en     km
en     km

សហគមន៍​ចំនួន​ ៦​ រក​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូលៗ​ជួយ​បញ្ឈប់​ ចំណាត់ការ​សាលា​រាជធានី​ភ្នំពេញ​

Share

cover-6-community-at-senate-10.3.16
ភ្នំពេញ៖  ​សហគមន៍​ខណ្ឌ​ជ្រោយចង្វារ​ចំនួន​ ៦​ ដែល​មាន​គ្នា​ប្រមាណ​ជាង​ ១០០​ នាក់​បាន​នាំ​គ្នា​យក​ញត្តិ​មក​ដាក់​ឱ្យ​ស្ថាប័ន​កំពូលៗ​ចំនួន​ ៣​ ជួយ​អន្តរាគមន៍​ និង​បញ្ឈប់​គម្រោង​ចេញ​អនុក្រឹត្យ​កាត់​ដី​ប្រជាពលរដ្ឋ​ចំនួន​ ៣​ សង្កាត់​នៅ​ខណ្ឌ​ជ្រោយចង្វារ​ ទុកជា​កម្មសិទ្ធិ​របស់​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ជួល​ឱ្យ​ក្រុមហ៊ុន​ OCIC​ នៅ​ពេល​ខាង​មុខ​។​ ការ​ដាក់​ញត្តិ​នេះ​ធ្វើ​ទ្បើ​ង​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​រដ្ឋ​សភាជាតិ​ ព្រឹទ្ធសភា​ និង​ក្រសួងមហាផ្ទៃ​។​

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

​តំណាង​ប្រជាពលរដ្ឋ​ ៧៨​ គ្រួសារ​ នៅ​សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ គឺ​លោក​ ជា​ សុ​ផាត​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៅ​ពេល​ពួក​គេ​ ដើរ​ដាក់​ញ្ញ​តិ្ត​នៅ​រដ្ឋសភា​នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ នេះ​ថា​ គោលបំណង​សំខាន់​តែ​មួយ​គត់​ចង់ឱ្យ​ស្ថាប័នរដ្ឋ​ជួយ​បញ្ចប់​ ចំណាត់ការ​របស់​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ ជា​ សុ​ផាត​ ៖​ «​គោលបំណង​សំខាន់​ពួក​ខ្ញុំ​មកនេះ​ដើម្បី​សុំ​អន្តរាគមន៍​ពី​សម្តេច​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ លោក​ទប់ស្កាត់​ចំពោះ​ការ​សាលាក្រុង​មាន​គម្រោង​នឹង​ព្រាង​អនុក្រឹត្យ​មួយ​ដើម្បី​ឱ្យ​សម្តេច​នាយក​ហ្នឹង​ លោក ​ស៊ី​ញ៉េ​ ហើយ​យក​ដី​ពួក​ខ្ញុំ​ហ្នឹង​ដាក់​ជា​សម្បត្តិ​របស់​សាលា​រាជធានី​ភ្នំពេញ​ ហើយ​បាន​ជួល​ទៅ​ឱ្យ​ OCIC​ វិញ​ដូច្នេះ​ព្រោះ​ខ្ញុំ​មិន​ឯកភាព​…»​។​

​ចំណែកឯ​ តំណាង​សហគមន៍​ព្រែក​លាប​ គឺ​ អ្នកស្រី​ អ៊ិ​ត​ ណា​វី​ បាន​ ថ្លែង​ថា​ គោលបំណង​ដែល​អ្នកស្រី​ចូលរួម​ដាក់​ញត្តិ​នៅ​ថ្ងៃនេះ​ គឺ​ដើម្បី​ឱ្យ​ស្ថាប័ន​កំពួ​លៗ​ជួយ​ស្នើ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​ធ្វើការ​ស្រាយ​បំភ្លឺ​ពី​គម្រោង​ចេញ​សេចក្តី​ព្រាង​អនុ​ក្រឹ​ត​ដែល​ស្នើ​សុំ​រាជ​​រដ្ឋាភិបាល​ផ្តល់​ដី​ទំហំ​ ២៨០​ ហិ​កតា​ ក្នុង​តំបន់​ជ្រោយចង្វារ​ សង្កាត់​ជ្រោយចង្វារ​ សង្កាត់​ព្រែក​តា​សែក​ និង​សង្កាត់​ព្រែក​លាប​ ដែល​ពាក់ព័ន្ធ​ដី​លំនៅ​ដ្ឋា​ន​ ដីចម្ការ​ដំណាំ​ផ្សេងៗ​ និង​ដីស្រែ​របស់​ពលរដ្ឋ​។​

​អ្នកស្រី​ អ៊ិ​ត​ ណា​វី​ ៖​ «​ខាង​ពួក​ខ្ញុំ​មាន​ច​ម្ង​ល់​ដោយសារ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ០២​ គាត់​បាន​ធ្វើការ​ប្រជុំ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ហ្នឹង​ជាមួយនឹង​ក្រុមហ៊ុន​ OCIC​ ដើម្បី​ពង្រាង​ធ្វើ​អនុក្រឹត្យ​អំពី​ដី​តំបន់​ជ្រោយចង្វារ​នេះ​ដាក់​ជា​សម្បត្តិ​របស់​សាលាក្រុង​អ​ញ្ចឹ​ង​ពួក​ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អី​ក៏​គាត់​យក​ដី​ពួក​ខ្ញុំ​ទាំងអស់​គ្នា​ទៅ​ជាក់​ជា​សម្បត្តិ​របស់​សាលាក្រុង​»​។​

6-community-at-senate-10.3.16
​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ ឡុ​ង​ ឌី​ម៉​ង់​ បាន​មាន​ប្រសាសន៍​ថា​ ការ​តវ៉ា​នេះ​ហាក់បីដូចជា​ពួក​គាត់​ចង់​ធ្វើការ​រាំងស្ទះ​ចំពោះ​ ការ​អភិវឌ្ឍន៍​ជាតិ​។​

​លោក​ ឡុ​ង​ ឌី​ម៉​ង់​៖​ «​យើង​បានដឹង​ថា​គាត់​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ធ្វើការ​រាំងស្ទះ​ទៅ​ដល់​ការ​អភិវឌ្ឍ​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​រួច​ទៅ​ហើយ​ទេ​ ដូច្នេះ​ខ្ញុំ​មិន​មាន​ជា​យោបល់​អី​ទេ​ ស្រេច​ទៅ​លើ​គាត់​ដាក់​ពាក្យ​ចុះ​…»​។​

​សហគមន៍​ទាំង​ ៦​ នេះ​រួម​មាន​សហគមន៍​ ដើម​គរ​ខាងត្បូង​ សហគមន៍ ដើម​គរ​ខាងជើង​  សហគមន៍​គៀន​ឃ្លាំង​ សហគមន៍​ព្រែក​តា​សេក​ សហគមន៍​ ៦​ អា​ និង​សហគមន៍​ព្រែក​លៀប​។​

​ស្ថាប័ន​កំពូលៗ​ទាំង​ ៣​ នោះ​ ដែល​សហគមន៍​បាន​យក​ញ្ញត្តិ​ទៅ​ដាក់​រួម​មាន​ រដ្ឋសភា​ជាតិ​ ព្រឹទ្ធសភា​ និង​ក្រសួងមហាផ្ទៃ​ ដោយ​ ស្ថាប័ន​ទាំង​ ៣​ ខាងលើ​នេះ​បាន​ទទួលយក​ញត្តិ​របស់​ពួក​គេ​ដោយ​បាន​សន្យា​ថា​នឹង​ជួយ​អន្តរាគមន៍​ករណី​នេះ​៕​

Share

Image
Image
Image