en     km
en     km

សហភាព​អឺរ៉ុប​ ផ្ដល់​អាហារ​រូបករណ៍​ដល់​និស្សិត​កម្ពុជា​ចំនួន​៥២​នាក់​ក្នុង​ឆ្នាំ​២០១៦​នេះ​?

Share

​ភ្នំពេញ៖ លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ថ្លែង​ថា​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​  និស្សិត​កម្ពុជា​ចំនួន​៥២​នាក់​បាន​ទទួល​អាហារូបករណ៍​១០០%​ ទៅ​សិក្សា​នៅ​ទ្វីបអឺរ៉ុប​។​ តាម​លោក​លោក​ George​ Edgar​ ការ​ផ្ដល់​អាហារ​រូបករណ៍​ ដើម្បី​អោយ​វិស័យ​អប់រំ​នៅ​កម្ពុជា​ កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ដ្រីក្រសួង​អប់រំ​ បាន​ថ្លែង​សាទរ​ ដោយ​ចាត់​ទុក​សហភាព​អឺរ៉ុប​ជា​ដៃគូ​ដ៏​ល្អ​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ កញ្ញា​ ជុំ​ ជោក​ជាតា​ ជូន​ព័ត៌មាន​លម្អិត​៖

 

លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​
លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​


នៅ​ក្នុង​សន្និសីទ​ការ​សែត​ស្ដី​ពី​អាហារ​រូបករណ៍​ Erasmus+​ កាលពី​ថ្ងៃ​អង្គារ​ ទី​១៩​កក្កដា​ឆ្នាំ​ ២០១៦​ ដែល​ធ្វើ​ឡើង​នៅ​ឯ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ លោក​ George​ Edgar​ បាន​ប្រកាស​ថា​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ និស្សិត​កម្ពុជា​ប្រមាណ​ជា​៥២​នាក់​ បាន​ទទួល​អាហារូបករណ៍​១០០%​ ទៅ​សិក្សា​នៅ​ទ្វីបអឺរ៉ុប​ ក្នុង​រយៈពេល​៦​ខែ​ទៅ​២៤​ខែ​ និង​គ្រូឧទ្ទេស​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​អឺរ៉ុប​រយៈពេល​ពី​ ៥​ថៃ្ង​ទៅ​៦០​ថ្ងៃ​ផង​ដែរ​។​

​ជាង​នេះ​ លោក​ George​ Edgar​ ក៏​បាន​បញ្ជាក់​ថា​អាហារូបករណ៍​ដែល​បាន​ផ្ដល់​ជូន​នេះ​ គឺ​និស្សិត​កម្ពុជា​នឹង​ទទួល​បាន​ក្នុង​កម្រិត​មួយ​ដោយ​មានមុខ​វិជ្ជា​ផ្សេងៗ​គ្នា​ ដូច​ជា​អាហារូបករណ៍​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ បរិញ្ញាបត្រ​ជាន់ខ្ពស់​ ថ្នាក់បណ្ឌិត​ និង​ថ្នាក់​ក្រោយ​បណ្ឌិត​ លើ​មុខ​វិជ្ជា​ កសិកម្ម​ វិទ្យាសាស្ដ្រ​សត្វ​និង​អាហារ​ គីមី​ ទំនាក់ទំនង​  អប់រំ​ធុរៈកិច្ច​ សេដ្ឋកិច្ច​ បរិស្ថាន​ វិស្វកម្ម​ ជលផល​ ព្រៃឈើ​ ព័ត៌មានវិទ្យា​ គ្រប់គ្រង​ រដ្ឋបាល​សាធារណៈ​ និង​អភិវឌ្ឍ​ជនបទ​។​

​លោក​ George​ Edgar​ បាន​បញ្ជាក់​ប្រាប់​តាម​រយៈ​អ្នកបកប្រែ​ទៀត​ថា​៖​ «​បាទ៎​ហើយ​នៅ​ក្នុង​នោះ​គឺ​ មាន​និស្សិត​ក៏​ដូច​ជា​បុគ្គលិក​សិក្សាធិការ​ផ្សេងៗ​ ដែល​គាត់​ទទួល​អាហារូបករណ៍​ហ្នឹង​ គឺ​ នៅ​ក្នុង​កម្រិត​អាហារូបករណ៍​ផ្សេងៗ​គ្នា​ ថ្នាក់​បរិញ្ញាបត្រ​ បរិញ្ញាបត្រ​ជាន់ខ្ពស់​ ថ្នាក់បណ្ឌិត​ និង​ថ្នាក់​ក្រោយ​បណ្ឌិត​ផ្សេងៗ​ជាដើម​ហ្នឹង​ ទៅ​សិក្សា​នៅ​តាម​បណ្ដា​សកល​វិទ្យាល័យ​ប្រមាណ​ជា​២៤​ នៅ​តាម​បណ្ដា​ប្រទេស​ប្រមាណ​១៤​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ »​។​

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​រូប​នេះ​ ក៏​បាន​បន្ថែម​ដែរ​ថា​ក្ដី​រំពឹង​ ក្នុង​ការ​ផ្ដល់​អាហារ​រូបករណ៍​ដល់​និស្សិត​កម្ពុជា​ នឹង​នាំ​ឱ្យ​ធនធានមនុស្ស​ កម្ពុជា​ កាន់តែ​ច្រើន​ និង​មានគុណ​ភាព​។​

​លោក​ George​ Edgar​ បាន​បញ្ជាក់​តាម​រយៈ​អ្នកបកប្រែ​លើ​ចំនុច​នេះ​ទៀត​ថា​៖​ «​ បាទ៎​ យើង​ផ្ដោត​ យ៉ាង​សំខាន់​ទៅ​លើ​វិស័យ​អប់រំ​ ព្រោះថា​យើង​ជឿជាក់​ថា​វិស័យ​អប់រំ​ហ្នឹង​ គឺជា​វិស័យ​អាទិភាព​ចំប្បង​បំផុត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ បណ្ដា​ប្រទេស​ផ្សេងៗ​ផង​ដែរ​ ព្រោះថា​ វិស័យ​អប់រំ​ហ្នឹង​ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ជាងគេ​នៅ​ក្នុង​ការ​ជួយ​ អោយ​មានការ​អភិវឌ្ឍន៍​ នា​ពេល​អនាគត​នៅ​ក្នុង​ប្រទេស​នីមួយៗ​…»​។​

​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ ការ​ផ្ដល់​អាហារូបករណ៍​របស់​សហភាព​អឺរ៉ុប​សម្រាប់​និស្សិត​កម្ពុជា​ នៅ​ពេល​នេះ​គឺ​ មិនមែន​ជា​លើក​ទី​មួយ​ទេ​ ដោយសារ​នៅ​ចន្លោះ​ឆ្នាំ​២០០៥​ ដល់​ ឆ្នាំ​២០១៥​ កម្មវិធី​អាហារូបករណ៍​ Erasmus+​ និង​ Erasmus​ Mundus​  ដែល​ឧបត្ថម្ភ​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​ បាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ និង​បុគ្គលិក​សិក្សា​កម្ពុជា​ ប្រមាណ​ជាង​៥០០​នាក់​បាន​ទៅ​សិក្សា​ និង​បង្រៀន​នៅ​បណ្ដា​ប្រទេស​នានា​ក្នុង​ទ្វីបអឺរ៉ុប​ រួច​ហើយ​ដែរ​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ ដែរ​ក្រៅពី​អាហារូបករណ៍​ គឺ​កម្មវិធី​ Erasmus+​ ក៏​បាន​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ការ​កសាង​សមត្ថភាព​អប់រំ​ថ្នាក់ឧត្ដម​សិក្សា​ (CBHE)​ ក្នុង​គម្រោង​ចំនួន​៦​ នៅ​ឆ្នាំ​២០១៥​ ហើយ​កម្មវិធី​នេះ​ ក៏​បាន​ជួយ​ដល់​គ្រឹះស្ថានឧត្ដមសិក្សា​កម្ពុជា​ ចំនួន​៨​ផ្សេង​គ្នា​ រួម​មាន​ សាកលវិទ្យាល័យ​ ជា​ ស៊ី​ម​ កំចាយមារ​ នាយករ​ដ្ឋា​ន​ឧត្ដម​សិក្សា​នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ សាកលវិទ្យាល័យ​មាន​ជ័យ​ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ សាកលវិទ្យាល័យ​ស្វាយ​រៀង​ និង​សាកលវិទ្យាល័យ​បាត់ដំបង​ ដើម្បី​ធ្វើ​ជា​ដៃគូ​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ​។​

​នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ដ្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​លើក​ឡើង​ថា​ ការ​ផ្ដល់​ឱកាស​ដល់​និស្សិត​កម្ពុជា​ ឱ្យទៅ​សិក្សា​នៅ​បណ្ដា​ប្រទេស​ក្នុង​ចំណោម​រដ្ឋ​ សមាជិក​សហភាព​អឺរ៉ុប​ទាំងនោះ​  គឺជា​ចំនុច​វិជ្ជមាន​មួយ​សំរាប់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​លោក​ ហង់​ ជួនណា​រ៉ុ​ន​ ៖​ «​បាទ៎​ គឺ​ការ​ផ្ដល់​អាហារូបករណ៍​នេះ​ជួយ​ពង្រឹង​ សាកលវិទ្យាល័យ​យើង​ ព្រោះ​សាកលវិទ្យាល័យ​ មាន​គ្រូបង្រៀន​ ចឹ​ង​មែន​ត្រឹមតែ​អាហារូបករណ៍​ឲ្យ​និស្សិត​ទេ​ ប៉ុន្ដែ​អាហារូបករណ៍​នេះ​ អោយ​សាស្ដ្រ​ចា​រ្យ​ផង​ដែរ​ ដែល​គាត់​មក​វិញ​អាច​ជួយ​បង្រៀន​»​។​

​ជាមួយ​គ្នា​នេះ​ដែរ​ និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ទ្វីបអឺរ៉ុប​  គឺ​ កញ្ញា​ សុខ​ សៀ​ក​ហ្គិ​ច​  ក៏​បាន​ប្រាប់​ដែរ​ថា​កញ្ញា​  កំពុង​ត្រៀម​ទៅ​សិក្សា​នៅ​ប្រទេស​ប៉ូ​ឡូញ​ នៅ​ថ្ងៃ​ទី​១៩​ខែកញ្ញា​ ខាង​មុខ​លើ​មុខ​វិជ្ជា​ កសិកម្ម​។​ សុខ​ សៀ​ក​ហ្គិ​ច​  នាង​បាន​ប្រាប់​ទៀត​ថា​នៅ​ពេល​ដែល​ត្រឡប់​ ពី​ប្រទេស​ប៉ូ​ឡូញ​វិញ​ នាង​នឹង​ចែករំលែក​បទ​ពិសោធ​ រួម​ទាំង​ចំនេះដឹង​ ទៅ​ដល់​មិត្ត​ភ​ក្រ​ និង​ ពលរដ្ឋ​ខ្មែរ​ មួយ​ចំនួន​។​

​កញ្ញា​ សុខ​ សៀ​ក​ហ្គិ​ច​ ៖«​និយាយ​ទៅ​ ខ្ញុំ​ចង់​សិក្សា​ នៅ​ប្រទេស​អឺរ៉ុប​ហ្នឹង​ ព្រោះ​ប្រទេស​គេ​ខាង​ណោះ​ គឺជា​ប្រទេស​រីក​ចំរើន​ខ្លាំង​ ខ្ញុំ​ចង់​សិក្សា​អំពី​វប្បធម៌​គេ​ ពី​ការ​រីក​ចំរើន​របស់​ប្រទេស​គេ​  ហើយ​ចង់​សិក្សា​អំពី​វិទ្យាសាស្ដ្រ​កសិកម្ម​ហ្នឹង​ ហើយ​បន្ទាប់​មក​ពី​ខ្ញុំ​មក​វិញ​ ខ្ញុំ​អាច​មាន​បទ​ពិសោធ​ទាំង​អស់នោះ​ ហើយ​ចែករំលែក​ដល់​មិត្ត​ភ​ក្រ​ខ្ញុំ​ ដល់​ប្រជាជន​ខ្ញុំ​ ព្រោះ​ប្រទេស​កម្ពុជា​ ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ខ្លាំង​»​។​

Erasmus+​ គឺជា​កម្មវិធី​ថ្មី​មួយ​របស់​សហភាព​អឺរ៉ុប​សម្រាប់​ការ​អប់រំ​ បណ្តុះបណ្តាល​ យុវជន​ និង​កី​ទ្បា​ ដែល​ចាប់ផ្តើម​កាលពី​ខែមករា​ ឆ្នាំ​២០១៤​។​ ជាមួយនឹង​ថវិការ​ ១៦,​ ៤​ ពាន់​លាន​អឺ​រ៉ូ​ (​កើន​ទ្បើ​ង​ ៤០​ ភាគរយ​បើ​ធៀប​នឹង​កម្មវិធី​មុន​)​ កម្មវិធី​នេះ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​មនុស្ស​ ៤​ លាន​នាក់​ នៅ​ទូ​ទាំង​ពិភពលោក​ ក្នុង​នោះ​រួម​ទាំង​និស្សិត​ថ្នាក់ឧត្តម​សិក្សា​ ចំនួន​ ២​ លាន​នាក់​ និង​បុគ្គលិក​ចំនួន​ ៣​ សែន​ នាក់​ សម្រាប់​រយៈពេល​ ៧​ឆ្នាំ​ (២០១៤-​ ២០២០)​។​

អាហារូបករណ៍​សហភាព​អឺរ៉ុប​ គឺជា​ជំនួយ​បំពេញបន្ថែម​ទៅ​លើ​ការ​គាំទ្រ​ដ៏​ចម្បង​ ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​ ដែល​សហភាព​អឺរ៉ុប​ និង​ក្រសួង​អប់រំ​កម្ពុជា​ គឺជា​ដៃគូ​ ដ៏​យូរអង្វែង​មក​ហើយ​៕

Share

Image
Image
Image