en     km
en     km

សហជីពមួយជំរុញឱ្យបក្សកាន់អំណាច និងអតីតបក្សប្រឆាំងចរចាគ្នាព្រោះខ្លាចអន្តរជាតិដាក់ទណ្ឌកម្ម

Share

សហភាពសហជីពកម្ពុជាបានស្នើឲ្យ​​បក្សកាន់អំណាច និងអតីតបក្សប្រឆាំងជួបចរចាគ្នាឡើងវិញ ដើម្បីរកដំ​ដោះស្រាយ​នយោ​បាយ ព្រោះខ្លាច សហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច បន្ទាប់ពីក្រុមប្រទេសទាំងនោះ បានប្រតិកម្ម​ទៅនឹងការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដាកន្លងទៅ​ ហើយ​​អាចបណ្ដាល​ឲ្យកម្មករ​និយោជិតគ្មានការងារធ្វើ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជាចេញផ្សាយនៅថ្ងៃទី ០៧ សីហានេះ។ លោក រឿន ឬទី្ធជូនសេចក្ដីរាយការណ៍ !

 

សហគមន៍អន្តរជាតិទាំងនោះរួមមាន សហរដ្ឋអាមេរិក បណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប ២៧ប្រទេស រួមមានប្រទេស កាណាដា អូស្រ្តាលី ណូវេ ហ្សេឡង់ ជប៉ុន អង់គ្លេស អាឡឺម៉ង់ បែលហ្សិក ជាដើម បានហៅការបោះឆ្នោតកាលពីថ្ងៃទី ២៩កក្កដា ថា មិនមានភាពសេរីនិងយុត្តិធម៌។

សហគមន៍អន្តរជាតិទាំងនោះ បានសម្តែងការខកចិត្ត និងចាត់ទុកព្រឹត្តិការណ៍បោះឆ្នោតនៅកម្ពុជាថា មិនមានប្រជាធិតេយ្យមិនស្របច្បាប់ខ្វះភាពជឿទុកចិត្តបាន និងមិនតំណាងឱ្យឆន្ទៈពលរដ្ឋ។ ចំណែកលទ្ធផលឆ្នោតវិញ សហគមន៍អន្តរជាតិបានប្រកាសមិនទទួលស្គាល់ព្រោះបានផាត់ ចោលគណបក្សសង្គ្រោះជាតិមិនឱ្យចូលរួមការបោះឆ្នោត។

សេចក្តីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជាបានគាំទ្រចំពោះការសម្រេចចិត្ត និង​អនុសាសន៍​របស់សហគមន៍​អន្តរជាតិដែលចង់ឃើញ​​​រាជរដ្ឋាភិបាលកម្ពុជា​ដោះលែងលោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះ​ជាតិផ្តល់​ភាពស្របច្បាប់ដល់​គណបក្សសង្គ្រោះជាតិដោះលែងអ្នកទោសមនសិការ សកម្មជនដីធ្លី អ្នក​សារព័ត៌មាន អង្គការ​សង្គមស៊ីវិល មានសេរីភាព​ពេញលេញឡើងវិញ និងសារព័ត៌មានឯករាជ្យដំណើរការឡើងវិញ។​

សហភាពសហជីពកម្ពុជាបានសំណូមពរឲ្យរដ្ឋាភិបាលកម្ពុជាទទួលយករាល់អនុសាសន៍របស់សហគមន៍អន្តរជាតិ ហើយថាថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងអតីតគណបក្សសង្គ្រោះជាតិ ត្រូវអង្គុយនិយាយគ្នា រកដំណោះស្រាយនយោបាយ ដើម្បីរក្សាការងារសម្រាប់កម្មករនិយោជិត និងស្ថិរភាពសង្គម។

នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញ សហជីពដែលមាននិន្នាការទៅរកបក្សកាន់អំណាចបានចេញសេចក្ដីថ្លែងការណ៍ព្រួយបារម្ភករណីកម្ពុជាប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្តែសហជីពទាំងនោះ បានវាយប្រហារអតីតគណបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិថា ជាចលករមួយរុញអោយស្ថានភាពនយោបាយកម្ពុជាកាន់តែអាក្រក់ ដោយចោទក្រុមបក្សប្រឆាំងថា​ ដើរញុុះញុងអោយមានសហគមន៍អន្តរជាតិ មានការយល់ច្រឡំ។ សហគមន៍ទាំងនោះចាត់ទុកថា បើករណីនេះកើតឡើង គឺជាកំហុសរបស់អ្នកញុះញុង។

ទាក់ទងនឹងលទ្ធភាពនៃការចរចាវិបត្តិនយោបាយរវាងគណបក្សទាំងពីរ គឺ សម្តេច ហ៊ុន សែន ក៏ដូចជា លោក សុខ ឥសាន្ដ អ្នកនាំពាក្យបក្សកាន់អំណាចធ្លាប់បានគូសបញ្ជាក់ច្រើនលើកច្រើនសារហើយថា គឺពុំអាចទៅរួចនោះទេ ពិសេស គឺវប្បធម៌សន្ទនា ព្រោះករណីបក្សប្រឆាំងកំពុងស្ថិតក្នុង ដែនយុត្តាធិការរបស់តុលាការ។

ដោយឡែកលទ្ធភាពដែលអាចឱ្យ លោក សម រង្ស៊ី អាចត្រឡប់ចូលប្រទេសវិញបាន សម្តេច ហ៊ុន សែន បានប្រកាសកាលពីថ្ងៃមិ្សលមិញថា លុះត្រាអតីតមេបក្សប្រឆាំងរូបនេះ ព្រមអនុវត្តទោសក្នុងពន្ធនាគារជាមុនសិន។

លោក កឹម សុខា ដែលជាប្រធានអតីតគណបក្សសង្រ្គោះជាតិនឹងឡើងសវនាការនៅថ្ងៃទី ២២ សីហា ក្រោមបណ្ដឹងករណីឃុបឃិតជាមួយបរទេស ឬករណីក្បត់ជាតិ ៕

Share

Image
Image
Image