en     km
en     km

សាលាឧទ្ធរណ៍​សម្រេច​ច្រានចោល​បណ្ដឹងទាស់​មេធាវី​ការពា​ក្ដី​ឲ្យ​លោក​ កឹ​ម​ សុខា​

Share

ភ្នំពេញ៖ ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បាន​សម្រេច​ទាត់​ចោល​បណ្ដឹងទាស់​ របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ កឹ​ម​ សុខា​ ចំពោះ​ការ​សុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​នេះ​ បដិសេធ​ការ​កោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឱ្យ​មេ​បក្ស​ប្រឆាំង​ចូលខ្លួន​បំភ្លឺ​រឿង​នាង​ ខុ​ម​ ចាន់​តារា​ ហៅ​ស្រី​មុំ​។​ ការ​បដិសេធ​នេះ​ ក៏​ជួន​ពេល​លោក​ កឹ​ម​ សុខា​ មិន​បាន​បង្ហាញខ្លួន​​ទៅ​កាន់​សាលាក្ដី​នៅ​ថ្ងៃនេះ​ដែរ​។​ ករណី​នេះ​ នាំ​ឱ្យ​លោក​ កឹ​ម​ សុខា​ មិន​ចូលខ្លួន​ចំនួន​ ៦​ លើក​មក​ហើយ​។​

​សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍​ គឺជា​ការ​បើកផ្លូវ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ត​ចាត់ការ​លើ​លោក​ កឹ​ម​ សុខា​ បន្ថែម​ទៀត​។​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​សេចក្ដីសម្រេច​នេះ​ថា​ មាន​ច​រឹត​នយោបាយ​ ។​ ក្រុម​មេធាវី​របស់​លោក​ កឹ​ម​ សុខា​ និយាយ​ថា​ នឹង​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​។​

kem-sokha-04-07-thum01
អ្នកគាំទ្រលោក កឹម សុខា ចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅទីស្នាក់ការបក្សសង្គ្រោះជាតិនៅ​ ចាក់អង្រែលើ រាជធានីភ្នំពេញ។រូបពីFacebook លោក កឹម សុខា

​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​បណ្ដឹងទាស់​ របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ កឹ​ម​ សុខា​ ដែល​សុំ​ឲ្យ​សភា​ស៊ើបសួរ​សាលា​ឧរ​ណ៍​ ទម្លាក់​ចោល​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ លើ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​។​

​លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ កឹ​ម​ សុខា​ មួយ​រូប​ក្នុង​ចំណោម​មេធាវី​ទាំង​ប្រាំ​រូប​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​ ទី​០៤​ កក្កដា​នេះ​ថា​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បាន​ប្រកាស​ទាត់​ចោល​ដោយ​ចាត់​ទុក​បណ្ដឹងទាស់​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ កឹ​ម​ សុខា​ ថា​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​។​

លោក​ សំ​ សុ​គង់​ បញ្ជាក់​ថា​ ការ​ដែល​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បដិសេធ​ដូចនេះ​  គឺ​ក្រុម​មេធាវី​មាន​តែ​បន្ដ​ប្ដឹង​សារទុក្ខ​ទៅ​កាន់​តុលាការ​កំពូល​ប៉ុណ្ណោះ​។​

លោក​មេធាវី​បន្ថែម​ថា​ មុន​ពេល​ដែល​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ កឹ​ម​ សុខា​ ទាំង​ប្រាំ​រូប​សម្រេច​ដាក់​បណ្ដឹងទាស់​ នីតិវិធី​របស់​តុលាការ​រាជធានី​ភ្នំពេញ​ គឺ​ក្រុម​មេធាវី​បាន​ជួប​ពិភាក្សា​គ្នា​ សិក្សា​លើ​នីតិវិធី​លើ​លោក​ កឹ​ម​ សុខា​ ដែល​ធ្វើ​ឡើង​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺ​មិន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ ទើប​ក្រុម​លោក​សម្រេច​ដាក់​បណ្ដឹងទាស់​នេះ​ ។​

sam-so-kong-thum-04-07
លោក សំ សុគង់ កំពុងផ្តល់បទសម្ភាសន៍ទៅកាន់អ្នកកាសែត។

ជាមួយ​គ្នា​នេះ​ដែរ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដោយ​បាន​ហៅ​សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍​ថា​ មាន​ច​រឹត​នយោបាយ​ មាន​ភាព​លម្អៀង​ ដែល​បក្ស​ប្រឆាំង​នេះ​ថា​ ប្រកបដោយ​ អគតិ​ទាំង​៤​ គឺ​ ឆន្ទាគតិ​ ទោសាគតិ​ ម​ហោ​គតិ​ ភយាគតិ​។​ គណបក្ស​នេះ​ថា​ អគតិ​ទាំង​ ៤​យ៉ាងនេះ​ នាំ​ឱ្យ​ ចៅក្រម​ ព្រះរាជអាជ្ញា​ និង​មន្ត្រី​តុលាការ​ ធ្វើការ​អនុវត្ត​ សន្និដ្ឋាន​ និង​ធ្វើ​សេចក្ដីសម្រេច​ដោយ​រំលោភ​លើ​នីតិវិធី​ និង​ច្បាប់​ជា​ធរមាន​រហូត​ដល់​ហ៊ាន​ រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​ទៀត​ផង​។​

លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា​ មូលហេតុ​ដែល​លោក​ កឹ​ម​ សុខា​ មិន​ចូលខ្លួន​ ទៅ​តាម​ដីកាកោះ​របស់​សាលាឧទ្ធរណ៍​ គឺ​ដោយសារ​តែ​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ប្រកាន់​ជំហរ​ថា​ លោក​មិន​មាន​កំហុស​ ហើយ​លោក​មិន​អាច​ទៅ​បង្ហាញខ្លួន​ដោយ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នោះ​ដែរ​ ។​

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ទៀត​ថា​លោក​ កឹ​ម​ សុខា​ ក៏​មិន​បារម្ភ​ពី​ការ​ចាប់ខ្លួន​នោះ​ដែរ​ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ដ​អ្វី​ទេ​។​ លោក​ យឹ​ម​ សុវណ្ណ​៖«​លោក​ កឹ​ម​ សុខា​ គាត់​នៅ​តែ​រក្សា​ជំហរ​គឺ​គាត់​មិន​ទៅ​ទេ​ គឺ​ប្រគល់​ឲ្យ​មេធាវី​ទៅ​ យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ហើយ​ក៏​មិន​មានការ​បារម្ភ​អី​ទេ​ ជា​ធម្មតា​រឿង​កើតឡើង​អ​ញ្ចឹ​ង​ហើយ​គឺ​ត្រូវ​តែ​មាន​ដំណោះ​ហើយ​ដំណោះស្រាយ​ពេល​អង្កាល់​យើង​ចាំ​មើល​សិន​»​។​

​យ៉ាងណា​ក៏​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ស​ប្ដា​ហ៍​មុន​ បាន​ថ្លែង​ព្រមាន​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​ បើ​អ្នក ឯង​មិន​ទៅ​ដើរ​រក​គុក​ គឺ​គុក​នឹង​មក​រក​អ្នកឯង​ ។​ សម្តេច​ ហ៊ុន​ សែន​៖«​លោក​ឯង​ ជាប់គុក​គ្មាន​ថ្ងៃ​ចេញ​រួច​ទេ​ ប្រាប់​ឱ្យ​ហើយ  ​ «​អា​គុក​»​ កុំ​ព្រហើន​ហ្នាស់​។​ និយាយ​ឱ្យ​ច្បាស់​ ហើយ​សូម​ឱ្យ​លោក​អស់ទូត​នានា​ ប្រាប់​ឱ្យ​ហើយ​ណាស់​ រឿង​បុគ្គល​ជាមួយ នឹង​ច្បាប់​អត់​មាន​មក​ញ៉េ​ញ៉ុ​ម​ទេ​ ខ្ញុំ​អត់​មាន​ធ្វើ​បក្សនយោបាយ​ ហើយ​រឿង​នេះ​កំពុង​តែ​ដំណើ​ការ​តុលាការ​នៅ​ពេល​ក្រោយ​បើ សិនជា​តុលាការ​បញ្ជា​ គឺ​ប្រហែលជា​កម្លាំង​ប៉ុន្មាន​ក៏​ទប់​វា​មិន​ជាប់​ដែរ​បើ​គេ​ចង់​ចាប់​នោះ​ លោក​ឯង​ស៊ី​បាយ​នឹង​ចានស្រាក់​គេ​មើលឃើញ​តើ​ នែ​កុំ​អាល​ព្រហើន​ គេ​មិន​ទាន់​ដល់​ម៉ោង​ដែល​គេ​ធ្វើ​ទេ​ តែ​គេ​ដល់​ម៉ោង​ធ្វើ​គេ​ធ្វើ​ហើយ​កុំ​ឆ្ងល់​ពេក​ទប់​អត់​ជាប់​ទេ​ កុំ​ព្រហើន​ អាហ្នឹង​និយាយ​ឱ្យ​ច្បាស់​ខ្លួនឯង​កំពុង​ខ្លួន​ង​កំពុង​ឃុំខ្លួន​សោះ​ហ្នឹង​។​ ឃុំ​ខ្លួនឯង​គុក​ខ្លួន​ហើយ​ ហើយ​លោក​មិន​ទៅ​រក​គុក​ ក៏​គុក​មក​រក​លោក​ដែរ​អាហ្នឹង​ខ្ញុំ​ប្រាប់​ឱ្យ​ហើយ​ទៅ​»​។​

​គួរ​រំលឹក​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីការ​កោះហៅ​ឲ្យ​ចូលខ្លួន​ចំនួន​ ៥​លើក​ ករណី​នាង​ ខុ​ម​ ចាន់​តារា​ ទី​ហៅ​ស្រី​មុំ​។​ ប៉ុន្តែ​លោក​ កឹ​ម​ សុខា​ មិន​បាន​ចូល​ទៅ​តាម​ការ​កោះហៅ​ទាំងនោះ​ទេ​ បើ​គិត​ទាំង​ពេល​នេះ​ផង​លោក​បដិសេធ​ដីកាកោះ​នោះ​ចំនួន​ ៦​លើក​មក​ហើយ​ ក្រោម​ហេតុផល​ថា​ លោក​មាន​អភ័យឯកសិទ្ធិ​សភា​៕

Share

Image
Image
Image