en     km
en     km

សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​ជាង​២៩​លាន​ដុល្លារ​ដើម្បី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​

Share

ភ្នំពេញ​៖​ សហភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​ ២៩​ លាន​ដុល្លារ​ ដើម្បី​ការពារ​សិទ្ធិ​និង​សុវត្ថិភាព​របស់​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​នៅ​ក្នុង​តំបន់​អាស៊ាន​។​ ចំពោះ​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​ខ្មែរ​នូវ​មិន​ទាន់​មាន​សុវត្ថិភាព​និង​ការ​គោរព​សិទ្ធិ​ពេញលេញ​ទេ​ ព្រោះ​ ពួក​គេ​ងាយ​រង​គ្រោះ​ពី​ការ​ជួញដូរ​និង​អំពើ​ហិង្សា​ផ្លូវភេទ​និង​ផ្លូវ​កាយ​។​


​យោង​តាម​សេចក្តីជូនដំណឹង​របស់​សហភាព​អឺរ៉ុប​(EU)​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១២​ ខែ​ កក្កដា​នេះ​ សម្រេច​ផ្តល​ជំនួយ​ឥត​សំណង​ជាង​ ២៥​ លាន​អឺ​រ៉ូ​ ឬ​ស្មើនឹង​ជាង​ ២៩​ លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​កម្មវិធី​«​សុវត្ថិភាព​ និង​យុត្តិធម៌​»​សម្រាប់​ស្ត្រី​ចំណាកស្រុក​នៅ​ក្នុង​តំបន់​អាស៊ាន​។​

​ចំពោះ​ស្ថានភាព​ពលករ​ចំណាកស្រុក​ខ្មែរ​ជា​ស្ត្រី​នូវ​ពុំ​ទាន់​ទទួល​បាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ ពិសេស​ការ​ចំណាកស្រុក​ដោយ​ខុសច្បាប់​។​

​លោក​វរសេនីយ៍ឯក​ គឹ​ម​ ចិន្តា​ នាយក​កា​រិ​យ​ល័យ​ឆ្លង​ដែន​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​របាយការណ៍​ក្នុង​ឆ្នាំ​ ២០១៧​ថា​ រាជរដ្ឋាភិបាល​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​រង​គ្រោះ​ទៅ​ក្រៅប្រទេស​បាន​ចំនួន​ ២៦២​ នាក់​។​

​អង្គការ​UN​ Women​ អង្គការ​ពលកម្ម​អន្តរជាតិ​(​ ILO)​ អង្គការ​សង្គម​ស៊ី​វិល​ និង​សហភាព​អឺរ៉ុប​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​ផ្តល់​សេវា​នានា​ក្នុង​ការ​កែ​លម្អរ​ច្បាប់​ការងារ​ ការ​ទទួល​បាន​ព័ត៌មាន​ និង​សេវាកម្ម​ ដើម្បី​បង្ការ​ទប់ស្កាត់​បញ្ចប់​អំពើ​ហិង្សា​ និង​ការ​ជួញដូរ​ស្ត្រី​ និង​កុមារី​។​

​លោក​វរសេនីយ៍ឯក​ គឹ​ម​ ចិន្តា​ បន្ថែម​ថា​ ស្ត្រី​រហូត​ដល់​ ៥៨​ នាក់​ ត្រូវ​បាន​ចាញ់បោក​មេខ្យល់​លក់​ទៅ​ឱ្យ​ជនជាតិ​ចិន​ ដើម្បី​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​ ហើយ​ស្ត្រី​ទាំងនោះ​រង​គ្រោះ​ដោ​សារ​អំពើ​ហិង្សា​ផ្លូវភេទ​ និង​ផ្លូវ​កាយ​ធ្ងន់ធ្ងរ​រហូត​ដល់​២៩​នាក់​។​

​សហភាព​អឺរ៉ុប​ប៉ាន់​ប្រមាណ​ថា​ ពលករ​ចំណាកស្រុក​ប្រមាណ​ ១០​ លាន​នាក់​នៃ​ជន​ន្តោ​ប្រវេសន៍​ ២០,២​លាន​នាក់​ នៅ​លើ​សកលលោក​ជា​ស្ត្រី​មក​ពី​តំបន់​អាស៊ាន​។​ ស្ត្រី​មាន​ចំនួន​ច្រើន​បម្រើ​ការងារ​តាម​ផ្ទះ​និង​ការ​ថែទាំ​ ប៉ុន្តែ​ពួក​គេ​ក៏​មាននៅ​ក្នុង​វិស័យ​សំណង់​ រោងចក្រ​ កសិកម្ម​ និង​សេវាកម្ម​។​

​ពលករ​ចំណាកស្រុក​កម្ពុជា​មាន​ប្រមាណ​ ១​ លាន​ ២​ សែន​ ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ ម៉ា​ឡេ​ស៊ី​ កូរ៉េ​ខាងត្បូង​ ប្រទេស​ជប៉ុន​ ហុងកុង​ និង​ប្រទេស​មួយ​ចំនួន​ទៀត​។​ នេះ​បើ​របាយការណ៍​របស់​ក្រសួង​ការងារ​។​

​ក្របខ័ណ្ឌ​ការងារ​ និង​ចំណាកស្រុក​ជា​ទូទៅ​ក្លាយជា​បញ្ហា​យេ​ន​ឌ័​រ​នៃ​អំពើ​ហិង្សា​រាង​កាយ​ និង​ផ្លូវភេទ​មាន​អត្រា​ខ្ពស់​ចំពោះ​ស្ត្រី​នៅ​ក្នុង​តំបន់​អាស៊ាន​។​ ពេល​ចំណាកស្រុក​ស្ត្រី​ងាយ​រង​គ្រោះ​ចំពោះ​អំពើ​ហិង្សា​ និង​ការ​ជួញដូរ​ពី​តំបន់​ទៅ​តំបន់​មួយទៀត​។​

​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្មី​នេះ​ ឲ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន​ ១៦​ នាក់​ ត្រឡប់​មក​កម្ពុជា​វិញ​។​ ក្នុង​នោះ​ស្ត្រី​ខ្មែរ​ចំនួន​ ១១​ នាក់​ ត្រូវ​បាន​មេខ្យល់​នាំ​យក​ទៅ​រៀប​ការ​ជាមួយ​ប្តី​ជនជាតិ​ចិន​ដោយ​ខុសច្បាប់​ ហើយ​ស្ត្រី​ខ្មែរ​ ៣​នាក់​ ជា​អនីតិជន​ មាន​អាយុ​ពី​ ១៣​ ដល់​ ១៦​ ឆ្នាំ​ ត្រូវ​បាន​គេ​ជួញដូរ​ទៅ​ប្រទេស​ថៃ​ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​

​កម្មវិធី​«​សុវត្ថិភាព​ និង​យុត្តិធម៌​»​សម្រាប់​ស្ត្រី​ចំណាកស្រុក​នៅ​ក្នុង​តំបន់​អាស៊ាន​មាន​រយៈពេល​៥​ឆ្នាំ​ដោយ​ចាប់ពី​ខែ​ មក​រា​ ឆ្នាំ​ ២០១៨​។​ កម្មវិធី​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ទិន្នន័យ​ និង​ចំណេះដឹង​អំពី​សិទ្ធិ​ និង​ការ​ចូលរួម​របស់​ពលករ​ចំណាកស្រុក​។​ តាម​រយៈ​កម្មវិធី​នេះ​ នឹង​ជួយ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​អ្នក​ពាក់ព័ន្ធ​នានា​ ដើម្បី​ធានា​សុវត្ថិភាព​ ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​យុត្តិធម៌​ដល់​ពលករ​ចំណាកស្រុក​នៅ​ក្នុង​តំបន់​។​

​បើ​តាម​របាយការណ៍​ក្រសួងការបរទេស​អា​មេ​រិ​ក​ស្តី​ពី​«​ការ​ជួញ​ដួ​រ​មនុស្ស​ឆ្នាំ​ ២០១៨»​ បង្ហាញ​ថា​ កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី​២​ក្នុង​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​៣​ឆ្នាំ​ជាប់​គ្នា​ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ដែល​មាន​ន័យ​ថា​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​មាន​ស្ថាន​ភាពល្អ​ប្រសើរ​។​

​ក្នុង​របាយការណ៍​នេះ​ បញ្ជាក់​ថា​ ក្រសួងការបរទេស​កម្ពុជា​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ចំនួន​ ៩៨៦​ នាក់​ ពី​ប្រទេស​ចិន​ ថៃ​ វៀតណាម​ និង​ម៉ា​ឡេ​ស៊ី​ ខណៈ​ឆ្នាំ​ ២០១៦​ ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​មាន​ចំនួន​ ៨១៥​ នាក់​។​ ដោយឡែក​ក្រសួង​សង្គមកិច្ច​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ចំនួន​ ២៤៣​ នាក់​។​

លោក​ Neven​ Mimica​ ស្នងការ​សហភាព​អឺរ៉ុប​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍន៍​អន្តរជាតិ​មាន​ប្រសាសន៍​ថា​«​យើង​ត្រូវ​លុប​បំបាត់​ឬ​សគុល​អំពើ​ហិង្សា​គ្រប់​រូបភាព​និង​គ្រប់​ទម្រ​ង​នៃ​អំពើ​ហិង្សា​លើ​រាង​កាយ​រហូត​ដល់​អំពើ​ហិង្សា​ផ្លូវ​សេដ្ឋកិច្ច​ និង​អំពើ​ហិង្សា​សង្គម​ប្រឆាំង​នឹង​ស្ត្រី​និង​កុមារី​»៕

Share

Image
Image
Image