en     km
en     km

សហព័ន្ធ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​បារាំង​ អំពាវនាវ​ឲ្យ​UN​ បន្ត​អាណត្តិ​ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ និង​អាណត្តិ​អ្នករាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​

Share

​ក្រុម​អ្នកធ្វើការ​លើ​បញ្ហា​សិទ្ធិ​មនុស្សជាតិ​ និង​អន្តរជាតិ​ ជំរុញ​ឲ្យ​ឧត្តម​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ បន្ត​អាណត្តិ​ការិយាល័យ​ និង​អ្នក​សង្កេតការណ៍​ពិសេស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដោយ​ពួក​គេ​សង្កេត​ឃើញ​ថា​ នៅ​ប្រទេស​កម្ពុជា​ នៅ​តែ​មានការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​នៅឡើយ​។​

​សហព័ន្ធ​សិទ្ធិ​មនុស្ស​ FIDH​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​ រួម​ជាមួយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ ជា​សមាជិក​ អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ បន្ត​អាណត្តិ​ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ និង​អាណត្តិ​អ្នករាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​នេះ​ អាច​បំពេញ​តួនាទី​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ និង​ធ្វើការ​ដោយ​ពេញ​សមត្ថភាព​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

​យោងសេចក្ដី​ថ្លែងការណ៍​ផ្ទាល់មាត់​របស់​សហព័ន្ធ​សិទ្ធិ​មនុស្ស​ FIDH​ ផ្ញើ​ជូន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​លើក​ទី​៣០​ ឲ្យ​ដឹង​ថា​ សហព័ន្ធ​នេះ​នៅ​តែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ លើ​ការ​រំលោភសិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​ និង​យ៉ាងធ្ងន់ធ្ងរ​នៅ​កម្ពុជា​ រួម​ទាំង​អំពើ​និទ្ទណ្ឌភាព​ ដែល​នៅ​តែ​បន្ត​ស្ថិត​នៅ​ជា​ធរមាន​ ជា​ពិសេស​គឺ​ការ​កើនឡើង​ដ៏​ខ្លាំង​នូវ​ការ​ប្រើប្រាស់​កម្លាំង​ ក្នុង​ការ​ទប់ស្កាត់​ការ​តវ៉ា​ ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​សហគមន៍​ សហជីព​ និង​ សមាជិក​គណបក្សប្រឆាំង​ ក៏​ដូច​ជា​អ្នកគាំទ្រ​របស់​ពួក​គេ​ ហើយ​ជា​ពិសេស​នោះ​ គឺ​ការ​បន្ត​កើតឡើង​នូវ​ការ​រំលោភ​លើ​សិទ្ធិ​ដីធ្លី​ និង​សិទ្ធិ​លំនៅ​ដ្ឋា​ន​ជាដើម​។​

150930-dara-news-01

​សេចក្ដីថ្លែងការណ៍​ដដែល​បញ្ជាក់​ថា​ FIDH​ ជំរុញ​ឲ្យ​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ កុំ​អនុញ្ញាត​ឲ្យ​កម្ពុជា​ ទម្លាក់​ចោល​នូវ​បញ្ជី​អាទិភាព​ណាមួយ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​រំលោភ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ដោយ​ការ​ដាក់​កំហិត​លើ​សិទ្ធិ​មនុស្ស​របស់​ពលរដ្ឋ​ខ្លួន​ ការ​ប្រើប្រាស់​កម្លាំង​ និង​ប្រព័ន្ធ​យុត្តិធម៌​ ជា​ឧបករណ៍​បង្ក្រាប​អ្នក​តវ៉ា​ ហើយ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប៉ុនប៉ង​រារាំង​ និង​គ្រប់គ្រង​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ី​វិល​។​

​ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ មាន​ប្រសាសន៍​ថា​ អាស្រ័យ​ដោយ​ប្រទេស​កម្ពុជា​នៅ​ត្រូវការ​ចាំបាច់​នៅឡើយ​ នូវ​ការិយាល័យ​ឧត្តម​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ រួម​ទាំង​អ្នករាយការណ៍​ពិសេស​របស់​ក្រុម​ប្រឹ​ក្ស​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ទើប​សហព័ន្ធ​សិទ្ធិ​មនុស្ស​ចង់​ឲ្យ​បន្ត​អាណត្តិ​ឧត្តម​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ទៀត​។​

​លោក​អំ​ សំអាត​ បន្ត​ថា​ «​ទាក់ទង​នឹង​ចូល​ជា​តំណាង​នៅ​ឯនេះ​ ទី​១​ គឺ​អឹ​ម​អូ​យូ​ (MOU)​ នៅ​ខ្មែរ​យើង​ កាលណា​យើង​មាន​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ វា​ត្រូវ​តែ​មាន​អ្នករាយការណ៍​ពិសេស​ចូល​មក​ ហើយ​មួយទៀត​អ្នក​គេ​រាយការណ៍​ពិសេស​នេះ​ គឺ​អាស្រ័យ​ទៅ​លើ​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​ ហើយ​ក៏​អាស្រ័យ​ទៅ​លើ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ បើសិនជា​គេ​នៅ​តែ​ចង់​បន្ត​ អាហ្នឹង​គេ​ជជែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ឲ្យ​មានការ​បន្ត​អាណត្តិ​នៃ​អ្នករាយការណ៍​ពិសេស​ហ្នឹង​បាទ​»​។​

ទាក់ទង​នឹង​ការ​ស្នើ​សុំ​របស់​សហព័ន្ធ​សិទ្ធិ​មនុស្ស​ FIDH​ នេះ​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ លោក​ផៃ​ ស៊ី​ផា​ន​ មាន​ប្រសាសន៍​ថា​ រឿង​បន្ត​កា​រិ​យា​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ គឺជា​សិទ្ធិ​សម្រេច​របស់​រដ្ឋាភិបាល​ មិន​មាន​ស្ថាប័ន​ ឬ​អង្គការ​ណាមួយ​អាច​បញ្ជា​បាន​ទេ​ ។​ លោក​ផៃ​ ស៊ី​ផា​ន​ បញ្ជាក់​ថា​ រឿង​នេះ​ សូ​ម្បី​តែ​អង្គការសហប្រជាជាតិ​ក៏​គ្មាន​អំណាច​បង្គាប់បញ្ជា​បាន​ដែរ​ ។​

​លោក​ផៃ​ ស៊ី​ផា​ន​ បន្ថែម​ថា​ ចំណែក​កា​រិ​យារ​បស់​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ គឺ​មិន​មានការ​ប៉ះពាល់​ ឬ​ផ្អាក​នោះ​ទេ​ ។​ លោក​ថា​ ការិយាល័យ​នេះ​តំណាង​ពី​សុ​ឆន្ទៈ​របស់​កម្ពុជា​ ដែល​ចង់បាន​ភាព​ជា​ដៃគូ​ជាមួយ​អង្គការសហប្រជាជាតិ​ ក្នុង​ការ​ចូលរួម​អ​ភ​វិ​ឌ្ឍ​ន៍​សិទ្ធិ​មនុស្ស​កម្ពុជា​ឲ្យ​ទទួល​បាន​សេចក្ដី​គាប់ប្រសើរ​ ។​

​លោក​ផៃ​ ស៊ី​ផា​ន​ បាន​បញ្ជាក់​ថា​ កម្ពុជា​បាន​ប្ដេជ្ញា​រួច​ស្រេច​ទៅ​ហើយ​ ក្នុង​ការ​ពង្រឹង​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ។​ លោក​ថា​ ការ​លើក​ឡើង​របស់​សហព័ន្ធ​សិទ្ធិ​មនុស្ស​ FIDH​ ជា​ការ​លើក​ឡើង​មិន​ចំ​ទិស​ដៅ​ «​រឿង​ការ​ពន្យារ​ ឬ​មិន​ពន្យារ​ ជា​ដែន​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​ ដែល​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ មិនមែន​អង្គការ​ណាមួយ​មាន​ដែន​សមត្ថកិច្ច​ ឬ​មាន​អំណាច​មក​បង្គាប់បញ្ជា​កម្ពុជា​នោះ​បាន​ទេ​ សូ​ម្បី​តែ​អង្គការសហប្រជាជាតិ​ក៏​គ្មាន​ដែន​សមត្ថកិច្ច​មក​បង្គាប់​កម្ពុជា​បាន​ទេ​ ។​ ព្រោះ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យភាព​មួយ​។​ ដូច​ជម្រាប​អ៊ីចឹង​ ។​ ហើយ​រឿង​ទី​ចំណែក​២​ ការិយាល័យ​អង្គការសិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ដែល​មាន​វត្ត​មាននៅ​កម្ពុជា​ គឺ​នៅ​ដដែល​»​ ។​

​សូម​ជម្រាប​ថា​ សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ​សិទ្ធិ​មនុស្ស​ បញ្ជាក់​ថា​ រយៈពេល​ជាង​២០​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​កាន់តែ​ជ្រៅ​ក្នុង​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​សិទ្ធិ​នយោបាយ​ ហើយ​នៅ​ខណៈ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​ការ​បោះ​ឆ្នោតជាតិ​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​កំហិត​សិទ្ធិ​ពលរដ្ឋ​ស៊ី​វិល​បន្ថែម​ទៀត​ លើ​សេរីភាព​សម្ដែង​មតិ​ ការ​ប្រមូលផ្ដុំ​ និង​ជួបជុំ​ដោយ​សន្តិវិធី​ ការ​ពង្រឹង​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ប្រព័ន្ធ​យុត្តិធម៌​ និង​ការ​កំហិត​លទ្ធភាព​របស់​បក្ស​ប្រឆាំង​ក្នុង​ការ​ចូលរួម​បង្កើត​គោលនយោបាយ​ជាដើម​។​

​សូម​ជម្រាបផងដែរ​ថា​ កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​លើក​ទី​៣០​ ប្រព្រឹត្ត​ទៅ​ចន្លុះ​ពី​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​២​ ខែតុលា​ នៅ​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ហ្សឺ​ណែវ​៕

Share

Image
Image
Image