en     km
en     km

សហជីព​គាំទ្រ​ការ​បង្កើត​តុលាការ​ការងារ​នៅ​កម្ពុជា​

Share

WMC-logo-for-slideshow
ភ្នំពេញ៖  ​ខណៈ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​តុលា​ការងារ​ដោះស្រាយ​វិវាទ​នោះ​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នឹង​បង្កើត​ឱ្យ​មាន​តុលាការ​ការងារ​ ដើម្បី​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​ដែល​កើតឡើង​រវាង​កម្មករ​ និង​និយោជក​ ឱ្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ដែល​ពាក់ព័ន្ធ​លើ​វិវាទ​ការងារ​នៅ​កម្ពុជា​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សន្និបាត​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ អាណត្ដិ​ទី​៥​ កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។​

​ក្រុម​សហជីព​បាន​សាទរ​ទៅ​នឹង​ការ​ប្រកាស​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ អំពី​ការ​បង្កើត​តុលាការ​ការងារ​កម្ពុជា​ ខណៈ​បច្ចុប្បន្ន​កម្ពុជា​មាន​តែ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ប៉ុណ្ណោះ​ជា​អ្នក​ដោះស្រាយ​រាល់​វិវាទ​ការងារ​ដែល​បាន​កើត​ទ្បើ​ង​។​

​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ AKP​ បានឱ្យ​ដឹង​ថា​រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ គឺ​លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ប្រកាស​ថា​ នៅ​ដើមឆ្នាំ​២០១៧​ ខាង​មុខ​នេះ​ ក្រសួង​ការងារ​នឹង​បង្កើត​ឱ្យ​មាន​តុលាការ​ការងារ​ ដើម្បី​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​ដែល​កើតឡើង​រវាង​កម្មករ​ និង​និយោជក​ ប្រកបដោយ​ប្រសិទ្ធភាព​ ពាក់ព័ន្ធ​លើ​វិវាទ​ការងារ​នៅ​កម្ពុជា​។​

លោក​ អ៊ិ​ត​ សំ​ហេង
លោក​ អ៊ិ​ត​ សំ​ហេង

​ការ​ផ្សាយ​របស់​ AKP​ ដដែល​ បាន​ដកស្រង់​ប្រសាសន៍​លោក​ អ៊ិ​ត​ សំ​ហេង​ មក​ផ្សាយ​ថា​ រហូត​មក​ដល់​ពេល​នេះ​ ក្រសួង​ការងារ​ និង​ភាគី​ពាក់ព័ន្ធ​ កំពុង​តែ​សិក្សា​លើ​ទិដ្ឋភាព​បច្ចេកទេស​ និង​ដក​ពិសោធន៍​ពី​ប្រទេស​នានា​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ ដើម្បី​ធ្វើការ​សិក្សា​អំពី​ប្រព័ន្ធ​តុលាការ​ការងារ​នៅ​តាម​ប្រទេស​ទាំងនោះ​ ដើម្បី​យក​មក​អនុវត្ដន៍​ឱ្យ​សម​ស្រប​ទៅ​នឹង​បរិបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ បន្ត​ថា​ កន្លង​មក​ក៏​ដូច​ជានា​ពេល​បច្ចុប្បន្ន​នេះ​ រាល់​វិវាទ​ការងារ​ដែល​បាន​កើតឡើង​នោះ​ ត្រូវ​បាន​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ធ្វើការ​ដោះស្រាយ​ និង​ធ្វើការ​សម្របសម្រួល​រវាង​ភាគី​កម្មករ​ សហជីព​ និង​ថៅកែ​រោងចក្រ​ ប៉ុន្ដែ​ក្រុមប្រឹក្សា​នេះ​មិនមែន​ជា​តុលាការ​ការងារ​នោះ​ទេ​ ដែល​ដើរតួ​នាទី​ជា​យន្ដការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​។​ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​បង្កើត​ឱ្យ​មាន​តុលាការ​ការងារ​នេះ​ ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង​ រៀបចំ​ឯកសារ​ឱ្យ​បាន​រួចរាល់​ និង​ដាក់​ឱ្យ​ដំណើរការ​នៅ​ដើមឆ្នាំ​ ២០១៧​ ដោយ​សង្ឃឹមថា​ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ នឹង​ចូលរួម​អបអរសាទរ​ក្នុង​ការ​បង្កើត​ឱ្យ​មានច្បាប់​មួយ​នេះ​។​

លោក​ អាត់​ ធន់
លោក​ អាត់​ ធន់

ទាក់ទង​នឹង​ការ​បង្កើត​ឱ្យ​មានច្បាប់​នេះ​ដែរ​ ប្រធាន​សហជីព​ស៊ីខាវ​ឌូ​ លោក​ អាត់​ ធន់​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​ លោក​សាទរ​ដែល​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បង្កើត​ឱ្យ​មាន​តុលាការ​ការងារ​ សម្រាប់​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា​។​

​លោក​ អាត់​ ធន់​ បាន​បន្ត​ទៀត​ថា​ នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ វា​ជា​ពេលវេលា​សមរម្យ​មួយ​ហើយ​ ដែល​កម្ពុជា​ត្រូវ​មាន​តុលាការ​ការងារ​ ដើម្បី​ជម្រះក្តី​រក​យុត្តិធម៌​ជូន​កម្មករ​ ព្រោះថា​កន្លង​មក​ រឿង​ក្តី​របស់​កម្មករ​ត្រូវ​បាន​កាត់ក្តី​ដោយ​តុលាការស៊ីវិល​ធម្មតា​ ដោយ​លោក​ថា​ ជា​ធម្មតា​តុលាការ​មួយ​នេះ​កាត់ក្តី​មិនសូវ​ស៊ីជម្រៅ​នោះ​ទេ​។​

​លោក​អាត់​ ធន់​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ថ្វី​ត្បិត​តែ​នៅ​ពេល​មាន​វិវាទ​របស់​កម្មករ​កើត​ទ្បើ​ង​កន្លង​មក​ ក៏​ដូច​ជា​បច្ចុប្បន្ន​ ត្រូវ​បាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ជា​អ្នក​ជួយ​ដោះស្រាយ​បាន​ល្អ​ប្រសើរ​យ៉ាងណា​ក៏​ដោយ​ ប៉ុន្តែ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ​ មិន​មាន​អំណាច​សាលក្រម​ណាមួយ​ ចាប់បង្ខំ​ឲ្យ​គូភាគី​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ការ​សម្រេច​របស់​ខ្លួន​ទេ​ ដូច្នេះ​វា​ធ្វើ​ឱ្យ​ខកខាន​រាល់​ការ​ដោះស្រាយ​វិវាទ​ដែល​បាន​កើត​ទ្បើ​ង​នោះ​។​

​លោក​ អាត់​ ធន់​ បាន​បន្ថែម​ទៀត​ថា​ បើ​តុលាការ​ការងារ​នេះ​កើត​ទ្បើ​ង​ដោយ​មាន​ឯករាជ្យ​ភាព​ នោះ​វា​នឹង​ជួយ​សម្រួល​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​របស់​កម្មករ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ ប៉ុន្តែ​បើ​តុលាការ​នេះ​កើត​ទ្បើ​ង​មិន​មាន​ភាព​ឯករាជ្យ​ទេ​ នោះ​វា​នឹង​មិន​មាន​ប្រយោជន៍​ទេ​។​

«​បើសិន​តុលាការ​កើត​ទ្បើ​ង​មក​វា​ដូច​តុលាការ​ទូទៅ​រាល់ថ្ងៃ​ វា​មិនសូវ​មាន​ប្រយោជន៍​នោះ​ទេ​ ប៉ុន្តែ​បើ​តុលាការ​ហ្នឹង​កើតមក​ដោយ​វា​មាន​ភាព​យុត្តិធម៌​អី​ ខ្ញុំ​គិត​ថា​វា​មាន​ប្រយោជន៍​ច្រើន​ណាស់​ ទី​១​ គឺ​ហៅរក​យុត្តិធម៌​បាន​ និង​ស៊ីជម្រៅ​ទៅ​នឹង​វិវាទ​ការងារ​ ទី​២​ ពាក់ព័ន្ធ​នឹង​ពេលវេលា​នៃ​ការ​កាត់ក្តី​ ខ្ញុំ​គិត​ថា​មិន​មាន​រយៈពេល​យូរ​ប៉ុន្មាន​អាច​រយៈពេល​ខ្លី​ ទី​៣​ ធ្វើ​ឱ្យ​ភាគី​ហ្នឹង​បាន​ប្រើប្រាស់​នូវ​ការ​តវ៉ា​តាម​នីតិវិធី​ការងារ​នឹង​បាន​ស៊ីជម្រៅ​…»​។​

​សូម​បញ្ជាក់​ថា​ យោង​តាម​របាយការណ៍​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បានឱ្យ​ដឹង​ថា​ គិត​ត្រឹម​ខែតុលា​ ឆ្នាំ​២០១៥​ ក្រសួង​បាន​ចុះបញ្ជី​ការ​អង្គការ​វិជ្ជាជីវៈ​ចំនួន​ ៣៣៧៨​ ក្នុង​នោះ​មាន​សហភាព​សហជីព​ ១៥​ សហព័ន្ធ​សហជីព​ចំនួន​ ៩១​ សហជីព​មូលដ្ឋាន​ចំនួន​ ៣២៦១​ និង​សមាគម​និយោជក​ចំនួន​ ៧៕

Share

Image
Image
Image