ធ្វើ​ឲ្យ​ប៉ះ​ចំ​ក្លោ​ង​ទ្វា​វិហារ​។ លោក​ អះ​ម៉ាត់​ យះ​យ៉ា​៖​ «​នៅ​ក្នុង​វិហា​របឹង​កក់​ដែល​គេ​មក​ថ្វាយបង្គុំ​ រាល់ថ្ងៃ​ គេ​សំណូមពរ​ អភិវឌ្ឍន៍ៗ​ចុះ​ ធ្វើ​ផ្លូវ​ក៏​ធ្វើ​ចុះ​ ប៉ុន្ដែ​គាត់​សំណូមពរ​ថា​ ធ្វើ​វាង​បន្ដិច​ទៅ​តាម​របង​អី​ទៅ​ ហើយ​ការ​ធ្វើ​វាង​ខ្ញុំ​ជឿ​ង​ថា​ធ្វើ​កើត​ លើកលែង​ថា​យើង​អត់​ចង់​ធ្វើ​»​។​

លោក​ អះ​ម៉ាត់​ យះ​យ៉ា។រូបភាព WMC
លោក​ អះ​ម៉ាត់​ យះ​យ៉ា។រូបភាព WMC

​ចំណែក​អ្នកស្រី​ ថា​ច់​ សា​រ៉​ន​ ដែល​ជា​ពលរដ្ឋ​មួយ​រូប​រស់នៅ​ក្នុង​តំបន់​បឹង​កក់​ស្ថិត​នៅ​ភូមិ​ ៦​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​សប្បាយចិត្ដ​ក្រោយ​ឮ​ ការ​ប្រកាស​ពី​ការ​ផ្ដល់​ដី​សំណង​ទៅ​ឱ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​។​ អ្នកស្រី​ ថា​ច់​ សា​រ៉​ន​៖«​ប្រជាជន​យើង​កាន់តែ​កើន​ច្រើន​ ហើយ​អ​ញ្ចឹ​ង​ការ​ធ្វើ​ដំណើរ​ ក៏​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ ឥឡូវ​យើង​កាន់តែ​រីក​ចម្រើន​ច្រើន​ហើយ​ គ្រួសារ​ខ្លះ​មាន​ឡាន​ម៉ូតូ​ល្អៗ​ជិះ​ដែរ​ បើ​អ​ញ្ចឹ​ង​សុំ​ឲ្យ​រីក​ផ្លូវ​នេះ​ជា​បន្ទាន់​ដើម្បី​ពួក​ខ្ញុំ​សប្បាយ​នឹង​ការ​ធ្វើ​ដំណើរ​»​។​

​សូម​ជម្រាប​ថា​ កន្លង​មក​ ពលរដ្ឋ​ខ្មែរឥស្លាម​ចំណុះ​វិហារ​ អាល់​សា​កាល់​ ស្ទើរតែ​ទាំងអស់​បាន​ជំទាស់​មិន​គាំទ្រ​ចំពោះ​ការ​ធ្វើ​ផ្លូវ​ពុះ​វិហា​របឹង​កក់​នេះ​ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​លោក​ អះ​ម៉ាត់​ យ៉ះ​យ៉ា​ បាន​ជំទាស់​រឿង​នេះ​ដែរ​។​

​ជុំវិញ​ការ​ជំទាស់​របស់​លោក​ អះ​ម៉ាត់​ យះ​យ៉ា​ នេះ ​លោក​ត្រូវ​បាន​លោក​ អូ​ស្មាន់​ ហា​ហ្សា​ន់​ ដែល​ជា​ក្មួយ​ប្រុស​របស់​លោក​បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​លោក​ពី​បទ​បរិហារកេរ្ដិ៍​ ។​ ករណី​នេះ​កាលពី​ថ្ងៃ​ទី​ ១៥​ ខែ​ សីហា​ ឆ្នាំ​ ២០១៦​ សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ពិន័យ​លោក​ ដោយ​តម្រូវ​ឲ្យ​បង់ប្រាក់​សំណង​ជំងឺ​ចិត្ត​ ១០០​លាន​រៀល​ ទៅ​ឱ្យ​លោក​ អូ​ស្មាន​ ហា​ស្សាន់​ ជា​ភាគី​ដើមបណ្តឹង​៕

Share

Image
Image
Image