en     km
en     km

សហភាព​អឺរ៉ុប ចោទ​រាជ​រដ្ឋា​ភិបាល ថា​បាន​ប្រើ​ប្រព័ន្ធ​​តុលា​ការ​គំរាម​គំហែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​

Share

សហ​ភាព​អឺរ៉ុប និង​អង្គ​ទូត​ចំនួន​៤​ប្រចំា​នៅ​កម្ពុជា មាន​បារំាង អង់គ្លេស អាល្លឺម៉ង់ និង​ស៊ុយអែត បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ សម្តែង​ក្តី​កង្វល់ចំពោះ​ការ​គំរាម​គំហែង សមាគម​ការពារ​សិទ្ធ​មនុស្ស លើ​បញ្ហា​វិវាទ​ដី​ធ្លី ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលា​ការ ខណៈ​ដែល​មន្រ្តី​ការពារ​សិទិ្ធមនុស្ស​អាដហុក​​​២​រូប កំពុង​នឹង​ជាប់​បណ្តឹង​នៅ​តុលា​ការ​។ កង្វល់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​ព្រឹក​ថ្ងៃ​ទី ០៤​ខែ​សីហា នេះ នៅ​ឯ​ទី​ស្នាក់​ការ​កណ្តាល​របស់​ខ្លួន ក្នុង​រាជ​ធានី​ភ្នំពេញ​។

cover
សហភាពអឺរ៉ុប និងអង្គទូតជួបជុំនៅក្នុង កិច្ចប្រជុំពិភាក្សាស្តីអំពី «ការប្រឈមរបស់សមាគមន៍អាដហុក»

«​យើង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​ការ​បំភិត​ភ័យ តាម​រយៈ​ប្រព័ន្ធ​តុលា​ការ ជា​ពិសេស​ទាក់​ទង​នឹង ការ​ពង្រាង​ច្បាប់​សមាគម អង្គការ​ក្រៅរដ្ឋាភិបាល ដែល​ច្បាប់​នេះ មាន​ការ​គំរាម​គំហែង និង​ប៉ះ​ពាល់​ដល់​សកម្ម​ភាព​ការងារ​របស់​សមាគម អង្គការ​ជាតិ និង​អន្តរ​ជាតិ​នៅ​កម្ពុជា​។ ជាក់​ស្តែងការ​ធ្វើ​ទុក្ខ​ម្នេញ​ទៅ​លើ លោក នី ចរិយា ជា​ភស្តុ​តាង ដែល​រដ្ឋាភិបាល​ធ្វើ​ការ​គាប់​សង្កត់​​សង្គម​ស៊ី​វិល ព្រម​ទាំង​ដាក់​កំរិត​មិន​ឲ្យ​អ្នក​ការពារ​សិទ្ធ​មនុស្ស ​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​បាន​»។ នេះ​ជា​អត្ថន័យ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​។

img
លោក នី ចរិយា ក្នុងកិច្ចប្រជុំពិភាក្សារបស់សមាគមន៍អាដហុកជាមួយសហភាពអឺរ៉ុប និងអង្គទូត

លោក នី ចរិយា ប្រធាន​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ឲ្យ​ដឹង​ក្រោយ​កិច្ច​ពិភាក្សា សហ​ភាព​អឺរ៉ុប និង​អង្គទូតទាំង​នោះ​ថា ​លោក​កំពុង​នឹង​ព្រួយ​បារម្ភ​ថា តុលា​ការ​អាច​នឹង​ចាប់​ខ្លួន​លោក ដាក់​ពន្ធ​ធា​គា ព្រោះ​តុលា​ការ​កម្ពុជា សព្វ​ថ្ងៃ​មិន​ទាន់មាន​​ឯករាជ្យ និង​​យុតិ្ត​ធម៌​​នៅ​​ឡើយ​​ទេ​​។ ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ លោក ចរិយា នៅ​តែ​សកម្មភាព​ការ​ពារ​ជន​រង​គ្រោះ​ដដែល​។ លោក​បន្ថែម​ថា ការ​ជួប​ពិភាក្សា​ជា​មួយ​សហ​ភាព​អឺរ៉ុប និងអង្គ​ទូត​ទំាង​នោះ អាច​ជា​សម្ពាធ​ដល់​រាជ​រដ្ឋា​ភិបាល ដើម្បី​ឲ្យ​មាន​ការ​កែរ​ទំរង​ប្រព័ន្ធ​យុត្តិ​ធម៌​កាន់​តែ​ប្រសើរ​។ ប៉ុន្តែ​លោក នី ចរិយា មិន​បាន​បញ្ជាក់​ថា​ សហ​ភាព​អឺរ៉ុប និង​អង្គ​ទូត​ទាំង​នោះ ដាក់​សម្ពាធ​ទៅ​រាជ​​រដ្ឋា​ភិបាល​ដោយ​ម​ធ្យោបាយ​បែប​ណា​នោះ​ទេ​។

សំឡេង៖
​ទាក់​ទង​បញ្ហា​នេះ មណ្ឌល​ព័ត៌​មាន​ស្រ្តី​កម្ពុជា​មិន​អាច​ទាក់​ទង​សុំ​ការ​បំ​ភ្លឺ​ពី ចៅ​ក្រម​ស៊ើប​សួរ​និង​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាបបាន​នៅ​ឡើយ​ទេ​។
ចំណែក អ្នក​នាំ​ពា​ក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្រ្តី លោក ផៃ ​​ស៊ីផាន ឆ្លើយ​តប​ថា ការ​ចោទ​ប្រកាន់​របស់ សហ​ភាព​អឺរ៉ុប អង្គ​ទូត​ទាំង​នោះ​ផ្ទុយ​ស្រឡះពី​ការ​ពិត ព្រោះ​ចៅ​ក្រម​ស៊ើប​សួរ និង​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀ​ម​រាប ប្តឹង​លោក នី ចរិយា គឺ​ជា​ភាព​ឯករាជ្យ​របស់​តុលា​ការ មិន​ជាប់​ពាក់​ព័ន្ធ​និង​រាជ​រដ្ឋា​ភិបាល​ទេ​។

សំឡេង៖

គួរ​រំលឹក​ផង​ដែរ​ថា លោក នី ចរិយា ប្រធាន​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ និង​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប ប្តឹង​​ពី​​បទ​បរិហារ​បង្កាច់​កេរ្តិ៍ បរិហារ​​កេរ្តិ៍​​ជា​​សាធារណៈ និង​​បទ​​ផ្សព្វ​ផ្សាយ​នូវ​​ការ​​អត្ថា​ធិប្បាយ ដើម្បី​ដាក់​សម្ពាធ​លើ​​​​​​​ យុត្ថាធិការ។សូម​​បញ្ជាក់​​ទៀត​​ថា មន្រ្តី​​តុលាការ​​​ពី​រ​​រូប​នេះ​ប្តឹង​លោក នី ចរិយា បន្ទាប់​ពី​ប្រធាន​ស៊ើប​អង្កេត​​នៃ​​សមាគម​​ការពារ​​សិទ្ធិ​មនុស្ស​អាដហុក បាន​ប្តឹង​មន្រ្តី​តុលាការ​នោះ ទៅ​ក្រសួង​យុត្តិ​ធម៌ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ដែល​សមាគម​អាដហុក​ចោទ​ថា បាន​បញ្ជា​​ឲ្យ​អាជ្ញាធរ ចាប់​ឃុំ​ខ្លួន​អ្នក​មានជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​នោះ​ខុស​នី​តិ​វិធី​៕

Share

Image
Image
Image