en     km
en     km

សាលាឧទ្ធរណ៍​បដិសេធ​បណ្តឹងទាស់​មន្ត្រី​សមាគម​អា​ដ​ហុ​ក​ករណី​បន្ត​ឃុំខ្លួន​ (​មាន​សំឡេង​)

Share

ភ្នំពេញ៖ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការបន្តឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ចំនួនប្រាំមួយខែទៀត។ ប៉ុន្តែមេធាវីរបស់សកម្មជនទាំងនេះមិនទាន់សម្រេចប្តឹងទាស់បន្តទៀតនៅឡើយ។

hock
លោកស្រី លឹម មុនី្ន លោក ណៃ វ៉ង់ដា លោក នី សុខា  លោក យី សុខសាន្ត មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុក នឹងត្រូវបន្តស្ថិតក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្ន ចំនួនប្រាំមួយខែ បន្ថែមទៀត។ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញយ៉ាងដូច្នេះក្នុងសវនាការកាលពីព្រឹកថ្ងៃពុធនេះដោយសំអាងថាតុលាការត្រូវបន្តនីតិវិធីស៊ើបអង្កេត លើជនជាប់ចោទទាំងប្រាំរូប។
លោកស្រី លឹម មុនី្ន លោកណៃ វ៉ង់ដា លោក នី សុខា  លោក យី សុខសាន្ត និង លោក នី ចរិយា អតីតអ្នកការពារសិទ្ធិមនុស្សអាដហុក និងជាអគ្គលេខាធិការរង គ.ជ.ប ត្រូវចាប់ខ្លួនកាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦ ក្រោមបទចោទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងស្នេហាលួចលាក់នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ ហើយកាលពីថ្ងៃទី២៧ ខែមេសា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សទាំងនេះចំនួនប្រាំមួយខែ បន្ថែមទៀតដើម្បីបន្តនីតិវិធីស៊ើបអង្កេត។ ក៏ប៉ុន្តែនៅក្នុងសវនាការនៃសាលាឧទ្ធរណ៍នៅថ្ងៃនេះពុំមានវត្តមានរបស់លោកនី ចរិយា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ។ ដោយសារលោក នី ចរិយា មិនបានប្តឹងទាស់នឹងការសម្រេចរបស់សាលាដំបូងឡើយ។
មេធាវីការពារក្តីឲ្យមន្ត្រីសមាគមអាដហុក លោក ឡោ ជុនធី បានផ្តល់បទសម្ភាសន៍ដល់កាសែតថា ចៅក្រមសាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងទុកជាបានការដដែល ក្រោមហេតុផលអវត្តមានសាក្សី ដំណើរការស៊ើបអង្កេតមិនទាន់បិទបញ្ចប់។
លោកមេធាវី ជុន ធី យល់ថា តុលការគួរតែចេញដីកាដំណោះស្រាយមួយថាកូនក្តីរបស់លោកត្រូវបានដោះលែង ឬ បញ្ជូនទៅជំនុំជម្រះ។ លោកមេធាវី បញ្ជាក់ថា ក្រុមមេធាវីនឹងពិភាក្សាជមួយកូនក្តីរបស់លោកថាតើគួរប្តឹងជំទាស់ទៅសាលាកំពូលទៀតឬយ៉ាងណា។
អង្គកាសហប្រជាជាតិ សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំង ចំពោះចំណាត់របស់តុលាការក្រុងភ្នំពេញក្នុងការបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សអាដហុកនិងមន្ត្រី គ.ជ.ប នេះ៕

Share

Image
Image
Image