en     km
en     km

សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់

Share

មន្ត្រីសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងពលរដ្ឋជិត២០នាក់ ត្រូវបានអាជ្ញាធរខេត្តកោះកុងឃាត់ខ្លួន នៅថ្ងៃទី០២សីហា ក្នុងហេតុការណ៍នៃការតវ៉ាទាមទារឲ្យមានការដោះលែងសកម្មជនបរិស្ថាន៣រូប
មន្ត្រីសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងពលរដ្ឋជិត២០នាក់ ត្រូវបានអាជ្ញាធរខេត្តកោះកុងឃាត់ខ្លួន នៅថ្ងៃទី០២សីហា
ក្នុងហេតុការណ៍នៃការតវ៉ាទាមទារឲ្យមានការដោះលែងសកម្មជនបរិស្ថាន៣រូប

សាលាឧទ្ធរណ៍​ បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្តកោះកុង​ ក្នុង​ការ​ឃុំឃាំង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ ឲ្យ​នៅ​តែ​បានការ​ដដែល​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែកញ្ញា​ឆ្នាំ​២០១៥​នេះ​ ។​ ទោះបី​យ៉ាងនេះ​ក្តី​ ប្រធាន​បច្ចេកទេស​ជាន់ខ្ពស់​សិទ្ធិ​មនុស្ស​របស់​អង្គការ​លី​កាដូ​ ថា​នឹង​ជំរុញ​មេធាវី​របស់​ខ្លួន​ ឲ្យ​បន្ត​នីតិវិធី​ទៅ​សាលា​កំពូល​ ដើម្បី​ស្នើ​សុំ​ឲ្យ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំងនោះ​ ដែល​ជា​អ្នក​ការពារ​បរិស្ថាន​ អាច​នៅ​ក្រៅ​ឃុំ​បាន​។​

​ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​របស់​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ ឲ្យ​វិទ្យុ​ស្ត្រី​ដឹង​នៅ​ថ្ងៃ​ទី​២១​ ខែកញ្ញា​ នេះ​ថា​ សកម្មជន​៣​នាក់​នេះ​ គួរតែ​ត្រូវ​បាន​ចៅក្រម​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ តាម​សំណើ​របស់​មេធាវី​ ព្រោះ​សកម្មជន​ទាំង​៣​នាក់​បាន​ធានា​ថា​ នឹង​ចូល​គ្រប់​នីតិវិធី​របស់​តុលាការ​ និង​អាជ្ញាធរ​ចាត់តាំង​ដោយ​តុលាការ​ ។​

​លោក​អំ​ សំអាត​ បន្ត​ថា​ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៣​នាក់​នោះ​ មានមុខ​របរ​ មាន​អាសយដ្ឋាន​ច្បាស់លាស់​ និង​មាន​ឪពុក​ម្តាយ​ធានា​ថែម​ទៀត​ផង​។​

​លោក​បន្ថែម​ថា​ កា​រប​ដិ​សេដ្ឋ​របស់​សាលាឧទ្ធរណ៍​នេះ​ ក្រោម​ហេតុផល​៣​ ទី​១​ អាជ្ញាធរ​ទុក​ជនជាប់ចោទ​ ដើម្បី​ឲ្យ​តុលាការ​ដំណើរការ​តាម​នីតិវិធី​ ទី​២​ ប្រសិនបើ​ទុក​ឲ្យ​សកម្មជន​ទាំង​៣​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​ ខ្លាច​ពួក​គេ​ប្រព្រឹត្ត​បទល្មើស​ថ្មី​ និង​ទី​៣​ អាជ្ញា​ធរមាន​ព្រួយបារម្ភ​ថា​ អ្នក​ទាំង​៣​នាក់​នេះ​ បង្ក​ឲ្យ​មាន​ចលនា​សណ្តាប់ធ្នាប់​សាធារណៈ​។​

​ទោះបី​យ៉ាង​ក្តី​ ប្រធាន​បច្ចេកទេស​ជាន់ខ្ពស់​សិទ្ធិ​មនុស្ស​របស់​អង្គការ​លី​កាដូ​ថា​ លោក​នឹង​ជំរុញ​មេធាវី​របស់​ខ្លួន​ឲ្យ​បន្ត​នីតិវិធី​ទៅ​សាលា​កំពូល​ ដើម្បី​ស្នើ​សុំ​ឲ្យ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​បី​នាក់​នោះ​ អាច​នៅ​ក្រៅ​ឃុំ​បាន​។​

​លោក​ អំ​ សំអាត​៖​ «​ការ​ចាប់ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នេះ​ ហាក់បីដូចជា​មានរឿង​អាថ៌​កំបាំង​ ហើយ​ក៏​មានការ​រំលោភសិទ្ធិ​សេរីភាព​ ក្នុង​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ ដែល​ពួក​គេ​ធ្វើការ​តវ៉ា​ទាក់ទង​ការ​បូម​ខ្សាច់​ ដែល​អាច​ប៉ះពាល់​ដល់​ធនធានធម្មជាតិ​ មច្ឆា​ជាតិ​ជាដើម​នោះ​។​ ខ្ញុំ​គិត​ថា​ អាហ្នឹង​ហើយ​ដែល​ពួក​គេ​ គួរតែ​ត្រូវ​បាន​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​»​។​

​គួរ​រម្លឹក​ថា​ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​បី​នាក់​នោះ​ កំពុង​តែ​ជាប់​ពន្ធនាគារ​ខេត្តកោះកុង​នៅឡើយ​ ។​ អ្នក​ទាំងនោះ​មានឈ្មោះ​ លោក​ ទ្រី​ សុ​វិ​គា​ អាយុ​២៣​ឆ្នាំ​ លោក​ សាន់​ ម៉ា​ឡា​ អាយុ​២៣​ឆ្នាំ​ និង​លោក​ ស៊ិ​ម​ សំណាង​ អាយុ​២៨​ឆ្នាំ​ ។​ អ្នក​ទាំង​បី​នោះ​ ត្រូវ​បាន​ចោទប្រកាន់​តាម​មាត្រា​៤២៤​នៃ​ក្រមព្រហ្មទណ្ឌ​ ពី​បទ​គំរាមកំហែង​ និង​ធ្វើ​ឲ្យ​ខូចខាត​ ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​ ពេល​ដែល​ពួក​គេ​ធ្វើ​សកម្មភាព​បណ្តេញ​សា​ឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​វៀតណាម​៕

Share

Image
Image
Image