en     km
en     km

សារសំខាន់ៗរបស់ឥស្សរជនជាន់ខ្ពស់ក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧

Share

សៀមរាប៖ អង្គព្រះមហាក្សត្រ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រមុខរាជរដ្ឋាភិបាល និងគណៈប្រតិភូសភាសមាជិក APPF ដែលជាឥស្សរជនជាន់ខ្ពស់ សុទ្ធតែបានផ្ញើព្រះរាជសារ និងសារប្រកបដោយសុទិដ្ឋិនិយមថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ នេះ នឹងដឹកនាំប្រទេសជាសមាជិកឆ្ពោះទៅរកសុខសន្តិភាព រកឃើញដំណោះស្រាយ​បញ្ហាក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភា។

តើព្រះរាជសារ និងសារសំខាន់ៗរបស់ឥស្សរជនជាន់ខ្ពស់មានអត្ថន័យយ៉ាងណា? លោក កែវ សុខា សូមចូលខ្លួនមកលម្អិតបន្ថែមលើព័ត៌មាននេះ។

 

ឥស្សរជនជាន់ខ្ពស់របស់កម្ពុជាដំបូងនេះ គឺព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គត្បិតមិនបានយាងចូលរួមផ្ទាល់ក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ឬ APPF លើកទី២៧ ក្នុងខេត្តសៀមរាប នៅថ្ងៃនេះក៏ពិតមែន តែព្រះអង្គមិនភ្លេចឡើយ ផ្ញើនូវព្រះរាជសារចូលរួមអបអរសាទរដ៏មានអត្ថន័យផ្តល់ជូនអង្គពិធីនេះ។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា កិច្ចប្រជុំនេះគឺជាពេលវេលាដ៏ល្អមួយដែលប្រទេសជាសមាជិក APPF ទាំងអស់ជួបជុំគ្នា ដើម្បីត្រិះរិះ ពិចារណានូវបទពិសោធន៍ទាំងឡាយកន្លងមក ព្រមទាំងប្រមើលមើលនូវនិន្នាការធំៗដែលនឹងមានឥទ្ធិពលចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ព្រះអង្គមានព្រះរាជបន្ទូលបន្តថា តារយៈកិច្ចប្រជុំនេះប្រទេសជាសមាជិក អាចធ្វើការរំពឹងទុកចំពោះមធ្យោបាយរួមនានាទៅថ្ងៃអនាគត ដើម្បីពង្រឹងនូវមូលដ្ឋានគ្រឹះនៃសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាព។

ក្នុងនាមពលរដ្ឋខ្មែរ ព្រះករុណាព្រះមហាក្សត្រ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ គណៈប្រតិភូទាំងអស់ ដែលបានមានវត្តមានលើទឹកដីអង្គរដ៏ស្រស់បវររបស់កម្ពុជា។

                                                                                            ព្រះមហាក្សត្រកម្ពុជា។

 

ឥស្សរជនបន្ទាប់ពីអង្គព្រះមហាក្សត្រ គឺសម្តេច ហេង សំរិន។ សម្តេច ហេង សំរិន ជាប្រធានរដ្ឋសភាកម្ពុជាបានសម្តែងសុទិដ្ឋិ និយមថា កិច្ចប្រជុំក្រោមមូលបទ «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភា»នេះ ជាឱកាសមួយដ៏ល្អ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។ សម្តេចបញ្ជាក់ថា កិច្ចប្រជុំនេះនឹងរួមចំណែកលើកកម្ពស់សន្តិសុខ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី និងសកលលោក តាមរយៈការចូលរួមអនុម័តសេចក្ដីសម្រេចនានា ឆ្លើយតាមបំណងប្រាថ្នារួមរបស់សភាជាសមាជិក។

សម្តេចប្រធានរដ្ឋសភាគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ ជាកាលានុវត្តភាពដ៏ប្រសើរ សម្រាប់សមាជិកទាំង២៧ប្រទេសរបស់ APPF អាចផ្លាស់ប្តូរទស្សនទានគ្នាទៅវិញទៅមកក្នុងចក្ខុវិស័យវែងឆ្ងាយ និងសម្រាប់ជាមាគ៌ា នៃកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចដែលថ្លែងចំពោះមុខគណៈប្រតិភូនៃប្រទេសជាសមាជិកបានលើកឡើងបន្ថែមថា ស្របទៅនឹងការវិវឌ្ឍនៃសភាពការណ៍សកលលោក ដែលសព្វថ្ងៃកំពុងប្រឈមទៅនឹងនិន្នាការ នៃការវិលត្រលប់នូវការស្អប់ជាតិសាសន៍ដទៃ ដែលមិនមែនជាតិសាសន៍ខ្លួនឯង និងការបណ្ដុះឱ្យមានភាពតានតឹងនៅក្នុងតំបន់ និងបញ្ហាប្រឈមមុខគ្នា ខាងភូមិសាស្ត្រនយោបាយ ជំនួបនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសក្នុងតំបន់ទាំងអស់លើកយកបញ្ហាទាំងនោះមកដាក់លើតុដើម្បីរកដំណោះស្រាយ។

សម្តេច ហេង សំរិន ដែលជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានលើកឡើងបន្តទៀតថា រយៈពេល២៧ឆ្នាំមកនេះ APPF បាននាំមកនូវសមិទ្ធផលជាច្រើន ដែលជាមោទនភាពស្តែងចេញពីសកម្មភាព និងឧត្តមគតិ APPF ទាំងអស់ ហើយសមិទ្ធផលទំាងនោះ បានបង្ហាញឲ្យឃើញនូវសុខដុមនីយកម្ម នៃប្រជាជាតិនៅអាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។

សម្តេចគូសបញ្ជាក់ទៀតថា បេសកកម្មរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មិនត្រឹមតែបង្ហាញពីសាមគ្គីភាព មិត្តភាព ឯកភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងរង្វង់គ្រួសារ APPF ប៉ុណ្ណោះទេ តែជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីបង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ។

                                                                                                សម្តេចទាំងបី

 

ងាកមកប្រធានព្រឹទ្ធសភាសម្តេច សាយ ឈុំ វិញសម្តេចបានលើកឡើងក្នុងកិច្ចប្រជុំលើកទី២៧ នាឱកាសនោះថា កិច្ចប្រជុំនេះជាជោគជ័យមួយនៃវិស័យការទូតសភា។ តាមរយៈការទូតសភាដ៏សកម្ម មានបំណង និងគោលដៅរួមគ្នានេះ សម្តេចចង់ឃើញពិភពលោកមួយមានសន្តិភាព សន្តិសុខ និងចង់បានកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូស្មោះត្រង់ គោរពគ្នាទៅវិញទៅមក និងចេះថែរក្សាផលប្រយោជន៍ទៅវិញទៅមកយូរអង្វែង។

សម្តេចប្រធានព្រឹទ្ធសភាបន្ថែមថា សភាកម្ពុជាសូមលើកទឹកចិត្តឲ្យបង្កើនការសន្ទនា ដោយស្មារតីសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងតួអង្គពាក់ព័ន្ធនានា លើបញ្ហាសន្តិសុខ អន្តោប្រវេសន៍ បញ្ហាជម្លោះពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត លើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងតាមរយៈយន្តការដែលមានស្រាប់ផងដែរ។

ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ មិនអត់នោះទេវត្តមានរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាគឺសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី។ សម្តេច ហ៊ុន សែន បានថ្លែងថា  រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម ក្នុងការធ្វើជាម្ចាស់ផ្ទះជាលើកដំបូង សម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)នេះ។

បុរសខ្លាំងកម្ពុជាបានលើកឡើងនូវបញ្ហាប្រឈមធំៗចំនួន ៥ចំណុច និងផ្តល់ជាអនុសាសន៍សម្រាប់បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវរួមគ្នារិះរកវិធីដោះស្រាយ។

បញ្ហាទី១ គឺត្រូវរួមគ្នាយកចិត្តទុកដាក់លើតួនាទីអង្គការសហប្រជាជាតិ តួនាទីអាស៊ាន តួនាទីអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។

ទី២៖ ត្រូវរួមគ្នាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ និងកតិកាសញ្ញាផ្សេងៗនៃអង្គការសហប្រជាជាតិ ជាពិសេសការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសណាមួយ ឬបង្កើតសកម្មភាពខុសច្បាប់ផ្សេងៗ ដែលបង្កឱ្យមានអស្ថិរភាពនយោបាយ ឬភាពវឹកវរក្នុងតំបន់ និងពិភពលោក។

ទី៣៖ ត្រូវរួមគ្នាដោះស្រាយជម្លោះដែលកើតឡើង តាមរយៈការចរចាដោយសន្តិវិធី ឬដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ឬតាមរយៈនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យភាគីជម្លោះទាំងសងខាងឈ្នះ-ឈ្នះ ឬអាចទទួលយកបានទាំងអស់គ្នាដោយសុខសន្តិភាព។

ទី៤៖ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន ជួញដូរវត្ថុបុរាណ បទល្មើសបច្ចេកវិទ្យា ទូរគមនាគមន៍ ជំងឺឆ្លងគ្រប់ប្រភេទ និងការជួញដូរស្រ្តី បទពិសោធន៍រវាងប្រទេសក្នុងតំបន់ ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបញ្ហាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក និងកុមារជាដើម។

និងចំណុចចុងក្រោយ គឺត្រូវរួមគ្នាលើកតម្កើងវប្បធម៌ តាមរយៈការផ្លាស់ប្តូរ ដើម្បីថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សទាំងនៅក្នុងតំបន់ និងពិភពលោក ឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

សូមជម្រាបជូនថា កាលពី​ឆ្នាំ ២០១៨ កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកាសភា​ អាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ហៅ​កាត់​ថា APPF លើក​ទី ២៦ បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដោយ​មាន​សមាជិក​ចូលរួម ២១ ប្រទេស​រួមទាំង​អ្នក​សង្កេត​ការណ៍ និង​អង្គការ​សភា​ជា​ដៃគូ​ធំៗ​សរុប​ប្រមាណ ៤០០ នាក់ចូលរួម។ កិច្ចប្រជុំនៅប្រទេសវៀតណាមកាលណ្ណោះ​បាន​ពិភាក្សាដោយផ្តោតសំខាន់លើការរក​គន្លឹះ​ដោះស្រាយ​បញ្ហា​រួម​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច បរិស្ថាន ការ​ប្រែប្រួល​អាកាស​ធាតុ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម លើក​កម្ពស់​សមភាព​យេនឌ័រ ទេសចរណ៍ វប្បធម៌ និង សិទ្ធិ​មនុស្ស។

វេទិកាសភា ​អាស៊ី-ប៉ាស៊ីហ្វិក (APPF )​ នេះ បាន​បង្កើតឡើង​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន កាល​ពី​ឆ្នាំ ១៩៩៣ ហើយ​សភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​កាល​ពី​ឆ្នាំ ១៩៩៥ ខណៈ​បច្ចុប្បន្ន APPF នេះ​មាន​សមាជិក​ពេញ​សិទ្ធិ​ចំនួន ២៧ ប្រទេស៕

 

 

Share

Image
Image
Image