en     km
en     km

សហជីព​ចង់​ឃើញ​ ក្រសួង​ការងារ​ពង្រឹង​ការងារ​របស់​ក្រុម​អធិការកិច្ច​ក្រសួង​ឲ្យ​បាន​ម៉ឺងម៉ាត់​

Share

ភ្នំពេញ​ ៖​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ កាលពី​ថ្ងៃ​ទី​១១​ ខែធ្នូ​ ម្សិលមិញ​ បាន​ចាប់ផ្ដើម​ដំណើរការ​ថ្ងៃ​ដំបូង​នៃ​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​មូលដ្ឋាន​គ្រឹះ​ និង​សុវត្ថិភាព​ឡ​ចំហាយ​ ក្នុង​គោលបំណង​ទប់ស្កាត់​គ្រោះថ្នាក់​នៃ​ការ​ផ្ទុះ​ឡ​ចំហាយ​នា​ពេល​អនាគត​។​ ករណី​នេះ​ តំណាង​សហជីព​ ចង់​ឃើញ​ក្រសួង​ការងារ​ ពង្រឹង​ការ​អនុវត្ដ​ការងារ​របស់​ក្រុម​អធិការកិច្ច​របស់​ក្រសួង​ ជុំវិញ​ការ​ការពារ​សុវត្ថិភាព​របស់​កម្មករ​ កម្មការិនី​ ព្រោះ​កន្លង​មក​ ការ​ផ្ទុះ​ឡ​ចំហាយ​បាន​បណ្ដាល​ឲ្យ​កម្មករ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​ទៀត​ផង​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ

 

​វគ្គ​បណ្ដុះបណ្ដាល​នេះ​ រៀបចំ​ឡើង​រយៈពេល​ ៣​ថ្ងៃ​ ដែល​មានការ​ចូលរួម​ពី​ក្រុម​មន្ដ្រី​របស់​ក្រសួង​ការងារ​ មន្ដ្រី​ស្ថាប័ន​ពាក់ព័ន្ធ​ ក៏​ដូច​ជា​អង្គការ​វិជ្ជាជីវៈ​ផ្សេងៗ​ ដែល​មាន​អ្នកជំនាញ​ក្រសួង​ការងារ​របស់​ប្រទេស​សឹ​ង្ហ​បុរី​ មក​ធ្វើ​បទ​បង្ហាញ​ ស្ដី​ពី​បច្ចេកទេស​ក្នុង​ការ​គ្រប់គ្រង​ និង​ប្រើប្រាស់​ឡ​ចំហាយ​ប្រកបដោយ​សុវត្ថិភាព​។​

​រដ្ឋមន្ដ្រីក្រសួង​ការងារ​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ថ្លែង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ ដោយ​សុំ​ឲ្យ​មន្ដ្រី​ក្រោម​ឱវាទ​ក្រសួង​ការងារ​ទាំងអស់​ ផ្ដោត​ការ​យកចិត្ដទុកដាក់​ឲ្យ​ខ្លាំង​បំផុត​ចំពោះ​សុវត្ថិភាព​ ឡ​ចំហាយ​ នៅ​តាម​រោងចក្រ​ ដែល​ធ្លាប់​មាន​ ឬ​មិន​ធ្លាប់​មាន​ ការ​ផ្ទុះ​កន្លង​មក​។​ លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​បន្ដ​ថា​ ដោយសារ​តែ​កន្លង​មក​មានការ​ផ្ទុះ​ឡ​ចំហាយ​ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​កម្មករ​ កម្មការិនី​ ទើប​ក្រសួង​ការងារ​រៀបចំ​ជា​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង​ ដោយ​រំពឹង​ថា​ នឹង​អាច​បញ្ឈប់​គ្រោះថ្នាក់​នេះ​មិន​ឲ្យ​កើត​មាន​ឡើង​ម្ដងទៀត​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ ៖«​ប្រព័ន្ធ​សុវត្ថិភាព​ឡ​ចំហាយ​នេះ​ គឺជា​រឿង​ចំ​បាច់​ណាស់​ហើយ​កន្លង​ទៅ​យើង​ឃើញ​ថា​ មាន​ករណី​ផ្ទុះ​ឡ​ចំហាយ​នេះ​គឺ​កើតឡើង​ អ​ញ្ចឹ​ង​ហើយ​បានជា​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​រៀបចំ​យន្ដការ​ ក៏​ដូច​ជា​ រៀបចំ​នូវ​ការ​ណែនាំ​ ដើម្បី​នឹង​ទប់ស្កាត់​ ហើយ​និង​ធានា​ការ​ប្រើប្រាស់​ឡ​ចំហាយ​នេះ​ដោយ​សុវត្ថិភាព​ និង​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​កើតឡើង​ជាយថាហេតុ​»​។​

​តែ​យ៉ាងណា​តំណាង​សហជីព​ហាក់​មិន​មាន​ជំនឿ​លើ​យន្ដការ​របស់​ក្រសួង​ការងារ​ច្រើន​នោះ​ទេ​ ដោយ​លើក​ឡើង​ថា​ មាន​ត្រឹមតែ​ការ​បណ្ដុះបណ្ដាល​ បើ​គ្មាន​សកម្មភាព​ គឺ​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ដដែលៗ​ ជុំវិញ​គ្រោះថ្នាក់​នៃ​ការ​ផ្ទុះ​ឡ​ចំហាយ​ ក្នុង​រោងចក្រ​នេះ​ឡើយ​។​

​លោក​ ម៉ា​ន់​ សេង​ហាក់​ អនុប្រធាន​សហជីព​សេរី​កម្មករ​បាន​លើក​ឡើង​ថា​ រហូត​មក​ដល់​ពេល​នេះ​លោក​ឮ​ត្រឹមតែ​ពាក្យ​ប្ដេជ្ញា​របស់​មន្ដ្រីជាន់ខ្ពស់​ នៃ​ក្រសួង​ការងារ​តែ​ប៉ុណ្ណោះ​ ជុំវិញ​ការ​ទប់ស្កាត់​គ្រោះថ្នាក់​នៃ​ការ​ផ្ទុះ​ឡ​ចំហាយ​ក្នុង​រោងចក្រ​នេះ​។​ លោក​បន្ដ​ថា​ អ្វី​ដែល​ក្រសួង​គួរ​បង្ហាញ​ឲ្យ​កម្មករ​ កម្មការិនី​បានឃើញ​ គឺ​សកម្មភាព​ជាក់ស្ដែង​ របស់​មន្ដ្រី​អធិការកិច្ច​ក្រសួង​ការងារ​ ជុំវិញ​ការ​ចុះ​ត្រួតពិនិត្យ​បច្ចេកទេស​តាម​រោងចក្រ​នីមួយៗ​។​


​លោក​ ម៉ា​ន់​ សេង​ហាក់​៖«​ទាក់ទង​រឿង​ចំហាយ​ផ្ទុះ​នេះ​ ទាល់តែ​ផ្ទុះ​ហើយ​បាន​គាត់​បង្កើត​ជា​ក្រុមការងារ​ ក៏​ប៉ុន្ដែ​មុន​នឹង​ផ្ទុះ​អត់​មាន​បង្កើត​ក្រុមការងារ​ដើម្បី​ទប់ស្កាត់​ទេ​ ទាល់តែ​ផ្ទុះ​ហើយ​មាន​ឧបទ្ទវហេតុ​ហើយ​បាន​រៀបចំ​បង្កើត​ក្រុមការងារ​ វា​មាន​ប្រសិទ្ធភាព​អី​ វា​អត់​ដដែល​ហ្នឹង​»​។​

​ករណី​ឆេះ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ដោយសារ​តែ​ការ​ផ្ទុះ​ឡ​ចំហាយ​ គិត​មក​ដល់​ពេល​នេះ​គឺ​មាន​ ៧៦​ករណី​ នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​។​ ក្នុង​ចំណោម​ករណី​ទាំង​អស់នេះ​ យ៉ាង​ហោច​ណាស់​បាន​បណ្ដាល​ឲ្យ​បុរស​ ស្ដ្រី​ ស្លាប់​បាត់បង់​ជីវិត​ ចំនួន​ ២​នាក់​ ក្នុង​ចំណោម​បុរស​ ស្ដ្រី​ ផ្សេង​ទៀត​ ចំនួន​ ១៧​នាក់​ដែល​រង​របួសធ្ងន់​ និង​ស្រាល​។​

​ជា​និច្ចកាល​ស្ដ្រី​ តែងតែ​ក្លាយជា​រង​គ្រោះ​ច្រើន​ជាង​បុរស​ ប្រ​សិន​មាន​ករណី​ផ្ទុះ​ឡ​ចំហាយ​ ឬ​ក៏​ឆេះ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​បាន​កើតឡើង​ ពីព្រោះ​តែ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​កម្ពុជា​ ដែល​មាន​កម្មករ​សរុប​ប្រមាណ​ជាង​ ៨០​ម៉ឺន​នាក់​នោះ​ គឺ​មាន​ស្ដ្រី​រហូត​ទៅ​ដល់​ជាង​ ៧០​ម៉ឺន​នាក់​ទៅ​ហើយ​ ហើយ​ម្យ៉ាង​ស្ដ្រី​ គឺ​ជន​ដែល​ងាយ​រង​គ្រោះ​បំផុត​ស្ទើរ​គ្រប់​កាលៈទេសៈ​ ដោយសារ​តែ​ធម្មជាតិ​របស់​ស្ដ្រី​ គឺជា​សភាវៈ​ដែល​ខ្សោយកម្លាំង​៕

Share

Image
Image
Image