en     km
en     km

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើ​ឱ្យ​លុប​បំបាត់​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ ទ្រី​ហ្ស៊ី​ក្លា​ហ្សួ​ល​(មានសំឡេង)

Share

សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់កាលពីថ្ងៃពុធឲ្យរួមគ្នាកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ថ្នាំទ្រីហ្ស៊ីក្លាហ្សួល (TRICYCLAZOLE) នៅក្នុងអង្ករ។

ថ្នាំទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) គឺជាប្រភេទថ្នាំកសិកម្មម្យ៉ាងដែលអាចបង្កឲ្យប៉ះពាល់ដល់ប្រពន្ធ័ប្រសាទអ្នកប្រើប្រាស់និងកើតជំងឺរាគរូស។

កញ្ញា ជាតា ជូនព័ត៌មាននេះ!

 

អង្ករដែលកម្ពុជាត្រៀមនាំចេញទៅក្រៅប្រទេស។

សហព័ន្ធស្រូវអង្គរកម្ពុជាបានអំពាវនាវឲ្យមានការទប់ស្កាត់ការប្រើប្រាស់ថ្នាំគីមីម្យ៉ាងក្នុងដំណាំស្រូវនិងអង្ករ រួមទាំងដំណាំកសិកម្មផ្សេងទៀតដោយសារថ្នាំគីមីនោះអាចបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគផលិតផលកសិកម្មទាំងនោះ។

នៅក្នុងសេចក្តីប្រកាសក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃ ពុធ ទី ២២ ខែមិនា សហពន្ធ័ស្រូវអង្ករកម្ពុជា បានស្នើឲ្យបញ្ឈប់ការប្រើប្រាស់ថ្នាំគីមីទ្រីស៊ីក្លាហ្សូល (TRICYCLAZOLE)។ ថ្នាំនេះត្រូវគេនិយមប្រើជាពិសេសនៅក្នុងអង្ករដើម្បីទប់ស្កាត់កុំឲ្យមានការដុះផ្សិតក្នុងអង្ករ ឬដើម្បីការពារផលិតផលកសិកម្មផ្សេងទៀត។

ក្រុមអ្នកជំនាញឲ្យដឹងថាថ្នាំទ្រីស៊ីក្លាហ្សូល (TRICYCLAZOLE)នឹងបង្កឲ្យខូចប្រពន្ធ័សរសៃប្រសាទ ខូចសិរីរាង្គ បង្កឲ្យមានជំងឺរាគរូសនិងខូច   ប្រពន្ធ័គ្រឿងក្នុង។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនសហពន្ធ័ស្រូវអង្ករកម្ពុជាបានស្នើដល់ស្ថាប័នពាក់ព័ន្ធចូលរួមយ៉ាងម៉ឺងម៉ាត់ក្នុងការកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ថ្នាំកសិកម្មប្រភេទនេះ រួមមានការទប់ស្កាត់ការនាំចូលសារធាតុគីមីនេះ បញ្ឈប់រាល់ការលក់ចែកចាយនិងចៀសវាងការប្រើប្រាស់ក្នុងដំណាំកសិកម្មជាពិសេសក្នុងដំណាំស្រូវ និងអង្ករ។

លោក កៀន សុភា ទីប្រឹក្សាបច្ចេកទេសនៃក្រសួងកសិកម្មបានប្រាប់វិទ្យុស្ដ្រីថា ថ្នាំទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) មានសារធាតុហាមឃាត់។ហើយបើសិនជាមានការប្រើប្រាស់ថ្នាំនេះហួសកម្រិតនឹងនាំឲ្យប៉ះពាល់ដល់សុខភាព។

តាមទីប្រឹក្សាបច្ចេកទេសនៃក្រសួងកសិកម្មដដែល  ភាគច្រើនអ្នកដែលប្រើប្រាស់ថ្នាំទ្រីហ្ស៊ីក្លាហ្សូលនេះ  គឺ ជាក្រុមហ៊ុន ដែលនាំអង្ករចេញ ។

កន្លងមក សហភាពអឺរ៉ុបបានដាក់កម្រិតការនាំចេញអង្ករដែលមានផ្ទុកសារធាតុគីមី ទ្រីហ្ស៊ីស៊ីក្លាហ្សូល (TRICYCLAZOLE) មកត្រឹម ០,០១ មីលីក្រាម ក្នុងមួយគីឡូក្រាមនៃអង្ករដែលស្ទើរតែគ្មានសោះក្នុងអង្ករ ខណៈ ការកម្រិតពីមុន នៅដើម ខែកក្កដា ឆ្នាំ២០១៧ មាន ១មីលីក្រាមក្នុងមួយគីឡូក្រាមនៃអង្ករ៕

Share

Image
Image
Image