en     km
en     km

សាលាឧទ្ធរណ៍សម្រេចអោយ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ក្នុង​ពន្ធនាគារ​

Share

(ភ្នំពេញ)​៖ ក្រោយ​បញ្ចប់​សវនាការ​ជា​អសាធារណៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មីនា​នេះ ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ បានសម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ អតីត​ប្រធាន​​​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពន្ធនាគារ​ដដែល​ ដោយ​ពុំ​ព្រម​ដោះលែង​នោះទេ​។ សវនាការប្រើពេលជិត ២ម៉ោង​នៅព្រឹកមិញនេះ​​ ដោយ​ពុំ​មាន​វត្តមាន​លោក​ កឹម​ សុខា​ នោះឡើយ។សវនាការនេះធ្វើឡើង ស្របពេលដែលសម្តេច ហ៊ុន សែន ថ្លែងដោយមិនជឿថាតុលាការអាចដោះលែងលោក កឹម សុខា នោះទេ។

 

                                    លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិត្រូេវបានចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នំា ២០១៧។

 

ក្រោយបញ្ចប់សវនាការរយៈពេលជិតពីរម៉ោងដោយគ្មានវត្តមានលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិនៅព្រឹកនេះ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍បានសម្រេចបន្តឃុំខ្លួនលោក កឹម សុខា តែមិនបានបញ្ជាក់ពីថេរវេលាពិតប្រាកដនោះឡើយ។ នេះបើតាមការប្រកាសរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍។

មេធាវីម្នាក់ក្នុងចំណោមមេធាវីផ្សេងទៀតរបស់លោក កឹម សុខា គឺលោក ហែម សុជាតិ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមមេធាវីការពារក្តីជូនលោក កឹម សុខា បានផ្តល់ចម្លើយ​និងឯកសារគិតយុត្តជាច្រើនតាមការសាកសួរចង់បានពីតុលាការ ដែលលោកទទូចថាតុលាការមិនគួរពន្យារពេលឃុំខ្លួនកូនក្តីលោកទៀតឡើយ។ លោកមេធាវីបន្តថា សវនាការដែលធ្វើឡើងដោយគ្មានវត្តមានកូនក្តីបែបនេះ ធ្វើឱ្យការសាកសួរដេញដោលមិនមានលក្ខណទូលំទូលាយ និងផ្តល់យុត្តិធម៌ដល់កូនក្តីលោកឡើយ។ លោកក៏ពុំអាចគូសបញ្ជាក់ពីមូលហេតុដែលកូនក្តីរបស់លោកគឺលោក កឹម សុខា អវត្តមានក្នុងសវនាការនៅថ្ងៃនេះបានដែរ គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា លោកទើបទទួលលិខិតអវត្តមានលោក កឹម សុខា ពីព្រះរាជអាជ្ញានៅព្រឹកនេះ។

ជុំវិញអវត្តមានលោក កឹម សុខា ក្នុងអង្គសវនាការនៅពេលនេះ លោក នុត សាវនា អគ្គនាយករងនៃអគ្គនាយកពន្ធនាគារ បានប្រាប់សារព័ត៌មានក្នុងស្រុកថា សវនាការនៅពេលមិញនេះ គឺជារឿងសារទុក្ខដែលមិនពាក់ព័ន្ធនឹងរឿងក្តីស្នូរដែលគេចោទប្រកាន់នោះទេ។ ម្យ៉ាងទៀតដើម្បីរក្សាសណ្តាប់ធ្នាប់សន្តិសុខពេលសវនាការ។ តែយ៉ាងលោកបញ្ជាក់ថា ការសម្រេចមិនបញ្ជូនលោក កឹម សុខា ទៅចូលរួមអង្គសវនាការនៅថ្ងៃនេះ គឺមានការពិភាក្សាជាមួយព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ត្រឹមត្រូវមិនមែនជាការសម្រេចដោយឯកឯងនោះទេ។

                                                                      សកម្មភាពរឹតបណ្តឹងសន្តិសុខនៅសាលាឧទ្ធរណ៍។

ស្របពេលសាលាឧទ្ធរណ៍កំពុងបន្តសវនាការលើបណ្តឹងសារទុក្ខរបស់ក្រុមមេធាវីលោក កឹម សុខា ប្រឆាំងការឃុំខ្លួនកូនក្តីខ្លួន ៦ ខែទៀតនោះ សម្តេច ហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបថា ​សម្តេចសង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​មិន​ដោះលែង​លោក កឹម សុខា ដែល​សម្តេចចោទ​ថាជា​មេ​ក្បត់​ជាតិនោះទេ។

លោក កឹម សុខា ត្រូវបានឃុំខ្លួនក្នុងគុកត្រពាំងផ្លុងជាប់ព្រំដែនវៀតណាមរយៈពេលជិត ៧ ខែមកហើយ។ លោកត្រូវបានតុលាការ​ចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

ជាការកត់សម្គាល់នៅក្បែរបរិវេនសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២៧ មីនានេះ មានការបិទកំណត់ផ្លូវមួយចំនួនមិនឱ្យធ្វើចរាចរណ៍នោះទេ។ ចំណែកអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មន្រ្តីសិទ្ធមនុស្ស និងអ្នកសារព័ត៌មានប្រមានមួយនាក់ក៏មានវត្តឃ្លាំមើលសវនាការនោះផងដែរ។ តែយ៉ាងណាសកម្មភាពប្រមូលផ្តុំតវ៉ាពីអ្នកគាំទ្រលោក កឹម សុខា និងសកម្មភាពផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានត្រូវបានរំខាន និងរឹតបណ្តឹងយ៉ាងខ្លាំង៕

Share

Image
Image
Image