en     km
en     km

សាលាក្រុង​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទទួល​ផ្ញើ​កង់​-​ម៉ូតូ​ត្រូវ​បញ្ឈប់​យក​ថ្លៃ​ឈ្នួល​ថ្លៃ​ហួសហេតុ​

Share

ភ្នំពេញ​៖​ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ដល់​អ្នក​ប្រកប​អាជីវកម្ម​ទទួល​ផ្ញើ​កង់​ម៉ូតូ​ទាំងអស់​ បញ្ឈប់​​ជា​បន្ទាន់ការ​យក​ថ្លៃ​ឈ្នួល​ផ្ញើ​ថ្លៃ​ហួសហេតុ​ នាំ​ឱ្យ​ប៉ះពាល់​ជីវភាព​ និង​សតិអារម្មណ៍​សាធារណជន​។​ 

​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បង្ហោះ​នៅ​រសៀល​ថ្ងៃ​ទី​០៣​វិច្ឆិកា​ ឆ្នាំ​២០១៧​នៅ​ក្នុង​អំ​ទ្បុ​ង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ គេ​សង្កេត​ឃើញ​ថា​ម្ចាស់​អាជីវកម្ម​ទទួល​ផ្ញើ​ កង់​-​ម៉ូតូ​ មួយ​ចំនួន​បាន​យក​ថ្លៃ​ឈ្នូ​ល​ផ្ញើ​ថ្លៃ​ហួសហេតុ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សម្តែង​ការ​មិន​ពេញ​ចិត្តជា​ច្រើន​។​

​ការណ៍​នេះ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​០៣​ វិច្ឆិកា ឆ្នាំ​២០១៧​ថា​ មាន​ករណី​ជន​មួយ​ចំនួន​បាន​ធ្វើ​អាជីវកម្ម​ទទួល​ផ្ញើ​កង់​ ម៉ូតូ​ ដោយ​ឆ្លៀតឱកាស​យក​តំលៃ​ឈ្នួល​ផ្ញើ​ថ្លៃ​ហួសហេតុ​ នាំ​ឱ្យ​មានការ​ថ្នាំងថ្នាក់​ពី​សំ ណាក់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​កំសាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។​

​តាម​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​លើ​សេ​វ៉ា​ផ្ញើ​កង់​ ម៉ូតូ​ ពិសេស​ចូលរួម​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ដល់​អ្នក​ប្រកប​អាជីវកម្ម​ទទួល​ផ្ញើ​កង់​ ម៉ូតូ​ទាំងអស់​ ប​ឈ្ឈប់​ជា​បន្ទាន់ការ​យក​ថ្លៃ​ឈ្នួល​ផ្ញើ​ថ្លៃ​ហួសហេតុ​ នាំ​ឱ្យ​ប៉ះពាល់​ជីវភាព​ និង​សតិអារម្មណ៍​សាធារណជន​។​

​ជាមួយ​គ្នា​នេះ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ចាត់​ឱ្យ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១២​ ពិសេស​ខណ្ឌដូនពេញ​ ចំការមន​ ឬ​ស្សី​កែវ​ និង​ខណ្ឌ​ជ្រោយចង្វារ​ ត្រូវ​ចាត់​មន្ត្រី​របស់​ខ្លួន​ចុះ​ត្រួតពិនិត្យ​ និង​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ទទួល​ផ្ញើ​កង់​ ម៉ូតូ​ទាំងអស់​ឱ្យ​អនុវត្ត​តាម​ការ​អំពាន​វា​នេះ​ដោយ​ឈរ​លើ​ស្មារតី​យោគយល់​ និង​សហការ​ល្អ​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​នេះ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌចំការមន​ លោក​ ព្រុំ​ សំខាន់​ បាន​ផ្តល់​បទ​សម្ភាស​ឱ្យ​វិទ្យុ​ស្ត្រី​នា​ព្រឹក​ថ្ងៃ​ទី​ ០៤​ វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ​ថា​ លោក​បាន​ចាត់តាំង​មន្ត្រី​របស់​លោក​ឱ្យ​ចុះ​ទៅ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​អា​ជី​កម្ម​ផ្ញើ​កង់​ ម៉ូតូ​នៅ​តំបន់​របស់​លោក​រួចរាល់​អស់ហើយ​។​

«​ខ្ញុំ​បាន​ទទួល​ផែនការ​ដឹកនាំ​របស់​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​ហើយ​ក្នុង​នោះ​យើង​បាន​ចុះ​ទៅ​ណែនាំ​គ្រប់កន្លែង​ដែល​ផ្ញើ​ម៉ូតូ​ ឱ្យធ្វើ​កិច្ចសន្យា​ ធ្វើ​កំណត់ហេតុ​ ឱ្យ​គេ​អនុវត្ត​ តាម​កាលកំណត់​របស់​សាលា​រាជធានី​ភ្នំពេញ​ យើង​បាន​ធ្វើ​អស់ហើយ​»​។​

​ចំណែក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ លោក​ សុខ​ ពេញ​វុ​ធ​ ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​​​ព្រឹក​ថ្ងៃ​ទី​០៤​ វិច្ឆិកា​ នេះ​ដែរ​ថា​ ក្នុង​នាម​លោក​ជា​អភិបាល​ខណ្ឌដូនពេញ​បាន​ចាត់​ឱ្យ​មន្ត្រី​របស់​លោក​ចុះ​ត្រួតពិនិត្យ​ និង​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​អាជីវកម្ម​ដោយ​មិន​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ផ្ញើ​កង់​ ម៉ូតូ​ យក​តម្លៃ​ថ្លៃ​ហួសហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​មក​កំសាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នោះ​ទេ​។​
​តែ​ប្រសិនបើ​រក​ឃើញ​ថា​ម្ចាស់​អាជីវកម្ម​ដែល​មិន​គោរព​តាម​កិច្ចសន្យា​នេះ​ទេ​នោះ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​នឹង​រង​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​រដ្ឋបាល​។​

«​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ទីតាំង​អស់ហើយ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ទីតាំង​ទាំងអស់​ហ្នឹង​អត់ឱ្យ​យក​តម្លៃលើស​ដាច់ខាត​ ឬ​យ៉ាង​ហោច​ណាស់​យក​ត្រឹម​ ១​ពាន់​ ឬ​១​ពាន់​ប្រាំ​ អស់​ថ្លៃ​ហើយ​ ហើយ​បើ​ក្នុងរ​ណី​ការ​ដាក់​ម៉ូតូ​នៅ​លើ​ទ្រូងផ្លូវ​គឺ​យើង​ចុះ​ដល់​ម្ចាស់​ទីតាំង​នោះ​យក​មក​ម៉ូតូ​នោះ​មក​ទុក​នៅ​សាលា​ខណ្ឌ​ហើយ​ម្ចាស់​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ រាល់​ការ​ខូចខាត​ ឬ​ក៏​ការ​ផាកពិន័យ​ដែល​រដ្ឋបាល​បាន​ផាកពិន័យ​ចំពោះ​ភាគី​ល្មើស​»​។​

​លើស​ពី​នេះ​ទៀត​នោះ​ អភិបាល​ខណ្ឌដូនពេញ​លោក​ សុខ​ ពេញ​វុ​ធ​ សំណូមពរ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​គោរព​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​សាលា​ខណ្ឌ​ដោយ​មិន​ត្រូវ​ឆ្លៀតឱកាស​កេង​ចំណេញ​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នោះ​ទេ​ ដោយ​ទ្បែ​ក​ចំពោះ​ប្រជាពលរដ្ឋ​វិញ​ប្រ​សិន​ដឹង​ថា​ម្ចាស់​អាជីវកម្ម​ណាមួយ​នៅ​តែ​យក​ថ្លៃ​ឈ្នួល​ផ្ញើ​កង់​ ម៉ូតូ​ថ្លៃ​ហួសហេតុ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​ដល់​អាជ្ញាធរ​ដើម្បី​ចាត់វិធានការ​ដោះស្រាយ​រឿង​នេះ​៕

Share

Image
Image
Image